ហេប្រឺ 1:1-13

ហេប្រឺ 1:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ពី​ដើម ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​បុព្វ‌បុរស​របស់​យើង ជា​ច្រើន​ដង​ច្រើន​បែប ដោយ​ពួក​ហោរា ប៉ុន្តែ នៅ​គ្រា​ក្រោយ​បង្អស់​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​យើង ដោយ​សារ​ព្រះ‌រាជ​បុត្រា​វិញ ដែល​ព្រះ‌អង្គ​បាន​តម្រូវ​ឲ្យ​បាន​គ្រប់​គ្រង​របស់​ទាំង​អស់ ទុក​ជា​មត៌ក ព្រម​ទាំង​បង្កើត​ពិភព‌លោក តាម​រយៈ​ព្រះ‌រាជ‌បុត្រា​នោះ​ដែរ។ ព្រះ‌អង្គ​ជា​រស្មី​ភ្លឺ​នៃ​សិរីល្អ​របស់​ព្រះ និង​ជា​រូប‌ភាព​អង្គ​ព្រះ​សុទ្ធ​សាធ ហើយ​ព្រះ‌អង្គ​ទ្រ‌ទ្រង់​អ្វីៗ​ទាំង​អស់ ដោយ​សារ​ព្រះ‌បន្ទូល​ដ៏​មាន​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។ ក្រោយ​ពី​បាន​ជម្រះ​អំពើ​បាប​របស់​យើង​រួច​ហើយ ព្រះ‌អង្គ​ក៏​គង់​នៅ​ខាង​ស្តាំ​ព្រះ​ដ៏​មាន​តេជា‌នុភាព​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់ ហើយ​ដែល​ព្រះ‌អង្គ​បាន​ទទួល​នាម​មួយ​ជា​មត៌ក ជា​នាម​ដែល​ប្រសើរ​ឧត្តុង្គ‌ឧត្តម លើស​ជាង​នាម​របស់​ពួក​ទេវតា​យ៉ាង​ណា ព្រះ‌អង្គ​ក៏​បាន​ត្រឡប់​ជា​វិសេស​លើស​ជាង​ពួក​ទេវតា​យ៉ាង​នោះ​ដែរ។ ដ្បិត​តើ​ព្រះ​ធ្លាប់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ណា​មួយ​ថា៖ «អ្នក​ជា​កូន​យើង យើង​បាន​បង្កើត​អ្នក​នៅ​ថ្ងៃ​នេះ» ដែរ​ឬ? ម្យ៉ាង​ទៀត ពេល​ព្រះ​ប្រទាន​ព្រះ‌រាជ‌បុត្រា​មក​ក្នុង​ពិភព‌លោក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ទេវតា​របស់​ព្រះ​ទាំង​អស់​ថ្វាយ​បង្គំ​ព្រះ‌រាជ‌បុត្រា» ។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​អំពី​ពួក​ទេវតា​ថា៖ «ព្រះ‌អង្គ​យក​ពួក​ទេវតា​របស់​ព្រះ‌អង្គ ធ្វើ​ជា​ខ្យល់ ហើយ​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ​ធ្វើ​ជា​អណ្តាត​ភ្លើង» ។ ប៉ុន្តែ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ‌បុត្រា​វិញ​ថា៖ «ព្រះ‌អង្គ​អើយ បល្ល័ង្ក​ព្រះ‌អង្គ​នៅ​ជាប់​អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ ឯ​ដំបង​សុចរិត ជា​ដំបង​រាជ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ស្រឡាញ់​សេចក្តី​សុចរិត ហើយ​ស្អប់​អំពើ​ទុច្ចរិត ហេតុ​នេះ​បាន​ជា​ព្រះ គឺ​ជា​ព្រះ​របស់​ព្រះ‌អង្គ បាន​ចាក់​ប្រេង​ថ្វាយ​ព្រះ‌អង្គ ជា​ប្រេង​នៃ​សេចក្តី​ត្រេក​អរ លើស​ជាង​មិត្ត​សម្លាញ់​របស់​ព្រះ‌អង្គ» ហើយ​ថា «ព្រះ‌អម្ចាស់​អើយ កាល​ដើម​ដំបូង