ហាកាយ 2:1-23
ហាកាយ 2:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃទីម្ភៃមួយ ខែទីប្រាំពីរ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាហាកាយថា៖ «ឥឡូវនេះ ចូរទៅនិយាយនឹងសូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយស្រុកយូដា និងសម្ដេចសង្ឃយេសួរ កូនយ៉ូសាដាក ព្រមទាំងសំណល់នៃបណ្ដាជនថា ក្នុងពួកឯងរាល់គ្នា តើមានសល់អ្នកណាខ្លះ ធ្លាប់បានឃើញព្រះវិហារនេះ តាមសិរីល្អជាន់ដើមដែរឬ? ចុះឥឡូវនេះ តើឃើញយ៉ាងណានៅភ្នែកឯងរាល់គ្នាដែលធៀបផ្ទឹមគ្នា? តើមិនឃើញព្រះវិហារនេះមើលទៅដូចជាគ្មានអ្វីសោះទេឬ? ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាមានព្រះបន្ទូលថា ឱសូរ៉ូបាបិលអើយ ចូរមានកម្លាំងឥឡូវចុះ ឱសម្ដេចសង្ឃយេសួរ ជាកូនយ៉ូសាដាកអើយ ចូរមានកម្លាំងឡើង ឯងរាល់គ្នាជាជនជាតិស្រុកនេះអើយ ព្រះយេហូវ៉ាមានព្រះបន្ទូលថា ចូរឯងរាល់គ្នាមានកម្លាំង ហើយធ្វើការទៅ ដ្បិតយើងនៅជាមួយអ្នកហើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាពាក្យដែលយើងតាំងសញ្ញានឹងឯងរាល់គ្នា ក្នុងកាលដែលអ្នកឡើងចេញពីស្រុកអេស៊ីព្ទមក ឯវិញ្ញាណរបស់យើងក៏ស្ថិតនៅជាមួយឯងរាល់គ្នាដែរ កុំខ្លាចអ្វីឡើយ។ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា នៅតែបន្តិចទៀត យើងនឹងអង្រួនទាំងផ្ទៃមេឃ និងផែនដី ទាំងសមុទ្រ និងទីគោកផង ក៏នឹងអង្រួនអស់ទាំងសាសន៍ នោះទីគាប់ចិត្តរបស់សាសន៍ទាំងឡាយនឹងមកដល់ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា នៅគ្រានោះ យើងនឹងធ្វើឲ្យវិហារនេះមានពេញដោយសិរីរុងរឿង។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា អស់ទាំងប្រាក់ជារបស់យើង ហើយមាសទាំងប៉ុន្មានក៏ជារបស់យើងដែរ។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា សិរីល្អរុងរឿងរបស់វិហារថ្មីនេះ នឹងថ្កុំថ្កើងលើសជាងព្រះវិហារជំនាន់មុនទៅទៀត ហើយយើងនឹងឲ្យមានសេចក្ដីសុខសាន្តនៅទីនេះផង»។ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ នៅថ្ងៃទីម្ភៃបួន ខែទីប្រាំបួន ក្នុងឆ្នាំទីពីរនៃរាជ្យស្ដេចដារីយុស ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាហាកាយថា៖ «ចូរសួរពួកសង្ឃអំពីក្រឹត្យវិន័យថា "បើអ្នកណាដាក់សាច់បរិសុទ្ធក្នុងថ្នក់អាវទៅឯណា រួចអាវប៉ះនឹងនំបុ័ង សំឡ ស្រាទំពាំងបាយជូរ ប្រេង ឬម្ហូបអ្វីក៏ដោយ តើរបស់នោះនឹងបានបរិសុទ្ធដែរឬ?"» ពួកសង្ឃបានឆ្លើយថា៖ «ទេ» រួចហោរាហាកាយសួរថា៖ «ប្រសិនបើអ្នកណាដែលមិនស្អាត ដោយព្រោះខ្មោចស្លាប់ គេបានប៉ះនឹងរបស់ណាមួយនោះ តើរបស់នោះនឹងត្រឡប់ជាមិនស្អាតដែរឬ?» ពួកសង្ឃក៏ឆ្លើយថា៖ «នឹងត្រឡប់ជាមិនស្អាតពិតប្រាកដ» រួចហោរាហាកាយពោលតបវិញថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ បណ្ដាជននេះ និងសាសន៍នេះក៏ដូច្នោះនៅចំពោះយើងដែរ ព្រមទាំងការទាំងប៉ុន្មានដែលដៃគេធ្វើ និងតង្វាយដែលគេថ្វាយនៅទីនោះ ក៏សុទ្ធតែមិនស្អាតដូចគ្នា។ ដូច្នេះ ចូរឯងរាល់គ្នាពិចារណាចាប់តាំងពីសព្វថ្ងៃនេះសាឡើង ទៅដល់គ្រាមុនដែលមានថ្មណារៀបឡើង ត្រួតលើថ្មណារបស់ព្រះវិហារនៃព្រះយេហូវ៉ានេះ តើអ្នកគិតដូចម្ដេចទៅហើយ? កាលណាគេមកដល់គំនរស្រូវដែលត្រូវមានម្ភៃថាំង នោះឃើញមានតែដប់ទេ ហើយកាលណាមកដល់ធុងឃ្នាប ដើម្បីដងយកហាសិបរង្វាល់ នោះបានតែម្ភៃវិញ។ គឺយើងបានវាយការដែលដៃឯងរាល់គ្នាធ្វើ ឲ្យស្រូវស្កក ហើយក្រាស៊ី ព្រមទាំងមានធ្លាក់ព្រឹលផង ទោះបើយ៉ាងនោះ គង់តែឯងរាល់គ្នាមិនបានវិលមកឯយើងវិញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ចូរឲ្យឯងរាល់គ្នាពិចារណា ចាប់តាំងពីថ្ងៃនេះសាឡើងទៅ គឺចាប់តាំងពីថ្ងៃទីម្ភៃបួន ខែទីប្រាំបួន ជាថ្ងៃដែលដាក់ឫសជញ្ជាំងព្រះវិហាររបស់ព្រះយេហូវ៉ា ចូរពិចារណាចុះ តើពូជពង្រោះបានយកមកដាក់ក្នុងជង្រុកហើយឬនៅ? ទោះទាំងដើមទំពាំងបាយជូរ ដើមល្វា ដើមទទឹម និងដើមអូលីវ ក៏មិនបានកើតផលដែរ តែចាប់តាំងពីថ្ងៃនេះទៅ យើងនឹងផ្តល់ពរដល់អ្នកវិញ»។ នៅថ្ងៃទីម្ភៃបួន ខែនោះឯង ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាហាកាយម្តងទៀតថា៖ «ចូរប្រាប់ដល់សូរ៉ូបាបិល ជាចៅហ្វាយលើស្រុកយូដាថា យើងនឹងអង្រួនផ្ទៃមេឃ និងផែនដីផង យើងនឹងរំលំបល្ល័ង្កនៃរាជ្យផ្សេងៗ ហើយនឹងបំផ្លាញឥទ្ធិឫទ្ធិរបស់រាជ្យនៃសាសន៍ទាំងប៉ុន្មាន យើងនឹងបំបាក់អស់ទាំងរទេះចម្បាំង ព្រមទាំងមនុស្សដែលជិះផង ឯសេះ និងពួកដែលជិះ ក៏នឹងភ្លាត់ធ្លាក់ចុះ ដោយដាវរបស់បងប្អូនគេរៀងរាល់ខ្លួន»។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ ឱសូរ៉ូបាបិល កូនសាលធាល ជាអ្នកបម្រើរបស់យើងអើយ យើងនឹងយកអ្នក តាំងឡើងជាចិញ្ចៀនត្រា ដ្បិតយើងបានរើសអ្នកទុកហើយ» នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។:៚
ហាកាយ 2:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃទីម្ភៃមួយ ក្នុងខែទីប្រាំពីរ ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីហាកាយដូចតទៅ៖ «ចូរប្រាប់សូរ៉ូបាបិល ជាកូនរបស់លោកសាលធាល ទេសាភិបាលរបស់អាណាខេត្តយូដា និងមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ព្រមទាំងប្រជាជនដែលនៅសេសសល់ថា ក្នុងចំណោមអ្នករាល់គ្នាដែលបានរួចពីស្លាប់ តើនរណាធ្លាប់បានឃើញព្រះដំណាក់ដ៏រុងរឿង កាលពីជំនាន់មុន? ឥឡូវនេះ តើអ្នករាល់គ្នាឃើញព្រះដំណាក់ថ្មី មានភាពដូចម្ដេចដែរ? អ្នករាល់គ្នាឃើញថា ព្រះដំណាក់ថ្មីនេះ មិនល្អទាល់តែសោះ! ឥឡូវនេះ សូរ៉ូបាបិលអើយ ចូរមានចិត្តក្លាហានឡើង! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ មហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាកអើយ ចូរមានចិត្តក្លាហានឡើង! ប្រជាជនទាំងមូលដែលនៅក្នុងស្រុកអើយ ចូរមានចិត្តក្លាហានឡើង! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ចូរនាំគ្នាធ្វើការទៅ ដ្បិតយើងនៅជាមួយអ្នករាល់គ្នាហើយ! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ព្រះវិញ្ញាណរបស់យើងស្ថិតនៅជាមួយ អ្នករាល់គ្នា ដូចយើងបានសន្យានៅគ្រាដែល អ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប ដូច្នេះ កុំខ្លាចអ្វីឡើយ!»។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «បន្តិចទៀត យើងនឹងធ្វើឲ្យ ផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រ និងដីគោក កក្រើក។ យើងនឹងធ្វើឲ្យប្រជាជាតិនានាកក្រើក។ ទ្រព្យសម្បត្តិដ៏មានតម្លៃ របស់ប្រជាជាតិទាំងអស់ នឹងហូរចូលមកក្នុងដំណាក់របស់យើង ហើយយើងនឹងធ្វើឲ្យដំណាក់នេះ បានថ្កុំថ្កើងរុងរឿង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ប្រាក់ និងមាសជាកម្មសិទ្ធិរបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ សិរីរុងរឿងរបស់ដំណាក់ថ្មីនេះនឹងថ្កុំថ្កើង ជាងសិរីរុងរឿងរបស់ដំណាក់ កាលពីជំនាន់មុនទៅទៀត។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ នៅកន្លែងនេះ យើងនឹងផ្ដល់ឲ្យអ្នករាល់គ្នា បានប្រកបដោយសេចក្ដីសុខសាន្ត» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ នៅថ្ងៃទីម្ភៃបួន ខែទីប្រាំបួន ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីហាកាយដូចតទៅ: ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូរសួរយោបល់ពួកបូជាចារ្យដូចតទៅ: “ប្រសិនបើក្នុងថ្នក់អាវរបស់នរណាម្នាក់ មានសាច់ដែលគេបានញែកជាសក្ការៈ ហើយបើអាវរបស់អ្នកនោះប៉ះនំបុ័ង បន្លែ ស្រា ប្រេង ឬអាហារណាមួយផ្សេងទៀត តើរបស់ទាំងនោះអាចចាត់ទុកជារបស់សក្ការៈបានឬទេ?”»