ហាកាយ 2:10-19

ហាកាយ 2:10-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទីប្រាំបួន ក្នុង​ឆ្នាំ​ទីពីរ​នៃ​រាជ្យ​ស្ដេច​ដារីយុស ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ហោរា​ហាកាយថា៖ «ចូរ​សួរ​ពួក​សង្ឃ​អំពី​ក្រឹត្យ‌វិន័យ​ថា "បើ​អ្នក​ណា​ដាក់​សាច់​បរិសុទ្ធ​ក្នុង​ថ្នក់​អាវ​ទៅ​ឯ​ណា រួច​អាវ​ប៉ះ​នឹង​នំបុ័ង សំឡ ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង ឬ​ម្ហូប​អ្វី​ក៏​ដោយ តើ​របស់​នោះ​នឹង​បាន​បរិសុទ្ធ​ដែរ​ឬ?"» ពួក​សង្ឃ​បាន​ឆ្លើយ​ថា៖ «ទេ» រួច​ហោរា​ហាកាយ​សួរ​ថា៖ «ប្រសិន‌បើ​អ្នក​ណា​ដែល​មិន​ស្អាត ដោយ​ព្រោះ​ខ្មោច​ស្លាប់ គេ​បាន​ប៉ះ​នឹង​របស់​ណា​មួយ​នោះ តើ​របស់​នោះ​នឹង​ត្រឡប់​ជា​មិន​ស្អាត​ដែរ​ឬ?» ពួក​សង្ឃ​ក៏​ឆ្លើយ​ថា៖ «នឹង​ត្រឡប់​ជា​មិន​ស្អាត​ពិត​ប្រាកដ» រួច​ហោរា​ហាកាយ​ពោល​តប​វិញ​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ បណ្ដា‌ជន​នេះ និង​សាសន៍​នេះ​ក៏​ដូច្នោះ​នៅ​ចំពោះ​យើង​ដែរ ព្រម​ទាំង​ការ​ទាំង​ប៉ុន្មាន​ដែល​ដៃ​គេ​ធ្វើ និង​តង្វាយ​ដែល​គេ​ថ្វាយ​នៅ​ទី​នោះ ក៏​សុទ្ធ​តែ​មិន​ស្អាត​ដូច​គ្នា។ ដូច្នេះ ចូរឯង​រាល់​គ្នា​ពិចារណា​ចាប់​តាំង​ពី​សព្វ​ថ្ងៃ​នេះ​សា​ឡើង ទៅ​ដល់​គ្រា​មុន​ដែល​មាន​ថ្ម​ណា​រៀប​ឡើង ត្រួត​លើ​ថ្ម​ណា​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​នេះ តើ​អ្នក​គិត​ដូច​ម្ដេច​ទៅ​ហើយ? កាល​ណា​គេ​មក​ដល់​គំនរ​ស្រូវ​ដែល​ត្រូវ​មាន​ម្ភៃ​ថាំង នោះ​ឃើញ​មាន​តែ​ដប់​ទេ ហើយ​កាល​ណា​មក​ដល់​ធុង​ឃ្នាប ដើម្បី​ដង​យក​ហាសិប​រង្វាល់ នោះ​បាន​តែ​ម្ភៃ​វិញ។ គឺ​យើង​បាន​វាយ​ការ​ដែល​ដៃ​ឯង​រាល់​គ្នា​ធ្វើ ឲ្យ​ស្រូវ​ស្កក ហើយក្រា​ស៊ី ព្រម​ទាំង​មាន​ធ្លាក់​ព្រឹល​ផង ទោះ​បើ​យ៉ាង​នោះ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​យើង​វិញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ពិចារណា ចាប់​តាំង​ពី​ថ្ងៃ​នេះ​សា​ឡើង​ទៅ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទីម្ភៃ​បួន ខែ​ទីប្រាំ​បួន ជា​ថ្ងៃ​ដែល​ដាក់​ឫស​ជញ្ជាំង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ចូរ​ពិចារណា​ចុះ តើ​ពូជ​ពង្រោះ​បាន​យក​មក​ដាក់​ក្នុង​ជង្រុក​ហើយ​ឬ​នៅ? ទោះ​ទាំង​ដើម​ទំពាំង‌បាយ‌ជូរ ដើម​ល្វា ដើម​ទទឹម និង​ដើម​អូលីវ ក៏​មិន​បាន​កើត​ផល​ដែរ តែ​ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ យើង​នឹង​ផ្តល់​ពរ​ដល់​អ្នក​វិញ»។

