លោកុប្បត្តិ 5:1-24

លោកុប្បត្តិ 5:1-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​បញ្ជី​ពង្សាវ‌តារ​របស់​លោក​អ័ដាម នៅ​ថ្ងៃ​ដែល​ព្រះ​បាន​បង្កើត​មនុស្ស ព្រះ‌អង្គ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ។ ព្រះ‌អង្គ​បាន​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី រួច​ប្រទាន​ពរ​គេ ព្រម​ទាំង​ហៅ​គេ​ថា "មនុស្ស" នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​បង្កើត​គេ​មក​នោះ។ ពេល​លោក​អ័ដាម​មាន​អាយុ​មួយ​រយ​សាម​សិប​ឆ្នាំ លោក​បង្កើត​បាន​កូន​ប្រុស​មួយ​មាន​លក្ខណៈ​ដូច​លោក តាម​រូប​ភាព​របស់​លោក ហើយ​ដាក់​ឈ្មោះ​ថា "សេត"។ ក្រោយ​ពី​លោក​អ័ដាម​បាន​បង្កើត​សេត​មក លោក​រស់​នៅ​បាន​ប្រាំបី​រយ​ឆ្នាំ​ទៀត ហើយ​លោក​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ លោក​អ័ដាម​រស់​នៅ​បាន​អាយុ​ប្រាំ​បួន​រយ​សាម​សិប​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ។ ពេល​សេត​មាន​អាយុ​មួយ​រយ​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​អេណុស ក្រោយ​ពី​បាន​បង្កើត​អេណុស​មក លោក​រស់​នៅ​បាន​ប្រាំបី​រយ​ប្រាំពីរ​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ អាយុ​របស់​សេត​ទាំង​អស់​បាន​ប្រាំ​បួន​រយ​ដប់​ពីរ​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ។ ពេល​អេណុស​មាន​អាយុ​កៅសិប​ឆ្នាំ លោក​បង្កើត​បាន​កៃណាន។ ក្រោយ​ពី​បាន​បង្កើត​កៃណាន​មក លោក​រស់​នៅ​បាន​ប្រាំបី​រយ​ដប់​ប្រាំ​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ អាយុ​របស់​អេណុស​ទាំង​អស់បាន​ប្រាំបួន​រយ​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ។ ពេល​កៃណាន​មាន​អាយុ​ចិត​សិប​ឆ្នាំ លោក​បង្កើត​បាន​ម៉ាលេ‌លាល។ ក្រោយ​ពី​បាន​បង្កើត​ម៉ាលេ‌លាល​មក លោក​រស់​នៅ​បាន​ប្រាំបី​រយ​សែសិប​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ អាយុ​របស់​កៃណាន​ទាំង​អស់​បាន ប្រាំបួន​រយ​ដប់​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ។ ពេល​ម៉ាលេ‌លាល​មាន​អាយុ​ហុកសិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​យ៉ារេឌ ក្រោយ​ពី​បាន​បង្កើត​យ៉ារេឌ​មក លោក​រស់​នៅ​បាន​ប្រាំបី​រយ​សាមសិប​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ អាយុ​របស់​ម៉ាលេ‌លាល​ទាំង​អស់​បាន​ប្រាំបី​រយ​កៅ​សិប​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ។ ពេល​យ៉ារេឌ​មាន​អាយុ​មួយរយ​ហុកសិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​ហេណុក។ ក្រោយ​ពី​បាន​បង្កើត​ហេណុក​មក យ៉ារេឌ​រស់​នៅ​បាន​ប្រាំបី​រយ​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ អាយុ​របស់​យ៉ារេឌ​ទាំង​អស់​បាន​ប្រាំបួន​រយ​ហុក​សិបពីរ​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ។ ពេល​ហេណុក​មាន​អាយុ​ហុក​សិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​មធូ‌សាឡា។ ក្រោយ​ពី​បាន​បង្កើត​មធូ‌សាឡា​មក លោក​ហេណុក​បាន​ដើរ​ជា‌មួយ​ព្រះ​អស់​បី​រយ​ឆ្នាំ ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន​ទៀត។ អាយុ​រប​ស់​ហេណុក​ទាំង​អស់​បាន​បី​រយ​ហុក​សិប​ប្រាំ​ឆ្នាំ។ ហេណុក​បាន​ដើរ​ជា‌មួយ​ព្រះ រួច​លោក​មិន​នៅ​ទៀត​ទេ ដ្បិត​ព្រះ‌ទ្រង់​បាន​យក​គាត់​ទៅ។

