ហេប្រឺ 2:9-18
ហេប្រឺ 2:9-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែយើងឃើញព្រះយេស៊ូវ ដែលព្រះបានធ្វើឲ្យទាបជាងពួកទេវតាមួយរយៈ ដោយព្រះអង្គបានរងទុក្ខ និងសុគត ឥឡូវនេះ ព្រះអង្គបានទទួលសិរីល្អ និងព្រះកិត្តិនាមទុកជាមកុដ។ ដោយសារព្រះគុណរបស់ព្រះ ដែលទ្រង់បានសុគតជំនួសមនុស្សទាំងអស់។ អ្វីៗទាំងអស់កើតមានឡើងដោយសារព្រះអង្គ ហើយដោយព្រះអង្គចង់នាំកូនជាច្រើនមកក្នុងសិរីល្អ នោះគួរគប្បីឲ្យព្រះអង្គបានធ្វើឲ្យម្ចាស់នៃការសង្គ្រោះ បានគ្រប់លក្ខណ៍ ដោយរងទុក្ខលំបាក។ ដ្បិតព្រះអង្គដែលបានញែកជាបរិសុទ្ធ និងអស់អ្នកដែលព្រះអង្គញែកជាបរិសុទ្ធ សុទ្ធតែចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាព្រះអង្គមិនខ្មាសនឹងហៅគេជាបងប្អូនឡើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ទូលបង្គំនឹងប្រកាសពីព្រះនាមរបស់ព្រះអង្គដល់ពួកបងប្អូនទូលបង្គំ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ នៅកណ្តាលក្រុមជំនុំ» ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ទូលបង្គំទុកចិត្តដល់ព្រះអង្គ» ហើយថា «មើល៍ ទូលបង្គំនៅជាមួយពួកកូនចៅ ដែលព្រះបានប្រទានមកទូលបង្គំ» ។ ដូច្នេះ ដោយព្រោះកូនចៅនោះជាប់សាច់ឈាមនឹងគ្នា ព្រះអង្គក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដោយព្រះអង្គសុគត ដើម្បីបំផ្លាញអានោះដែលមានអំណាចលើសេចក្តីស្លាប់ គឺអារក្ស ហើយរំដោះអស់អ្នកដែលជាប់ជាបាវបម្រើអស់មួយជីវិត ដោយសារការភ័យខ្លាច ឲ្យបានរួចវិញ។ ដ្បិតព្រះអង្គពិតជាមិនបានយាងមកជួយពួកទេវតាទេ គឺជួយពូជពង្សលោកអ័ប្រាហាំវិញ។ ហេតុនេះហើយបានជាគួរឲ្យព្រះអង្គ មានលក្ខណៈដូចបងប្អូនរបស់ព្រះអង្គគ្រប់ជំពូកដែរ ដើម្បីធ្វើជាសម្តេចសង្ឃ ដែលមានព្រះហឫទ័យមេត្តាករុណា ហើយក៏ស្មោះត្រង់ក្នុងការបម្រើព្រះ ដើម្បីថ្វាយយញ្ញបូជាសម្រាប់រំដោះប្រជាជនឲ្យរួចពីបាប។ ដ្បិតដោយព្រះអង្គបានរងទុក្ខលំបាក ទាំងត្រូវល្បួង ព្រះអង្គក៏អាចជួយអស់អ្នក ដែលត្រូវល្បួងបានដែរ។
ហេប្រឺ 2:9-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តែយើងឃើញថា ព្រះយេស៊ូដែលមានឋានៈទាបជាងពួកទេវតាមួយរយៈ ព្រោះព្រះអង្គបានរងទុក្ខ និងសោយទិវង្គតនោះ ឥឡូវនេះ ព្រះអង្គទទួលសិរីរុងរឿង និងព្រះកិត្តិនាមទុកជាមកុដរាជ្យ។ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ព្រះគ្រិស្តបានសោយទិវង្គតសម្រាប់មនុស្សគ្រប់ៗរូប។ អ្វីៗទាំងអស់មានជីវិតដោយសារព្រះជាម្ចាស់ និងសម្រាប់ព្រះអង្គ ទ្រង់សព្វព្រះហឫទ័យនឹងនាំបុត្រធីតាជាច្រើនឲ្យទទួលសិរីរុងរឿង ដូច្នេះ គួរគប្បីព្រះអង្គប្រោសប្រទានឲ្យម្ចាស់នៃការសង្គ្រោះបានគ្រប់លក្ខណៈ ដោយរងទុក្ខលំបាក។ ព្រះយេស៊ូដែលប្រោសមនុស្សឲ្យវិសុទ្ធ* និងមនុស្សដែលព្រះអង្គប្រោសឲ្យវិសុទ្ធនោះ ចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាព្រះយេស៊ូ មិនខ្មាសនឹងហៅគេថាជាបងប្អូនរបស់ព្រះអង្គឡើយ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ទូលបង្គំនឹងផ្សាយដំណឹងអំពីព្រះនាម របស់ព្រះអង្គឲ្យបងប្អូនទូលបង្គំស្គាល់ ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំ» ។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ទូលបង្គំទុកចិត្តលើព្រះអង្គ» ហើយថា«ខ្ញុំនៅឯនេះរួមជាមួយនឹងកូនចៅ ដែលព្រះជាម្ចាស់ប្រទានឲ្យខ្ញុំ» ។ ដោយកូនចៅនោះជាប់សាច់ឈាមជាមួយគ្នា ព្រះអង្គក៏បានយកឋានៈជាមនុស្សរួមជាមួយគេដែរ ហើយព្រះអង្គសោយទិវង្គត ដើម្បីកម្ទេចមារ*ដែលមានអំណាចលើសេចក្ដីស្លាប់ និងដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករមួយជីវិត ព្រោះតែខ្លាចស្លាប់។ ព្រះយេស៊ូពិតជាពុំបានយាងមកជួយពួកទេវតា*ទេ គឺព្រះអង្គមកជួយពូជពង្សរបស់លោកអប្រាហាំវិញ។ ហេតុនេះហើយបានជាព្រះអង្គត្រូវតែមានលក្ខណៈដូចបងប្អូនរបស់ព្រះអង្គគ្រប់ចំពូកទាំងអស់ ដើម្បីធ្វើជាមហាបូជាចារ្យ* ដែលមានចិត្តមេត្តាករុណា មានចិត្តស្មោះត្រង់ក្នុងការបម្រើព្រះជាម្ចាស់ និងដើម្បីរំដោះប្រជាជនឲ្យរួចផុតពីបាប*ផង។ ដោយព្រះអង្គផ្ទាល់បានរងទុក្ខលំបាក នៅពេលជួបការល្បងល ព្រះអង្គក៏អាចជួយអស់អ្នកដែលជួបនឹងការល្បងលបានដែរ។
ហេប្រឺ 2:9-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែយើងឃើញព្រះយេស៊ូវវិញ ដែលព្រះបានធ្វើឲ្យទាបជាងពួកទេវតាបន្តិច ទ្រង់ពាក់សិរីល្អ នឹងល្បីព្រះនាម ទុកជាមកុដ ដោយព្រោះទ្រង់បានរងទុក្ខសុគត ដើម្បីនឹងភ្លក់សេចក្ដីស្លាប់ជំនួសមនុស្សទាំងអស់ ដោយនូវព្រះគុណនៃព្រះ ដ្បិតឯព្រះ ដែលគ្រប់របស់ទាំងអស់សំរាប់ទ្រង់ ហើយដោយសារទ្រង់ កាលទ្រង់ចង់នាំកូនជាច្រើនមកក្នុងសិរីល្អ នោះគួរគប្បីឲ្យទ្រង់បានធ្វើឲ្យមេនៃសេចក្ដីសង្គ្រោះគេ បានគ្រប់លក្ខណ៍ ដោយរងទុក្ខលំបាក ពីព្រោះព្រះអង្គ ដែលញែកជាបរិសុទ្ធ នឹងពួកអ្នកដែលទ្រង់ញែកជាបរិសុទ្ធ នោះសុទ្ធតែកើតមកពីព្រះតែ១ បានជាទ្រង់មិនខ្មាសនឹងហៅគេជាបងប្អូនទេ ទ្រង់មានបន្ទូលថា «ទូលបង្គំនឹងប្រកាសប្រាប់ពីព្រះនាមទ្រង់ ដល់ពួកបងប្អូន ទូលបង្គំនឹងច្រៀងសរសើរពីទ្រង់ នៅកណ្តាលពួកជំនុំ» ហើយ១ទៀតថា «ទូលបង្គំនឹងទុកចិត្តដល់ទ្រង់» ហើយ១ទៀតថា «មើល ទូលបង្គំនេះ នឹងពួកកូនចៅ ដែលព្រះបានប្រទានមកទូលបង្គំ» ដូច្នេះ ដែលកូនចៅបានប្រកបដោយសាច់ឈាមព្រមគ្នា នោះទ្រង់ក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដើម្បីឲ្យទ្រង់បានបំផ្លាញអានោះ ដែលមានអំណាចលើសេចក្ដីស្លាប់ គឺជាអារក្ស ដោយទ្រង់សុគត ហើយឲ្យបានប្រោសដល់ពួកអ្នកនោះ ដែលជាប់ជាបាវបំរើគ្រប់១ជីវិត ដោយខ្លាចស្លាប់ ឲ្យបានរួចចេញវិញ ដ្បិតច្បាស់ជាទ្រង់មិនបានយកពួកទេវតាទេ គឺបានយកពូជលោកអ័ប្រាហាំវិញ ហេតុនោះបានជាគួរឲ្យទ្រង់បានដូចបងប្អូនទ្រង់គ្រប់ជំពូកដែរ ដើម្បីឲ្យបានធ្វើជាសំដេចសង្ឃ ដែលមានព្រះទ័យមេត្តាករុណា ហើយក៏ស្មោះត្រង់ក្នុងការទាំងប៉ុន្មានខាងឯព្រះ ប្រយោជន៍នឹងថ្វាយដង្វាយ ឲ្យធួននឹងបាបរបស់ប្រជាជនទាំងឡាយ ដ្បិតដែលទ្រង់បានរងទុក្ខលំបាក ទាំងត្រូវសេចក្ដីល្បួង នោះទ្រង់ក៏អាចនឹងជួយដល់អស់អ្នក ដែលត្រូវសេចក្ដីល្បួងបានដែរ។