ហាបាគូក 2:1-5
ហាបាគូក 2:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំនឹងឈរចាំយាម ខ្ញុំនឹងឡើងទៅលើប៉ម ហើយខំមើលទៅ ដើម្បីឲ្យដឹងថាព្រះអង្គ នឹងមានព្រះបន្ទូលមកដូចម្តេច ហើយនឹងឆ្លើយពីដំណើរ ដែលខ្ញុំចោទប្រកាន់ជាយ៉ាងណា។ ព្រះយេហូវ៉ាមានព្រះបន្ទូលតបមកខ្ញុំថា៖ «ចូរកត់និមិត្តនេះទុក ត្រូវឲ្យចារឹកឲ្យច្បាស់នៅលើក្តារចុះ ដើម្បីឲ្យមនុស្សដែលកំពុងរត់ ក៏អាចមើលបានដែរ។ ដ្បិតការជាក់ស្តែងនេះ ទុកសម្រាប់ដល់វេលាកំណត់ ក៏កំពុងស្រូតឲ្យដល់ពេលនោះ ហើយនៅគ្រានោះ នឹងមិនកុហកទេ ប្រសិនបើបង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកពិត ឥតរារង់ឡើយ។ មើល៍! ចិត្តគេបានប៉ោងឡើង មិនទៀងត្រង់នៅក្នុងខ្លួនគេទេ តែមនុស្សសុចរិតនឹងរស់នៅ ដោយសារជំនឿរបស់ខ្លួន មួយទៀត ដែលស្រាទំពាំងបាយជូរ ជាគ្រឿងបញ្ឆោតយ៉ាងណា មនុស្សអំនួតក៏មិនចេះនៅផ្ទះខ្លួនដូច្នោះដែរ គេពង្រីកសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន ឲ្យធំដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយក៏ដូចជាសេចក្ដីស្លាប់ ដែលមិនចេះឆ្អែតឆ្អន់ គឺគេកៀរប្រមូលអស់ទាំងសាសន៍មកខាងខ្លួន ក៏បង្រួមជនជាតិទាំងឡាយទុកសម្រាប់ខ្លួនដែរ»។
ហាបាគូក 2:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំនឹងឡើងទៅយាមល្បាត ខ្ញុំនឹងទន្ទឹងរង់ចាំនៅលើប៉ម ចង់ដឹងថា តើព្រះជាម្ចាស់មានព្រះបន្ទូល មកកាន់ខ្ញុំយ៉ាងណា តើព្រះអង្គឆ្លើយតបនឹងពាក្យតវ៉ារបស់ខ្ញុំ យ៉ាងណាខ្លះ។ ព្រះអម្ចាស់មានព្រះបន្ទូលតបមកខ្ញុំដូចតទៅ៖ «ចូរកត់ត្រានិមិត្តហេតុដ៏អស្ចារ្យនេះ ចូរចារទុកនៅលើបន្ទះថ្ម ដើម្បីឲ្យគេស្រួលអាន។ និមិត្តហេតុដ៏អស្ចារ្យនឹងសម្រេចជារូបរាង នៅគ្រាដែលបានកំណត់ទុក គឺនឹងមានព្រឹត្តិការណ៍កើតឡើង ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនេះ ឥតខុសត្រង់ណាឡើយ។ ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់ចាំ ដ្បិតព្រឹត្តិការណ៍ពិតជាកើតមាន ជាក់ជាមិនខាន។ មនុស្សព្រហើនកោងកាចមុខជាត្រូវវិនាស រីឯមនុស្សសុចរិតនឹងរស់ដោយសារជំនឿ។ ទ្រព្យសម្បត្តិរមែងនាំឲ្យខកចិត្ត មនុស្សអួតបំប៉ោងមិនដែលស្កប់ចិត្តទេ គេបើកមាត់ចំហយ៉ាងធំដូចស្ថានមនុស្សស្លាប់ គេប្រៀបដូចជាមច្ចុរាជដែលមិនចេះស្កប់ចិត្ត គេវាយលុកប្រជាជាតិទាំងអស់ ហើយប្រមូលជាតិសាសន៍ទាំងអស់ ឲ្យមកនៅក្រោមអំណាចរបស់ខ្លួន»។
ហាបាគូក 2:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំនឹងនៅត្រង់ទីចាំយាម ខ្ញុំនឹងឡើងទៅលើប៉ម ហើយខំមើលទៅ ដើម្បីឲ្យដឹងជាទ្រង់នឹងមានបន្ទូលមកដូចម្តេច ហើយនឹងឆ្លើយពីដំណើរដែលខ្ញុំចោទប្រកាន់ជាយ៉ាងណា នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលតបមកខ្ញុំថា ចូរកត់ការជាក់ស្តែងនេះទុក ត្រូវឲ្យចារឹកឲ្យច្បាស់នៅលើក្តារចុះ ដើម្បីឲ្យមនុស្សដែលកំពុងរត់ ក៏អាចមើលបានដែរ ដ្បិតការជាក់ស្តែងនេះ ទុកសំរាប់ដល់វេលាកំណត់ ក៏កំពុងស្រូតឲ្យដល់ពេលនោះហើយ នៅគ្រានោះ នឹងមិនកុហកទេ បើសិនជាបង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកជាពិត ឥតរារង់ឡើយ។ មើល ចិត្តគេបានប៉ោងឡើង មិនទៀងត្រង់នៅក្នុងខ្លួនគេទេ តែមនុស្សសុចរិតនឹងរស់នៅ ដោយសារសេចក្ដីជំនឿរបស់ខ្លួន ១ទៀត ដែលស្រាទំពាំងបាយជូរជាគ្រឿងបញ្ឆោតយ៉ាងណា មនុស្សអំនួតក៏មិនចេះនៅផ្ទះខ្លួនដូច្នោះដែរ គេពង្រីកសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនឲ្យធំដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយក៏ដូចជាសេចក្ដីស្លាប់ ដែលមិនចេះឆ្អែតឆ្អន់ គឺគេកៀរប្រមូលអស់ទាំងសាសន៍មកឯខ្លួន ក៏បំព្រួមជនជាតិទាំងឡាយទុកសំរាប់ខ្លួនដែរ