លោកុប្បត្តិ 6:7-22
លោកុប្បត្តិ 6:7-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងលុបបំបាត់មនុស្សដែលយើងបានបង្កើតមក ឲ្យអស់ពីផែនដី ចាប់តាំងពីមនុស្សរហូតដល់សត្វជើងបួន សត្វលូនវារ និងសត្វហើរលើអាកាសផង ដ្បិតយើងស្តាយដែលបានបង្កើតគេមក»។ ប៉ុន្តែ លោកណូអេ បានប្រកបដោយព្រះគុណនៅចំពោះព្រះយេហូវ៉ា។ នេះជាតំណវង្សរបស់លោកណូអេ។ លោកណូអេជាមនុស្សសុចរិត ហើយគ្រប់លក្ខណ៍នៅជំនាន់របស់លោក លោកបានដើរជាមួយព្រះ។ លោកណូអេបង្កើតបានកូនប្រុសបី គឺសិម ហាំ និងយ៉ាផែត។ គ្រានោះ ផែនដីបានខូចអាក្រក់នៅចំពោះព្រះ ហើយផែនដីមានពេញដោយអំពើឃោរឃៅ។ ព្រះទ្រង់ទតឃើញថា ផែនដីខូចអាក្រក់ ដ្បិតគ្រប់ទាំងសាច់បានបង្ខូចផ្លូវរបស់ខ្លួននៅលើផែនដី។ ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «យើងសម្រេចឲ្យសាច់ទាំងអស់វិនាសផុតពីមុខយើង ដ្បិតផែនដីពេញដោយអំពើឃោរឃៅដោយសារគេ ឥឡូវនេះ យើងនឹងធ្វើឲ្យគេវិនាសទៅជាមួយនឹងផែនដី។ ចូរយកឈើម៉ៃសាក់មកធ្វើជាទូកធំសម្រាប់អ្នក ត្រូវធ្វើបន្ទប់នៅក្នុងទូកនោះ ហើយយកជ័រមកលាប ទាំងក្នុងទាំងក្រៅផង។ អ្នកត្រូវធ្វើយ៉ាងដូច្នេះ គឺបណ្តោយបីរយហត្ថ ទទឹងហាសិបហត្ថ និងកម្ពស់សាមសិបហត្ថ។ ត្រូវធ្វើដំបូលមួយ គ្របពីលើទូក ហើយធ្វើឲ្យមានកម្ពស់មួយហត្ថ ត្រូវឲ្យមានទ្វារនៅពីចំហៀងទូក ត្រូវធ្វើឲ្យមានថ្នាក់ក្រោម ថ្នាក់ទីពីរ និងថ្នាក់ទីបី។ ដ្បិតមើល៍ យើងនឹងធ្វើឲ្យមានទឹកជំនន់លើផែនដី ដើម្បីបំផ្លាញគ្រប់ទាំងសាច់ដែលមានដង្ហើមជីវិតនៅក្រោមមេឃ អ្វីៗទាំងអស់នៅលើផែនដីនឹងត្រូវស្លាប់។ ប៉ុន្ដែ យើងនឹងតាំងសញ្ញារបស់យើងជាមួយអ្នក ហើយអ្នកនឹងចូលទៅក្នុងទូកធំនោះ ជាមួយកូនប្រុសៗ ប្រពន្ធ និងកូនប្រសាស្រីរបស់អ្នក។ ឯអស់ទាំងសាច់ដែលមានជីវិតទាំងឡាយ អ្នកត្រូវនាំយកសត្វមួយគូៗគ្រប់ទាំងពូជ ទាំងឈ្មោលទាំងញី ចូលទៅក្នុងទូក ដើម្បីឲ្យបានរួចជីវិតជាមួយអ្នក។ គឺសត្វហើរតាមពូជ សត្វជើងបួនតាមពូជ ទាំងសត្វលូនវារនៅដីគ្រប់មុខតាមពូជ គ្រប់ទាំងពូជសត្វមួយគូៗនឹងមកឯអ្នក ដើម្បីឲ្យបានរួចជីវិត។ ត្រូវយកអាហារគ្រប់មុខដែលធ្លាប់បរិភោគ ប្រមូលមកទុកជាស្បៀងសម្រាប់អ្នក និងសម្រាប់សត្វទាំងនោះដែរ»។ លោកណូអេក៏ធ្វើដូច្នោះមែន គឺលោកបានធ្វើសព្វគ្រប់ទាំងអស់តាមសេចក្ដីដែលព្រះបានបង្គាប់។
