ហេប្រឺ 13:15-18
ហេប្រឺ 13:15-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ តាមរយៈព្រះអង្គ ត្រូវឲ្យយើងថ្វាយពាក្យសរសើរ ទុកជាយញ្ញបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលប្រកាសពីព្រះនាមព្រះអង្គ។ កុំភ្លេចនឹងធ្វើល្អ ហើយចែកចាយអ្វីៗដែលអ្នករាល់គ្នាមាន ដ្បិតព្រះសព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។ ចូរស្តាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលចំពោះអ្នកទាំងនោះទៅ ដ្បិតអ្នកទាំងនោះមើលថែព្រលឹងអ្នករាល់គ្នា ទុកដូចជាអ្នកដែលត្រូវទូលរៀបរាប់ថ្វាយព្រះ។ ចូរឲ្យអ្នកទាំងនោះថែទាំអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ។ សូមអធិស្ឋានឲ្យយើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិការស្អាតបរិសុទ្ធ ទាំងប្រាថ្នាចង់ប្រព្រឹត្តល្អក្នុងគ្រប់ការទាំងអស់។
ហេប្រឺ 13:15-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរយើងថ្វាយយញ្ញបូជាសម្រាប់លើកតម្កើងព្រះជាម្ចាស់ជានិច្ច តាមរយៈព្រះយេស៊ូ គឺជាពាក្យហូរចេញពីបបូរមាត់យើងដែលប្រកាសព្រះនាមព្រះអង្គ។ កុំភ្លេចធ្វើទាន និងជួយគ្នាទៅវិញទៅមក ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។ ចូរទុកចិត្តលើអ្នកដឹកនាំបងប្អូន ព្រមទាំងស្ដាប់បង្គាប់លោកទាំងនោះទៀតផង ដ្បិតលោកតែងតែថែរក្សាព្រលឹងបងប្អូនជានិច្ច ព្រោះលោកនឹងទទួលខុសត្រូវលើបងប្អូននៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ បើបងប្អូនស្ដាប់បង្គាប់លោក លោកនឹងបំពេញមុខងារនេះដោយអំណរ គឺមិនមែនដោយថ្ងូរទេ។ ប្រសិនបើពួកលោកបំពេញមុខងារ ទាំងថ្ងូរ បងប្អូនមុខជាគ្មានទទួលផលប្រយោជន៍អ្វីឡើយ។ សូមអធិស្ឋាន*ឲ្យយើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិការល្អ និងមានឆន្ទៈចង់ប្រព្រឹត្តយ៉ាងល្អត្រឹមត្រូវ ក្នុងគ្រប់កាលៈទេសៈ
ហេប្រឺ 13:15-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ត្រូវឲ្យយើងរាល់គ្នាថ្វាយពាក្យសរសើរ ដោយសារទ្រង់ ទុកជាគ្រឿងបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលថ្លែងប្រាប់ពីព្រះនាមទ្រង់ កុំឲ្យភ្លេចនឹងធ្វើគុណ ហើយចែកចាយឡើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ។ ចូរស្តាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ ពីព្រោះអ្នកទាំងនោះថែរក្សា ហាក់ដូចជានឹងត្រូវរាប់រៀបទូលដល់ទ្រង់វិញ។ សូមជួយអធិស្ឋានឲ្យយើងខ្ញុំផង ដ្បិតយើងខ្ញុំជឿជាក់ថា យើងខ្ញុំមានបញ្ញាចិត្តជ្រះថ្លា ហើយក៏ប្រាថ្នាចង់ប្រព្រឹត្តល្អ ក្នុងគ្រប់ការទាំងអស់