ហាកាយ 2:3-9
ហាកាយ 2:3-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្នុងពួកឯងរាល់គ្នា តើមានសល់អ្នកណាខ្លះ ធ្លាប់បានឃើញព្រះវិហារនេះ តាមសិរីល្អជាន់ដើមដែរឬ? ចុះឥឡូវនេះ តើឃើញយ៉ាងណានៅភ្នែកឯងរាល់គ្នាដែលធៀបផ្ទឹមគ្នា? តើមិនឃើញព្រះវិហារនេះមើលទៅដូចជាគ្មានអ្វីសោះទេឬ? ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាមានព្រះបន្ទូលថា ឱសូរ៉ូបាបិលអើយ ចូរមានកម្លាំងឥឡូវចុះ ឱសម្ដេចសង្ឃយេសួរ ជាកូនយ៉ូសាដាកអើយ ចូរមានកម្លាំងឡើង ឯងរាល់គ្នាជាជនជាតិស្រុកនេះអើយ ព្រះយេហូវ៉ាមានព្រះបន្ទូលថា ចូរឯងរាល់គ្នាមានកម្លាំង ហើយធ្វើការទៅ ដ្បិតយើងនៅជាមួយអ្នកហើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាពាក្យដែលយើងតាំងសញ្ញានឹងឯងរាល់គ្នា ក្នុងកាលដែលអ្នកឡើងចេញពីស្រុកអេស៊ីព្ទមក ឯវិញ្ញាណរបស់យើងក៏ស្ថិតនៅជាមួយឯងរាល់គ្នាដែរ កុំខ្លាចអ្វីឡើយ។ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា នៅតែបន្តិចទៀត យើងនឹងអង្រួនទាំងផ្ទៃមេឃ និងផែនដី ទាំងសមុទ្រ និងទីគោកផង ក៏នឹងអង្រួនអស់ទាំងសាសន៍ នោះទីគាប់ចិត្តរបស់សាសន៍ទាំងឡាយនឹងមកដល់ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា នៅគ្រានោះ យើងនឹងធ្វើឲ្យវិហារនេះមានពេញដោយសិរីរុងរឿង។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា អស់ទាំងប្រាក់ជារបស់យើង ហើយមាសទាំងប៉ុន្មានក៏ជារបស់យើងដែរ។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា សិរីល្អរុងរឿងរបស់វិហារថ្មីនេះ នឹងថ្កុំថ្កើងលើសជាងព្រះវិហារជំនាន់មុនទៅទៀត ហើយយើងនឹងឲ្យមានសេចក្ដីសុខសាន្តនៅទីនេះផង»។ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ហាកាយ 2:3-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងចំណោមអ្នករាល់គ្នាដែលបានរួចពីស្លាប់ តើនរណាធ្លាប់បានឃើញព្រះដំណាក់ដ៏រុងរឿង កាលពីជំនាន់មុន? ឥឡូវនេះ តើអ្នករាល់គ្នាឃើញព្រះដំណាក់ថ្មី មានភាពដូចម្ដេចដែរ? អ្នករាល់គ្នាឃើញថា ព្រះដំណាក់ថ្មីនេះ មិនល្អទាល់តែសោះ! ឥឡូវនេះ សូរ៉ូបាបិលអើយ ចូរមានចិត្តក្លាហានឡើង! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ មហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាកអើយ ចូរមានចិត្តក្លាហានឡើង! ប្រជាជនទាំងមូលដែលនៅក្នុងស្រុកអើយ ចូរមានចិត្តក្លាហានឡើង! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ចូរនាំគ្នាធ្វើការទៅ ដ្បិតយើងនៅជាមួយអ្នករាល់គ្នាហើយ! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ព្រះវិញ្ញាណរបស់យើងស្ថិតនៅជាមួយ អ្នករាល់គ្នា ដូចយើងបានសន្យានៅគ្រាដែល អ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប ដូច្នេះ កុំខ្លាចអ្វីឡើយ!»។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «បន្តិចទៀត យើងនឹងធ្វើឲ្យ ផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រ និងដីគោក កក្រើក។ យើងនឹងធ្វើឲ្យប្រជាជាតិនានាកក្រើក។ ទ្រព្យសម្បត្តិដ៏មានតម្លៃ របស់ប្រជាជាតិទាំងអស់ នឹងហូរចូលមកក្នុងដំណាក់របស់យើង ហើយយើងនឹងធ្វើឲ្យដំណាក់នេះ បានថ្កុំថ្កើងរុងរឿង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ប្រាក់ និងមាសជាកម្មសិទ្ធិរបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ សិរីរុងរឿងរបស់ដំណាក់ថ្មីនេះនឹងថ្កុំថ្កើង ជាងសិរីរុងរឿងរបស់ដំណាក់ កាលពីជំនាន់មុនទៅទៀត។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ នៅកន្លែងនេះ យើងនឹងផ្ដល់ឲ្យអ្នករាល់គ្នា បានប្រកបដោយសេចក្ដីសុខសាន្ត» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។
ហាកាយ 2:3-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្នុងពួកឯងរាល់គ្នា តើមានសល់អ្នកណាខ្លះ ធ្លាប់បានឃើញព្រះវិហារនេះ តាមសិរីល្អជាន់ដើមដែរឬ ចុះឥឡូវនេះ តើឃើញជាយ៉ាងណានៅភ្នែកឯងរាល់គ្នាដែលធៀបផ្ទឹមគ្នា តើព្រះវិហារនេះមិនមែនដូចជាទទេសោះទេឬអី ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឱសូរ៉ូបាបិលអើយ ចូរមានកំឡាំងឥឡូវចុះ ឱយេសួរ ជាកូនយ៉ូសាដាកដ៏ជាសង្ឃធំអើយ ចូរមានកំឡាំងដែរ ឯងរាល់គ្នាជាជនជាតិនៃស្រុកនេះអើយ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរឯងរាល់គ្នាមានកំឡាំង ហើយធ្វើការទៅ ដ្បិតអញនៅជាមួយនឹងឯងហើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាពាក្យដែលអញតាំងជាសញ្ញានឹងឯងរាល់គ្នា ក្នុងកាលដែលឯងឡើងចេញពីស្រុកអេស៊ីព្ទមក ឯវិញ្ញាណរបស់អញក៏ស្ថិតនៅជាមួយនឹងឯងរាល់គ្នាដែរ កុំឲ្យខ្លាចឡើយ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះថា នៅតែបន្តិចទៀត អញនឹងអង្រួនទាំងផ្ទៃមេឃ នឹងផែនដី ទាំងសមុទ្រ នឹងទីគោកផង ក៏នឹងអង្រួនអស់ទាំងសាសន៍ដែរ នោះទីគាប់ចិត្តរបស់អស់ទាំងសាសន៍នឹងមកដល់ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នៅគ្រានោះ អញនឹងបំពេញវិហារនេះ ដោយសិរីល្អ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា អស់ទាំងប្រាក់ជារបស់ផងអញ ហើយមាសទាំងប៉ុន្មានក៏ជារបស់អញដែរ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា សិរីល្អរបស់វិហារជាន់ក្រោយនេះ នឹងបានលើសជាងជាន់មុនទៅទៀត ហើយអញនឹងឲ្យមានសេចក្ដីសុខសាន្តនៅទីនេះផង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។