ហេប្រឺ 10:19-39

ហេប្រឺ 10:19-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហេតុ​នេះ បង‌ប្អូន​អើយ ដោយ​យើង​មាន​ចិត្ត​ជឿ​ជាក់​នឹង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូវ តាម​ផ្លូវ​ដែល​ព្រះ‌អង្គបាន​បើក​ឲ្យ​យើង ជា​ផ្លូវ​ថ្មី ហើយ​រស់ ឆ្លង​កាត់​វាំងនន គឺ​ជា​រូប​សាច់​ព្រះ‌អង្គ ហើយ​ដោយ​យើង​មាន​សម្តេច​សង្ឃ​ដ៏​ធំ​មួយ​អង្គ​ត្រួត​លើ​ដំណាក់​ព្រះ នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត ដោយ​ចិត្ត​ទៀង​ត្រង់ ពេញ​ដោយ​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​បរិសុទ្ធ ប្រោះ​ញែក​ជា​ស្អាត​ពី​មនសិការ​សៅ‌ហ្មង ហើយ​រូប‌កាយ​របស់​យើង​បាន​លាង​ដោយ​ទឹក​ដ៏​បរិសុទ្ធ។ ត្រូវ​ឲ្យ​យើង​កាន់​ខ្ជាប់ តាម​សេចក្តី​សង្ឃឹម​ដែល​យើង​បាន​ប្រកាស​នោះ កុំ​ឲ្យ​រង្គើ ដ្បិត​ព្រះ‌អង្គ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះ​ត្រង់។ ត្រូវ​ឲ្យ​យើង​ពិចារណា​ដាស់​តឿន​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​មាន​ចិត្ត​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះ​ឡើយ ត្រូវ​លើកទឹក​ចិត្ត​គ្នា​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត ដោយ​ឃើញ​ថា ថ្ងៃ​នោះ​កាន់​តែ​ជិត​មក​ដល់​ហើយ។ ដ្បិត​ក្រោយ​ពី​យើង​បាន​ទទួល​ចំណេះ​ដឹង​ខាង​ឯ​សេចក្ដី​ពិត​ហើយ ហើយ​យើង​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ទៀត នោះ​គ្មាន​យញ្ញ‌បូជា​ណា​នឹង​លោះ​បាប​យើង​ទៀត​ឡើយ គឺ​មាន​តែ​រង់​ចាំ​ការ​ជំនុំ​ជម្រះ​ក៏​គួរ​ឲ្យ​ភ័យ​ខ្លាច និង​ភ្លើង​ដ៏​សហ័ស ដែល​នឹង​ឆាប​ឆេះ​ពួក​ទាស់​ទទឹង​ប៉ុណ្ណោះ។ អ្នក​ណា​ដែល​បំពាន​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដោយ​មាន​មនុស្ស​ពីរ ឬ​បី​នាក់​ជា​បន្ទាល់ នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​ឥត​ត្រា‌ប្រណី។ ចុះ​ចំណង់​បើ​អ្នក​ដែល​ជាន់​ឈ្លី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ហើយ​ប្រមាថ​ព្រះ‌លោហិត​នៃ​សេចក្ដី​សញ្ញា ដែល​បាន​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ហើយ​ត្មះ‌តិះ‌ដៀល​ព្រះ‌វិញ្ញាណ​ដ៏​មាន​ព្រះ‌គុណ សូម​អ្នក​រាល់​គ្នា​គិត​មើល៍ តើ​គេ​សម​នឹង​មាន​ទោស​ធ្ងន់​យ៉ាង​ណា​ទៅ​ទៀត? ដ្បិត​យើង​ស្គាល់​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌បន្ទូល​ថា៖ «ការ​សង​សឹក​ជា​របស់​យើង យើង​នឹង​សង​ដល់​គេ» ហើយ​មួយ​ទៀត​ថា «ព្រះ‌អម្ចាស់​នឹង​ជំនុំ​ជម្រះ​ប្រជា​រាស្ត្រ​របស់​ព្រះ‌អង្គ» ។ ការ​ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ នោះ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។ ប៉ុន្ដែ ចូរ​នឹក​ចាំ​ពីគ្រា​ដំបូង ជា​គ្រា​ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​បាន​ភ្លឺ អ្នក​រាល់​គ្នា​បាន​ទ្រាំ​ទ្រ​នឹង​ទុក្ខ​លំបាក​ជា​ខ្លាំង ពេល​ខ្លះ អ្នក​រាល់​គ្នា​ត្រូវ​គេ​ប្រមាថ​មើល​ងាយ និង​ធ្វើ​ទុក្ខ​បៀត​បៀន​នៅ​ទី​ប្រជុំ​ជន ហើយ​ពេល​ខ្លះ​ទៀត អ្នក​រាល់​គ្នា​រួម​ចំណែក​ជាមួយ​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​យ៉ាង​នោះ​ទៀត​ផង។ ដ្បិត​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត​អាសូរ​ដល់​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង ក៏​ទ្រាំ​ឲ្យ​គេរឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដោយ​អំណរ ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ទ្រព្យ‌សម្បត្តិ​ដែល​ប្រសើរ​ជាង ហើយ​នៅ​ស្ថិត​ស្ថេរ​រហូត។ ហេតុ​នេះ សូម​កុំ​បោះ​បង់​ចោល​ចិត្ត​ជឿ​ជាក់​របស់​អ្នក​រាល់​គ្នា ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​រង្វាន់​យ៉ាង​ធំ​នោះ​ឡើយ។ ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​មាន​ចិត្តស៊ូ​ទ្រាំ ដើម្បី​កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ​រួច​ហើយ អ្នក​រាល់​គ្នា​នឹង​ទទួល​បាន​តាម​ព្រះ‌បន្ទូល​សន្យា។ «ដ្បិត​នៅ​តែ​បន្តិច​ទៀត ព្រះ‌អង្គ​ដែល​ត្រូវយាង​មក ព្រះ‌អង្គ​នឹង​យាង​មក​មែន ឥត​បង្អង់​ឡើយ រីឯ​មនុស្ស​សុចរិត​របស់​យើង គេ​នឹង​រស់​នៅ​ដោយ​សារ​ជំនឿ តែ​បើ​អ្នក​ណា​ដក​ថយ​ទៅ​វិញ ចិត្ត​យើង​គ្មាន​អំណរ​នឹង​អ្នក​នោះ​ឡើយ» ។ ប៉ុន្ដែ យើង​មិន​មែន​ជា​ពួក​អ្នក​ដែល​ដក​ថយ​ទៅ​វិញ ហើយ​ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ គឺ​ជា​ពួក​អ្នក​ដែល​មាន​ជំនឿ ហើយ​រក្សា​ព្រលឹង​របស់​ខ្លួន​វិញ។

ចែក​រំលែក
អាន ហេប្រឺ 10

ហេប្រឺ 10:19-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ បងប្អូន​អើយ យើង​មាន​ចិត្ត​រឹង‌ប៉ឹង ចូល​មក​ក្នុង​ទីសក្ការៈ ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូ ព្រោះ​ព្រះអង្គ​បាន​បើក​មាគ៌ា​មួយ​ថ្មី ជា​មាគ៌ា​ដែល​មាន​ជីវិត ដោយ​ព្រះអង្គ​ឆ្លង​កាត់​វាំងនន ពោល​គឺ​រូប​កាយ​របស់​ព្រះអង្គ ដែល​កើត​មក​ជា​មនុស្ស។ ដោយ​យើង​មាន​មហា​បូជា‌ចារ្យ*​មួយ​រូប ដែល​គ្រប់‌គ្រង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ដូច្នេះ យើង​ត្រូវ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះអង្គ​ដោយ​ចិត្ត​ទៀង​ត្រង់ ពោរ‌ពេញ​ដោយ​ជំនឿ​មាំ‌មួន និង​មាន​ចិត្ត​បរិសុទ្ធ ជ្រះ‌ស្រឡះ​ពី​គំនិត​សៅ‌ហ្មង