លោកុប្បត្តិ 49:29-31
លោកុប្បត្តិ 49:29-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក លោកយ៉ាកុបបានផ្តាំពួកគេថា៖ «ពុកហៀបនឹងទៅជួបជុំញាតិរបស់ពុកហើយ ចូរបញ្ចុះសពពុកនៅជាមួយជីដូនជីតារបស់ពុក ក្នុងល្អាងដែលនៅចម្ការអេប្រុន ជាសាសន៍ហេតទៅ គឺក្នុងល្អាងដែលនៅចម្ការម៉ាក់ពេឡា ទល់មុខនឹងម៉ាមរេ នៅស្រុកកាណាន ដែលលោកអ័ប្រាហាំបានទិញចម្ការនោះពីអេប្រុនជាសាសន៍ហេត ទុកសម្រាប់ជាទីបញ្ចុះសព។ នៅទីនោះ គេបានបញ្ចុះសពលោកអ័ប្រាហាំ និងលោកយាយសារ៉ាជាប្រពន្ធ ហើយនៅទីនោះ គេបានបញ្ចុះសពលោកអ៊ីសាក និងលោកយាយរេបិកាជាប្រពន្ធ ហើយនៅទីនោះ ពុកក៏បានបញ្ចុះសពលេអាដែរ។
លោកុប្បត្តិ 49:29-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក លោកយ៉ាកុបផ្ដែផ្ដាំកូនៗថា៖ «បន្តិចទៀត ពុកនឹងទៅជួបជុំជាមួយដូនតារបស់ពុក ដែលបានលាចាកលោកទៅហើយនោះ។ ចូរបញ្ចុះសពពុកនៅក្បែរដូនតាក្នុងគុហា ដែលនៅក្នុងចម្ការរបស់លោកអេប្រូនជាជនជាតិហេត គឺនៅក្នុងចម្ការម៉ាកពេឡា ជិតម៉ាមរ៉េ ក្នុងស្រុកកាណាន ជាចម្ការដែលលោកតាអប្រាហាំបានទិញពីលោកអេប្រូន ជនជាតិហេត ទុកសម្រាប់ធ្វើជាកន្លែងបញ្ចុះសព។ នៅទីនោះ គេបានបញ្ចុះសពលោកតាអប្រាហាំ និងលោកយាយសារ៉ា ជាភរិយា លោកតាអ៊ីសាក និងលោកយាយរេបិកា ជាភរិយា ហើយពុកក៏បានបញ្ចុះសពលេអា នៅទីនោះដែរ។
លោកុប្បត្តិ 49:29-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គាត់ក៏ផ្តាំថា អញហៀបនឹងបានប្រមូលទៅមូលនឹងញាតិអញហើយ ចូរកប់អញនៅជាមួយនឹងជីតាជីដូនរបស់អញ ក្នុងរអាងដែលនៅឯចំការរបស់អេប្រុនជាសាសន៍ហេតទៅ គឺក្នុងរអាងដែលនៅចំការម៉ាក់ពេឡា ទល់មុខនឹងម៉ាមរេនៅស្រុកកាណាន ដែលអ័ប្រាហាំបានទិញជាមួយនឹងចំការនោះ ពីអេប្រុនសាសន៍ហេត ទុកសំរាប់ជាទីកប់ខ្មោច គឺនៅទីនោះដែលគេបានកប់សពអ័ប្រាហាំ នឹងសារ៉ាជាប្រពន្ធគាត់ ហើយនៅទីនោះគេបានកប់សពអ៊ីសាក នឹងរេបិកាប្រពន្ធគាត់ ហើយគឺនៅទីនោះដែលអញបានកប់សពលេអាដែរ