ហាកាយ 1:1-5

ហាកាយ 1:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះបាទ​ដារីយុស នៅ​ខែ​ទី​ប្រាំមួយ ថ្ងៃ​ទី​មួយ នោះ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដោយ‌សារ​ហោរា​ហាកាយ បាន​មក​ដល់​សូរ៉ូ‌បា‌បិល កូន​សាលធាល ជា​ទេសា​ភិបាល​លើ​ស្រុក​យូដា និង​ដល់​សម្ដេច​សង្ឃ​យេសួរ ជា​កូន​យ៉ូសាដាក​ថា៖ «ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ "ជន​ជាតិ​នេះ​គេ​ពោល​ថា វេលា​ដែល​នឹង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ឡើង​វិញ មិន​ទាន់​មក​ដល់​នៅ​ឡើយ"។ ដូច្នេះ ព្រះ‌បន្ទូល​នៃ​យេហូវ៉ា​ក៏​មក ដោយ‌សារ​ហោរា​ហាកាយ​ថា "កំពុង​ដែល​ព្រះ‌វិហារ​នេះ​នៅ​ខូច‌បង់​នៅ​ឡើយ នោះ​តើ​ជា​វេលា​ឲ្យ​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​ដែល​បិទ‌ភ្ជិត​ដូច្នេះ​ឬ?" ឥឡូវ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ

ចែក​រំលែក
អាន ហាកាយ 1

ហាកាយ 1:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​ដារី‌យូស នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ប្រាំ​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្យាការី​ហាកាយ មក​កាន់​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​ជា​ទេសា‌ភិបាល​នៃ​អាណា‌ខេត្ត​យូដា ព្រម​ទាំង​លោក​មហា​បូជា‌ចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ដូច​ត​ទៅ: ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រជា‌ជន​នេះ​ពោល​ថា “មិន​ទាន់​ដល់​ពេល​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើង​វិញ​ទេ”»។ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ពួក​គេ​តាម​រយៈ​ព្យាការី​ហាកាយ​ដូច​ត​ទៅ៖ «ពេល​ដំណាក់​របស់​យើង​បាក់​បែក​នៅ​ឡើយ តើ​អ្នក​រាល់​គ្នា​គួរ​រស់​នៅ​ក្នុង​ផ្ទះ​ដែល​តាក់‌តែង ដោយ​ឈើ​ដ៏​មាន​តម្លៃ​ដូច្នេះ​ឬ?»។ ឥឡូវ​នេះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​រិះគិត​អំពី​សភាព‌ការណ៍​របស់​អ្នក​រាល់​គ្នា!

ចែក​រំលែក
អាន ហាកាយ 1

ហាកាយ 1:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​ទី​១ ខែ​ភទ្របទ ក្នុង​ឆ្នាំ​ទី​២ នៃ​រាជ្យ​ស្តេច​ដារី‌យុស នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​សូរ៉ូ‌បា‌បិល កូន​សាល‌ធាល ជា​ចៅហ្វាយ​លើ​ស្រុក​យូដា ហើយ​ដល់​យេសួរ ជា​កូន​យ៉ូសាដាក​ដ៏​ជា​សង្ឃ​ធំ ដោយ‌សារ​ហោរា​ហាកាយ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ ជន‌ជាតិ​នេះ​គេ​ពោល​ថា វេលា​ដែល​នឹង​សង់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើង​វិញ មិន​ទាន់​មក​ដល់​នៅ​ឡើយ ដូច្នេះ ព្រះ‌បន្ទូល​នៃ​យេហូវ៉ា​ក៏​មក ដោយ‌សារ​ហោរា​ហាកាយ​ថា កំពុង​ដែល​ព្រះ‌វិហារ​នេះ​នៅ​ខូច​បង់​នៅ​ឡើយ នោះ​តើ​ជា​វេលា​ឲ្យ​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​ដែល​បិទ‌ភ្ជិត​ដូច្នេះ​ឬ ឥឡូវ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ

ចែក​រំលែក
អាន ហាកាយ 1