លោកុប្បត្តិ 6:1-8

លោកុប្បត្តិ 6:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​មនុស្ស​ចាប់​ផ្តើម​មាន​គ្នា​ច្រើន​ឡើង​នៅ​លើ​ផែន‌ដី ហើយ​គេ​បង្កើត​បាន​កូន​ស្រីៗ នោះ​កូន​ប្រុសៗ​របស់​ព្រះ ឃើញ​ថា កូន​ស្រីៗ​របស់​មនុស្ស​ស្រស់​ល្អ គេ​ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​រប​ស់​គេ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «វិញ្ញាណ​របស់​យើង​នឹង​មិន​នៅ​ក្នុង​មនុស្ស​ជា​រៀង​រហូត​ឡើយ ដ្បិត​គេ​ជា​សាច់​ឈាម អាយុ​របស់​គេ​នឹង​បាន​ត្រឹម​តែ​មួយ​រយ​ម្ភៃ​ឆ្នាំ​ប៉ុណ្ណោះ»។ នៅ​សម័យ​នោះ មាន​មនុស្ស​មាឌ​ធំ​សម្បើម​នៅ​លើ​ផែន‌ដី ហើយ​ក្រោយ​មកក៏​នៅ​តែ​មាន​ដែរ កាល​កូន​ប្រុស​ៗ​របស់​ព្រះ​បានចូល​ទៅ​ឯ​កូន​ស្រី​ៗ​របស់​មនុស្ស នាង​ទាំង​នោះ​ក៏​បាន​បង្កើត​កូន​ឲ្យពួក​គេ។ អ្នក​ទាំង​នោះ​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​រស់​នៅ​កាល​ពី​សម័យ​បុរាណ ជា​មនុស្ស​មាន​ឈ្មោះ​ល្បី។ ព្រះ‌យេហូវ៉ា​ទត​ឃើញ​ថា អំពើ​អាក្រក់​របស់​មនុស្ស​បាន​ចម្រើន​ជា​ច្រើន​ឡើង​នៅ​ផែន‌ដី ហើយ​ថា អស់​ទាំង​គំនិត​ក្នុង​ចិត្ត​របស់​គេ​ចេះ​តែ​អាក្រក់​ជានិច្ច​ដូច្នោះ ព្រះ‌យេហូវ៉ា​ស្តាយ​ដោយ​បាន​បង្កើត​មនុស្ស​មក​នៅ​លើ​ផែន‌ដី ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​លុប​បំបាត់​មនុស្ស​ដែល​យើង​បាន​បង្កើត​មក ឲ្យ​អស់​ពី​ផែន‌ដី ចាប់​តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ​ជើង​បួន សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស​ផង ដ្បិត​យើង​ស្តាយ​ដែល​បាន​បង្កើត​គេ​មក»។ ប៉ុន្តែ លោក​ណូអេ បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

