លោកុប្បត្តិ 49:28-33

លោកុប្បត្តិ 49:28-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទាំង​អស់​នេះ​ជា​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់​ពីរ ហើយ​នេះ​ជា​សេចក្ដី​ដែល​ឪពុក​របស់​គេ​បាន​ពោល​ទៅ​គេ នៅ​ពេល​ដែល​លោក​ឲ្យ​ពរ ដោយ​ឲ្យ​ពរ​គេ​ម្នាក់ៗ តាម​ពរ​ដែល​គេ​ស័ក្ដិ‌សម​នឹង​ទទួល​រៀងៗ​ខ្លួន។ បន្ទាប់​មក លោក​យ៉ាកុប​បាន​ផ្តាំ​ពួក​គេ​ថា៖ «ពុក​ហៀប​នឹង​ទៅ​ជួប​ជុំ​ញាតិ​របស់​ពុក​ហើយ ចូរ​បញ្ចុះ​សព​ពុក​នៅ​ជា‌មួយ​ជីដូន​ជីតា​របស់​ពុក ក្នុង​ល្អាង​ដែល​នៅ​ចម្ការ​អេប្រុន ជា​សាសន៍​ហេត​ទៅ គឺ​ក្នុង​ល្អាង​ដែល​នៅ​ចម្ការ​ម៉ាក់‌ពេឡា ទល់​មុខ​នឹង​ម៉ាមរេ នៅ​ស្រុក​កាណាន ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ​ចម្ការ​នោះ​ពី​អេប្រុន​ជា​សាសន៍​ហេត ទុក​សម្រាប់​ជា​ទី​បញ្ចុះ​សព។ នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​លោក​អ័ប្រា‌ហាំ និង​លោក​យាយ​សារ៉ា​ជា​ប្រពន្ធ ហើយ​នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​លោក​អ៊ីសាក និង​លោក​យាយ​រេបិកា​ជា​ប្រពន្ធ ហើយ​នៅ​ទី​នោះ ពុក​ក៏​បាន​បញ្ចុះ​សព​លេអា​ដែរ។ ចម្ការ និង​ល្អាង​នោះ​គឺ​បាន​ទិញ​ពី​ពួក​កូន‌ចៅ​ហេត​ហើយ»។ កាល​លោក​យ៉ាកុប​បាន​ផ្ដែ​ផ្តាំ​កូនៗ​ចប់​សព្វ​គ្រប់​ហើយ លោក​ក៏​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ផុត​ដង្ហើម​ទៅ រួច​ក៏​បាន​ទៅ​ជួប​ជុំ​ជា‌មួយ​ញាតិ​របស់​លោក។

លោកុប្បត្តិ 49:28-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ទាំង​នោះ​ជា​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​យ៉ាកុប​បាន​ផ្ដែផ្ដាំ​ដូច្នេះ នៅ​ពេល​លោក​ឲ្យ​ពរ​កូន​ទាំង​ដប់‌ពីរ គឺ​ម្នាក់ៗ​ទទួល​ពរ​រៀងៗ​ខ្លួន។ បន្ទាប់​មក លោក​យ៉ាកុប​ផ្ដែផ្ដាំ​កូនៗ​ថា៖ «បន្តិច​ទៀត ពុក​នឹង​ទៅ​ជួប‌ជុំ​ជា​មួយ​ដូនតា​របស់​ពុក ដែល​បាន​លា​ចាក​លោក​ទៅ​ហើយ​នោះ។ ចូរ​បញ្ចុះ​សព​ពុក​នៅ​ក្បែរ​ដូនតា​ក្នុង​គុហា ដែល​នៅ​ក្នុង​ចម្ការ​របស់​លោក​អេប្រូន​ជា​ជន‌ជាតិ​ហេត គឺ​នៅ​ក្នុង​ចម្ការ​ម៉ាក‌ពេឡា ជិត​ម៉ាម‌រ៉េ ក្នុង​ស្រុក​កាណាន ជា​ចម្ការ​ដែល​លោក​តា​អប្រាហាំ​បាន​ទិញ​ពី​លោក​អេប្រូន ជន‌ជាតិ​ហេត ទុក​សម្រាប់​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព។ នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​លោក​តា​អប្រាហាំ និង​លោក​យាយ​សារ៉ា ជា​ភរិយា លោក​តា​អ៊ីសាក និង​លោក​យាយ​រេបិកា ជា​ភរិយា ហើយ​ពុក​ក៏​បាន​បញ្ចុះ​សព​លេអា នៅ​ទី​នោះ​ដែរ។ លោក​តា​អប្រាហាំ​បាន​ទិញ​ចម្ការ ព្រម​ទាំង​គុហា​ដែល​ស្ថិត​នៅ​ក្នុង​ចម្ការ​នោះ​ពី​ជន‌ជាតិ​ហេត»។ លោក​យ៉ាកុប​បាន​ផ្ដែផ្ដាំ​កូនៗ​ចប់​សព្វ​គ្រប់​ហើយ លោក​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ក៏​ផុត​ដង្ហើម ទៅ​ជួប‌ជុំ​ជា​មួយ​ដូនតា​របស់​លោក។

លោកុប្បត្តិ 49:28-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ជា​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២ គឺ​សេចក្ដី​នេះ​ហើយ​ដែល​ឪពុក​គេ​បាន​ពោល​ទុក ក្នុង​កាល​ដែល​ឲ្យ​ពរ​ដល់​គេ គាត់​ឲ្យ​ពរ​ដល់​គ្រប់​គ្នា តាម​ពរ​ដែល​គួរ​ឲ្យ​ដល់​គេ​រៀង​ខ្លួន។ គាត់​ក៏​ផ្តាំ​ថា អញ​ហៀប​នឹង​បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​អញ​ហើយ ចូរ​កប់​អញ​នៅ​ជា​មួយ​នឹង​ជីតា​ជីដូន​របស់​អញ ក្នុង​រអាង​ដែល​នៅ​ឯ​ចំការ​របស់​អេប្រុន​ជា​សាសន៍​ហេត​ទៅ គឺ​ក្នុង​រអាង​ដែល​នៅ​ចំការ​ម៉ាក់‌ពេឡា ទល់​មុខ​នឹង​ម៉ាមរេ​នៅ​ស្រុក​កាណាន ដែល​អ័ប្រា‌ហាំ​បាន​ទិញ​ជា​មួយ​នឹង​ចំការ​នោះ ពី​អេប្រុន​សាសន៍​ហេត ទុក​សំរាប់​ជា​ទី​កប់​ខ្មោច គឺ​នៅ​ទី​នោះ​ដែល​គេ​បាន​កប់​សព​អ័ប្រា‌ហាំ នឹង​សារ៉ា​ជា​ប្រពន្ធ​គាត់ ហើយ​នៅ​ទី​នោះ​គេ​បាន​កប់​សព​អ៊ីសាក នឹង​រេបិកា​ប្រពន្ធ​គាត់ ហើយ​គឺ​នៅ​ទី​នោះ​ដែល​អញ​បាន​កប់​សព​លេអា​ដែរ ឯ​ចំការ នឹង​រអាង​នោះ​បាន​ទិញ​ពី​ពួក​កូន‌ចៅ​ហេត​ហើយ កាល​យ៉ាកុប​បាន​ផ្តាំ​ដល់​ពួក​កូន​រួច​ស្រេច​ហើយ នោះ​គាត់​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ក៏​ផុត​ដង្ហើម​ទៅ បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​របស់​គាត់។