ហេប្រឺ 11:13-22

ហេប្រឺ 11:13-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​ទាំង​អស់នេះ​បាន​ស្លាប់​ទៅ ទាំង​មាន​ជំនឿ ឥត​បាន​ទទួល​អ្វីៗ​តាម​ព្រះ‌បន្ទូល​សន្យា​ទេ តែ​អ្នក​ទាំង​នោះ​បាន​ឃើញ និង​បាន​អប​អរ​ចំពោះ​អ្វីៗ​ទាំង​នោះ​ពី​ចម្ងាយ ទាំង​បាន​ទទួល​ស្គាល់​ថា ខ្លួន​គេ​ជា​អ្នក​ដទៃ និង​ជា​អ្នក​ស្នាក់​នៅ លើ​ផែន​ដីនេះ​ប៉ុណ្ណោះ។ ដ្បិត​មនុស្ស​ដែល​និយាយ​ដូច្នេះ បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គេ​កំពុង​តែ​ស្វែង​រក​ស្រុក​កំណើត​មួយ។ ប្រ​សិន​បើ​គេ​រឭក​ស្រុក​ដែល​គេ​ទើប​នឹង​ចេញ​មក គេ​មុខ​ជា​មាន​ឱកាស​ត្រឡប់​ទៅ​វិញ​បាន។ ប៉ុន្ដែ តាម​ពិត គេ​ប្រាថ្នា​ចង់​បាន​ស្រុក​មួយ​ដ៏​ប្រសើរ​ជាង គឺជា​ស្រុក​មួយ​នៅ​ស្ថាន‌សួគ៌។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ទ្រង់​មិន​ខ្មាសនឹងឲ្យ​គេ​ហៅ​ព្រះ‌អង្គ​ថា​ជា​ព្រះ​របស់​គេនោះ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​រៀប​ចំ​ទី​ក្រុង​មួយ​សម្រាប់​គេរួច​ហើយ។ ដោយ​សារ​ជំនឿ នៅ​ពេល​ព្រះ‌ល្បង​ល លោក​អ័ប្រា‌ហាំ​បាន​ថ្វាយ​អ៊ីសាក គឺ​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​នោះ លោក​បាន​ថ្វាយ​កូន​តែ​មួយ​របស់​លោក ដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​កូន​នោះ​ថា «ពូជ​ពង្ស​របស់​អ្នក​នឹង​មាន​ឈ្មោះ​តាម​រយៈ​អ៊ីសាក» ។ លោក​បាន​រាប់​ថា ព្រះ‌ទ្រង់​អាច​នឹង​ប្រោស​កូន​នោះ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​បាន ហើយ​លោក​ក៏​បាន​ទទួល​កូន​មក​វិញ​មែន ធៀប​ដូច​ជា​រស់​ពី​ស្លាប់​ឡើង​វិញ។ ដោយ​សារ​ជំនឿ លោក​អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប និង​អេសាវ អំពី​ដំណើរ​អនា‌គត ។ ដោយ​សារ​ជំនឿ កាល​លោក​យ៉ាកុប​ហៀប​នឹង​ស្លាប់ លោក​បាន​ឲ្យ​ពរ​ដល់​កូន​ទាំង​ពីរ​របស់​លោក​យ៉ូសែប ហើយ​លោក​ថ្វាយ​បង្គំ​ព្រះ ដោយ​បន្ទន់​ខ្លួន​លើ​ឈើ​ច្រត់ ។ ដោយ​សារ​ជំនឿ កាល​លោក​យ៉ូសែប​ហៀប​នឹង​ផុត​ដង្ហើម លោក​បាន​ថ្លែង​ប្រាប់​ពី​ដំណើរ​ចាក​ចេញ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​បាន​ផ្តាំ​អំពី​ឆ្អឹង​របស់​លោក។

