លោកុប្បត្តិ 6:1-13 - Compare All Versions
លោកុប្បត្តិ 6:1-13 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
កាលមនុស្សចាប់ផ្តើមមានគ្នាច្រើនឡើងនៅលើផែនដី ហើយគេបង្កើតបានកូនស្រីៗ នោះកូនប្រុសៗរបស់ព្រះ ឃើញថា កូនស្រីៗរបស់មនុស្សស្រស់ល្អ គេក៏យកធ្វើជាប្រពន្ធតាមតែចិត្តរបស់គេ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «វិញ្ញាណរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេជាសាច់ឈាម អាយុរបស់គេនឹងបានត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។ នៅសម័យនោះ មានមនុស្សមាឌធំសម្បើមនៅលើផែនដី ហើយក្រោយមកក៏នៅតែមានដែរ កាលកូនប្រុសៗរបស់ព្រះបានចូលទៅឯកូនស្រីៗរបស់មនុស្ស នាងទាំងនោះក៏បានបង្កើតកូនឲ្យពួកគេ។ អ្នកទាំងនោះជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីសម័យបុរាណ ជាមនុស្សមានឈ្មោះល្បី។ ព្រះយេហូវ៉ាទតឃើញថា អំពើអាក្រក់របស់មនុស្សបានចម្រើនជាច្រើនឡើងនៅផែនដី ហើយថា អស់ទាំងគំនិតក្នុងចិត្តរបស់គេចេះតែអាក្រក់ជានិច្ចដូច្នោះ ព្រះយេហូវ៉ាស្តាយដោយបានបង្កើតមនុស្សមកនៅលើផែនដី ហើយព្រះអង្គមានព្រះហឫទ័យព្រួយ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងលុបបំបាត់មនុស្សដែលយើងបានបង្កើតមក ឲ្យអស់ពីផែនដី ចាប់តាំងពីមនុស្សរហូតដល់សត្វជើងបួន សត្វលូនវារ និងសត្វហើរលើអាកាសផង ដ្បិតយើងស្តាយដែលបានបង្កើតគេមក»។ ប៉ុន្តែ លោកណូអេ បានប្រកបដោយព្រះគុណនៅចំពោះព្រះយេហូវ៉ា។ នេះជាតំណវង្សរបស់លោកណូអេ។ លោកណូអេជាមនុស្សសុចរិត ហើយគ្រប់លក្ខណ៍នៅជំនាន់របស់លោក លោកបានដើរជាមួយព្រះ។ លោកណូអេបង្កើតបានកូនប្រុសបី គឺសិម ហាំ និងយ៉ាផែត។ គ្រានោះ ផែនដីបានខូចអាក្រក់នៅចំពោះព្រះ ហើយផែនដីមានពេញដោយអំពើឃោរឃៅ។ ព្រះទ្រង់ទតឃើញថា ផែនដីខូចអាក្រក់ ដ្បិតគ្រប់ទាំងសាច់បានបង្ខូចផ្លូវរបស់ខ្លួននៅលើផែនដី។ ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «យើងសម្រេចឲ្យសាច់ទាំងអស់វិនាសផុតពីមុខយើង ដ្បិតផែនដីពេញដោយអំពើឃោរឃៅដោយសារគេ ឥឡូវនេះ យើងនឹងធ្វើឲ្យគេវិនាសទៅជាមួយនឹងផែនដី។
លោកុប្បត្តិ 6:1-13 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
មនុស្សលោកចាប់ផ្ដើមកើនចំនួនកាន់តែច្រើនឡើងពាសពេញលើផែនដី ហើយគេក៏បង្កើតកូនស្រីៗ។ កូនប្រុសៗរបស់ព្រះជាម្ចាស់ឃើញថាកូនស្រីៗរបស់មនុស្សមានរូបឆោមល្អស្អាត គេក៏នាំគ្នាជ្រើសរើសប្រពន្ធពីចំណោមស្ត្រីៗទាំងនោះ។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «វិញ្ញាណរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេគ្រាន់តែជាមនុស្សលោកីយ៍ ដូច្នេះ អាយុជីវិតគេនឹងត្រូវកម្រិតមកនៅត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។ សម័យនោះ មានមនុស្សមាឌធំៗរស់នៅលើផែនដី ហើយក្រោយមកក៏នៅតែមានដែរ។ អ្នកទាំងនោះកើតនៅជំនាន់ដែលកូនប្រុសៗរបស់ព្រះជាម្ចាស់ នាំគ្នាមកយកកូនស្រីៗរបស់មនុស្សធ្វើជាប្រពន្ធ គឺអ្នកទាំងនោះហើយដែលជាវីរជនដ៏មានឈ្មោះល្បីនៅសម័យបុរាណ។ ព្រះអម្ចាស់ទតឃើញថា មនុស្សលោកនាំគ្នាប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ នៅលើផែនដី ហើយពីព្រឹកដល់ល្ងាច