ហាបាគូក 3:1-4
ហាបាគូក 3:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាពាក្យអធិស្ឋានរបស់ហោរាហាបាគុក រៀងជាពាក្យលន្លោចចិត្ត។ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានឮសេចក្ដី ដែលព្រះអង្គមានព្រះបន្ទូលមកនោះ ហើយទូលបង្គំភិតភ័យ ឱព្រះយេហូវ៉ាអើយ កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ នោះសូមធ្វើឲ្យកិច្ចការរបស់ព្រះអង្គកើតឡើងជាថ្មី កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ សូមសម្ដែងឲ្យស្គាល់ការនោះវិញ ហើយក្នុងគ្រាដែលទ្រង់ក្រោធ សូមនឹកចាំពីសេចក្ដីមេត្តាករុណាផង ព្រះយាងមកពីថេម៉ាន គឺព្រះដ៏បរិសុទ្ធទ្រង់យាងមកពី ភ្នំប៉ារ៉ាន-បង្អង់- សិរីល្អព្រះអង្គបិទបាំងផ្ទៃមេឃ ហើយផែនដីបានពេញដោយសេចក្ដីសរសើរដល់ព្រះអង្គ សេចក្ដីរុងរឿងរបស់ព្រះអង្គក៏ដូចជាពន្លឺ មានរស្មីចេញពីព្រះហស្តរបស់ព្រះអង្គ នោះឯងជាទីលាក់ទុកនូវព្រះចេស្តារបស់ព្រះអង្គ
ហាបាគូក 3:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពាក្យអធិស្ឋានរបស់លោកហាបាគូក ស្មូត្រជាទំនុកសោកសង្រេង: ឱព្រះអម្ចាស់អើយ ទូលបង្គំបានឮសេចក្ដី ដែលគេថ្លែងអំពីព្រះអង្គ ព្រះអម្ចាស់អើយ ទូលបង្គំកោតស្ញប់ស្ញែង ស្នាព្រះហស្ដដែលព្រះអង្គបានធ្វើ។ សូមសម្តែងឲ្យមនុស្សលោកស្គាល់ ស្នាព្រះហស្ដទាំងនេះ តទៅមុខទៀត! ប៉ុន្តែ ពេលព្រះអង្គទ្រង់ព្រះពិរោធ សូមនឹកដល់ព្រះហឫទ័យអាណិតមេត្តា របស់ព្រះអង្គផង។ ព្រះជាម្ចាស់យាងមកពីស្រុកថេម៉ាន ព្រះដ៏វិសុទ្ធយាងមកពីភ្នំប៉ារ៉ាន។ - សម្រាក ភាពថ្កុំថ្កើងរបស់ព្រះអង្គចែងចាំង ពាសពេញផ្ទៃមេឃ ហើយផែនដីទាំងមូលសរសើរតម្កើងព្រះអង្គ។ ព្រះអង្គប្រកបដោយពន្លឺដ៏ត្រចះត្រចង់ មានកាំរស្មីចាំងចេញពីព្រះហស្ដ ដែលបង្កប់ទុកនូវព្រះចេស្ដារបស់ព្រះអង្គ។
ហាបាគូក 3:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាពាក្យអធិស្ឋានរបស់ហោរាហាបាគុក រៀងជាពាក្យលន្លោចចិត្ត។ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានឮសេចក្ដីដែលទ្រង់មានបន្ទូលមកនោះ ហើយទូលបង្គំមានសេចក្ដីភិតភ័យ ឱព្រះយេហូវ៉ាអើយ កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ នោះសូមធ្វើឲ្យកិច្ចការរបស់ទ្រង់កើតឡើងជាថ្មី កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ សូមសំដែងឲ្យស្គាល់ការនោះវិញ ហើយក្នុងគ្រាដែលទ្រង់ក្រោធ សូមនឹកចាំពីសេចក្ដីមេត្តាករុណាផង ព្រះទ្រង់កំពុងយាងមកពីថេម៉ាន គឺព្រះដ៏បរិសុទ្ធទ្រង់យាងមកពីភ្នំប៉ារ៉ាន-បង្អង់-សិរីល្អនៃទ្រង់បិទបាំងផ្ទៃមេឃ ហើយផែនដីបានពេញដោយសេចក្ដីសរសើរដល់ទ្រង់ សេចក្ដីរុងរឿងរបស់ទ្រង់ក៏ដូចជាពន្លឺមានរស្មីចេញពីព្រះហស្តទ្រង់ នោះឯងជាទីលាក់ទុកនូវព្រះចេស្តានៃទ្រង់