។ ពួកបូជាចារ្យឆ្លើយថា«ទេ!»។ លោកហាកាយមានប្រសាសន៍ទៀតថា៖ «ប្រសិនបើនរណាម្នាក់ត្រូវសៅហ្មង ព្រោះតែប៉ះពាល់សាកសព ហើយពេលគាត់ប៉ះពាល់របស់ឯទៀតៗ តើរបស់នោះទៅជាសៅហ្មងដែរឬទេ?»។ ពួកបូជាចារ្យតបថា៖ «របស់ទាំងនោះនឹងទៅជាសៅហ្មងមែន»។ លោកហាកាយក៏មានប្រសាសន៍ថា៖ ប្រជាជននេះក៏ដូច្នោះដែរ យើងចាត់ទុកប្រជាជាតិនេះជាសៅហ្មង ហើយអ្វីៗដែលពួកគេធ្វើ និងអ្វីៗដែលគេយកមកថ្វាយយើងនៅទីនេះ ក៏សៅហ្មងដែរ។ ឥឡូវនេះ ចូរសង្កេតមើលអំពីហេតុការណ៍ ដែលកើតមានចាប់ពីពេលនេះតទៅខាងមុខ។ មុនពេលអ្នករាល់គ្នាយកថ្មមកដាក់ត្រួតលើគ្នា ដើម្បីសង់ព្រះវិហាររបស់ព្រះអម្ចាស់ អ្នករាល់គ្នាទៅជង្រុកបម្រុងនឹងកើបស្រូវម្ភៃថាំង នោះឃើញមានតែដប់ថាំងទេ។ អ្នករាល់គ្នាទៅកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរ ដើម្បីដួសយកស្រាហាសិបធុង នោះឃើញមានតែម្ភៃធុងប៉ុណ្ណោះ។ យើងបានធ្វើឲ្យដំណាំរបស់អ្នករាល់គ្នា ខូចខាត ស្រូវអ្នករាល់គ្នាស្កក មានក្រាស៊ី និងមានព្រឹលធ្លាក់មកបំផ្លាញអស់ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាមិនវិលមករក យើងវិញដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ហេតុនេះ ចូរសង្កេតមើលហេតុការណ៍ដែល កើតមានចាប់ពីឥឡូវនេះតទៅខាងមុខ។ ចាប់តាំងពីថ្ងៃទីម្ភៃបួនក្នុងខែទីប្រាំបួន គឺចាប់ពីថ្ងៃដែលគេចាក់គ្រឹះសង់ ព្រះវិហាររបស់ព្រះអម្ចាស់។ ចូរសង្កេតមើលចុះ! នៅក្នុងជង្រុក គ្មាននៅសល់គ្រាប់ពូជទេ សូម្បីតែចម្ការទំពាំងបាយជូរ ដើមឧទុម្ពរ ដើមទទឹម និងដើមអូលីវ ក៏មិនផ្ដល់ភោគផលអ្វីដែរ។ ប៉ុន្តែ ចាប់ពីថ្ងៃនេះទៅ យើងនឹងឲ្យពរ អ្នករាល់គ្នាបានចម្រុងចម្រើន។ នៅថ្ងៃទីម្ភៃបួនដដែលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកហាកាយជាលើកទីពីរថា៖ ចូរប្រាប់សូរ៉ូបាបិល ជាទេសាភិបាលរបស់ អាណាខេត្តយូដាថា: យើងនឹងធ្វើឲ្យផ្ទៃមេឃ និងផែនដីកក្រើក យើងនឹងទម្លាក់ស្ដេចរបស់នគរទាំងឡាយ យើងនឹងកម្ទេចកម្លាំងរបស់ប្រជាជាតិនានា។ យើងនឹងរំលំរទេះចម្បាំង ព្រមទាំងអស់អ្នកដែលបររទេះនោះ។ យើងនឹងផ្ដួលសេះ ព្រមទាំងអ្នកជិះ បងប្អូននឹងកាប់សម្លាប់គ្នាទៅវិញទៅមក។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «សូរ៉ូបាបិល ជាកូនរបស់សាលធាលអើយ អ្នកជាអ្នកបម្រើរបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - នៅថ្ងៃនោះ យើងនឹងតែងតាំងអ្នកឲ្យ ធ្វើជាត្រារបស់យើងផ្ទាល់ ព្រោះយើងបានជ្រើសរើសអ្នកហើយ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។