ចិត្តរបស់គេចេះតែលម្អៀងទៅប្រព្រឹត្តអំពើអាក្រក់។ ព្រះអម្ចាស់នឹកស្ដាយដោយបានបង្កើតមនុស្សមកលើផែនដីនេះ ហើយព្រះអង្គព្រួយព្រះហឫទ័យ។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងលុបបំបាត់មនុស្សលោក ដែលយើងបានបង្កើតមក ឲ្យអស់ពីផែនដី គឺចាប់តាំងពីមនុស្សរហូតដល់សត្វស្រុក ចាប់តាំងពីសត្វលូនវារ រហូតដល់សត្វដែលហើរនៅលើមេឃ ដ្បិតយើងស្ដាយដោយបានបង្កើតគេមក»។ ប៉ុន្តែ ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងលោកណូអេ។ នេះជាដំណើររឿងក្រុមគ្រួសាររបស់លោកណូអេ។ លោកណូអេជាមនុស្សសុចរិត ទៀងត្រង់ នៅក្នុងចំណោមអស់អ្នកដែលរស់នៅជំនាន់លោក។ លោកបានដើរតាមមាគ៌ារបស់ព្រះជាម្ចាស់។ លោកណូអេបានបង្កើតកូនប្រុសបីនាក់ ឈ្មោះសិម ហាំ និងយ៉ាផេត។ គ្រានោះ មនុស្សលោកនៅលើផែនដីប្រែជាអាក្រក់ខិលខូចអស់ ហើយពោរពេញដោយអំពើឃោរឃៅទៀតផង។ ព្រះជាម្ចាស់ទតឃើញថាផែនដីអាក្រក់ខូចអស់ ដ្បិតមនុស្សលោកទាំងប៉ុន្មាននៅលើផែនដី សុទ្ធតែមានកិរិយាមារយាទខិលខូចអាក្រក់។ ព្រះជាម្ចាស់ក៏មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «យើងបានសម្រេចចិត្តផ្ដាច់ជីវិតសត្វលោកទាំងអស់ ដ្បិតមនុស្សបានធ្វើឲ្យផែនដីពោរពេញដោយអំពើឃោរឃៅ។ ដូច្នេះ យើងនឹងលុបបំបាត់គេឲ្យវិនាសសូន្យទៅជាមួយផែនដី។
លោកុប្បត្តិ 6:1-13 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
កាលពួកមនុស្សចាប់តាំងមានគ្នាច្រើននៅលើផែនដីឡើង ហើយបង្កើតបានកូនស្រីៗ នោះពួកកូនប្រុសរបស់ព្រះ គេឃើញកូនស្រីរបស់មនុស្សថាជាស្រស់ល្អ ក៏យកធ្វើជាប្រពន្ធតាមតែចិត្តគេទៅ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា វិញ្ញាណអញនឹងមិនតវ៉ានឹងមនុស្សជាដរាបទេ ពីព្រោះគេជាសាច់ឈាមប៉ុណ្ណោះ អាយុគេនឹងបានត្រឹមតែ១២០ឆ្នាំវិញ នៅជំនាន់នោះ មានមនុស្សរូបធំសំបើមនៅផែនដី ក្រោយនោះមក កាលពួកកូនប្រុសរបស់ព្រះបានចូលទៅឯកូនស្រីរបស់មនុស្ស ហើយនាងទាំងនោះបានបង្កើតកូនឲ្យគេ នោះបានជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីដើម ជាមនុស្សមានល្បីឈ្មោះ។ ព្រះយេហូវ៉ាទ្រង់ឃើញថា ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះ នោះព្រះយេហូវ៉ាទ្រង់ស្តាយ ដោយបានបង្កើតមនុស្សមកនៅលើផែនដី ហើយទ្រង់មានព្រះហឫទ័យព្រួយ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងលុបមនុស្សដែលអញបានបង្កើតមកឲ្យសូន្យបាត់ពីផែនដីចេញ ចាប់តាំងពីមនុស្សរហូតដល់សត្វជើង៤ សត្វលូនវារ នឹងសត្វហើរលើអាកាសផង ដ្បិតអញស្តាយដែលអញបានបង្កើតគេមក ប៉ុន្តែ ណូអេបានប្រកបដោយព្រះគុណនៅចំពោះព្រះយេហូវ៉ាវិញ។ នេះជាពង្សាវតាររបស់ណូអេ គាត់ជាអ្នកសុចរិត ហើយគ្រប់លក្ខណ៍នៅក្នុងដំណវង្សខ្លួន គាត់ក៏ដើរជាមួយនឹងព្រះ ហើយបង្កើតបានកូនប្រុស៣ គឺសិម១ ហាំ១ នឹងយ៉ាផែត១ ឯផែនដី នោះបានខូចអាក្រក់នៅចំពោះព្រះ ក៏មានពេញជាសេចក្ដីកាចសហ័សផង ហើយព្រះទ្រង់ទតមើលផែនដី ឃើញថាខូចអាក្រក់ដូច្នេះ ដ្បិតគ្រប់ទាំងសាច់បានបង្ខូចផ្លូវខ្លួននៅផែនដីទៅហើយ។ ព្រះទ្រង់មានបន្ទូលទៅណូអេថា អស់ទាំងសាច់ត្រូវផុតពីមុខអញហើយ ដ្បិតផែនដីបានពេញជាសេចក្ដីកាចសហ័សដោយសារគេ មើល អញនឹងបំផ្លាញគេទៅជាមួយនឹងផែនដីផង