លោកុប្បត្តិ 6:17-21

លោកុប្បត្តិ 6:17-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​មើល៍ យើង​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​លើ​ផែន‌ដី ដើម្បី​បំផ្លាញ​គ្រប់​ទាំង​សាច់​ដែល​មាន​ដង្ហើម​ជីវិត​នៅ​ក្រោម​មេឃ អ្វីៗ​ទាំង​អស់​នៅ​លើ​ផែន‌ដី​នឹង​ត្រូវ​ស្លាប់។ ប៉ុន្ដែ យើង​នឹង​តាំង​សញ្ញា​របស់​យើង​ជា‌មួយ​អ្នក ហើយ​អ្នក​នឹង​ចូល​ទៅ​ក្នុង​ទូក​ធំ​នោះ ជា‌មួយ​កូន​ប្រុសៗ ប្រពន្ធ និង​កូន​ប្រសា​ស្រី​របស់​អ្នក។ ឯ​អស់​ទាំង​សាច់​ដែល​មាន​ជីវិត​ទាំង​ឡាយ អ្នក​ត្រូវ​នាំ​យក​សត្វ​មួយ​គូៗ​គ្រប់​ទាំង​ពូជ ទាំង​ឈ្មោល​ទាំង​ញី ចូល​ទៅ​ក្នុង​ទូក ដើម្បី​ឲ្យ​បាន​រួច​ជីវិត​ជា‌មួយ​អ្នក។ គឺ​សត្វ​ហើរ​តាម​ពូជ សត្វ​ជើង​បួន​តាម​ពូជ ទាំង​សត្វ​លូន​វារ​នៅ​ដី​គ្រប់​មុខ​តាម​ពូជ គ្រប់​ទាំង​ពូជ​សត្វ​មួយ​គូៗ​នឹង​មក​ឯ​អ្នក ដើម្បី​ឲ្យ​បាន​រួច​ជីវិត។ ត្រូវ​យក​អាហារ​គ្រប់​មុខ​ដែល​ធ្លាប់​បរិ‌ភោគ ប្រមូល​មក​ទុក​ជា​ស្បៀង​សម្រាប់​អ្នក និង​សម្រាប់​សត្វ​ទាំង​នោះ​ដែរ»។

លោកុប្បត្តិ 6:17-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ផែនដី ដើម្បី​បំផ្លាញ​សត្វ​លោក​ទាំង​អស់ ដែល​មាន​ដង្ហើម​ជីវិត​នៅ​ក្រោម​មេឃ។ អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ត្រូវ​វិនាស​សូន្យ ប៉ុន្តែ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី*​ជា​មួយ​អ្នក អ្នក​នឹង​ចូល​ទៅ​ក្នុង​ទូក​ធំ​ជា​មួយ​កូន​ប្រុស​ទាំង​បី ប្រពន្ធ និង​កូន​ប្រសា​ស្រី​របស់​អ្នក។ អ្នក​ក៏​ត្រូវ​នាំ​យក​សត្វ​មួយ​គូៗ​ពី​បណ្ដា​សត្វ​ទាំង​អស់ ចូល​ទៅ​ក្នុង​ទូក​ធំ ដើម្បី​ឲ្យ​វា​បាន​រួច​ជីវិត​រួម​ជា​មួយ​អ្នក​ដែរ គឺ​ត្រូវ​យក​ឈ្មោល​មួយ​ញី​មួយ។ សត្វ​មួយ​គូៗ ក្នុង​ពូជ​នីមួយៗ​នឹង​នាំ​គ្នា​មក​រក​អ្នក ដើម្បី​ឲ្យ​បាន​រួច​ជីវិត គឺ​មាន​សត្វ​ស្លាប សត្វ​ស្រុក សត្វ​លូន​វារ​នៅ​លើ​ដី។ អ្នក​ក៏​ត្រូវ​យក​គ្រឿង​បរិភោគ​ទាំង​ប៉ុន្មាន ទុក​ជា​ស្បៀង​អាហារ​សម្រាប់​បរិភោគ និង​ទុក​ជា​ចំណី​សម្រាប់​សត្វ​ដែរ»។

លោកុប្បត្តិ 6:17-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​អញ មើល គឺ​អញ​នេះ​ហើយ​នឹង​ធ្វើ​ឲ្យ​មាន​ជំនន់​លើ​ផែនដី ដើម្បី​នឹង​បំផ្លាញ​គ្រប់​ទាំង​សាច់​ដែល​មាន​ដង្ហើម​ជីវិត​ពី​ក្រោម​មេឃ​ចេញ គ្រប់​ទាំង​អស់​នៅ​ផែនដី​នឹង​ត្រូវ​ស្លាប់​បង់ តែ​អញ​នឹង​តាំង​សេចក្ដី​សញ្ញា​អញ​ចំពោះ​ឯង ហើយ​ឯង​នឹង​ចូល​ទៅ​ក្នុង​ទូក​ធំ​នោះ ព្រម​ទាំង​ប្រពន្ធ​កូន នឹង​កូន​ប្រសា​ឯង​ជា​មួយ​នឹង​ឯង​ដែរ ឯ​ត្រង់​អស់​ទាំង​សាច់​ដែល​មាន​ជីវិត​ទាំង‌ឡាយ នោះ​ចូរ​ឲ្យ​ឯង​នាំ​យក​១​គូៗ ទាំង​ឈ្មោល​ទាំង​ញី​គ្រប់​តែ​ពូជ​ចូល​ទៅ​ក្នុង​ទូក ឲ្យ​បាន​រួច​ជីវិត​ជា​មួយ​នឹង​ឯង​ផង គឺ​សត្វ​ហើរ​តាម​ពូជ សត្វ​ជើង​៤​តាម​ពូជ ទាំង​សត្វ​លូន​វារ​នៅ​ដី​គ្រប់​មុខ​តាម​ពូជ​ផង គ្រប់​ទាំង​ពូជ​សត្វ​នឹង​មក​ឯ​ឯង​១​គូៗ​ឲ្យ​បាន​រួច​ជីវិត ត្រូវ​ឲ្យ​ឯង​យក​អាហារ​គ្រប់​មុខ​ដែល​ធ្លាប់​បរិភោគ ប្រមូល​មក​ទុក​ជា​ស្បៀង​សំរាប់​ឯង នឹង​សត្វ​ទាំង​នោះ