ព្រម​ទាំង​មាន​រូប​កាយ​លាង​ដោយ​ទឹក​ដ៏​បរិសុទ្ធ​ផង។ ត្រូវ​រក្សា​សេចក្ដី​សង្ឃឹម ដែល​យើង​ប្រកាស​នោះ​ឲ្យ​ខ្ជាប់ខ្ជួន កុំ​ឲ្យ​រង្គើ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​យ៉ាង​ណា ព្រះអង្គ​ក៏​នឹង​ធ្វើ​តាម​យ៉ាង​នោះ​ដែរ។ តោង​យើង​មើល​ថែ‌រក្សា​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជួយ​ដាស់‌តឿន​គ្នា​ឲ្យ​មាន​ចិត្ត​ស្រឡាញ់ និង​ប្រព្រឹត្ត​អំពើ​ល្អ។ មិន​ត្រូវ​លះ‌បង់​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​រឹត​តែ​ខ្លាំង​ឡើង ដោយ​ឃើញ​ថា ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​កាន់​តែ​ជិត​មក​ដល់​ហើយ។ ក្រោយ​ពី​យើង​បាន​ស្គាល់​សេចក្ដី​ពិត​ច្បាស់​ហើយ ប្រសិន​បើ​យើង​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ចេតនា​នោះ មុខ​ជា​គ្មាន​យញ្ញ‌បូជា​ណា​អាច​ធ្វើ​ឲ្យ​យើង​រួច​ពី​បាប​ទៀត​ឡើយ គឺ​មាន​តែ​ភិត‌ភ័យ រង់‌ចាំ​ការ​វិនិច្ឆ័យ​ទោស និង​រង់‌ចាំ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ ដែល​ចាំ​តែ​ឆាប​ឆេះ​ពួក​អ្នក​ប្រឆាំង​ប៉ុណ្ណោះ!។ នរណា​ម្នាក់​បំពាន​លើ​វិន័យ​របស់​លោក​ម៉ូសេ ហើយ​បើ​មាន​សាក្សី​ពីរ ឬ​បី​នាក់​ដឹង​ឮ គេ​មុខ​ជា​ប្រហារ​ជីវិត​អ្នក​នោះ​ឥត​ត្រា​ប្រណី​ឡើយ។ ចុះ​ចំណង់​បើ​អ្នក​ដែល​មើល‌ងាយ​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ដោយ​បន្ថោក​ព្រះ‌លោហិត​នៃ​សម្ពន្ធ‌មេត្រី ជា​ព្រះ‌លោហិត​ដែល​ប្រោស​ឲ្យ​គេ​ទៅ​ជា​វិសុទ្ធ* ហើយ​ប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌គុណ សូម​បងប្អូន​គិត​មើល៍ តើ​គេ​នឹង​ត្រូវ​ទទួល​ទោស​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត! ដ្បិត​យើង​ស្គាល់​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌បន្ទូល​ថា «ការ​សង‌សឹក​ស្រេច​តែ​នៅ​លើ​យើង គឺ​យើង​ទេ​តើ​ដែល​នឹង​តប​ស្នង​ដល់​គេ» ហើយ «ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ» ។ គ្មាន​អ្វី​គួរ​ឲ្យ​ភ័យ​ខ្លាច​ជាង​ត្រូវ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ វិនិច្ឆ័យ​ទោស​ឡើយ!។ ក៏​ប៉ុន្តែ សូម​នឹក​ចាំ​ពី​គ្រា​ដំបូង ដែល​បងប្អូន​ទើប​នឹង​ទទួល​ពន្លឺ​ពី​ព្រះ‌ជាម្ចាស់​ថ្មីៗ។ ពេល​នោះ បងប្អូន​បាន​តស៊ូ​យ៉ាង​ខ្លាំង ហើយ​បងប្អូន​ក៏​បាន​រង‌ទុក្ខ​លំបាក​ជា​ច្រើន ពេល​ខ្លះ បងប្អូន​ត្រូវ​គេ​ប្រមាថ​មើល‌ងាយ ធ្វើ​បាប​នៅ​មុខ​ប្រជុំ​ជន និង​ពេល​ខ្លះ​ទៀត បងប្អូន​រួម​ទុក្ខ​ជា​មួយ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ដែរ។ បងប្អូន​បាន​រួម​ទុក្ខ​ជា​មួយ​អស់​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង បងប្អូន​សុខ​ចិត្ត​ឲ្យ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​បងប្អូន ដោយ​រីក‌រាយ ដ្បិត​បងប្អូន​ដឹង​ថា បងប្អូន​មាន​សម្បត្តិ​សួគ៌​ដែល​ប្រសើរ​ជាង ហើយ​នៅ​ស្ថិត‌ស្ថេរ​រហូត។ ហេតុ​នេះ សូម​បងប្អូន​កុំ​លះ‌បង់​ចិត្ត​រឹង‌ប៉ឹង ដែល​នឹង​ធ្វើ​ឲ្យ​បងប្អូន​ទទួល​រង្វាន់​យ៉ាង​ធំ​នោះ​ឡើយ គឺ​ត្រូវ​មាន​ចិត្ត​ស៊ូ​ទ្រាំ ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ និង​ទទួល​ផល តាម​ព្រះ‌បន្ទូល​សន្យា ដ្បិត​នៅ​តែ​បន្តិច​ទៀត គឺ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ព្រះអង្គ​ដែល​ត្រូវ​យាង​មក ទ្រង់​នឹង​យាង​មក​ដល់​ជា​មិន​ខាន ព្រះអង្គ​មិន​បង្អង់​ឡើយ។ «រីឯ​អ្នក​សុចរិត​ជា​កូន​ចៅ​របស់​យើង​វិញ គេ​នឹង​មាន​ជីវិត​រស់​ដោយ‌សារ​ជំនឿ តែ​បើ​គេ​ថយ​ក្រោយ យើង​លែង​ពេញ​ចិត្ត​នឹង​គេ​ហើយ» ។ ចំពោះ​យើង​វិញ យើង​មិន​មែន​ជា​អ្នក​ថយ​ក្រោយ​ឲ្យ​ត្រូវ​វិនាស​បាត់​បង់​នោះ​ទេ គឺ​យើង​ជា​អ្នក​ជឿ ដើម្បី​សង្គ្រោះ​ជីវិត។

ចែក​រំលែក
អាន ហេប្រឺ 10

ហេប្រឺ 10:19-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ បង​ប្អូន​អើយ ដែល​យើង​មាន​សេចក្ដី​ក្លៀវ‌ក្លា​នឹង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយ‌សារ​ព្រះ‌លោហិត​នៃ​ព្រះ‌យេស៊ូវ តាម​ផ្លូវ​ដែល​ទ្រង់​បាន​តាំង​សំរាប់​យើង​រាល់​គ្នា ជា​ផ្លូវ​ថ្មី ហើយ​រស់ ដែល​ចូល​កាត់​វាំង‌នន គឺ​ជា​រូប​សាច់​របស់​ទ្រង់ ហើយ​ដែល​មាន​សំដេច​សង្ឃ​ដ៏​ធំ​១​អង្គ​ត្រួត​លើ​ដំណាក់​ព្រះ នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត​ទាំង​មាន​ចិត្ត​ស្មោះ‌ត្រង់ នឹង​ចិត្ត​ដឹង​ពិត​ប្រាកដ ហើយ​សេចក្ដី​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​ប្រោះ​ញែក​ជា​ស្អាត​រួច​ពី​បញ្ញា​ចិត្ត​ដែល​សៅ‌ហ្មង​ផង ហើយ​បាន​លាង​រូប‌កាយ​នឹង​ទឹក​ដ៏​ស្អាត​ដែរ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​កាន់​ខ្ជាប់ តាម​សេចក្ដី​បន្ទាល់​របស់​សេចក្ដី​សង្ឃឹម​នោះ ឥត​រវើ‌រវាយ ដ្បិត​ព្រះ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះ‌ត្រង់ ហើយ​ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ ដ្បិត​ក្រោយ​ដែល​យើង​បាន​ទទួល​ស្គាល់​សេចក្ដី​ពិត​ហើយ បើ​យើង​ធ្វើ​បាប​ស្ម័គ្រ​ពី​ចិត្ត​ទៀត នោះ​គ្មាន​យញ្ញ‌បូជា​ណា សំរាប់​នឹង​លោះ​បាប​ទៀត​ទេ មាន​តែ​រង់‌ចាំ ដោយ​ស្ញែង​ខ្លាច​ចំពោះ​សេចក្ដី​ជំនុំ​ជំរះ នឹង​សេចក្ដី​សហ័ស​នៃ​ភ្លើង ដែល​រៀប​នឹង​ឆេះ​ដល់​អស់​ទាំង​ពួក​ទាស់​ទទឹង​ផង​ប៉ុណ្ណោះ ឯ​អ្នក​ណា​ដែល​ក្បត់​ក្រិត្យ‌វិន័យ​លោក​ម៉ូសេ នោះ​បាន​ត្រូវ​ស្លាប់​ឥត​ប្រណី ដោយ​សេចក្ដី​បន្ទាល់​របស់​មនុស្ស​២​ឬ​៣​នាក់ ចុះ​តើ​អ្នក​រាល់​គ្នា​ស្មាន​ថា គេ​គួរ​មាន​ទោស​ជា​ធ្ងន់​ជាង​យ៉ាង​ណា​ទៅ ដែល​គេ​ជាន់​ឈ្លី​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ទាំង​រាប់​ព្រះ‌លោហិត​នៃ​សេចក្ដី​សញ្ញា ដែល​បាន​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ទុក​ដូច​ជា​របស់​ប្រើ​ធម្មតា ហើយ​ត្មះ‌តិះដៀល​ដល់​ព្រះ‌វិញ្ញាណ​ដ៏​មាន​ព្រះ‌គុណ​ផង​នោះ ដ្បិត​យើង​ស្គាល់​ព្រះ‌អង្គ​ដែល​ទ្រង់​មាន​បន្ទូល​ថា «សេចក្ដី​សង‌សឹក​ជា​របស់​ផង​អញ អញ​នឹង​សង​គេ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះ‌អម្ចាស់» ហើយ​១​ទៀត​ថា «ព្រះ‌អម្ចាស់​ទ្រង់​នឹង​ជំនុំ​ជំរះ​រាស្ត្រ​ទ្រង់» រីឯ​ការ​ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ នោះ​គួរ​ស្ញែង​ខ្លាច​ណាស់។ ចូរ​នឹក​ចាំ​ពី​ជាន់​មុន គឺ​ពី​កាល​ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​បាន​ភ្លឺ​ឡើង នោះ​ក៏​ទ្រាំ​នឹង​ទុក្ខ​លំបាក ទាំង​តតាំង​ជា​ខ្លាំង​ដែរ ដោយ‌សារ​គេ​យក​អ្នក​រាល់​គ្នា​ទុក​ជា​ល្បែង​មើល​លេង ទាំង​ត្មះ‌តិះដៀល ហើយ​ធ្វើ​ទុក្ខ​ដល់​អ្នក​រាល់​គ្នា​នោះ​ម្យ៉ាង ហើយ​មួយ​ទៀត ដោយ​អ្នក​រាល់​គ្នា​បាន​ភប់‌ប្រសព្វ​នឹង​ពួក​អ្នក ដែល​ត្រូវ​ទុក្ខ​លំបាក​ដូច្នោះ​ម្យ៉ាង​ផង ដ្បិត​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត‌អាសូរ ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង ក៏​ទ្រាំ​ឲ្យ​មនុស្ស​ប្លន់​យក​របស់​ទ្រព្យ​ខ្លួន​ដោយ​អំណរ ដោយ​ដឹង​ថា ខ្លួន​មាន​ទ្រព្យ​សម្បត្តិ ដែល​ប្រសើរ​ជាង ហើយ​ក៏​នៅ​ជាប់‌លាប់​ផង នៅ​ឯ​ស្ថាន‌សួគ៌ ដូច្នេះ កុំ​ឲ្យ​បោះ​បង់​ចោល​សេចក្ដី​ក្លាហាន​របស់​អ្នក​រាល់​គ្នា ដែល​មាន​រង្វាន់​ជា​ធំ​នោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​សេចក្ដី​អត់‌ធ្មត់ ដើម្បី​ឲ្យ​បាន​ទទួល​សេចក្ដី​ដែល​បាន​សន្យា ដោយ​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ព្រះ ពី​ព្រោះ​នៅ​តែ​បន្តិច​ទៀត «នោះ​ព្រះ‌អង្គ​ដែល​ត្រូវ​មក ទ្រង់​នឹង​យាង​មក​មែន ឥត​បង្អង់​ឡើយ តែ​ពួក​មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ​អាង​សេចក្ដី​ជំនឿ បើ​អ្នក​ណា​ថយ​ទៅ​វិញ នោះ​ចិត្ត​អញ​គ្មាន​សេចក្ដី​អំណរ​ចំពោះ​អ្នក​នោះ​ទេ» តែ​យើង​រាល់​គ្នា​មិន​មែន​ជា​ពួក​អ្នក ដែល​ថយ​ទៅ​វិញ ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ គឺ​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​សំរាប់​ឲ្យ​ព្រលឹង​បាន​សង្គ្រោះ​វិញ។

ចែក​រំលែក
អាន ហេប្រឺ 10