លោកុប្បត្តិ 5:1-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​លោក​អដាំ: នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​បង្កើត​មនុស្ស ព្រះអង្គ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ‌ជាម្ចាស់ ព្រះអង្គ​បង្កើត​គេ​ជា​បុរស ជា​ស្ត្រី និង​ប្រទាន​ពរ​ឲ្យ​គេ ហើយ​នៅ​ថ្ងៃ​ដែល​ព្រះអង្គ​បង្កើត​គេ​មក​នោះ ទ្រង់​ហៅ​គេ​ថា «មនុស្ស»។ ពេល​លោក​អដាំ​មាន​អាយុ​មួយ​រយ‌សាម‌សិប​ឆ្នាំ លោក​បង្កើត​បាន​កូន​ប្រុស​មួយ មាន​លក្ខណៈ​ដូច​លោក និង​ជា​តំណាង​របស់​លោក ហើយ​ដាក់​ឈ្មោះ​ថា «សេថ»។ ក្រោយ​ពី​លោក​អដាំ​បង្កើត​លោក​សេថ​មក លោក​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​សាម‌សិប​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។ ពេល​លោក​សេថ​មាន​អាយុ​មួយ​រយ​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​អេណុស។ ក្រោយ​ពី​បង្កើត​អេណុស​មក លោក​សេថ​រស់​បាន​ប្រាំ​បី​រយ​ប្រាំ‌ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ដប់‌ពីរ​ឆ្នាំ។ ពេល​លោក​អេណុស​មាន​អាយុ​កៅ‌សិប​ឆ្នាំ លោក​បង្កើត​បាន​កៃណាន។ ក្រោយ​ពី​បង្កើត​កៃណាន​មក លោក​អេណុស​រស់​បាន​ប្រាំ​បី​រយ​ដប់​ប្រាំ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។ ពេល​លោក​កៃណាន​មាន​អាយុ​ចិត‌សិប​ឆ្នាំ លោក​បង្កើត​បាន​ម៉ាលេ‌លាល។ ក្រោយ​ពី​បង្កើត​ម៉ាលេ‌លាល​មក លោក​កៃណាន​រស់​បាន​ប្រាំ​បី​រយ​សែ‌សិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ដប់​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។ ពេល​លោក​ម៉ាលេ‌លាល​មាន​អាយុ​ហុក‌សិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​យ៉ារេឌ។ ក្រោយ​ពី​បង្កើត​យ៉ារេឌ​មក លោក​ម៉ាលេ‌លាល​រស់​បាន​ប្រាំ‌បី​រយ​សាម‌សិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ លោក​រស់​បាន​ទាំង​អស់​ប្រាំ​បី​រយ​កៅ‌សិប​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។ ពេល​លោក​យ៉ារេឌ​មាន​អាយុ​មួយ​រយ​ហុក‌សិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​ហេណុក។ ក្រោយ​ពី​បង្កើត​ហេណុក​មក លោក​យ៉ារេឌ​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហុក‌សិប​ពីរ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។ ពេល​លោក​ហេណុក​អាយុ​ហុក‌សិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​មធូសាឡា។ ក្រោយ​ពី​បង្កើត​មធូសាឡា លោក​ហេណុក​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់ អស់​រយៈ​ពេល​បី​រយ​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន លោក​រស់​បាន​ទាំង​អស់​បី​រយ​ហុក‌សិប​ប្រាំ​ឆ្នាំ។ លោក​ហេណុក​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់ បន្ទាប់​មក គេ​លែង​ឃើញ​គាត់​នៅ​លើ​ផែនដី​ទៀត​ហើយ ព្រោះ​ព្រះ‌ជាម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ។