លោកុប្បត្តិ 6:7-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងលុបបំបាត់មនុស្សលោក ដែលយើងបានបង្កើតមក ឲ្យអស់ពីផែនដី គឺចាប់តាំងពីមនុស្សរហូតដល់សត្វស្រុក ចាប់តាំងពីសត្វលូនវារ រហូតដល់សត្វដែលហើរនៅលើមេឃ ដ្បិតយើងស្ដាយដោយបានបង្កើតគេមក»។ ប៉ុន្តែ ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងលោកណូអេ។ នេះជាដំណើររឿងក្រុមគ្រួសាររបស់លោកណូអេ។ លោកណូអេជាមនុស្សសុចរិត ទៀងត្រង់ នៅក្នុងចំណោមអស់អ្នកដែលរស់នៅជំនាន់លោក។ លោកបានដើរតាមមាគ៌ារបស់ព្រះជាម្ចាស់។ លោកណូអេបានបង្កើតកូនប្រុសបីនាក់ ឈ្មោះសិម ហាំ និងយ៉ាផេត។ គ្រានោះ មនុស្សលោកនៅលើផែនដីប្រែជាអាក្រក់ខិលខូចអស់ ហើយពោរពេញដោយអំពើឃោរឃៅទៀតផង។ ព្រះជាម្ចាស់ទតឃើញថាផែនដីអាក្រក់ខូចអស់ ដ្បិតមនុស្សលោកទាំងប៉ុន្មាននៅលើផែនដី សុទ្ធតែមានកិរិយាមារយាទខិលខូចអាក្រក់។ ព្រះជាម្ចាស់ក៏មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «យើងបានសម្រេចចិត្តផ្ដាច់ជីវិតសត្វលោកទាំងអស់ ដ្បិតមនុស្សបានធ្វើឲ្យផែនដីពោរពេញដោយអំពើឃោរឃៅ។ ដូច្នេះ យើងនឹងលុបបំបាត់គេឲ្យវិនាសសូន្យទៅជាមួយផែនដី។ ចូរអ្នកយកស្រឡៅមកធ្វើទូកមួយយ៉ាងធំ ហើយចែកទូកធំនេះជាច្រើនបន្ទប់ ព្រមទាំងយកជ័រមកលាបភ្ជិតទាំងក្នុងទាំងក្រៅផង។ អ្នកត្រូវធ្វើដូចតទៅនេះ: ទូកធំនោះមានបណ្ដោយបីរយហត្ថ ទទឹងហាសិបហត្ថ និងកម្ពស់សាមសិបហត្ថ។ អ្នកត្រូវធ្វើដំបូលមួយដាក់ភ្ជាប់ពីលើទូក កម្ពស់មួយហត្ថ។ ត្រូវដាក់ទ្វារទូកនៅពីខាង ហើយធ្វើទូកនោះជាជាន់ គឺមានជាន់ក្រោម ជាន់ទីពីរ និងជាន់ទីបី។ រីឯយើងវិញ យើងនឹងធ្វើឲ្យទឹកជន់លិចផែនដី ដើម្បីបំផ្លាញសត្វលោកទាំងអស់ ដែលមានដង្ហើមជីវិតនៅក្រោមមេឃ។ អ្វីៗទាំងអស់នៅលើផែនដីនឹងត្រូវវិនាសសូន្យ ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រី*ជាមួយអ្នក អ្នកនឹងចូលទៅក្នុងទូកធំជាមួយកូនប្រុសទាំងបី ប្រពន្ធ និងកូនប្រសាស្រីរបស់អ្នក។ អ្នកក៏ត្រូវនាំយកសត្វមួយគូៗពីបណ្ដាសត្វទាំងអស់ ចូលទៅក្នុងទូកធំ ដើម្បីឲ្យវាបានរួចជីវិតរួមជាមួយអ្នកដែរ គឺត្រូវយកឈ្មោលមួយញីមួយ។ សត្វមួយគូៗ ក្នុងពូជនីមួយៗនឹងនាំគ្នាមករកអ្នក ដើម្បីឲ្យបានរួចជីវិត គឺមានសត្វស្លាប សត្វស្រុក សត្វលូនវារនៅលើដី។ អ្នកក៏ត្រូវយកគ្រឿងបរិភោគទាំងប៉ុន្មាន ទុកជាស្បៀងអាហារសម្រាប់បរិភោគ និងទុកជាចំណីសម្រាប់សត្វដែរ»។ លោកណូអេក៏ធ្វើដូច្នោះមែន គឺលោកធ្វើសព្វគ្រប់ទាំងអស់ ដូចព្រះជាម្ចាស់បានបង្គាប់។
លោកុប្បត្តិ 6:7-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងលុបមនុស្សដែលអញបានបង្កើតមកឲ្យសូន្យបាត់ពីផែនដីចេញ ចាប់តាំងពីមនុស្សរហូតដល់សត្វជើង៤ សត្វលូនវារ នឹងសត្វហើរលើអាកាសផង ដ្បិតអញស្តាយដែលអញបានបង្កើតគេមក ប៉ុន្តែ ណូអេបានប្រកបដោយព្រះគុណនៅចំពោះព្រះយេហូវ៉ាវិញ។ នេះជាពង្សាវតាររបស់ណូអេ គាត់ជាអ្នកសុចរិត ហើយគ្រប់លក្ខណ៍នៅក្នុងដំណវង្សខ្លួន គាត់ក៏ដើរជាមួយនឹងព្រះ ហើយបង្កើតបានកូនប្រុស៣ គឺសិម១ ហាំ១ នឹងយ៉ាផែត១ ឯផែនដី នោះបានខូចអាក្រក់នៅចំពោះព្រះ ក៏មានពេញជាសេចក្ដីកាចសហ័សផង ហើយព្រះទ្រង់ទតមើលផែនដី ឃើញថាខូចអាក្រក់ដូច្នេះ ដ្បិតគ្រប់ទាំងសាច់បានបង្ខូចផ្លូវខ្លួននៅផែនដីទៅហើយ។ ព្រះទ្រង់មានបន្ទូលទៅណូអេថា អស់ទាំងសាច់ត្រូវផុតពីមុខអញហើយ ដ្បិតផែនដីបានពេញជាសេចក្ដីកាចសហ័សដោយសារគេ មើល អញនឹងបំផ្លាញគេទៅជាមួយនឹងផែនដីផង ចូរឯងយកឈើម៉ៃសាក់ធ្វើជាទូកធំសំរាប់ឯង ត្រូវឲ្យធ្វើបន្ទប់នៅក្នុងទូកនោះ ហើយពរជ័រទាំងខាងក្នុងខាងក្រៅ ត្រូវឲ្យឯងធ្វើយ៉ាងដូច្នេះ គឺបណ្តោយ៣០០ហត្ថ ទទឹង៥០ហត្ថ ហើយកំពស់៣០ហត្ថ ត្រូវធ្វើបង្អួចក្នុងទូកចុះពីលើ១ហត្ថ ហើយត្រូវឲ្យមានទ្វារនៅពីខាងចំហៀង ត្រូវធ្វើឲ្យមានថ្នាក់ក្រោម ថ្នាក់ទី២ នឹងថ្នាក់ទី៣ នោះអញ មើល គឺអញនេះហើយនឹងធ្វើឲ្យមានជំនន់លើផែនដី ដើម្បីនឹងបំផ្លាញគ្រប់ទាំងសាច់ដែលមានដង្ហើមជីវិតពីក្រោមមេឃចេញ គ្រប់ទាំងអស់នៅផែនដីនឹងត្រូវស្លាប់បង់ តែអញនឹងតាំងសេចក្ដីសញ្ញាអញចំពោះឯង ហើយឯងនឹងចូលទៅក្នុងទូកធំនោះ ព្រមទាំងប្រពន្ធកូន នឹងកូនប្រសាឯងជាមួយនឹងឯងដែរ ឯត្រង់អស់ទាំងសាច់ដែលមានជីវិតទាំងឡាយ នោះចូរឲ្យឯងនាំយក១គូៗ ទាំងឈ្មោលទាំងញីគ្រប់តែពូជចូលទៅក្នុងទូក ឲ្យបានរួចជីវិតជាមួយនឹងឯងផង គឺសត្វហើរតាមពូជ សត្វជើង៤តាមពូជ ទាំងសត្វលូនវារនៅដីគ្រប់មុខតាមពូជផង គ្រប់ទាំងពូជសត្វនឹងមកឯឯង១គូៗឲ្យបានរួចជីវិត ត្រូវឲ្យឯងយកអាហារគ្រប់មុខដែលធ្លាប់បរិភោគ ប្រមូលមកទុកជាស្បៀងសំរាប់ឯង នឹងសត្វទាំងនោះ ណូអេក៏ធ្វើដូច្នោះ តាមគ្រប់ទាំងសេចក្ដីដែលព្រះបានបង្គាប់ គាត់ធ្វើការនោះសំរេចទាំងអស់។