ហាកាយ 2:15-19
ហាកាយ 2:15-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ចូរឯងរាល់គ្នាពិចារណាចាប់តាំងពីសព្វថ្ងៃនេះសាឡើង ទៅដល់គ្រាមុនដែលមានថ្មណារៀបឡើង ត្រួតលើថ្មណារបស់ព្រះវិហារនៃព្រះយេហូវ៉ានេះ តើអ្នកគិតដូចម្ដេចទៅហើយ? កាលណាគេមកដល់គំនរស្រូវដែលត្រូវមានម្ភៃថាំង នោះឃើញមានតែដប់ទេ ហើយកាលណាមកដល់ធុងឃ្នាប ដើម្បីដងយកហាសិបរង្វាល់ នោះបានតែម្ភៃវិញ។ គឺយើងបានវាយការដែលដៃឯងរាល់គ្នាធ្វើ ឲ្យស្រូវស្កក ហើយក្រាស៊ី ព្រមទាំងមានធ្លាក់ព្រឹលផង ទោះបើយ៉ាងនោះ គង់តែឯងរាល់គ្នាមិនបានវិលមកឯយើងវិញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ចូរឲ្យឯងរាល់គ្នាពិចារណា ចាប់តាំងពីថ្ងៃនេះសាឡើងទៅ គឺចាប់តាំងពីថ្ងៃទីម្ភៃបួន ខែទីប្រាំបួន ជាថ្ងៃដែលដាក់ឫសជញ្ជាំងព្រះវិហាររបស់ព្រះយេហូវ៉ា ចូរពិចារណាចុះ តើពូជពង្រោះបានយកមកដាក់ក្នុងជង្រុកហើយឬនៅ? ទោះទាំងដើមទំពាំងបាយជូរ ដើមល្វា ដើមទទឹម និងដើមអូលីវ ក៏មិនបានកើតផលដែរ តែចាប់តាំងពីថ្ងៃនេះទៅ យើងនឹងផ្តល់ពរដល់អ្នកវិញ»។
ហាកាយ 2:15-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ ចូរសង្កេតមើលអំពីហេតុការណ៍ ដែលកើតមានចាប់ពីពេលនេះតទៅខាងមុខ។ មុនពេលអ្នករាល់គ្នាយកថ្មមកដាក់ត្រួតលើគ្នា ដើម្បីសង់ព្រះវិហាររបស់ព្រះអម្ចាស់ អ្នករាល់គ្នាទៅជង្រុកបម្រុងនឹងកើបស្រូវម្ភៃថាំង នោះឃើញមានតែដប់ថាំងទេ។ អ្នករាល់គ្នាទៅកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរ ដើម្បីដួសយកស្រាហាសិបធុង នោះឃើញមានតែម្ភៃធុងប៉ុណ្ណោះ។ យើងបានធ្វើឲ្យដំណាំរបស់អ្នករាល់គ្នា ខូចខាត ស្រូវអ្នករាល់គ្នាស្កក មានក្រាស៊ី និងមានព្រឹលធ្លាក់មកបំផ្លាញអស់ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាមិនវិលមករក យើងវិញដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ហេតុនេះ ចូរសង្កេតមើលហេតុការណ៍ដែល កើតមានចាប់ពីឥឡូវនេះតទៅខាងមុខ។ ចាប់តាំងពីថ្ងៃទីម្ភៃបួនក្នុងខែទីប្រាំបួន គឺចាប់ពីថ្ងៃដែលគេចាក់គ្រឹះសង់ ព្រះវិហាររបស់ព្រះអម្ចាស់។ ចូរសង្កេតមើលចុះ! នៅក្នុងជង្រុក គ្មាននៅសល់គ្រាប់ពូជទេ សូម្បីតែចម្ការទំពាំងបាយជូរ ដើមឧទុម្ពរ ដើមទទឹម និងដើមអូលីវ ក៏មិនផ្ដល់ភោគផលអ្វីដែរ។ ប៉ុន្តែ ចាប់ពីថ្ងៃនេះទៅ យើងនឹងឲ្យពរ អ្នករាល់គ្នាបានចម្រុងចម្រើន។
ហាកាយ 2:15-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ចូរឲ្យឯងរាល់គ្នាពិចារណាចាប់តាំងពីសព្វថ្ងៃនេះសាឡើង ទៅដល់គ្រាមុនដែលមានថ្មណារៀបឡើង ត្រួតលើថ្មណារបស់ព្រះវិហារនៃព្រះយេហូវ៉ានេះ នៅរវាងនោះ កាលណាគេមកដល់គំនរស្រូវដែលត្រូវមាន២០ថាំង នោះឃើញមានតែ១០វិញ ហើយកាលណាមកដល់ធុងឃ្នាប ដើម្បីដងយក៥០រង្វាល់ នោះបានតែ២០វិញ គឺអញបានវាយការ ដែលដៃឯងរាល់គ្នាធ្វើ ឲ្យស្រូវស្កក ហើយល្មាស ព្រមទាំងត្រូវព្រិលផង ទោះបើយ៉ាងនោះ គង់តែឯងរាល់គ្នាមិនបានវិលមកឯអញវិញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ចូរឲ្យឯងរាល់គ្នាពិចារណា ចាប់តាំងពីថ្ងៃនេះសាឡើងទៅ គឺចាប់តាំងពីថ្ងៃ២៤ ខែមិគសិរ ជាថ្ងៃដែលដាក់ឫសជញ្ជាំងនៃព្រះវិហាររបស់ព្រះយេហូវ៉ា ចូរពិចារណាចុះ តើពូជពង្រោះបានយកមកដាក់ក្នុងជង្រុកហើយឬនៅ អើ ទោះទាំងដើមទំពាំងបាយជូរ ដើមល្វា ដើមទទឹម នឹងដើមអូលីវ ក៏មិនបានកើតផលដែរ តែចាប់តាំងពីថ្ងៃនេះទៅ អញនឹងផ្តល់ពរដល់ឯងវិញ។