លោកុប្បត្តិ 8:13-22
លោកុប្បត្តិ 8:13-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំប្រាំមួយរយមួយ ក្នុងខែទីមួយ ថ្ងៃទីមួយ ទឹកបានរីងស្ងួតអស់ពីផែនដី។ លោកណូអេក៏បើកដំបូលទូកមើល ឃើញថា ដីបានស្ងួតអស់ហើយ។ នៅខែទីពីរ ថ្ងៃទីម្ភៃប្រាំពីរ ផែនដីបានស្ងួតអស់។ ពេលនោះ ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «ចូរចេញពីទូកមក គឺទាំងអ្នក ទាំងប្រពន្ធ ទាំងកូនប្រុស និងកូនប្រសាស្រីរបស់អ្នក។ ចូរនាំអស់ទាំងសត្វគ្រប់ប្រភេទដែលនៅជាមួយអ្នកចេញមកផង គឺទាំងសត្វស្លាប សត្វជើងបួន និងគ្រប់ទាំងសត្វលូនវារ ដែលវារនៅលើផែនដី ដើម្បីឲ្យបានបង្កើតកូនចម្រើនជាច្រើនឡើង មានពាសពេញនៅលើផែនដី»។ ដូច្នេះ លោកណូអេក៏ចេញមក ហើយកូន ប្រពន្ធ និងកូនប្រសាស្រីរបស់លោកក៏ចេញមកជាមួយលោកដែរ។ គ្រប់ទាំងសត្វជើងបួន សត្វលូនវារ សត្វស្លាបទាំងប៉ុន្មានផង គឺគ្រប់ទាំងសត្វដែលកម្រើកលើផែនដី ក៏ចេញពីទូកមកតាមពូជរបស់វាដែរ។ បន្ទាប់មក លោកណូអេបានសង់អាសនាមួយថ្វាយព្រះយេហូវ៉ា រួចយកសត្វជើងបួនពីសត្វដែលស្អាតគ្រប់មុខ និងពីសត្វស្លាបដែលស្អាតគ្រប់មុខ មកថ្វាយជាតង្វាយដុតលើអាសនានោះ។ កាលព្រះយេហូវ៉ាធុំក្លិនឈ្ងុយ ព្រះអង្គសម្រេចក្នុងព្រះហឫទ័យថា៖ «យើងនឹងមិនដាក់បណ្ដាសាដី ព្រោះតែមនុស្សទៀតទេ ដ្បិតគំនិតក្នុងចិត្តមនុស្សអាក្រក់តាំងតែពីក្មេងមកម៉្លេះ។ យើងនឹងមិនវាយប្រហារជីវិតទាំងឡាយ ដូចយើងបានធ្វើមកហើយនោះទៀតទេ។ ដរាបណានៅមានផែនដីនៅឡើយ ដរាបនោះ រដូវសាបព្រោះ រដូវច្រូតកាត់ ត្រជាក់ ក្តៅ រដូវប្រាំង រដូវវស្សា ថ្ងៃ និងយប់ នឹងនៅតែមាន មិនដែលអាក់ខានឡើយ»។
លោកុប្បត្តិ 8:13-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃទីមួយនៃខែទីមួយ ក្នុងឆ្នាំដែលលោកណូអេមានអាយុប្រាំមួយរយមួយឆ្នាំ ទឹកបានរីងអស់ពីផែនដី។ លោកណូអេបើកដំបូលទូកធំក៏ឃើញថាដីគោកអស់ហើយ។ នៅថ្ងៃទីម្ភៃប្រាំពីរនៃខែទីពីរ ផែនដីបានរីងស្ងួតអស់។ ពេលនោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកណូអេថា៖ «ចូរចេញពីទូកធំនេះទៅ គឺចេញទាំងអ្នក ទាំងប្រពន្ធ ទាំងកូនប្រុស និងកូនប្រសាស្រីរបស់អ្នក។ ចូរនាំសត្វគ្រប់ប្រភេទដែលនៅជាមួយអ្នកចេញទៅផង គឺនាំទាំងបក្សាបក្សី ទាំងសត្វជើងបួន និងសត្វលូនវារលើដីទាំងប៉ុន្មាន ដើម្បីឲ្យវានៅពាសពេញលើផែនដី ព្រមទាំងបង្កើតកូនចៅ និងកើនចំនួនយ៉ាងច្រើននៅលើផែនដី»។ លោកណូអេក៏ចេញពីទូកធំ រីឯកូនប្រុស