ចែក​រំលែក
អាន ហេប្រឺ 11

ហេប្រឺ 11:13-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បុព្វបុរស​ទាំង​នេះ​បាន​ស្លាប់​ទៅ ទាំង​នៅ​មាន​ជំនឿ​ដដែល ពួក​លោក​ឥត​បាន​ទទួល​អ្វីៗ​តាម​ព្រះ‌បន្ទូល​សន្យា​ទេ តែ​បាន​ឃើញ និង​អបអរ​ទទួល​ពី​ចម្ងាយ ហើយ​ប្រកាស​ទទួល​ស្គាល់​ថា ពួក​លោក​គ្រាន់​តែ​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរ ​លើ​ផែនដី​នេះ​ប៉ុណ្ណោះ។ អ្នក​ណា​និយាយ​ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គេ​ស្វែង​រក​មាតុ‌ភូមិ​មួយ។ ប្រសិន​បើ​បុព្វបុរស​ទាំង​នោះ​នឹក​ស្រុក​ដែល​លោក​បាន​ចាក​ចេញ​មក លោក​មុខ​ជា​មាន​ឱកាស​វិល​ត្រឡប់​ទៅ​វិញ​ពុំ‌ខាន។ តាម​ពិត ពួក​លោក​ចង់​បាន​មាតុ‌ភូមិ​មួយ​ដ៏​ល្អ​ប្រសើរ​ជាង គឺ​មាតុ‌ភូមិ​នៅ​ស្ថាន​បរម‌សុខ*​ឯ‌ណោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ មិន​ខ្មាស​នឹង​ឲ្យ​គេ​ហៅ​ព្រះអង្គ​ថា ជា​ព្រះ​របស់​បុព្វបុរស​ទាំង​នោះ​ឡើយ ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ក្រុង​មួយ សម្រាប់​ពួក​លោក​រួច​ទៅ​ហើយ។ ដោយ‌សារ​ជំនឿ លោក​អប្រាហាំ​បាន​យក​អ៊ីសាក​ទៅ​ថ្វាយ​ជា​យញ្ញ‌បូជា នៅ​ពេល​ព្រះ‌ជាម្ចាស់​ល្បង‌ល​មើល​ចិត្ត​លោក។ លោក​ថ្វាយ​កូន​តែ​មួយ​គត់​របស់​លោក ថ្វី‌ដ្បិត​តែ​លោក​បាន​ទទួល​ព្រះ‌បន្ទូល​សន្យា ហើយ​ថ្វី‌ដ្បិត​តែ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា «អ៊ីសាក​នឹង​បន្ដ​ពូជ‌ពង្ស​ឲ្យ​អ្នក»​ក៏​ដោយ។ លោក​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​មាន​ឫទ្ធា‌នុភាព​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​បាន។ ហេតុ​នេះ លោក​ក៏​បាន​ទទួល​កូន​មក​វិញ ដែល​ជា​និមិត្ត‌រូប​មួយ។ ដោយ‌សារ​ជំនឿ លោក​អ៊ីសាក​បាន​ឲ្យ​ពរ​លោក​យ៉ាកុប និង​លោក​អេសាវ ទុក​សម្រាប់​អនាគត។ ដោយ‌សារ​ជំនឿ ពេល​លោក​យ៉ាកុប​ហៀប​នឹង​ទទួល​មរណ‌ភាព លោក​បាន​ឲ្យ​ពរ​ដល់​កូនៗ​របស់​លោក​យ៉ូសែប ហើយ​លោក​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ដោយ​បន្ទន់​ខ្លួន​លើ​ឈើ​ច្រត់។ ដោយ‌សារ​ជំនឿ ពេល​លោក​យ៉ូសែប​ជិត​លា​ចាក​លោក​នេះ​ទៅ លោក​បាន​ថ្លែង​ទុក​ថា កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​លោក​ផ្ដាំ​គេ​ឲ្យ​ធ្វើ​យ៉ាង​ណាៗ​ចំពោះ​ធាតុ​របស់​លោក។

ចែក​រំលែក
អាន ហេប្រឺ 11

ហេប្រឺ 11:13-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​អ្នក​ទាំង​នោះ​បាន​ស្លាប់​ក្នុង​សេចក្ដី​ជំនឿ ឥត​ទទួល​សេចក្ដី​ដែល​បាន​សន្យា​ទាំង​ប៉ុន្មាន​ទេ តែ​គេ​បាន​ឃើញ​ពី​ចំងាយ ហើយ​ក៏​ទទួល​គំនាប់​ដែរ ទាំង​យល់​ព្រម​ថា ខ្លួន​គេ​ជា​អ្នក​ដទៃ ដែល​គ្រាន់​តែ​សំណាក់​នៅ​ផែនដី​ប៉ុណ្ណោះ ពួក​អ្នក​ដែល​និយាយ​ដូច្នោះ នោះ​សំដែង​ច្បាស់​ថា គេ​ជា​អ្នក​រក​ស្រុក​សំរាប់​ខ្លួន​គេ​ពិត ហើយ​បើ​សិន​ជា​គេ​រឭក​ស្រុក ដែល​គេ​ទើប​នឹង​ចេញ​មក​នោះ នោះ​គេ​នឹង​មាន​ឱកាស​ត្រឡប់​ទៅ​វិញ​បាន តែ​ឥឡូវ​នេះ គេ​សង្វាត​ចង់​បាន​ស្រុក​១​ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថាន‌សួគ៌​វិញ បាន​ជា​ព្រះ‌ទ្រង់​គ្មាន​សេចក្ដី​ខ្មាស ដោយ​គេ​ហៅ​ទ្រង់​ជា​ព្រះ​នៃ​គេ​នោះ​ឡើយ ដ្បិត​ទ្រង់​បាន​រៀបចំ​ទី‌ក្រុង​១​ឲ្យ​គេ​ហើយ។ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​អ័ប្រា‌ហាំ​បាន​ថ្វាយ​អ៊ីសាក ក្នុង​កាល​ដែល​ទ្រង់​ល្បង​ល​លោក គឺ​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន លោក​បាន​ថ្វាយ​កូន​លោក​តែ​មួយ ដែល​មាន​សេចក្ដី​ចែង​ទុក​ពី​ដំណើរ​កូន​នោះ​ថា «ពូជ​ឯង​នឹង​បាន​រាប់​តាម​អ៊ីសាក» លោក​បាន​រាប់​ថា ព្រះ‌ទ្រង់​អាច​នឹង​ប្រោស​កូន ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​បាន​ផង ហើយ​លោក​បាន​ទទួល​វា​មក​វិញ​មែន ធៀប​ដូច​ជា​រស់​ពី​ស្លាប់​ឡើង​វិញ។ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប នឹង​អេសាវ ពី​ដំណើរ​ការ​ទៅ​ខាង​មុខ។ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​យ៉ាកុប​បាន​ឲ្យ​ពរ​ដល់​កូន​យ៉ូសែប​ទាំង​២ ហើយ​ក៏​ថ្វាយ‌បង្គំ​ព្រះ ទាំង​ច្រត់​លើ​ចុង​ឈើ​ច្រត់ ក្នុង​កាល​ដែល​លោក​ហៀប​នឹង​ស្លាប់។ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​យ៉ូសែប​បាន​ប្រាប់​ពី​ដំណើរ​ពួក​ជន‌ជាតិ​អ៊ីស្រាអែល ដើរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ក៏​ផ្តាំ​ពី​ដំណើរ​សព​របស់​ខ្លួន ក្នុង​កាល​ដែល​ហៀប​នឹង​ផុត​ដង្ហើម​ទៅ​ផង។

ចែក​រំលែក
អាន ហេប្រឺ 11