លោកុប្បត្តិ 8:1-12

លោកុប្បត្តិ 8:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ព្រះ‌ទ្រង់​នឹក​ចាំ​ពី​លោក​ណូអេ និង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ទូក​ជា‌មួយ​លោក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្យល់​បក់​មក​លើ​ផែន‌ដី ហើយ​ទឹក​ក៏​ស្រក​ចុះ។ រន្ធ​ទឹក​នៅ​ទី​ជម្រៅ និង​ទ្វារ​មេឃ​បាន​បិទ​វិញ ហើយ​ភ្លៀង​ក៏​ឈប់​ធ្លាក់​ពី​លើ​មេឃ​ដែរ។ ទឹក​បាន​ស្រក​ចុះ​ពី​ផែន‌ដី​ជា​ដរាប លុះ​ផុត​ពី​មួយ​រយ​ហាសិប​ថ្ងៃ​ទៅ ទឹក​ក៏​ថយ​ចុះ ហើយ​ខែ​ទី​ប្រាំពីរ ថ្ងៃ​ទី​ដប់​ប្រាំពីរ ទូក​ធំ​បាន​កឿង​នៅ​លើ​ភ្នំ​អារ៉ា‌រ៉ាត។ ទឹក​ក៏បន្ត​ស្រក​ចុះ​រហូត​ដល់​ខែ​ទី​ដប់ លុះ​ចូល​ដល់​ថ្ងៃ​ទី​មួយ ខែ​ទី​ដប់ ទើប​ឃើញ​មាន​កំពូល​ភ្នំ​លេច​ឡើង។ សែសិប​ថ្ងៃ​ក្រោយ​មក​ទៀត លោក​ណូអេ​បាន​បើក​បង្អួច​ទូក​ដែល​លោក​បាន​ធ្វើ ហើយ​ក៏​លែង​សត្វ​ក្អែក​មួយ​ឲ្យ​ចេញ​ទៅ តែ​សត្វ​នោះ​ហើរ​ទៅ​ហើរ​មក រហូត​ទាល់​តែ​ទឹក​បាន​រីង​ស្ងួត​ពី​ផែន‌ដី។ បន្ទាប់​មក លោក​ក៏​លែង​ព្រាប​មួយ​ទៀត​ឲ្យ​ទៅ ដើម្បី​ឲ្យ​ដឹង​ថា ទឹក​បាន​ស្រក​ចុះ​ដល់​ដី ឬ​យ៉ាង​ណា តែ​ព្រាប​នោះ​រក​កន្លែង​ទំ​មិន​បាន ក៏​វិល​ត្រឡប់​មក​រក​លោក​វិញ ព្រោះ​ទឹក​នៅ​ពេញ​លើ​ផែន‌ដី​នៅ​ឡើយ។ ដូច្នេះ លោក​ក៏​លូក​ដៃ​ទៅ​ចាប់​ព្រាប​នោះ ចូល​មក​ក្នុង​ទូក​វិញ។ លោក​នៅ​រង់​ចាំ​ប្រាំ​ពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឲ្យ​ចេញ​ពី​ទូក​ទៅ​ម្តង​ទៀត ហើយ​នៅ​ពេល​ល្ងាច ព្រាប​នោះ​វិល​ត្រឡប់​មក​រក​លោក​វិញ ទាំង​ឃើញ​មាន​ពាំ​យក​ស្លឹក​អូលីវ​ដែល​វា​បាន​ចឹក​មក​ជា‌មួយ​ផង ដូច្នេះ លោក​ណូអេ​ក៏​ដឹង​ថា ទឹក​បាន​ស្រក​ពី​ផែន‌ដី​ហើយ។ បន្ទាប់​មក លោក​រង់‌ចាំ​ប្រាំពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឲ្យ​ទៅ តែ​ព្រាប​នោះ​មិន​បាន​វិល​ត្រឡប់​មក​រក​លោក​វិញ​ទៀត​ឡើយ។