ព្រះ‌អង្គ​បាន​ចាក់​គ្រឹះ​ផែនដី ហើយ​ផ្ទៃ​មេឃ​ជា​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ របស់​ទាំង​នោះ​នឹង​សាប​សូន្យ​ទៅ តែ​ព្រះ‌អង្គ​នៅ​តែ​ដដែល របស់​ទាំង​អស់​នឹង​ចាស់​ទៅ​ដូច​ជា​សម្លៀក​បំពាក់ ព្រះ‌អង្គ​នឹង​មូរ​របស់​ទាំង​នោះ​ដូច​ជា​មូរ​អាវ ហើយ​របស់​ទាំង​នោះ​ក៏​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ដូច​សម្លៀក​បំពាក់ តែ​ព្រះ‌អង្គ​មិន​ប្រែ​ប្រួល​ឡើយ ហើយ​ព្រះ‌ជន្ម​ព្រះ‌អង្គ​ក៏​មិន​ចេះ​ផុត​ដែរ» ។ ប៉ុន្តែ តើ​ព្រះ​ធ្លាប់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ណា​មួយ​ថា៖ «ចូរ​អង្គុយ​ខាង​ស្តាំ​យើង ទាល់​តែ​យើង​ដាក់​ខ្មាំង​សត្រូវ ទុក​ជា​កំណល់​កល់​ជើង​អ្នក» ឬ​ទេ?

ចែក​រំលែក
អាន ហេប្រឺ 1

ហេប្រឺ 1:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ជំនាន់​ដើម ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​បុព្វ​បុរស*​យើង​ជា​ច្រើន​លើក​ច្រើន​សា ដោយ​ប្រើ​របៀប​ផ្សេងៗ​ជា​ច្រើន តាម​រយៈ​ពួក​ព្យាការី*។ គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​យើង​តាម​រយៈ​ព្រះ‌បុត្រា។ ព្រះអង្គ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​ព្រះ‌បុត្រា​គ្រប់‌គ្រង​ជា​មត៌ក ព្រះអង្គ​ក៏​បាន​បង្កើត​ពិភព​ទាំង​មូល​ដោយ‌សារ​ព្រះ‌បុត្រា​ដែរ។ ព្រះ‌បុត្រា​នេះ​ជា​រស្មី​នៃ​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ និង​មាន​លក្ខណៈ​ដូច​ព្រះអង្គ​បេះ​បិទ។ ព្រះ‌បុត្រា​ទ្រ‌ទ្រង់​អ្វីៗ​ទាំង​អស់ ដោយ‌សារ​ព្រះ‌បន្ទូល​ប្រកប​ដោយ​ឫទ្ធា‌នុភាព។ លុះ​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យ​បរិសុទ្ធ*​ផុត​ពី​បាប*​រួច​ហើយ ព្រះអង្គ​ក៏​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​ឧត្តុង្គ​ឧត្ដម​នា​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ព្រះ‌បុត្រា​បាន​ទទួល​ព្រះ‌នាមប្រសើរ​លើស​ពួក​ទេវតា*​យ៉ាង​ណា ព្រះអង្គ​ក៏​ទទួល​ឋានៈ​ប្រសើរ​ជាង​ពួក​ទេវតា​យ៉ាង​នោះ​ដែរ។ ព្រះ‌ជាម្ចាស់​ពុំ​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ណា​ម្នាក់​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង គឺ​យើង​ហ្នឹង​ហើយ​ដែល​បាន​ទទួល​ព្រះអង្គ ធ្វើ​ជា​បុត្រ​នៅ​ថ្ងៃ​នេះ» ឬ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ជា​បិតា​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​នឹង​ទៅ​ជា​បុត្រា​របស់​យើង» សោះ​ឡើយ។ មួយ​វិញ​ទៀត នៅ​ពេល​ព្រះ‌ជាម្ចាស់​ចាត់​បុត្រ​ច្បង​ឲ្យ​មក​ផែនដី​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ទេវតា*​ទាំង​អស់​របស់​ព្រះ‌ជាម្ចាស់ ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌បុត្រា» ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​អំពី​ពួក​ទេវតា​ថា៖ «ព្រះអង្គ​បាន​យក​ពួក​ទេវតា​ធ្វើ​ជា​ខ្យល់ និង​យក​ពួក​អ្នក​បម្រើ​របស់​ព្រះអង្គ ធ្វើ​ជា​អណ្ដាត​ភ្លើង» ។ ចំពោះ​ព្រះ‌បុត្រា​វិញ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌ជាម្ចាស់ បល្ល័ង្ក​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ហើយ​ព្រះអង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌ ។ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​តែ​នឹង​សេចក្ដី​សុចរិត ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ។ ហេតុ​នេះ ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​ព្រះអង្គ បាន​ចាក់​ប្រេង​អភិសេក​ព្រះអង្គ ឲ្យ​មាន​អំណរ​សប្បាយ​ដ៏​លើស‌លុប គឺ​ឲ្យ​ព្រះអង្គ​បាន​ប្រសើរ​ជាង មិត្ត‌ភក្ដិ​របស់​ព្រះអង្គ» ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​បាន​បង្កើត​ផែនដី តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ‌ហស្ដ​របស់ ព្រះអង្គ​ដែរ។ ផែនដី និង​ផ្ទៃ​មេឃ​មុខ​ជា​រលាយ​បាត់​ទៅ តែ​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត។ ផែនដី និង​ផ្ទៃ​មេឃ​មុខ​ជា​ចាស់​ទៅ ដូច​សម្លៀក‌បំពាក់ ព្រះអង្គ​នឹង​បត់​ទាំង​ផែនដី ទាំង​ផ្ទៃ​មេឃ​ទុក ដូច​គេ​បត់​អាវ​ធំ ផែនដី និង​ផ្ទៃ​មេឃ​នឹង​រេច‌រឹល​ទៅ ដូច​សម្លៀក‌បំពាក់ ចំពោះ​ព្រះអង្គ​វិញ ព្រះអង្គ​មិន​ប្រែ‌ប្រួល​ឡើយ ហើយ​ព្រះ‌ជន្មាយុ​របស់​ព្រះអង្គ ក៏​មិន​ចេះ​អស់​ដែរ ។ មួយ​វិញ​ទៀត ព្រះ‌ជាម្ចាស់​ក៏​មិន​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ណា​ម្នាក់​ថា៖ «សូម​គង់​នៅ​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ» ។

ចែក​រំលែក
អាន ហេប្រឺ 1

ហេប្រឺ 1:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ព្រះ ដែល​ពី​ដើម ទ្រង់​មាន​បន្ទូល​នឹង​ពួក​ឰយុកោ ដោយ​ពួក​ហោរា ជា​ច្រើន​ដង​ច្រើន​បែប នៅ​ជាន់​ក្រោយ​បង្អស់​នេះ ទ្រង់​បាន​មាន​បន្ទូល​នឹង​យើង​រាល់​គ្នា ដោយ‌សារ​ព្រះ‌រាជ​បុត្រា​វិញ ដែល​ទ្រង់​បាន​ដំរូវ​ឲ្យ​បាន​គ្រង​របស់​ទាំង​អស់ ទុក​ជា​មរដក ព្រម​ទាំង​បង្កើត​លោកីយ ដោយ‌សារ​ព្រះ‌រាជ‌បុត្រា​នោះ​ដែរ គឺ​ទ្រង់​ជា​រស្មី​ភ្លឺ​មក​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​ជា​រូប‌ភាព​នៃ​អង្គ​ទ្រង់ ទាំង​ទ្រ‌ទ្រង់​គ្រប់​របស់​ទាំង​អស់ ដោយ‌សារ​ព្រះ‌បន្ទូល​ដ៏​មាន​ព្រះ‌ចេស្តា​នៃ​ទ្រង់ ហើយ​ក្រោយ​ដែល​បាន​សំអាត​អំពើ​បាប របស់​យើង​រាល់​គ្នា​ទាំង​ប៉ុន្មាន នោះ​ក៏​គង់​នៅ​ខាង​ស្តាំ​នៃ​ឫទ្ធា‌នុភាព​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់ ហើយ​ដែល​ទ្រង់​បាន​ទទួល​នាម​១​ទុក​ជា​មរដក ជា​នាម​ដែល​ប្រសើរ​ជាង​នាម​របស់​ពួក​ទេវតា​ប៉ុណ្ណា នោះ​ទ្រង់​ក៏​បាន​ត្រឡប់​ជា​វិសេស​ជាង​ពួក​ទេវតា​ប៉ុណ្ណោះ​ដែរ ដ្បិត​តើ​ព្រះ​ដែល​មាន​ព្រះ‌បន្ទូល​នឹង​ទេវតា​ណា​មួយ​ថា «ឯង​ជា​កូន​អញ អញ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ» ឬ​ថា «អញ​នឹង​បាន​ជា​ឪពុក​ដល់​វា ហើយ​វា​នឹង​បាន​ជា​កូន​របស់​អញ» ដូច្នេះ​ឬ​ទេ ហើយ​ម្តង​ទៀត កាល​ទ្រង់​ឲ្យ​ព្រះ‌រាជ‌បុត្រា​មក​ក្នុង​លោកីយ នោះ​ទ្រង់​មាន​បន្ទូល​ថា «ចូរ​ឲ្យ​អស់​ទាំង​ទេវតា​នៃ​ព្រះ​ថ្វាយ‌បង្គំ​ចុះ» ខាង​ឯ​ពួក​ទេវតា នោះ​ទ្រង់​មាន​បន្ទូល​ថា «ទ្រង់​យក​ពួក​ទេវតា​របស់​ទ្រង់ ធ្វើ​ជា​វិញ្ញាណ ហើយ​ពួក​អ្នក​បំរើ​ទ្រង់​ធ្វើ​ជា​អណ្តាត​ភ្លើង» តែ​ខាង​ឯ​ព្រះ‌រាជ‌បុត្រា​វិញ នោះ​ទ្រង់​មាន​បន្ទូល​ថា «ឱ​ព្រះ​អើយ បល្ល័ង្ក​ទ្រង់​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ ព្រះ​ដំបង​ពេជ្រ​របស់​រាជ្យ​ទ្រង់ នោះ​ជា​ដំបង​សុចរិត ទ្រង់​បាន​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​ការ​ទទឹង​ច្បាប់ ហេតុ​នោះ​បាន​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ទ្រង់​បាន​ចាក់​ប្រេង​ថ្វាយ​ទ្រង់ ជា​ប្រេង​នៃ​សេចក្ដី​ត្រេក‌អរ​សាទរ លើស​ជាង​ពួក​សំឡាញ់​នៃ​ទ្រង់» ហើយ​ថា «ឱ​ព្រះ‌អម្ចាស់​អើយ កាល​ដើម​ដំបូង ទ្រង់​បាន​បង្ក​ឫស​ផែនដី ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ការ​ដែល​ព្រះ‌ហស្ត​ទ្រង់​ធ្វើ​ដែរ ឯ​របស់​ទាំង​នោះ​នឹង​សាប‌សូន្យ​ទៅ តែ​ទ្រង់​នឹង​គង់​នៅ​ជាប់​ដដែល របស់​ទាំង​នោះ​នឹង​ចាស់​ទៅ ដូច​ជា​សំលៀក‌បំពាក់ ទ្រង់​នឹង​ឆ្មូល​ទៅ​ដូច​ជា​អាវ ហើយ​របស់​ទាំង​នោះ​ក៏​នឹង​ប្រែ​ក្លាយ​ទៅ តែ​ទ្រង់​នៅ​តែ​ដដែល ព្រះ‌ជន្ម​ទ្រង់​មិន​ចេះ​ផុត​ឡើយ» តើ​ទ្រង់​ដែល​មាន​បន្ទូល​ទៅ​ទេវតា​ណា​មួយ​ថា «ចូរ​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង ទុក​ជា​កំណល់​កល់​ជើង​ឯង»ដូច្នេះ​ឬ​ទេ

ចែក​រំលែក
អាន ហេប្រឺ 1