លោកុប្បត្តិ 7:20-24
លោកុប្បត្តិ 7:20-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទឹកឡើងលិចភ្នំទាំងអស់ ហើយឡើងហួសភ្នំទាំងនោះដប់ប្រាំហត្ថ។ គ្រប់ទាំងសាច់ដែលកម្រើកនៅផែនដី ទោះទាំងសត្វហើរ សត្វស្រុក សត្វព្រៃ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី និងមនុស្សលោកក៏ស្លាប់ទាំងអស់ គឺអ្វីៗទាំងអស់ដែលមានដង្ហើមជីវិតនៅក្នុងរន្ធច្រមុះនៅលើគោកស្លាប់ទាំងអស់។ ព្រះអម្ចាស់បានលុបបំបាត់ជីវិតទាំងប៉ុន្មានអស់ពីផែនដី ចាប់ពីមនុស្សរហូតដល់សត្វជើងបួន សត្វលូនវារ និងសត្វហើរលើអាកាស គឺទាំងអស់ត្រូវវិនាសបាត់ពីផែនដី នៅសល់តែលោកណូអេ និងអស់អ្នកដែលនៅក្នុងទូកជាមួយលោកប៉ុណ្ណោះ។ ទឹកធំនោះនៅទ្រឹងលើផែនដីអស់រយៈពេលមួយរយហាសិបថ្ងៃ។
លោកុប្បត្តិ 7:20-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទឹកជន់លិចភ្នំទាំងឡាយ ហើយឡើងហួសភ្នំទាំងនោះដប់ប្រាំហត្ថ។ សត្វលោកទាំងឡាយដែលមានចលនានៅលើផែនដីក៏វិនាសសូន្យអស់ទៅ គឺទាំងបក្សាបក្សី សត្វស្រុក សត្វព្រៃ និងសត្វទាំងប៉ុន្មានដែលនៅរវើករវ័ណ្ឌពាសពេញលើផែនដី និងមនុស្សលោកទាំងអស់ដែរ។ អ្វីៗទាំងអស់ដែលមានដង្ហើមជីវិត និងរស់នៅលើដីគោកក៏ស្លាប់អស់ទៅ។ ព្រះអម្ចាស់បានលុបបំបាត់សត្វលោកទាំងប៉ុន្មានអស់ពីផែនដី គឺចាប់ពីមនុស្ស សត្វស្រុក សត្វលូនវារ រហូតដល់បក្សាបក្សីនៅលើមេឃ ត្រូវលុបបំបាត់ទាំងអស់ នៅសល់តែលោកណូអេ និងអស់អ្នកដែលស្ថិតនៅក្នុងទូកធំជាមួយលោកប៉ុណ្ណោះ។ ទឹកជន់នៅនឹងថ្កល់លើផែនដី អស់រយៈពេលមួយរយហាសិបថ្ងៃ។
លោកុប្បត្តិ 7:20-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចទឹកក៏ឡើង១៥ហត្ថទៀតលិចភ្នំទាំងអស់ គ្រប់ទាំងសាច់ដែលកំរើកនៅផែនដី ទោះទាំងសត្វហើរ សត្វស្រុក សត្វព្រៃ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី នឹងមនុស្សក៏ស្លាប់ទាំងអស់ដែរ គឺគ្រប់ទាំងអស់ដែលមានខ្យល់ដង្ហើមជីវិតនៅក្នុងរន្ធច្រមុះនៅលើគោកក៏ស្លាប់ទាំងអស់ គ្រប់ទាំងជីវិតទាំងឡាយនៅលើផែនដី ក៏ត្រូវផ្លាញលាញទាំងអស់ទៅ តាំងពីមនុស្សរហូតដល់សត្វជើង៤ សត្វលូនវារ នឹងសត្វហើរលើអាកាស នោះត្រូវវិនាសចេញពីផែនដីទាំងអស់ នៅសល់តែណូអេ នឹងពួកអ្នកដែលនៅក្នុងទូកជាមួយនឹងគាត់ប៉ុណ្ណោះ ទឹកធំនោះក៏ទ្រឹងនៅលើផែនដីអស់១៥០ថ្ងៃ។