ហាកាយ 2:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃ២១ ខែអស្សុជ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មក ដោយសារហោរាហាកាយថា ឥឡូវនេះ ចូរទៅនិយាយនឹងសូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយលើស្រុកយូដា នឹងយេសួរ កូនយ៉ូសាដាកដ៏ជាសង្ឃធំ ព្រមទាំងសំណល់នៃបណ្តាជនថា ក្នុងពួកឯងរាល់គ្នា តើមានសល់អ្នកណាខ្លះ ធ្លាប់បានឃើញព្រះវិហារនេះ តាមសិរីល្អជាន់ដើមដែរឬ ចុះឥឡូវនេះ តើឃើញជាយ៉ាងណានៅភ្នែកឯងរាល់គ្នាដែលធៀបផ្ទឹមគ្នា តើព្រះវិហារនេះមិនមែនដូចជាទទេសោះទេឬអី ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឱសូរ៉ូបាបិលអើយ ចូរមានកំឡាំងឥឡូវចុះ ឱយេសួរ ជាកូនយ៉ូសាដាកដ៏ជាសង្ឃធំអើយ ចូរមានកំឡាំងដែរ ឯងរាល់គ្នាជាជនជាតិនៃស្រុកនេះអើយ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរឯងរាល់គ្នាមានកំឡាំង ហើយធ្វើការទៅ ដ្បិតអញនៅជាមួយនឹងឯងហើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាពាក្យដែលអញតាំងជាសញ្ញានឹងឯងរាល់គ្នា ក្នុងកាលដែលឯងឡើងចេញពីស្រុកអេស៊ីព្ទមក ឯវិញ្ញាណរបស់អញក៏ស្ថិតនៅជាមួយនឹងឯងរាល់គ្នាដែរ កុំឲ្យខ្លាចឡើយ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះថា នៅតែបន្តិចទៀត អញនឹងអង្រួនទាំងផ្ទៃមេឃ នឹងផែនដី ទាំងសមុទ្រ នឹងទីគោកផង ក៏នឹងអង្រួនអស់ទាំងសាសន៍ដែរ នោះទីគាប់ចិត្តរបស់អស់ទាំងសាសន៍នឹងមកដល់ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នៅគ្រានោះ អញនឹងបំពេញវិហារនេះ ដោយសិរីល្អ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា អស់ទាំងប្រាក់ជារបស់ផងអញ ហើយមាសទាំងប៉ុន្មានក៏ជារបស់អញដែរ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា សិរីល្អរបស់វិហារជាន់ក្រោយនេះ នឹងបានលើសជាងជាន់មុនទៅទៀត ហើយអញនឹងឲ្យមានសេចក្ដីសុខសាន្តនៅទីនេះផង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ នៅថ្ងៃ២៤ ខែមិគសិរ ក្នុងឆ្នាំទី២ នៃរាជ្យដារីយុស នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមក ដោយសារហោរាហាកាយថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះ ឥឡូវនេះ ចូរសួរពួកសង្ឃពីដំណើរក្រឹត្យវិន័យថា បើអ្នកណាដក់សាច់ដ៏បរិសុទ្ធក្នុងថ្នក់អាវទៅឯណា រួចអាវប៉ះនឹងនំបុ័ង សំឡ ស្រាទំពាំងបាយជូរ ប្រេង ឬម្ហូបអ្វីក៏ដោយ តើរបស់នោះនឹងបានបរិសុទ្ធដែរឬ នោះពួកសង្ឃបានឆ្លើយថា ទេ រួចហាកាយសួរថា បើសិនជាអ្នកណាដែលមិនស្អាត ដោយព្រោះខ្មោចស្លាប់ គេបានប៉ះនឹងរបស់ណាមួយនោះ តើរបស់នោះនឹងត្រឡប់ជាមិនស្អាតដែរឬ ពួកសង្ឃក៏ឆ្លើយថា នឹងត្រឡប់ជាមិនស្អាតជាពិត រួចហាកាយពោលសបវិញថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ បណ្តាជននេះ នឹងសាសន៍នេះក៏ដូច្នោះនៅចំពោះអញដែរ ព្រមទាំងការទាំងប៉ុន្មានដែលដៃគេធ្វើ នឹងដង្វាយដែលគេថ្វាយនៅទីនោះ ក៏សុទ្ធតែមិនស្អាតដូចគ្នាផង ដូច្នេះ ចូរឲ្យឯងរាល់គ្នាពិចារណាចាប់តាំងពីសព្វថ្ងៃនេះសាឡើង ទៅដល់គ្រាមុនដែលមានថ្មណារៀបឡើង ត្រួតលើថ្មណារបស់ព្រះវិហារនៃព្រះយេហូវ៉ានេះ នៅរវាងនោះ កាលណាគេមកដល់គំនរស្រូវដែលត្រូវមាន២០ថាំង នោះឃើញមានតែ១០វិញ ហើយកាលណាមកដល់ធុងឃ្នាប ដើម្បីដងយក៥០រង្វាល់ នោះបានតែ២០វិញ គឺអញបានវាយការ ដែលដៃឯងរាល់គ្នាធ្វើ ឲ្យស្រូវស្កក ហើយល្មាស ព្រមទាំងត្រូវព្រិលផង ទោះបើយ៉ាងនោះ គង់តែឯងរាល់គ្នាមិនបានវិលមកឯអញវិញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ចូរឲ្យឯងរាល់គ្នាពិចារណា ចាប់តាំងពីថ្ងៃនេះសាឡើងទៅ គឺចាប់តាំងពីថ្ងៃ២៤ ខែមិគសិរ ជាថ្ងៃដែលដាក់ឫសជញ្ជាំងនៃព្រះវិហាររបស់ព្រះយេហូវ៉ា ចូរពិចារណាចុះ តើពូជពង្រោះបានយកមកដាក់ក្នុងជង្រុកហើយឬនៅ អើ ទោះទាំងដើមទំពាំងបាយជូរ ដើមល្វា ដើមទទឹម នឹងដើមអូលីវ ក៏មិនបានកើតផលដែរ តែចាប់តាំងពីថ្ងៃនេះទៅ អញនឹងផ្តល់ពរដល់ឯងវិញ។ នៅថ្ងៃ២៤ខែនោះឯង ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកហាកាយម្តងទៀតដោយថា ចូរប្រាប់ដល់សូរ៉ូបាបិល ជាចៅហ្វាយលើស្រុកយូដាថា អញនឹងអង្រួនផ្ទៃមេឃ ហើយនឹងផែនដីផង អញនឹងរំលំបល្ល័ង្កនៃរាជ្យផ្សេងៗ ហើយនឹងរំលាងបំផ្លាញឥទ្ធិឫទ្ធិរបស់រាជ្យនៃសាសន៍ទាំងប៉ុន្មាន អញនឹងបំភ្លូកអស់ទាំងរទេះចំបាំង ព្រមទាំងមនុស្សដែលជិះផង ឯសេះ នឹងពួកដែលជិះ ក៏នឹងភ្លាត់ធ្លាក់ចុះ ដោយដាវរបស់បងប្អូនគេរៀងរាល់ខ្លួន ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នៅថ្ងៃនោះ ឱសូរ៉ូបាបិល កូនសាលធាល ជាអ្នកបំរើរបស់អញអើយ អញនឹងយកឯង តាំងឡើងជាចិញ្ចៀនត្រា ដ្បិតអញបានរើសឯងទុកហើយ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។:៚