លោកុប្បត្តិ 50:17-20

លោកុប្បត្តិ 50:17-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

"ចូរប្រាប់​យ៉ូសែប​ថា សូម​អត់​ទោស​អំពើ​រំលង និង​អំពើ​បាបឲ្យ​បងៗ​របស់​កូន​ផង ដ្បិត​គេ​បាន​ប្រព្រឹត្ត​អាក្រក់​ចំពោះ​ប្អូន​មែន" ដូច្នេះ សូម​អត់​ទោស​ឲ្យ​ពួក​អ្នក​បម្រើ​ព្រះ​របស់​ឪពុក​ប្អូន​ផង​ទៅ»។ កាល​លោក​យ៉ូសែប​ឮ​គេ​និយាយ លោក​ក៏​យំ។ ពេល​នោះ បងៗ​របស់​លោក​ក៏​ចូល​មក ហើយ​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​លោក ហើយពោល​ថា៖ «មើល៍! យើងខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក​ប្អូន​ហើយ»។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​តើ​ខ្ញុំ​ជា​ព្រះ​ឬ? បងៗ​មាន​បំណង​ធ្វើ​បាប​ខ្ញុំ តែ​ព្រះ‌ទ្រង់​ធ្វើ​ឲ្យ​ការ​នោះ​ប្រែ​ទៅ​ជា​ល្អ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន ដូចជា​បាន​កើត​មាន​សព្វ‌ថ្ងៃ​នេះ។

លោកុប្បត្តិ 50:17-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​កូនៗ​ប្រាប់​យ៉ូសែប​ថា “កូន​អើយ ចូរ​អត់‌ទោស​ឲ្យ​បងៗ​របស់​កូន ចំពោះ​អំពើ​អាក្រក់ និង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ផង។ បងៗ​បាន​ធ្វើ​បាប​កូន​យ៉ាង​ខ្លាំង​មែន តែ​ឥឡូវ​នេះ សូម​កូន​មេត្តា​អត់‌ទោស​ឲ្យ​គេ ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ ដែល​ពុក​គោរព​នោះ​ផង​ទៅ!”»។ លោក​យ៉ូសែប​ឮ​ដូច្នេះ លោក​ក៏​យំ។ បងៗ​របស់​លោក​នាំ​គ្នា​មក​ជួប​លោក​ផ្ទាល់ ពួក​គេ​ក្រាប​នៅ​ទៀប​ជើង​លោក ហើយ​ពោល​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​លោក​ប្អូន»។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «សូម​កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ ប្អូន​មិន​វិនិច្ឆ័យ​ជំនួស​ព្រះ‌ជាម្ចាស់​ទេ! បងៗ​បាន​ឃុប​ឃិត​គ្នា​ធ្វើ​បាប​ខ្ញុំ តែ​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ការ​នោះ ប្រែ​ទៅ​ជា​ល្អ ដូច​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់ គឺ​ព្រះអង្គ​បាន​សង្គ្រោះ​ជីវិត​ប្រជា‌ជន​មួយ​ដ៏​ធំ។

លោកុប្បត្តិ 50:17-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ឯង​រាល់​គ្នា​និយាយ​នឹង​យ៉ូសែប​ដូច្នេះ​ថា សូម​អត់​ទោស​សេចក្ដី​រំលង​នឹង​អំពើ​បាប​របស់​ពួក​បង​ឥឡូវ ដ្បិត​គេ​បាន​ប្រព្រឹត្ត​អាក្រក់​នឹង​ប្អូន​ទៅ​ហើយ ដូច្នេះ សូម​អត់​ទោស​ពួក​អ្នក​បំរើ​របស់​ព្រះ​នៃ​ឪពុក​ប្អូន​ឥឡូវ កាល​យ៉ូសែប​បាន​ឮ​សេចក្ដី​ដែល​គេ​និយាយ នោះ​ក៏​យំ ហើយ​ពួក​បង​គាត់​ក៏​ទៅ​ទំលាក់​ខ្លួន​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​គាត់​ដែរ ដោយ​ពាក្យ​ថា មើល យើង​ខ្ញុំ​ជា​អ្នក​បំរើ​ប្អូន នោះ​យ៉ូសែប​ឆ្លើយ​តប​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​តើ​ខ្ញុំ​ជា​ព្រះ​ឬ​អី អ្នក​រាល់​គ្នា​បាន​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ តែ​ព្រះ‌ទ្រង់​សំរេច​ជា​ការ​ល្អ​វិញ ដើម្បី​នឹង​សង្គ្រោះ​ដល់​ជីវិត​នៃ​មនុស្ស​ជា​ច្រើន ដូច​ជា​បាន​កើត​មាន​សព្វ​ថ្ងៃ​នេះ