លោកុប្បត្តិ 7:1-5
លោកុប្បត្តិ 7:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកណូអេថា៖ «អ្នក និងគ្រួសាររបស់អ្នកទាំងមូល ត្រូវចូលទៅក្នុងទូក ដ្បិតយើងឃើញថា ក្នុងចំណោមមនុស្សជំនាន់នេះ មានតែអ្នកប៉ុណ្ណោះ ដែលសុចរិតនៅចំពោះយើង។ ត្រូវយកសត្វប្រាំពីរគូពីចំណោមសត្វជើងបួនទាំងប៉ុន្មានដែលស្អាត គឺទាំងឈ្មោលទាំងញី ហើយសត្វជើងបួនដែលមិនស្អាត ត្រូវយកតែមួយគូវិញ គឺទាំងឈ្មោលទាំងញី។ ត្រូវយកសត្វហើរលើអាកាសប្រាំពីរគូដែរ ទាំងឈ្មោលទាំងញី ដើម្បីទុកពូជវាឲ្យរស់នៅគ្រប់លើផែនដី។ ដ្បិតប្រាំពីរថ្ងៃទៀត យើងនឹងបង្អុរភ្លៀងមកលើផែនដី សែសិបថ្ងៃសែសិបយប់ ហើយយើងនឹងលុបបំបាត់ជីវិតទាំងប៉ុន្មានដែលយើងបានបង្កើតមក ឲ្យសូន្យបាត់ពីផែនដី»។ លោកណូអេបានធ្វើសព្វគ្រប់ទាំងអស់តាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់។
លោកុប្បត្តិ 7:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «ចូរអ្នកចូលទៅក្នុងទូកធំជាមួយក្រុមគ្រួសារទាំងមូលរបស់អ្នកទៅ ដ្បិតយើងបានឃើញថា ក្នុងចំណោមមនុស្សជំនាន់នេះ មានតែអ្នកទេដែលសុចរិត។ ចូរនាំសត្វប្រាំពីរគូពីចំណោមសត្វទាំងប៉ុន្មានដែលបរិសុទ្ធមក គឺយកឈ្មោល និងញី ចំពោះសត្វមិនបរិសុទ្ធវិញ ចូរនាំតែមួយគូមក គឺឈ្មោល និងញី។ ត្រូវនាំបក្សាបក្សីដែលហើរនៅលើមេឃប្រាំពីរគូមកដែរ គឺយកឈ្មោល និងញី ដើម្បីរក្សាពូជវាទុកនៅលើផែនដីទាំងមូល ដ្បិតប្រាំពីរថ្ងៃទៀត យើងនឹងធ្វើឲ្យភ្លៀងបង្អុរចុះមកលើផែនដី ក្នុងរយៈពេលសែសិបថ្ងៃសែសិបយប់ ហើយយើងនឹងលុបបំបាត់សត្វលោកទាំងប៉ុន្មាន ដែលយើងបានបង្កើតមកឲ្យអស់ពីផែនដី»។ លោកណូអេបានធ្វើតាមសព្វគ្រប់ទាំងអស់ ដូចព្រះអម្ចាស់បង្គាប់។
លោកុប្បត្តិ 7:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅណូអេថា ត្រូវឲ្យឯងនឹងពួកគ្រួឯងចូលទាំងអស់ទៅក្នុងទូក ពីព្រោះក្នុងពួកមនុស្សជាន់នេះ អញឃើញមានតែឯងទេ ដែលសុចរិតនៅចំពោះអញ ខាងឯសត្វជើង៤ដែលស្អាត នោះឯងត្រូវយក៧គូ ហើយសត្វជើង៤ដែលមិនស្អាត នោះឲ្យយកតែ១គូវិញ គឺទាំងឈ្មោលទាំងញីផង ឯសត្វហើរលើអាកាស នោះត្រូវយក៧គូដែរ ព្រមទាំងឈ្មោលទាំងញី ដើម្បីទុកពូជវាឲ្យរស់នៅគ្រប់លើផែនដី ដ្បិតនៅ៧ថ្ងៃទៀត អញនឹងបង្អុរភ្លៀងមកលើផែនដី៤០ថ្ងៃ៤០យប់ ហើយអញនឹងលុបគ្រប់ទាំងជីវិតដែលអញបានបង្កើតមក ឲ្យសូន្យបាត់ពីផែនដីចេញ នោះណូអេក៏ធ្វើសំរេចតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក។