ហេប្រឺ 12:9-13
ហេប្រឺ 12:9-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មួយទៀត យើងមានឪពុកខាងសាច់ឈាម ដែលវាយប្រដៅយើង ហើយយើងក៏កោតខ្លាចគាត់ដែរ ដូច្នេះ តើមិនត្រូវឲ្យយើងចុះចូលចំពោះព្រះវរបិតាខាងវិញ្ញាណឲ្យរឹតតែខ្លាំងទៅទៀត ដើម្បីរស់ទេឬ? ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។ កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។ ហេតុនេះ ចូរលើកដៃដែលស្រពន់ឡើង ហើយធ្វើឲ្យជង្គង់ដែលខ្សោយមានកម្លាំងឡើងដែរ ចូរធ្វើផ្លូវឲ្យត្រង់សម្រាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញ តែស៊ូឲ្យបានជាវិញប្រសើរជាង។
ហេប្រឺ 12:9-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឪពុករបស់យើងផ្នែកខាងសាច់ឈាម ធ្លាប់វាយប្រដៅយើង ហើយយើងនៅតែគោរពគាត់។ រីឯព្រះបិតាជាម្ចាស់លើជីវិតទាំងអស់នោះវិញ យើងត្រូវស្ដាប់បង្គាប់ព្រះអង្គឲ្យរឹតតែខ្លាំងទៅទៀត ដើម្បីឲ្យបានទទួលជីវិត។ ឪពុកយើងតែងវាយប្រដៅតែមួយរយៈពេលខ្លី តាមគាត់យល់ឃើញ។ រីឯព្រះជាម្ចាស់វិញ ព្រះអង្គវាយប្រដៅជាប្រយោជន៍ដល់យើង ដើម្បីប្រទានឲ្យយើងបានវិសុទ្ធ* រួមជាមួយព្រះអង្គដែរ។ ការវាយប្រដៅតែងតែធ្វើឲ្យមានទុក្ខព្រួយភ្លាមៗ មិនមែនធ្វើឲ្យសប្បាយទេ។ ក្រោយមក ទើបការវាយប្រដៅផ្ដល់ឲ្យអស់អ្នកដែលបានទទួលការអប់រំតាមរបៀបនេះមានសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត*ទុកជាផល។ ហេតុនេះ «ចូរលើកដៃដែលរួយឡើង ហើយតម្រង់ជង្គង់ដែលទន់នោះឲ្យរឹងប៉ឹងឡើងដែរ» ។ ត្រូវរៀបចំផ្លូវឲ្យបានត្រង់ ដើម្បីស្រួលដើរ កុំឲ្យអ្នកខូចជើងរឹតតែខូចជើងថែមទៀត គឺឲ្យគេបានជាវិញប្រសើរជាង។
ហេប្រឺ 12:9-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មួយទៀតយើងរាល់គ្នាមានឪពុកខាងសាច់ឈាម ដែលវាយផ្ចាលយើង ហើយយើងក៏កោតខ្លាចដល់គាត់ដែរ ដូច្នេះ តើមិនត្រូវឲ្យយើងចុះចូល ចំពោះព្រះវរបិតាខាងវិញ្ញាណជាជាងទៅទៀត ដើម្បីឲ្យបានរស់នៅទេឬអី ដ្បិតឪពុកយើងតែងវាយប្រដៅយើង តាមតែខណចិត្តរបស់គាត់ប៉ុណ្ណោះ តែមិនមែនជាយូរឆ្នាំទេ ចំណែកព្រះដែលទ្រង់វាយផ្ចាល នោះសំរាប់ជាប្រយោជន៍ដល់យើងវិញ ដើម្បីឲ្យយើងបានសេចក្ដីបរិសុទ្ធរបស់ទ្រង់ កាលណាយើងត្រូវសេចក្ដីផ្ចាញ់ផ្ចាល នោះមើលទៅដូចជាព្រួយណាស់ មិនមែនសប្បាយទេ តែក្រោយមក នោះទើបបង្កើតផលដ៏សុខសាន្ត នៃសេចក្ដីសុចរិត ដល់អស់អ្នកណាដែលត្រូវរងទ្រាំនោះវិញ។ ដូច្នេះ ចូរលើកដៃដែលស្រពន់ឡើង នឹងជង្គង់ដែលស្លុតដែរ ហើយធ្វើផ្លូវឲ្យត្រង់ សំរាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញទៅ ស៊ូឲ្យបានជាឡើងវិញ