លោកុប្បត្តិ 49:3-27
លោកុប្បត្តិ 49:3-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រូបេន កូនជាកូនច្បង ជាឫទ្ធិ និងជាផលដំបូងនៃកម្លាំងរបស់ពុក កូនមានកិត្តិយស និងមានឥទ្ធិឫទ្ធិលើសគេ។ កូនប្រៀបដូចជាទឹកដែលរំពើកចុះឡើង កូននឹងមិនអាចខ្ពង់ខ្ពស់បានទេ ព្រោះកូនបានឡើងទៅលើគ្រែរបស់ពុក ហើយបានធ្វើឲ្យគ្រែរបស់ឪពុកទៅជាអាស្រូវ គឺកូន ឡើងទៅដេកជាមួយប្រពន្ធរបស់ពុក។ ស៊ីម្មាន និងលេវីជាបងប្អូននឹងគ្នា ដាវរបស់គេជាសស្ត្រាវុធដ៏ឃោរឃៅ។ សូមកុំឲ្យពុករួមគំនិតនឹងគេ សូមកុំឲ្យពុកចូលទៅក្នុងជំនុំគេឡើយ ដ្បិតពេលគេខឹង គេសម្លាប់មនុស្ស ហើយពេលគេចង់សប្បាយ គេដើរកាត់ជើងគោលេង។ កំហឹងរបស់គេត្រូវបណ្ដាសាហើយ ដ្បិតវាសាហាវពេក ហើយអំពើឃោរឃៅរបស់គេ នោះគ្មានមេត្តាឡើយ ពុកនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយកម្ចាត់កម្ចាយគេ នៅក្នុងពួកអ៊ីស្រាអែល។ យូដាអើយ បងប្អូនរបស់កូននឹងសរសើរកូន ដៃរបស់កូននឹងចាប់កញ្ចឹងក ខ្មាំងសត្រូវរបស់កូន បងប្អូនបង្កើតរបស់កូននឹងឱនគោរពកូន។ យូដាជាសិង្ហស្ទាវ កូនអើយ កូនបានឡើងមកពីស៊ីរំពា។ វាបានក្រាបចុះ បានដេកដូចជាសិង្ហ ហើយដូចជាសិង្ហញី តើអ្នកណាហ៊ានដាស់វា? ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ហើយដំបងគ្រប់គ្រងក៏មិនដែលឃ្លាត ពីពូជពង្សរបស់យូដាឡើយ រហូតទាល់តែគេនាំសួយសារអាករ មកជូនលោក ហើយប្រជារាស្រ្តនានានឹងចុះចូល ចំពោះលោក។ លោកនឹងចងលារបស់លោក ភ្ជាប់នឹងដើមទំពាំងបាយជូរ ហើយកូនលារបស់លោកភ្ជាប់នឹងដើម យ៉ាងល្អបំផុត លោកនឹងបោកអាវរបស់លោក ក្នុងស្រាទំពាំងបាយជូរ ហើយអាវវែងក្នុងស្រាក្រហមដូចឈាម។ ភ្នែករបស់លោកខ្មៅជាងស្រាទំពាំងបាយជូរ ហើយធ្មេញសជាងទឹកដោះ។ សាប់យូឡូននឹងនៅតាមមាត់សមុទ្រ វានឹងក្លាយជាកំពង់សម្រាប់នាវា ហើយព្រំប្រទល់របស់វា នឹងលាតសន្ធឹងទៅដល់ស្រុកស៊ីដូន។ អ៊ីសាខារជាសត្វលាដ៏ខ្លាំង ដែលដេកនៅចន្លោះក្រោលចៀម វាឃើញមានទីឈប់សម្រាកដែលស្រួល ហើយថា ស្រុកនោះល្អ រួចវាបានឱនស្មាទទួលនឹម ព្រមទាំងឲ្យគេប្រើដូចជាទាសករ។ ដាន់នឹងជំនុំជម្រះប្រជាជនរបស់ខ្លួន ដូចជាកុលសម្ព័ន្ធមួយរបស់អ៊ីស្រាអែល។ ដាន់នឹងធ្វើជាពស់ដែលលូនតាមផ្លូវ ជាពស់វែកនៅតាមផ្លូវលំ ដែលចាំចឹកកែងជើងសេះ ធ្វើឲ្យអ្នកជិះធ្លាក់ផ្ងារក្រោយ។ ឱព្រះយេហូវ៉ាអើយ ទូលបង្គំរង់ចាំការសង្គ្រោះរបស់ព្រះអង្គ។ កាដនឹងមានមួយហ្វូងមកប្រជ្រៀតលើវា តែវានឹងដេញប្រកិតតាមកែងជើងរបស់គេវិញ។ អេស៊ើរនឹងចេះធ្វើម្ហូបអាហារយ៉ាងវិសេស ហើយវានឹងផ្គត់ផ្គង់ព្រះស្ងោយ យ៉ាងឆ្ងាញ់ថ្វាយស្តេច។ ណែបថាលីជាក្តាន់ដែលគេលែង ហើយបង្កើតកូនគួរឲ្យស្រឡាញ់ ។ យ៉ូសែបជាមែក មានផ្លែ ជាផ្លែដែលដុះនៅជិតរន្ធទឹក ខ្នែង របស់វាគ្របលើកំផែងក្រុង។ មានពួកពលធ្នូធ្វើទុក្ខដល់វាយ៉ាងសាហាវ គេបានបាញ់ព្រួញដាក់វា ហើយរុកគួនវាជាខ្លាំង តែធ្នូរបស់វានៅតែខ្លាំងពូកែ ដៃរបស់វាមានកម្លាំង ដោយសារព្រះហស្ត នៃព្រះដ៏មានព្រះចេស្តារបស់យ៉ាកុប ដោយសារនាមព្រះអង្គដែលជាគង្វាល គឺជាថ្មដារបស់អ៊ីស្រាអែល គឺដោយសារព្រះរបស់ឪពុក ដែលព្រះអង្គនឹងជួយកូន ដោយសារព្រះដ៏មានគ្រប់ព្រះចេស្តា ដែលនឹងប្រទានពរកូន ព្រះពរពីលើមេឃ ព្រះពរពីទីជម្រៅដែលនៅខាងក្រោម ព្រះពរពីទឹកដោះ និងពីផ្ទៃផង។ ព្រះពររបស់ពុកលើសជាងព្រះពរបុព្វបុរស របស់ពុក ជាព្រះពរយ៉ាងធំ ទៅដល់ចុងបង្អស់របស់ភ្នំ ដ៏នៅអស់កល្បជានិច្ច។ សូមឲ្យព្រះពរទាំងនោះ ស្ថិតនៅលើក្បាលយ៉ូសែប គឺនៅលើកំពូលក្បាលអ្នក ដែលព្រះបានញែកចេញ ពីពួកបងប្អូនរបស់វា។ បេនយ៉ាមីនជាឆ្កែព្រៃដែលហែកស៊ី នៅពេលព្រឹកវាខាំស៊ីរំពា ហើយដល់ពេលល្ងាចវាចែកគ្នា»។
លោកុប្បត្តិ 49:3-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រូបេនជាកូនច្បងរបស់ពុក កូនជាផលនៃកម្លាំងរបស់ពុក ហើយពុកបានបង្កើតកូនមកមុនគេ ក្នុងកាលដែលពុកនៅពេញកម្លាំងនៅឡើយ។ កូនមានកិត្តិយស និងអំណាចច្រើនជាងគេ។ កូនប្រៀបបីដូចជាទឹកហូរយ៉ាងខ្លាំង តែកូនមិនអាចធ្វើជាមេគេបានទេ ព្រោះកូនបានបង្អាប់កិត្តិយសពុក ដោយលួចរួមដំណេកជាមួយប្រពន្ធរបស់ពុក។ ស៊ីម្មាន និងលេវីជាបងប្អូននឹងគ្នា គេរួមគំនិតគ្នា ប្រព្រឹត្តអំពើឃោរឃៅ ពុកមិនព្រមរួមចំណែកក្នុងការឃុបឃិតរបស់គេទេ។ ពុកក៏មិនព្រមចូលរួមប្រជុំជាមួយគេដែរ ដ្បិតពេលមានកំហឹង គេបានសម្លាប់មនុស្ស ហើយពេលចង់សប្បាយ គេកាត់ជើងគោលេង។ ពុកដាក់បណ្ដាសាកំហឹងរបស់គេ ព្រោះកំហឹងនេះកាចសាហាវណាស់ ហើយពេលគេក្ដៅក្រហាយ គេគ្មានចិត្តត្រាប្រណីទាល់តែសោះ! ពុកនឹងបំបែកអ្នកទាំងពីរក្នុងពូជពង្សយ៉ាកុប