ចែក​រំលែក
អាន ហាកាយ 2

ហាកាយ 2:10-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទី​ប្រាំ​បួន ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​ដារី‌យូស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​ហាកាយ​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​សួរ​យោបល់​ពួក​បូជា‌ចារ្យ​ដូច​ត​ទៅ: “ប្រសិន​បើ​ក្នុង​ថ្នក់​អាវ​របស់​នរណា​ម្នាក់ មាន​សាច់​ដែល​គេ​បាន​ញែក​ជា​សក្ការៈ ហើយ​បើ​អាវ​របស់​អ្នក​នោះ​ប៉ះ​នំបុ័ង បន្លែ ស្រា ប្រេង ឬ​អាហារ​ណា​មួយ​ផ្សេង​ទៀត តើ​របស់​ទាំង​នោះ​អាច​ចាត់​ទុក​ជា​របស់​សក្ការៈ​បាន​ឬ​ទេ?”»។ ពួក​បូជា‌ចារ្យ​ឆ្លើយ​ថា«ទេ!»។ លោក​ហាកាយ​មាន​ប្រសាសន៍​ទៀត​ថា៖ «ប្រសិន​បើ​នរណា​ម្នាក់​ត្រូវ​សៅហ្មង ព្រោះ​តែ​ប៉ះ‌ពាល់​សាក‌សព ហើយ​ពេល​គាត់​ប៉ះ‌ពាល់​របស់​ឯ​ទៀតៗ តើ​របស់​នោះ​ទៅ​ជា​សៅហ្មង​ដែរ​ឬ​ទេ?»។ ពួក​បូជា‌ចារ្យ​តប​ថា៖ «របស់​ទាំង​នោះ​នឹង​ទៅ​ជា​សៅហ្មង​មែន»។ លោក​ហាកាយ​ក៏​មាន​ប្រសាសន៍​ថា៖ ប្រជា‌ជន​នេះ​ក៏​ដូច្នោះ​ដែរ យើង​ចាត់​ទុក​ប្រជា‌ជាតិ​នេះ​ជា​សៅហ្មង ហើយ​អ្វីៗ​ដែល​ពួក​គេ​ធ្វើ និង​អ្វីៗ​ដែល​គេ​យក​មក​ថ្វាយ​យើង​នៅ​ទី​នេះ ក៏​សៅហ្មង​ដែរ។ ឥឡូវ​នេះ ចូរ​សង្កេត​មើល​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន​ចាប់​ពី​ពេល​នេះ​ត​ទៅ​ខាង​មុខ។ មុន​ពេល​អ្នក​រាល់​គ្នា​យក​ថ្ម​មក​ដាក់​ត្រួត​លើ​គ្នា ដើម្បី​សង់​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ទៅ​ជង្រុក​បម្រុង​នឹង​កើប​ស្រូវ​ម្ភៃ​ថាំង នោះ​ឃើញ​មាន​តែ​ដប់​ថាំង​ទេ។ អ្នក​រាល់​គ្នា​ទៅ​កន្លែង​បញ្ជាន់​ផ្លែ​ទំពាំង‌បាយជូរ ដើម្បី​ដួស​យក​ស្រា​ហា‌សិប​ធុង នោះ​ឃើញ​មាន​តែ​ម្ភៃ​ធុង​ប៉ុណ្ណោះ។ យើង​បាន​ធ្វើ​ឲ្យ​ដំណាំ​របស់​អ្នក​រាល់​គ្នា ខូច​ខាត ស្រូវ​អ្នក​រាល់​គ្នា​ស្កក មាន​ក្រា​ស៊ី និង​មាន​ព្រឹល​ធ្លាក់​មក​បំផ្លាញ​អស់ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​មិន​វិល​មក​រក យើង​វិញ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ហេតុ​នេះ ចូរ​សង្កេត​មើល​ហេតុ‌ការណ៍​ដែល កើត​មាន​ចាប់​ពី​ឥឡូវ​នេះ​ត​ទៅ​ខាង​មុខ។ ចាប់​តាំង​ពី​ថ្ងៃ​ទី​ម្ភៃ​បួន​ក្នុង​ខែ​ទី​ប្រាំ​បួន គឺ​ចាប់​ពី​ថ្ងៃ​ដែល​គេ​ចាក់​គ្រឹះ​សង់ ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។ ចូរ​សង្កេត​មើល​ចុះ! នៅ​ក្នុង​ជង្រុក គ្មាន​នៅ​សល់​គ្រាប់​ពូជ​ទេ សូម្បី​តែ​ចម្ការ​ទំពាំង‌បាយជូរ ដើម​ឧទុម្ពរ ដើម​ទទឹម និង​ដើម​អូលីវ ក៏​មិន​ផ្ដល់​ភោគ​ផល​អ្វី​ដែរ។ ប៉ុន្តែ ចាប់​ពី​ថ្ងៃ​នេះ​ទៅ យើង​នឹង​ឲ្យ​ពរ អ្នក​រាល់​គ្នា​បាន​ចម្រុង‌ចម្រើន។

