ហេប្រឺ 13:20-25

ហេប្រឺ 13:20-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ដែល​បាន​ប្រោស​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ជា​គង្វាល​ដ៏​ធំ​នៃ​ហ្វូង​ចៀម ដោយ​សារ​ព្រះ​លោហិត​នៃ​សេចក្ដី​សញ្ញា ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គ្រប់​ទាំង​ការ​ល្អ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដោយ​ធ្វើ​ការ​នៅ​ក្នុង​យើង ជា​កិច្ច‌ការ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​នៅ​ចំពោះ​ព្រះ‌អង្គ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ សូម​លើក​តម្កើង​សិរី‌ល្អ​របស់​ព្រះ‌អង្គ អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ។ អាម៉ែន។ បង‌ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​អ្នក​រាល់​គ្នា​ឲ្យ​ទទួល​ពាក្យ​ទូន្មាន​របស់​ខ្ញុំ​នេះ​ចុះ ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ដោយ​សង្ខេប​ប៉ុណ្ណោះ។ សូម​ជ្រាប​ថា គេ​បាន​ដោះ​លែង​ធីម៉ូថេ ជា​បង‌ប្អូន​របស់​យើង​ហើយ។ ប្រសិន‌បើ​គាត់​មក​ដល់​ឆាប់ៗ ខ្ញុំ​នឹង​មក​សួរ​អ្នក​រាល់​គ្នា​ជា​មួយ​គាត់​ដែរ។ សូម​ជម្រាប​សួរ​អ្នក​ដឹក​នាំ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​ផង។ អស់​អ្នក​ដែល​មក​ពី​ស្រុក​អ៊ីតា‌លី ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។ សូម​ឲ្យ​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះ‌គុណ​ទាំង​អស់​គ្នា។ អាម៉ែន។:៚

ចែក​រំលែក
អាន ហេប្រឺ 13

ហេប្រឺ 13:20-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត​បាន​ប្រោស​ព្រះ‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌គ្រិស្ត​ជា​គង្វាល​ដ៏​ប្រសើរ​ឧត្ដម​របស់​ហ្វូង​ចៀម ព្រោះ​ព្រះអង្គ​បាន​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះអង្គ។ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​បងប្អូន​មាន​សមត្ថ‌ភាព នឹង​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​យ៉ាង តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ សូម​ព្រះអង្គ​សម្រេច​ការ​អ្វី​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​នៅ​ក្នុង​យើង​តាម​រយៈ​ព្រះ‌យេស៊ូ​គ្រិស្ត។ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន! បងប្អូន​អើយ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​ទទួល​ពាក្យ​ទូន្មាន​ទាំង​នេះ​ទៅ ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​បងប្អូន​ដោយ​ត្រួសៗ​ប៉ុណ្ណោះ។ សូម​ជ្រាប​ថា លោក​ធីម៉ូថេ​ជា​បងប្អូន​របស់​យើង បាន​រួច​ពី​ឃុំ‌ឃាំង​ហើយ។ ប្រសិន​បើ​គាត់​មក​ដល់​ឆាប់ៗ ខ្ញុំ​នឹង​មក​ជួប​បងប្អូន​ជា​មួយ​គាត់​ដែរ។ សូម​ជម្រាប​សួរ​អ្នក​ដឹក​នាំ​ទាំង​អស់​របស់​បងប្អូន ព្រម​ទាំង​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់​ផង។ បងប្អូន​នៅ​ស្រុក​អ៊ីតា‌លី​ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ។ សូម​ឲ្យ​បងប្អូន​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។

ចែក​រំលែក
អាន ហេប្រឺ 13

ហេប្រឺ 13:20-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សូម​ឲ្យ​ព្រះ​នៃ​សេចក្ដី​សុខ‌សាន្ត ដែល​ទ្រង់​ប្រោស​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ឲ្យ​ត្រឡប់​ពី​ពួក​ស្លាប់​មក​វិញ គឺ​ជា​អ្នក​គង្វាល​ដ៏​ធំ​នៃ​ហ្វូង​ចៀម ទ្រង់​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ក្នុង​ការ​ល្អ​គ្រប់​ជំពូក​ដោយ‌សារ​ព្រះ‌លោហិត នៃ​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា បាន​ធ្វើ​តាម​បំណង​ព្រះ‌ហឫទ័យ​របស់​ទ្រង់ ដោយ​ទ្រង់​ធ្វើ​ការ​ក្នុង​អ្នក​រាល់​គ្នា ដែល​គាប់​ដល់​ព្រះ‌ហឫទ័យ​នៃ​ទ្រង់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នៅ​អស់​‌កល្ប​ជានិច្ច រៀង​រាប​ត​ទៅ អាម៉ែន។ តែ​បង​ប្អូន​អើយ ចូរ​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​ប្រដៅ​ទូន្មាន​នេះ​ចុះ ដ្បិត​ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា​យ៉ាង​ខ្លីៗ​ទេ សូម​ឲ្យ​ដឹង​ថា គេ​បាន​លែង​ធីម៉ូថេ ជា​បង​ប្អូន​យើង​ហើយ បើ​គាត់​មក​យ៉ាង​ឆាប់ នោះ​ខ្ញុំ​នឹង​បាន​មក​សួរ​អ្នក​រាល់​គ្នា ជា​មួយ​នឹង​គាត់​ដែរ សូម​ជំរាប​សួរ​ដល់​ពួក​អ្នក​នាំ​មុខ​អ្នក​រាល់​គ្នា នឹង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា​ដែរ ពួក​អ្នក​នៅ​ស្រុក​អ៊ីតាលី ក៏​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា។ សូម​ឲ្យ​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះ‌គុណ​ទាំង​អស់​គ្នា។ អាម៉ែន។:៚

ចែក​រំលែក
អាន ហេប្រឺ 13