ភរិយា និងកូនប្រសាស្រីរបស់លោកក៏ចេញមកដែរ។ សត្វជើងបួន ឧរង្គសត្វ បក្សាបក្សី និងសត្វដែលលូនវារនៅលើដីទាំងប៉ុន្មាន នាំគ្នាចេញពីទូកធំ តាមពូជរបស់វាដែរ។ លោកណូអេបានសង់អាសនៈ*មួយ សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់។ លោកបានយកសត្វខ្លះពីក្នុងចំណោមសត្វបរិសុទ្ធគ្រប់ប្រភេទ និងពីក្នុងចំណោមសត្វស្លាបបរិសុទ្ធគ្រប់ប្រភេទ មកដុតទាំងមូលថ្វាយជាយញ្ញបូជានៅលើអាសនៈ។ ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងក្លិនដ៏ឈ្ងុយឈ្ងប់ ទ្រង់ក៏នឹកគិតថា៖ «យើងនឹងមិនដាក់បណ្ដាសាដី ព្រោះតែមនុស្សលោកទៀតទេ ដ្បិតចិត្តមនុស្សលម្អៀងទៅខាងប្រព្រឹត្តអំពើអាក្រក់តាំងពីក្មេងមកម៉្លេះ។ យើងនឹងមិនវាយប្រហារអ្វីៗទាំងប៉ុន្មានដែលមានជីវិត ដូចយើងបានធ្វើកន្លងមកហើយនោះទៀតទេ។ ដរាបណាមានផែនដីនៅឡើយ ដរាបនោះក៏នឹងមានរដូវសាបព្រោះ រដូវច្រូតកាត់ មានត្រជាក់ មានក្ដៅ មានរដូវក្ដៅ រដូវរងា មានថ្ងៃ មានយប់ ជារហូតតរៀងទៅមិនដែលអាក់ខានឡើយ»។
លោកុប្បត្តិ 8:13-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅឆ្នាំ៦០១ក្នុងថ្ងៃចូលខែទី១ នោះទឹកបានរីងស្ងួតពីផែនដីអស់ទៅ ណូអេក៏បើកដំបូលទូកមើល ឃើញថាទឹកបានស្ងួតពីដីហើយ ដល់ថ្ងៃ២៧ ខែទី២ នោះដីបានស្ងួតធេង ព្រះទ្រង់មានបន្ទូលទៅណូអេថា ចូរឯងចេញពីទូកចុះ ព្រមទាំងប្រពន្ធកូន នឹងកូនប្រសាស្រីឯងដែរ ចូរនាំអស់ទាំងសត្វគ្រប់ពូជដែលនៅជាមួយនឹងឯងចេញមកផង ទោះទាំងសត្វស្លាប សត្វជើង៤ នឹងគ្រប់ទាំងសត្វដែលលូនវារនៅដីក្តី ដើម្បីឲ្យបានមកបង្កើតកូនចំរើនជាបរិបូរនៅពេញពាសលើផែនដី នោះណូអេក៏ចេញមក ព្រមទាំងប្រពន្ធកូន នឹងកូនប្រសាស្រីគាត់ ហើយគ្រប់ទាំងសត្វជើង៤ សត្វលូនវារ នឹងសត្វស្លាបទាំងប៉ុន្មានផង គឺគ្រប់ទាំងសត្វដែលកំរើកនៅផែនដី នោះក៏ចេញពីទូកមកតាមពូជ។ ណូអេបានស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ក៏យកសត្វជើង៤ពីសត្វដ៏ស្អាតគ្រប់មុខ ហើយពីសត្វដ៏ស្អាតគ្រប់មុខ មកថ្វាយជាដង្វាយដុតលើអាសនានោះ ព្រះយេហូវ៉ាទ្រង់ធុំក្លិនឈ្ងុយ រួចទ្រង់សំរេចក្នុងព្រះហឫទ័យថា អញនឹងមិនដាក់បណ្តាសាដី ដោយព្រោះមនុស្សទៀតទេ ពីព្រោះគំនិតក្នុងចិត្តមនុស្ស នោះអាក្រក់តាំងតែពីក្មេងមក អញក៏មិនធ្វើទោសដល់ជីវិតទាំងឡាយ ដូចជាអញទើបនឹងធ្វើនោះទៀតដែរ កាលនៅមានផែនដីនៅឡើង នោះមិនដែលខាននឹងមានរដូវសាបព្រោះ រដូវច្រូតកាត់ ត្រជាក់ហើយក្តៅ ប្រាំងវស្សា ថ្ងៃហើយយប់ទៀតឡើយ។