ពុកនឹងកម្ចាត់កម្ចាយគេក្នុងស្រុកអ៊ីស្រាអែល។ យូដាអើយ បងប្អូនកូននឹងលើកតម្កើងកូនឡើង កូននឹងមានអំណាចបង្ក្រាបខ្មាំងសត្រូវរបស់កូន បងប្អូនបង្កើតរបស់កូននឹងក្រាបថ្វាយបង្គំកូន។ យូដាកូនអើយ កូនប្រៀបបាននឹងសត្វ សិង្ហស្ទាវ ដែលវិលមកពីចាប់សត្វស៊ី ពេលសិង្ហស្ទាវនេះក្រាបក្ដី ដេកក្ដី វាមានឫទ្ធិដូចសិង្ហឈ្មោល និងសិង្ហញី គ្មាននរណាហ៊ានដាស់ទេ។ ព្រះខ័នរាជ្យនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែព្រះមហាក្សត្រ ដែលជាម្ចាស់នៃព្រះខ័នរាជ្យនេះយាងមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងព្រះអង្គ។ ព្រះអង្គចងលារបស់ព្រះអង្គជាប់នឹង ដើមទំពាំងបាយជូរ ហើយចងកូនលាជាប់នឹងមែកវា។ ព្រះអង្គលាងព្រះពស្ដ្ររបស់ព្រះអង្គ ក្នុងស្រាទំពាំងបាយជូរ ហើយលាងព្រះភូសារបស់ព្រះអង្គ ក្នុងទឹកទំពាំងបាយជូរ។ ព្រះនេត្ររបស់ព្រះអង្គក្រហម ជាងស្រាទំពាំងបាយជូរ ហើយព្រះទន្តរបស់ព្រះអង្គ សជាងទឹកដោះគោទៅទៀត។ សាប់យូឡូននឹងរស់នៅតាមឆ្នេរសមុទ្រ ព្រមទាំងនាវាចតនៅតាមកំពង់ផែ ព្រំប្រទល់របស់សាប់យូឡូន លាតសន្ធឹងរហូតទៅដល់ក្រុងស៊ីដូន។ អ៊ីសាខារប្រៀបដូចជាសត្វលាដ៏មាំ ដេកនៅក្នុងក្រោលដែលមានជញ្ជាំងពីរ។ អ៊ីសាខារយល់ឃើញថា កន្លែងដែលខ្លួនសម្រាកនោះជាកន្លែងល្អ ហើយស្រុកនោះក៏ស្រួលរស់នៅផង ដូច្នេះ អ៊ីសាខារក៏ឱនខ្លួនឲ្យគេដាក់កែប ផ្ទុករបស់របរពីលើ និងឲ្យគេប្រើដូចទាសករផង។ ដាន់គ្រប់គ្រងលើប្រជាជនរបស់ខ្លួន ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល ដាន់ប្រៀបបាននឹងពស់ដែលលូននៅតាមផ្លូវ ដូចពស់វែកនៅតាមផ្លូវលំ ដែលចាំតែចឹកកែងជើងសេះ បណ្ដាលឲ្យអ្នកជិះដាច់ផ្ងារធ្លាក់ចុះមកក្រោម។ ឱព្រះអម្ចាស់អើយ ទូលបង្គំសង្ឃឹមថាព្រះអង្គនឹងសង្គ្រោះទូលបង្គំ! កាដត្រូវកងទ័ពមួយមកវាយសម្រុក តែកាដនឹងវាយកងទ័ពនោះពីក្រោយខ្នងវិញ។ អេស៊ើរចេះធ្វើម្ហូបអាហារយ៉ាងឆ្ងាញ់វិសេស កូននឹងធ្វើព្រះស្ងោយថ្វាយព្រះមហាក្សត្រ។ ណែបថាលីប្រៀបបាននឹងសត្វក្ដាន់ញី ដែលរត់ដោយសេរី និងបង្កើតកូនយ៉ាងស្អាតៗ។ យ៉ូសែបប្រៀបបាននឹងពន្លក លូតចេញពីដើមឈើដ៏ល្អដែលដុះនៅមាត់ទឹក មែករបស់វាខ្ពស់ជាងកំពែងក្រុងទៅទៀត។ ខ្មាំងសត្រូវនាំគ្នារករឿងយ៉ូសែប គេបាញ់ព្រួញមកលើយ៉ូសែប ប៉ុន្តែ ធ្នូរបស់យ៉ូសែបមានប្រៀបជាង យ៉ូសែបនៅតែខ្លាំងពូកែជានិច្ច។ សូមឫទ្ធានុភាពនៃព្រះរបស់យ៉ាកុប ដែលគ្មាននរណាអាចយកជ័យជម្នះបាន សូមព្រះអង្គដែលជាគង្វាល និងជាថ្មដារបស់ជនជាតិអ៊ីស្រាអែល សូមព្រះរបស់ពុកជួយទំនុកបម្រុងកូន សូមព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ប្រទានពរកូន គឺឲ្យមានភ្លៀងបង្អុរចុះមកពីលើមេឃ ឲ្យប្រភពទឹកផុសចេញមកពីទីជម្រៅ ឲ្យមានកូនច្រើន និងហ្វូងសត្វក៏ច្រើនដែរ។ សូមឲ្យពរដែលពុកផ្ដល់ដល់កូននេះ បានប្រសើរលើសពរដូនតារបស់ពុក និងខ្ពស់លើសកំពូលភ្នំដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ចទៅទៀត។ សូមឲ្យពរទាំងនេះធ្លាក់មកលើយ៉ូសែប គឺធ្លាក់មកលើសក់របស់យ៉ូសែប ដែលព្រះអង្គ បានញែកចេញពីចំណោមបងប្អូនរបស់ខ្លួន ដើម្បីឲ្យបម្រើព្រះអង្គ។ បេនយ៉ាមីនប្រៀបបាននឹងចចកដ៏សាហាវ ដែលសម្លាប់សត្វហែកស៊ីនៅពេលព្រឹក និងយករំពាមកចែកគ្នានៅពេលល្ងាច»។
លោកុប្បត្តិ 49:3-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រូបេនអើយ ឯងជាកូនច្បង ជាឫទ្ធីហើយជាដើមកំឡាំងរបស់អញ ឯងមានកិត្តិយស មានឥទ្ធិឫទ្ធិយ៉ាងឯក តែដែលរំពើកចុះឡើងដូចទឹក នោះឯងមិនបានស្ថិតស្ថេរនៅជាប់ទេ ពីព្រោះឯងបានឡើងទៅលើដំណាក់របស់ឪពុកឯង ហើយបានធ្វើឲ្យគ្រែអញទៅជាអាស្រូវបារាយក្នុងកាលដែលឡើងទៅដេកនោះ។ ឯស៊ីម្មាន នឹងលេវីជាបងប្អូនគ្នា ដាវគេជាគ្រឿងសាហាវណាស់ ឱចិត្តអញអើយ កុំឲ្យចូលគំនិតនឹងគេ ឱកិត្តិយសរបស់អញអើយ កុំឲ្យចូលក្នុងជំនុំគេឡើយ ដ្បិតគេបានសំឡាប់មនុស្សដោយមោហោចិត្ត ហើយបានប្រហារអ្នកដែលជាកំពូលដោយអំណរចិត្តផង សេចក្ដីកំហឹងរបស់គេត្រូវបណ្តាសា ដ្បិតជាខ្លាំងលើសលុប ហើយសេចក្ដីឃោរឃៅរបស់គេផង ពីព្រោះជាសាហាវក្រៃលែង អញនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយនឹងកំចាត់កំចាយគេនៅក្នុងពួកអ៊ីស្រាអែល។ យូដាអើយ ពួកបងប្អូនឯងនឹងសរសើរឯង ដៃឯងនឹងចាប់កញ្ចឹងកនៃពួកខ្មាំងសត្រូវឯង ពួកកូនឪពុកឯងនឹងឱនគោរពដល់ឯង យូដាជាសិង្ហស្ទាវ កូនអើយ ឯងបានឡើងមកពីស៊ីរំពា វាបានក្រាបចុះ បានដេកដូចជាសិង្ហ ហើយដូចជាសិង្ហយ៉ាងខ្លាំង នោះតើអ្នកណាហ៊ានដាស់វា ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្តាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់ ទ្រង់នឹងចងកូនលាភ្ជាប់នឹងដើមទំពាំងបាយជូរ គឺជាកូនរបស់មេលាទ្រង់ភ្ជាប់នឹងដើមយ៉ាងល្អបំផុត ទ្រង់នឹងបោកព្រះពស្ត្រទ្រង់នឹងស្រាទំពាំងបាយជូរ ហើយព្រះពស្ត្រវែងទ្រង់ក្នុងទឹកទំពាំងបាយជូរ ព្រះនេត្រទ្រង់នឹងបានក្រហមដូចស្រាទំពាំងបាយជូរ ហើយព្រះទន្តទ្រង់សដូចទឹកដោះ។ សាប់យូល៉ូននឹងនៅមាត់សមុទ្រ វានឹងបានជាមាត់កំពង់សំរាប់នាវា ហើយព្រំស្រុកវានឹងទល់នឹងស្រុកស៊ីដូន។ អ៊ីសាខារ វាជាសត្វលាយ៉ាងខ្លាំង ដែលដេកនៅកណ្តាលក្រោលចៀម វាឃើញមានទីឈប់សំរាកដែលស្រួល ហើយថា ស្រុកនោះល្អ រួចវាបានឱនស្មាទទួលនឹម ព្រមទាំងចុះចូលធ្វើការដែលគេបង្ខំឲ្យធ្វើ។ ដាន់នឹងជំនុំជំរះពួកវា ទុកដូចជាពូជអំបូរអ៊ីស្រាអែល១ ដាន់នឹងធ្វើជាពស់នៅក្នុងផ្លូវ គឺជាពស់វែកនៅផ្លូវច្រកដែលចឹកកែងជើងសេះ ឲ្យអ្នកជំនិះធ្លាក់ផ្ងារក្រោយ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានរង់ចាំសេចក្ដីសង្គ្រោះរបស់ទ្រង់។ ឯកាឌ់នឹងមាន១ហ្វូងមកប្រជ្រៀតលើវា តែវានឹងដេញប្រកិតតាមកែងគេវិញ។ ឯអេស៊ើរ អាហារវានឹងបានវិសេស ហើយវានឹងផ្គត់ផ្គង់របស់យ៉ាងឆ្ងាញ់ថ្វាយស្តេច។ ណែបថាលី ជាក្តាន់ដែលគេលែង វានឹងពោលពាក្យពីរោះស្តាប់។ យ៉ូសែបជាមែកឈើមានផ្លែ ជាមែកឈើមានផ្លែដែលដុះនៅជិតរន្ធទឹក ខ្នែងវានឹងវារពាក់លើកំផែង ពួកពលធ្នូបានធ្វើទុក្ខវាជាខ្លាំង ទាំងបាញ់ទាំងស្អប់វាផង តែធ្នូវានៅតែខ្លាំងពូកែ ដៃវាក៏មានកំឡាំងដោយសារព្រះហស្តនៃព្រះដ៏មានព្រះចេស្តារបស់យ៉ាកុប ឯអ្នកគង្វាល គឺជាថ្មដារបស់អ៊ីស្រាអែលបានចេញពីនោះមក គឺដោយនូវព្រះនៃឪពុកឯង ដែលទ្រង់នឹងជួយឯង ហើយដោយនូវព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ដែលទ្រង់នឹងប្រទានពរដល់ឯង ជាព្រះពរពីលើមេឃ ហើយជាព្រះពរពីទីជំរៅដែលនៅខាងក្រោម ទាំងផលរបស់ដោះ ហើយនឹងពោះផង ពររបស់ឪពុកឯង នោះលើសជាងអស់ទាំងពររបស់ពួកឰយុកោអញ ជាពរធំដល់ព្រំចុងបង្អស់របស់ភ្នំដ៏នៅអស់កល្បជានិច្ច ហើយក៏នៅលើក្បាលយ៉ូសែប គឺនៅលើកំពូលក្បាលនៃអ្នកដែលបានញែកចេញពីពួកបងប្អូនវា។ បេនយ៉ាមីន ជាឆ្កែព្រៃដែលហែកស៊ី នៅពេលព្រឹកវាខាំស៊ីរំពា ហើយដល់ពេលល្ងាចវាចែករបឹប។