ហេប្រឺ 11:8-12
ហេប្រឺ 11:8-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដោយសារជំនឿ លោកអ័ប្រាហាំបានស្តាប់បង្គាប់ កាលព្រះបានត្រាស់ហៅលោកឲ្យបានចេញទៅកន្លែងមួយ ដែលលោកត្រូវទទួលជាមត៌ក។ លោកបានចេញទៅ ដោយមិនដឹងថាត្រូវទៅទីណាទេ។ ដោយសារជំនឿ លោកបានស្នាក់នៅក្នុងស្រុកដែលព្រះអង្គបានសន្យា ទុកដូចជានៅប្រទេសដទៃ ក៏រស់នៅក្នុងជំរំជាមួយអ៊ីសាក និងយ៉ាកុប ជាអ្នកស្នងសេចក្ដីសន្យារួមជាមួយលោក ទុកជាមត៌ក។ ដ្បិតលោកទន្ទឹងរង់ចាំក្រុងមួយ ដែលមានគ្រឹះរឹងមាំ ដែលព្រះជាអ្នកគូរប្លង់ និងជាជាងសង់។ ដោយសារជំនឿ លោកស្រីសារ៉ាបានទទួលអំណាចនឹងមានគភ៌បាន ទោះជាគាត់ហួសអាយុនឹងមានកូនក៏ដោយ ព្រោះគាត់បានរាប់ព្រះអង្គដែលបានសន្យានោះថា ទ្រង់ស្មោះត្រង់។ ហេតុនេះហើយបានជាមានមនុស្សជាច្រើន ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ ដែលរាប់មិនអស់ បានកើតចេញមកពីមនុស្សតែម្នាក់ ដែលលោកទុកដូចជាស្លាប់ទៅហើយ។
ហេប្រឺ 11:8-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដោយសារជំនឿ លោកអប្រាហាំស្ដាប់បង្គាប់ព្រះជាម្ចាស់ដែលបានត្រាស់ហៅលោក ហើយចេញដំណើរទៅកាន់ស្រុកមួយ ដែលលោកនឹងទទួលទុកជាមត៌ក។ លោកចេញដំណើរទៅ ទាំងពុំដឹងថាត្រូវទៅណាផង។ ដោយសារជំនឿ លោកបានមករស់នៅជាអាណិកជន ក្នុងស្រុក ដែលព្រះជាម្ចាស់បានសន្យាថានឹងប្រទានឲ្យ គឺលោកបានបោះជំរំនៅជាមួយលោកអ៊ីសាក និងលោកយ៉ាកុប ដែលត្រូវទទួលទឹកដីនោះជាមត៌ករួមជាមួយលោក តាមព្រះបន្ទូលសន្យាដដែល។ លោកអប្រាហាំទន្ទឹងរង់ចាំទទួលក្រុងមួយដែលនឹងមានគ្រឹះរឹងមាំមួន ជាក្រុងដែលព្រះជាម្ចាស់បានធ្វើគម្រោង និងសង់ឡើង។ ដោយសារជំនឿ លោកស្រីសារ៉ាអាចទទួលសមត្ថភាពនឹងមានកូនបន្ដពូជពង្សបាន ថ្វីដ្បិតតែគាត់មានវ័យចាស់ណាស់ហើយក៏ដោយ ព្រោះគាត់យល់ថា បើព្រះជាម្ចាស់សន្យាយ៉ាងណា ព្រះអង្គមុខជាធ្វើតាមយ៉ាងនោះដែរ។ ហេតុនេះហើយបានជាមានមនុស្សច្រើន ឥតគណនា ដូចផ្កាយនៅលើមេឃ និងគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ កើតចេញមកពីមនុស្សតែម្នាក់ ដែលចាស់ជិតស្លាប់ទៅហើយនោះផង។
ហេប្រឺ 11:8-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដោយសារសេចក្ដីជំនឿ កាលព្រះបានហៅលោកអ័ប្រាហាំ នោះលោកក៏បានស្តាប់បង្គាប់ លោកចេញទៅឯកន្លែងដែលត្រូវទទួលជាមរដក គឺចេញទៅឥតមានដឹងជាទៅឯណាទេ ដោយសារសេចក្ដីជំនឿ នោះលោកបានស្នាក់នៅក្នុងស្រុក ដែលទ្រង់សន្យាឲ្យ ដូចជានៅប្រទេសដទៃ ក៏នៅតែក្នុងត្រសាល ជាមួយនឹងអ៊ីសាក ហើយនឹងយ៉ាកុប ជាអ្នកគ្រងសេចក្ដីសន្យាដដែល ទុកជាមរដកជាមួយគ្នា ពីព្រោះលោករង់ចាំក្រុង១ ដែលមានឫសជញ្ជាំង ដែលព្រះទ្រង់ជាអ្នកគូរ ហើយជាជាងសង់។ ដោយសារសេចក្ដីជំនឿ នោះនាងសារ៉ាក៏ទទួលអំណាច ឲ្យមានគភ៌បង្កើតកូនបាន ហើយនាងបង្កើតកូនមក ក្នុងកាលដែលហួសអាយុហើយ ពីព្រោះនាងបានរាប់ព្រះដែលសន្យានោះ ទុកជាស្មោះត្រង់ ដូច្នេះ ក៏មានមនុស្ស១ហ្វូង ដូចផ្កាយនៅលើមេឃ ហើយដូចខ្សាច់នៅមាត់សមុទ្រ ដែលរាប់មិនចេះអស់ បានកើតមកអំពីមនុស្សតែម្នាក់ ដែលអ្នកនោះក៏ទុកដូចជាស្លាប់ហើយដែរ។