លោកុប្បត្តិ 6:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មនុស្ស​លោក​ចាប់​ផ្ដើម​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ពាស‌ពេញ​លើ​ផែនដី ហើយ​គេ​ក៏​បង្កើត​កូន​ស្រីៗ។ កូន​ប្រុសៗ​របស់​ព្រះ‌ជាម្ចាស់​ឃើញ​ថា​កូន​ស្រីៗ​របស់​មនុស្ស​មាន​រូប​ឆោម​ល្អ​ស្អាត គេ​ក៏​នាំ​គ្នា​ជ្រើស‌រើស​ប្រពន្ធ​ពី​ចំណោម​ស្ត្រីៗ​ទាំង​នោះ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «វិញ្ញាណ​របស់​យើង​នឹង​មិន​នៅ​ក្នុង​មនុស្ស​ជា​រៀង​រហូត​ឡើយ ដ្បិត​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍ ដូច្នេះ អាយុ​ជីវិត​គេ​នឹង​ត្រូវ​កម្រិត​មក​នៅ​ត្រឹម​តែ​មួយ​រយ​ម្ភៃ​ឆ្នាំ​ប៉ុណ្ណោះ»។ សម័យ​នោះ មាន​មនុស្ស​មាឌ​ធំៗ​រស់​នៅ​លើ​ផែនដី ហើយ​ក្រោយ​មក​ក៏​នៅ​តែ​មាន​ដែរ។ អ្នក​ទាំង​នោះ​កើត​នៅ​ជំនាន់​ដែល​កូន​ប្រុសៗ​របស់​ព្រះ‌ជាម្ចាស់ នាំ​គ្នា​មក​យក​កូន​ស្រីៗ​របស់​មនុស្ស​ធ្វើ​ជា​ប្រពន្ធ គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​ជា​វីរ‌ជន​ដ៏​មាន​ឈ្មោះ​ល្បី​នៅ​សម័យ​បុរាណ។ ព្រះ‌អម្ចាស់​ទត​ឃើញ​ថា មនុស្ស​លោក​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ នៅ​លើ​ផែនដី ហើយ​ពី​ព្រឹក​ដល់​ល្ងាច ចិត្ត​របស់​គេ​ចេះ​តែ​លម្អៀង​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់។ ព្រះ‌អម្ចាស់​នឹក​ស្ដាយ​ដោយ​បាន​បង្កើត​មនុស្ស​មក​លើ​ផែនដី​នេះ ហើយ​ព្រះអង្គ​ព្រួយ​ព្រះ‌ហឫទ័យ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​លុប​បំបាត់​មនុស្ស​លោក ដែល​យើង​បាន​បង្កើត​មក ឲ្យ​អស់​ពី​ផែនដី គឺ​ចាប់​តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ​ស្រុក ចាប់​តាំង​ពី​សត្វ​លូន​វារ រហូត​ដល់​សត្វ​ដែល​ហើរ​នៅ​លើ​មេឃ ដ្បិត​យើង​ស្ដាយ​ដោយ​បាន​បង្កើត​គេ​មក»។ ប៉ុន្តែ ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​ណូអេ។

លោកុប្បត្តិ 6:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ពួក​មនុស្ស​ចាប់​តាំង​មាន​គ្នា​ច្រើន​នៅ​លើ​ផែនដី​ឡើង ហើយ​បង្កើត​បាន​កូន​ស្រីៗ នោះ​ពួក​កូន​ប្រុស​របស់​ព្រះ គេ​ឃើញ​កូន​ស្រី​របស់​មនុស្ស​ថា​ជា​ស្រស់​ល្អ ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​គេ​ទៅ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា វិញ្ញាណ​អញ​នឹង​មិន​តវ៉ា​នឹង​មនុស្ស​ជា​ដរាប​ទេ ពី​ព្រោះ​គេ​ជា​សាច់​ឈាម​ប៉ុណ្ណោះ អាយុ​គេ​នឹង​បាន​ត្រឹម​តែ​១២០​ឆ្នាំ​វិញ នៅ​ជំនាន់​នោះ មាន​មនុស្ស​រូប​ធំ​សំបើម​នៅ​ផែនដី ក្រោយ​នោះ​មក កាល​ពួក​កូន​ប្រុស​របស់​ព្រះ​បាន​ចូល​ទៅ​ឯ​កូន​ស្រី​របស់​មនុស្ស ហើយ​នាង​ទាំង​នោះ​បាន​បង្កើត​កូន​ឲ្យ​គេ នោះ​បាន​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​រស់​នៅ​កាល​ពី​ដើម ជា​មនុស្ស​មាន​ល្បី​ឈ្មោះ។ ព្រះ‌យេហូវ៉ា​ទ្រង់​ឃើញ​ថា ការ​អាក្រក់​របស់​មនុស្ស​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ផែនដី ហើយ​អស់​ទាំង​គំនិត​ក្នុង​ចិត្ត​គេ​ក៏​សុទ្ធ​តែ​អាក្រក់​ជានិច្ច​ដូច្នោះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ស្តាយ ដោយ​បាន​បង្កើត​មនុស្ស​មក​នៅ​លើ​ផែនដី ហើយ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ព្រួយ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​លុប​មនុស្ស​ដែល​អញ​បាន​បង្កើត​មក​ឲ្យ​សូន្យ​បាត់​ពី​ផែនដី​ចេញ ចាប់​តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ​ជើង​៤ សត្វ​លូន​វារ នឹង​សត្វ​ហើរ​លើ​អាកាស​ផង ដ្បិត​អញ​ស្តាយ​ដែល​អញ​បាន​បង្កើត​គេ​មក ប៉ុន្តែ ណូអេបាន​ប្រកប​ដោយ​ព្រះ‌គុណ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​វិញ។