លោកុប្បត្តិ 5:1-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​បញ្ជី​ពង្សាវតារ​នៃ​ពូជ​អ័ដាម នៅ​ថ្ងៃ​ដែល​ព្រះ​បាន​បង្កើត​មនុស្ស​មក នោះ​ទ្រង់​ធ្វើ​ឲ្យ​មាន​ភាព​មើល​ទៅ​ដូច​ជា​អង្គ​ទ្រង់ ទ្រង់​ក៏​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី រួច​ប្រទាន​ពរ​ឲ្យ ព្រម​ទាំង​ឲ្យ​ឈ្មោះ​ថា អ័ដាម ក្នុង​ថ្ងៃ​ដែល​បាន​បង្កើត​មក​នោះ ឯ​អ័ដាម​គាត់​រស់​នៅ​បាន​១៣០​ឆ្នាំ នោះ​ទើប​បង្កើត​បាន​កូន​ប្រុស​១​តាម​រូប‌ភាព​គាត់ ហើយ​មើល​ទៅ​ដូច​ជា​គាត់ ក៏​ឲ្យ​ឈ្មោះ​ថា សេត រួច​ក្រោយ​គ្រា​ដែល​បង្កើត​សេត​មក នោះ​គាត់​រស់​នៅ​បាន​៨០០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ អាយុ​អ័ដាម​ទាំង​អស់​បាន​៩៣០​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។ សេត​អាយុ​បាន​១០៥​ឆ្នាំ នោះ​គាត់​បង្កើត​បាន​អេណុស រួច​ក្រោយ​គ្រា​ដែល​បង្កើត​អេណុស​មក នោះ​គាត់​រស់​នៅ​បាន​៨០៧​ឆ្នាំ​ទៀត​ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ អាយុ​សេត​ទាំង​អស់​បាន​៩១២​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។ អេណុស​អាយុ​បាន​៩០​ឆ្នាំ នោះ​គាត់​បង្កើត​បាន​កៃណាន រួច​ក្រោយ​គ្រា​ដែល​បង្កើត​កៃណាន​មក នោះ​គាត់​រស់​នៅ​បាន​៨១៥​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ អាយុ​អេណុល​ទាំង​អស់​បាន​៩០៥​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។ កៃណាន​អាយុ​បាន​៧០​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ម៉ាលេ‌លាល រួច​ក្រោយ​គ្រា​ដែល​បង្កើត​ម៉ាលេ‌លាល​មក នោះ​គាត់​រស់​នៅ​បាន​៨៤០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ អាយុ​កៃណាន​ទាំង​អស់​បាន​៩១០​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។ ម៉ាលេ‌លាល​អាយុ​បាន​៦៥​ឆ្នាំ នោះ​គាត់​បង្កើត​បាន​យ៉ារេឌ រួច​ក្រោយ​គ្រា​ដែល​បង្កើត​យ៉ារេឌ​មក នោះ​គាត់​រស់​នៅ​បាន​៨៣០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ អាយុ​ម៉ាលេ‌លាល​ទាំង​អស់​បាន​៨៩៥​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។ យ៉ារេឌ​អាយុ​បាន​១៦២​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ហេណុក រួច​ក្រោយ​គ្រា​ដែល​បង្កើត​ហេណុក​មក នោះ​គាត់​រស់​នៅ​បាន​៨០០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ អាយុ​យ៉ារេឌ​ទាំង​អស់​បាន​៩៦២​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។ ហេណុក​អាយុ​បាន​៦៥​ឆ្នាំ នោះ​គាត់​បង្កើត​បាន​មធូ‌សាឡា រួច​ក្រោយ​គ្រា​ដែល​បង្កើត​មធូ‌សាឡា​មក នោះ​គាត់​ក៏​ដើរ​ជា​មួយ​នឹង​ព្រះអស់​៣០០​ឆ្នាំ ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ អាយុ​ហេណុក​ទាំង​អស់​បាន​៣៦៥​ឆ្នាំ ហេណុក​គាត់​ជា​អ្នក​ដើរ​ជា​មួយ​នឹង​ព្រះ នោះ​គាត់​មិន​នៅ​ទៀត​ទេ ពី​ព្រោះ​ព្រះ‌ទ្រង់​បាន​ទទួល​យក​គាត់​ទៅ។