លោកុប្បត្តិ 8:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​នឹក​ដល់​លោក​ណូអេ និង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​លោក ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​មក​លើ​ផែនដី ហើយ​ទឹក​ក៏​ចាប់​ផ្ដើម​ស្រក។ ប្រភព​ទឹក​ដែល​ផុស​ចេញ​ពី​ទី​ជម្រៅ និង​ទ្វារ​មេឃ បិទ​ជិត​វិញ ហើយ​ភ្លៀង​ក៏​ឈប់​ធ្លាក់​ដែរ។ ទឹក​បាន​ស្រក​ចុះ​ពី​ផែនដី​បន្តិច​ម្ដងៗ កម្ពស់​ទឹក​ចាប់​ផ្ដើម​ថយ​ចុះ នៅ​ថ្ងៃ​ទី​មួយ​រយ​ហា‌សិប។ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ‌ពីរ​នៃ​ខែ​ទី​ប្រាំ‌ពីរ ទូក​ធំ​បាន​កឿង​នៅ​លើ​ភ្នំ​អារ៉ា‌រ៉ាត។ រីឯ​ទឹក​ក៏​កាន់​តែ​ស្រក​ទៅៗ​រហូត​ដល់​ខែ​ទី​ដប់។ នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ដប់ កំពូល​ភ្នំ​នានា​ក៏​លេច​ឡើង។ សែ‌សិប​ថ្ងៃ​ក្រោយ​មក លោក​ណូអេ​បាន​បើក​បង្អួច​ទូក​ធំ​ដែល​លោក​បាន​ធ្វើ ហើយ​លោក​បាន​លែង​សត្វ​ក្អែក​មួយ សត្វ​នោះ​ក៏​ហើរ​ទៅ​ហើរ​មក រហូត​ទាល់​តែ​ដី​គោក​លេច​ឡើង។ បន្ទាប់​មក លោក​បាន​លែង​សត្វ​ព្រាប​មួយ ព្រោះ​ចង់​ដឹង​ថា ទឹក​បាន​ស្រក​ចុះ​ឬ​យ៉ាង​ណា។ ប៉ុន្តែ ព្រាប​នោះ​រក​កន្លែង​ទំ​មិន​បាន ក៏​វិល​ត្រឡប់​មក​រក​លោក​ក្នុង​ទូក​ធំ​វិញ ដ្បិត​ទឹក​នៅ​មាន​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល​នៅ​ឡើយ លោក​ក៏​លាត​ដៃ​ទទួល​ព្រាប​នោះ ចូល​មក​ក្នុង​ទូក​ធំ​ជា​មួយ​លោក​វិញ។ លោក​នៅ​រង់‌ចាំ​ប្រាំ‌ពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឲ្យ​ចេញ​ពី​ទូក​ធំ​ទៅ​សា​ជា​ថ្មី។ នៅ​ពេល​ល្ងាច​ព្រាប​បាន​វិល​មក​រក​លោក​វិញ ទាំង​ពាំ​ត្រួយ​អូលីវ​មក​ជា​មួយ​ផង ដូច្នេះ លោក​ណូអេ​ដឹង​ថា ទឹក​បាន​ស្រក​ពី​ផែនដី​ហើយ។ លោក​នៅ​រង់‌ចាំ​ប្រាំ‌ពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឲ្យ​ទៅ តែ​ព្រាប​មិន​បាន​វិល​ត្រឡប់​មក​រក​លោក​វិញ​ទេ។

លោកុប្បត្តិ 8:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌ទ្រង់​ក៏​នឹក​ចាំ​ពី​ណូអេ នឹង​អស់​ទាំង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​គាត់ រួច​ទ្រង់​ធ្វើ​ឲ្យ​ខ្យល់​បក់​មក​លើ​ផែនដី ហើយ​ទឹក​ក៏​ស្រក​ទៅ ឯ​រន្ធ​ទឹក​នៅ​ទី​ជំរៅ នឹង​ទ្វារ​ទំនប់​នៅ​លើ​មេឃ​បាន​បិទ​វិញ ហើយ​ភ្លៀង​ដែល​ធ្លាក់​ពី​លើ​មេឃ​មក​ក៏​រាំង​ទៅ ទឹក​បាន​ថយ​ចេញ​ពី​ផែនដី​ជា​ដរាប លុះ​ដល់​ផុត​ពី​១៥០​ថ្ងៃ​ទៅ ទើប​បាន​ស្រក​បន្តិច ដល់​ថ្ងៃ​១៧ ខែ​ទី​៧ នោះ​ទូក​ធំ​បាន​កឿង​នៅ​លើ​ភ្នំ​អារ៉ារ៉ាត ទឹក​ក៏​ចេះ​តែ​ស្រក​ទៅ​ដរាប​ដល់​ខែ​ទី​១០ លុះ​ដល់​ថ្ងៃ​ចូល​ខែ​ទី​១០ នោះ​ទើប​ឃើញ​មាន​កំពូល​ភ្នំ​លេច​ឡើង។ កាល​បាន​កន្លង​ទៅ​៤០​ថ្ងៃ​ទៀត នោះ​ណូអេ គាត់​បើក​បង្អួច​ដែល​បាន​ធ្វើ​ក្នុង​ទូក ក៏​លែង​ក្អែក​១​ទៅ តែ​វា​ហើរ​ទៅ​មក​ទាល់​តែ​ទឹក​បាន​រីង​ស្ងួត​ពី​ផែនដី​អស់ គាត់​ក៏​លែង​ព្រាប​១​ដែរ ដើម្បី​ឲ្យ​ដឹង​ថា​ទឹក​បាន​ស្រក​ពី​ដី​ទៅ​ហើយ​ឬ​នៅ តែ​ព្រាប​នោះ​រក​កន្លែង​ណា​នឹង​ទំ​គ្មាន បាន​ជា​វិល​មក​ឯ​គាត់​ក្នុង​ទូក​វិញ ពី​ព្រោះ​ទឹក​នៅ​ពេញ​លើ​ផែនដី​នៅ​ឡើយ នោះ​គាត់​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក​ក្នុង​ទូក​វិញ គាត់​ផ្អាក​ចាំ​អស់​៧​ថ្ងៃ រួច​លែង​ព្រាប​ចេញ​ពី​ទូក​ទៅ​ម្តង​ទៀត លុះ​ដល់​ពេល​ល្ងាច ព្រាប​នោះ​ត្រឡប់​ចូល​មក​ឯ​គាត់​វិញ ឃើញ​មាន​ពាំ​យក​ស្លឹក​អូលីវ​ដែល​វា​បាន​ចឹក​មក​ជា​មួយ​ផង ដូច្នេះ ណូអេ​បាន​ដឹង​ថា ទឹក​បាន​ស្រក​ពី​ផែនដី​បន្តិច​ហើយ រួច​គាត់​រង់‌ចាំ​៧​ថ្ងៃ​ទៀត ក៏​លែង​ព្រាប​ឲ្យ​ទៅ តែ​វា​មិន​បាន​វិល​ឯ​គាត់​វិញ​ទេ។