ហាបាគូក 3:13-19
ហាបាគូក 3:13-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គបានយាងចេញមក ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ គឺដើម្បីសង្គ្រោះអ្នកដែលព្រះអង្គបានចាក់ប្រេងតាំង។ ព្រះអង្គបានវាយអ្នកកំពូលលើវង្សមនុស្សអាក្រក់ឲ្យរបួស ក៏បំផ្លាញចាប់តាំងពីជើងរហូតដល់ក្បាលផង។ -បង្អង់- ព្រះអង្គបានចាក់ទម្លុះក្បាលពួកអ្នកខ្លាំងពូកែរបស់គេ ដោយព្រួញរបស់ព្រះអង្គ គេបានចេញមកដូចខ្យល់កួច ដើម្បីកម្ចាត់កម្ចាយយើងខ្ញុំ គេត្រេកអរចំពោះការស៊ីបំផ្លាញ ពួកក្រីក្រដោយសម្ងាត់។ ព្រះអង្គបានជាន់ឈ្លីសមុទ្រ ដោយសេះទាំងប៉ុន្មានរបស់ព្រះអង្គ គឺអស់ទាំងរលកដែលបោកឡើងយ៉ាងធំ។ ខ្ញុំបានឮ ហើយខ្ញុំក៏ញ័ររន្ធត់ បបូរមាត់ខ្ញុំក៏ញ័រ ដោយឮសំឡេងនោះ ក្នុងឆ្អឹងរបស់ខ្ញុំពុកទៅៗ ខ្ញុំក៏ទន់ជើងនៅស្ងៀម ព្រោះខ្ញុំត្រូវរង់ចាំថ្ងៃវេទនាដោយអំណត់ គឺរង់ចាំសាសន៍ដែលទន្ទ្រានចូល បានមកដល់។ ទោះបើដើមល្វាមិនមានផ្កា ទំពាំងបាយជូរឥតមានផ្លែ ដើមអូលីវមិនបញ្ចេញប្រេង ស្រែចម្ការឥតបង្កើតផល ហ្វូងចៀមត្រូវបាត់ចេញពីក្រោល និងគ្មានគោនៅក្នុងឃ្នងក៏ដោយ គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ ព្រះយេហូវ៉ា គឺជាព្រះអម្ចាស់ ជាកម្លាំងខ្ញុំ ព្រះអង្គនឹងធ្វើឲ្យជើងខ្ញុំបានលឿន ដូចជាជើងឈ្លូស ហើយឲ្យខ្ញុំដើរនៅលើទីខ្ពស់របស់ខ្ញុំ។ នេះលើកសម្រាប់មេភ្លេង ឲ្យលេងដោយប្រដាប់មានខ្សែរបស់ខ្ញុំ។:៚
ហាបាគូក 3:13-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គយាងចេញមក ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ និងសង្គ្រោះស្ដេចដែលព្រះអង្គចាក់ប្រេងអភិសេក។ ព្រះអង្គប្រហារមេគ្រួសាររបស់មនុស្សអាក្រក់ ព្រះអង្គកម្ទេចពួកគេឲ្យវិនាសសូន្យ ទាំងអស់គ្នា។ - សម្រាក ព្រះអង្គប្រើព្រួញរបស់ពួកគេ ទម្លុះក្បាលមេដឹកនាំរបស់ពួកគេ នៅពេលអ្នកទាំងនោះលើកគ្នា ដូចខ្យល់ព្យុះ មកកម្ទេចខ្ញុំ ទាំងស្រែកហ៊ោយ៉ាងសប្បាយ ពួកគេពួនស្ទាក់ប្រហារជនទុគ៌ត។ ព្រះអង្គត្រួសត្រាយផ្លូវឲ្យសេះរបស់ព្រះអង្គ នៅក្នុងទឹកសមុទ្រ ដែលកំពុងតែកញ្ជ្រោលយ៉ាងខ្លាំង។ ខ្ញុំបានឮសូរសន្ធឹកនេះ ខ្ញុំក៏ភ័យរន្ធត់ ហើយញ័របបូរមាត់ ឆ្អឹងរបស់ខ្ញុំកាន់តែពុកទៅៗ។ ខ្ញុំទន់ដៃទន់ជើង នៅស្ងៀមឥតកម្រើក ទន្ទឹងរង់ចាំថ្ងៃអាសន្ន គឺនៅពេលដែលពួកឈ្លានពាន លើកគ្នាមកប្រហារប្រជាជនរបស់យើង។ ដើមឧទុម្ពរលែងផ្កា ទំពាំងបាយជូរលែងមានផ្លែ ដើមអូលីវលែងផ្ដល់ប្រេង ស្រែចម្ការលែងផ្ដល់ភោគផលជាអាហារ លែងមានចៀមនៅតាមវាលស្មៅ ហើយក៏លែងមានគោក្នុងក្រោលទៀតដែរ។ រីឯខ្ញុំវិញ ខ្ញុំនឹងសប្បាយរីករាយ ហើយមានអំណរដ៏លើសលុប ដោយព្រះជាម្ចាស់សង្គ្រោះខ្ញុំ។ ព្រះជាអម្ចាស់នៃខ្ញុំជាកម្លាំងរបស់ខ្ញុំ ព្រះអង្គប្រទានឲ្យខ្ញុំរត់លឿនដូចឈ្លូស ព្រះអង្គប្រទានឲ្យខ្ញុំដើរនៅលើទីខ្ពស់ៗ។ ទំនុករបស់គ្រូចម្រៀង ប្រគំដោយតន្ត្រីដែលមានខ្សែ ។
ហាបាគូក 3:13-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់បានយាងចេញមក ដើម្បីជួយសង្គ្រោះរាស្ត្ររបស់ទ្រង់ គឺដើម្បីសង្គ្រោះអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ ទ្រង់បានវាយអ្នកជាកំពូលលើវង្សមនុស្សអាក្រក់ឲ្យរបួស ក៏បំផ្លាញទៅ ចាប់តាំងពីជើង រហូតដល់កំពូលផង -បង្អង់- ទ្រង់បានចាក់ទំលុះមេទ័ពរបស់គេ ដោយលំពែងរបស់ទ្រង់ គេបានចេញមកដូចជាខ្យល់កួច ដើម្បីកំចាត់កំចាយទូលបង្គំ គេត្រេកអរ ចំពោះតែការស៊ីបំផ្លាញពួកក្រីក្រ ដោយសំងាត់ ប៉ុន្តែទ្រង់បានជាន់ឈ្លីសមុទ្រ ដោយសេះទាំងប៉ុន្មានរបស់ទ្រង់ គឺអស់ទាំងរលកដែលបោកឡើងយ៉ាងធំ។ ខ្ញុំបានឮ ហើយពោះខ្ញុំក៏ញ័រប៉ផុក បបូរមាត់ខ្ញុំក៏ញ័រទទាក់ ដោយឮសំឡេងនោះ មានសេចក្ដីពុករលួយចូលក្នុងឆ្អឹងរបស់ខ្ញុំ ខ្ញុំក៏ភ័យញ័រនៅក្នុងខ្លួន ពីព្រោះខ្ញុំត្រូវរង់ចាំថ្ងៃវេទនាដោយអំណត់ គឺរង់ចាំសាសន៍ដែលទន្ទ្រានចូល បានមកដល់ ទោះបើដើមល្វាមិនមានផ្កា ក៏ឥតមានផ្លែទំពាំងបាយជូរ ហើយផលនៃដើមអូលីវក៏ខានមាន ស្រែចំការឥតបង្កើតបានអាហារ ហ្វូងចៀមត្រូវបាត់ចេញពីក្រោល ហើយគ្មានគោនៅក្នុងឃ្នងក៏ដោយ គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ ព្រះយេហូវ៉ា គឺជាព្រះអម្ចាស់ទ្រង់ជាកំឡាំងខ្ញុំ ទ្រង់នឹងធ្វើឲ្យជើងនៃខ្ញុំបានលឿន ដូចជាជើងឈ្លូស ហើយឲ្យខ្ញុំដើរនៅលើទីខ្ពស់របស់ខ្ញុំ។ នេះលើកសំរាប់មេភ្លេង ឲ្យលេងដោយប្រដាប់មានខ្សែរបស់ខ្ញុំ។:៚