ចែក​រំលែក
អាន ហាកាយ 2

ហាកាយ 2:10-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​២៤ ខែ​មិគសិរ ក្នុង​ឆ្នាំ​ទី​២ នៃ​រាជ្យ​ដារី‌យុស នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក ដោយ‌សារ​ហោរា​ហាកាយ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ ឥឡូវ​នេះ ចូរ​សួរ​ពួក​សង្ឃ​ពី​ដំណើរ​ក្រឹត្យ‌វិន័យ​ថា បើ​អ្នក​ណា​ដក់​សាច់​ដ៏​បរិសុទ្ធ​ក្នុង​ថ្នក់​អាវ​ទៅ​ឯ​ណា រួច​អាវ​ប៉ះ​នឹង​នំបុ័ង សំឡ ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង ឬ​ម្ហូប​អ្វី​ក៏​ដោយ តើ​របស់​នោះ​នឹង​បាន​បរិសុទ្ធ​ដែរ​ឬ នោះ​ពួក​សង្ឃ​បាន​ឆ្លើយ​ថា ទេ រួច​ហាកាយ​សួរ​ថា បើ​សិន​ជា​អ្នក​ណា​ដែល​មិន​ស្អាត ដោយ​ព្រោះ​ខ្មោច​ស្លាប់ គេ​បាន​ប៉ះ​នឹង​របស់​ណា​មួយ​នោះ តើ​របស់​នោះ​នឹង​ត្រឡប់​ជា​មិន​ស្អាត​ដែរ​ឬ ពួក​សង្ឃ​ក៏​ឆ្លើយ​ថា នឹង​ត្រឡប់​ជា​មិន​ស្អាត​ជា​ពិត រួច​ហាកាយ​ពោល​សប​វិញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ បណ្តាជន​នេះ នឹង​សាសន៍​នេះ​ក៏​ដូច្នោះ​នៅ​ចំពោះ​អញ​ដែរ ព្រម​ទាំង​ការ​ទាំង​ប៉ុន្មាន​ដែល​ដៃ​គេ​ធ្វើ នឹង​ដង្វាយ​ដែល​គេ​ថ្វាយ​នៅ​ទី​នោះ ក៏​សុទ្ធ​តែ​មិន​ស្អាត​ដូច​គ្នា​ផង ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ពិចារណា​ចាប់​តាំង​ពី​សព្វ​ថ្ងៃ​នេះ​សា​ឡើង ទៅ​ដល់​គ្រា​មុន​ដែល​មាន​ថ្ម​ណា​រៀប​ឡើង ត្រួត​លើ​ថ្ម​ណា​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​នេះ នៅ​រវាង​នោះ កាល​ណា​គេ​មក​ដល់​គំនរ​ស្រូវ​ដែល​ត្រូវ​មាន​២០​ថាំង នោះ​ឃើញ​មាន​តែ​១០​វិញ ហើយ​កាល​ណា​មក​ដល់​ធុង​ឃ្នាប ដើម្បី​ដង​យក​៥០​រង្វាល់ នោះ​បាន​តែ​២០​វិញ គឺ​អញ​បាន​វាយ​ការ ដែល​ដៃ​ឯង​រាល់​គ្នា​ធ្វើ ឲ្យ​ស្រូវ​ស្កក ហើយ​ល្មាស ព្រម​ទាំង​ត្រូវ​ព្រិល​ផង ទោះ​បើ​យ៉ាង​នោះ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ពិចារណា ចាប់​តាំង​ពី​ថ្ងៃ​នេះ​សា​ឡើង​ទៅ គឺ​ចាប់​តាំង​ពី​ថ្ងៃ​២៤ ខែ​មិគសិរ ជា​ថ្ងៃ​ដែល​ដាក់​ឫស​ជញ្ជាំង​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ចូរ​ពិចារណា​ចុះ តើ​ពូជ​ពង្រោះ​បាន​យក​មក​ដាក់​ក្នុង​ជង្រុក​ហើយ​ឬ​នៅ អើ ទោះ​ទាំង​ដើម​ទំពាំង‌បាយ‌ជូរ ដើម​ល្វា ដើម​ទទឹម នឹង​ដើម​អូលីវ ក៏​មិន​បាន​កើត​ផល​ដែរ តែ​ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ អញ​នឹង​ផ្តល់​ពរ​ដល់​ឯង​វិញ។

ចែក​រំលែក
អាន ហាកាយ 2