លោកុប្បត្តិ 49:22-26

លោកុប្បត្តិ 49:22-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យ៉ូសែប​ជា​មែក មាន​ផ្លែ ជា​ផ្លែ​ដែល​ដុះ​នៅ​ជិត​រន្ធ​ទឹក ខ្នែង របស់​វា​គ្រប​លើ​កំផែង​ក្រុង។ មាន​ពួក​ពល​ធ្នូ​ធ្វើ​ទុក្ខ​ដល់​វា​យ៉ាង​សាហាវ គេ​បាន​បាញ់​ព្រួញ​ដាក់​វា ហើយ​រុក​គួន​វា​ជា​ខ្លាំង តែ​ធ្នូ​របស់​វា​នៅ​តែ​ខ្លាំង​ពូកែ ដៃ​របស់​វា​មាន​កម្លាំង ដោយ‌សារ​ព្រះ‌ហស្ត នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​របស់​យ៉ាកុប ដោយ​សារ​នាម​ព្រះ​អង្គ​ដែល​ជា​គង្វាល គឺ​ជា​ថ្ម​ដា​របស់​អ៊ីស្រា‌អែល គឺ​ដោយ​សារ​ព្រះ​របស់​ឪពុក ដែល​ព្រះ‌អង្គ​នឹង​ជួយ​កូន ដោយ​សារ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ដែល​នឹង​ប្រទាន​ពរ​កូន ព្រះ‌ពរ​ពី​លើ​មេឃ ព្រះ‌ពរ​ពី​ទី​ជម្រៅ​ដែល​នៅ​ខាង​ក្រោម ព្រះ‌ពរ​ពី​ទឹក​ដោះ និង​ពី​ផ្ទៃ​ផង។ ព្រះពរ​របស់​ពុក​លើស​ជាង​ព្រះពរ​បុព្វ‌បុរស របស់​ពុក ជា​ព្រះពរ​យ៉ាង​ធំ ទៅ​ដល់​ចុង​បង្អស់​របស់​ភ្នំ ដ៏​នៅ​អស់​កល្ប​ជា‌និច្ច។ សូមឲ្យ​ព្រះ​ពរទាំង​នោះ ស្ថិត​នៅ​លើ​ក្បាល​យ៉ូសែប គឺ​នៅ​លើ​កំពូល​ក្បាល​អ្នក ដែល​ព្រះ​បាន​ញែក​ចេញ ពី​ពួក​បង‌ប្អូន​របស់​វា។

លោកុប្បត្តិ 49:22-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យ៉ូសែប​ប្រៀប​បាន​នឹង​ពន្លក លូត​ចេញ​ពី​ដើម​ឈើ​ដ៏​ល្អ​ដែល​ដុះ​នៅ​មាត់​ទឹក មែក​របស់​វា​ខ្ពស់​ជាង​កំពែង​ក្រុង​ទៅ​ទៀត។ ខ្មាំង​សត្រូវ​នាំ​គ្នា​រក​រឿង​យ៉ូសែប គេ​បាញ់​ព្រួញ​មក​លើ​យ៉ូសែប ប៉ុន្តែ ធ្នូ​របស់​យ៉ូសែប​មាន​ប្រៀប​ជាង យ៉ូសែប​នៅ​តែ​ខ្លាំង​ពូកែ​ជានិច្ច។ សូម​ឫទ្ធា‌នុភាព​នៃ​ព្រះ​របស់​យ៉ាកុប ដែល​គ្មាន​នរណា​អាច​យក​ជ័យ‌ជម្នះ​បាន សូម​ព្រះអង្គ​ដែល​ជា​គង្វាល និង​ជា​ថ្ម‌ដា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល សូម​ព្រះ​របស់​ពុក​ជួយ​ទំនុក​បម្រុង​កូន សូម​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ប្រទាន​ពរ​កូន គឺ​ឲ្យ​មាន​ភ្លៀង​បង្អុរ​ចុះ​មក​ពី​លើ​មេឃ ឲ្យ​ប្រភព​ទឹក​ផុស​ចេញ​មក​ពី​ទី​ជម្រៅ ឲ្យ​មាន​កូន​ច្រើន និង​ហ្វូង​សត្វ​ក៏​ច្រើន​ដែរ។ សូម​ឲ្យ​ពរ​ដែល​ពុក​ផ្ដល់​ដល់​កូន​នេះ បាន​ប្រសើរ​លើស​ពរ​ដូនតា​របស់​ពុក និង​ខ្ពស់​លើស​កំពូល​ភ្នំ​ដែល​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជានិច្ច​ទៅ​ទៀត។ សូម​ឲ្យ​ពរ​ទាំង​នេះ​ធ្លាក់​មក​លើ​យ៉ូសែប គឺ​ធ្លាក់​មក​លើ​សក់​របស់​យ៉ូសែប ដែល​ព្រះអង្គ បាន​ញែក​ចេញ​ពី​ចំណោម​បងប្អូន​របស់​ខ្លួន ដើម្បី​ឲ្យ​បម្រើ​ព្រះអង្គ។

លោកុប្បត្តិ 49:22-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យ៉ូសែប​ជា​មែក​ឈើ​មាន​ផ្លែ ជា​មែក​ឈើ​មាន​ផ្លែ​ដែល​ដុះ​នៅ​ជិត​រន្ធ​ទឹក ខ្នែង​វា​នឹង​វារ​ពាក់​លើ​កំផែង ពួក​ពល​ធ្នូ​បាន​ធ្វើ​ទុក្ខ​វា​ជា​ខ្លាំង ទាំង​បាញ់​ទាំង​ស្អប់​វា​ផង តែ​ធ្នូ​វា​នៅ​តែ​ខ្លាំង​ពូកែ ដៃ​វា​ក៏​មាន​កំឡាំង​ដោយ‌សារ​ព្រះ‌ហស្ត​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​របស់​យ៉ាកុប ឯ​អ្នក​គង្វាល គឺ​ជា​ថ្មដា​របស់​អ៊ីស្រាអែល​បាន​ចេញ​ពី​នោះ​មក គឺ​ដោយ​នូវ​ព្រះ​នៃ​ឪពុក​ឯង ដែល​ទ្រង់​នឹង​ជួយ​ឯង ហើយ​ដោយ​នូវ​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ដែល​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ជា​ព្រះ‌ពរ​ពី​លើ​មេឃ ហើយ​ជា​ព្រះ‌ពរ​ពី​ទី​ជំរៅ​ដែល​នៅ​ខាង​ក្រោម ទាំង​ផល​របស់​ដោះ ហើយ​នឹង​ពោះ​ផង ពរ​របស់​ឪពុក​ឯង នោះ​លើស​ជាង​អស់​ទាំង​ពរ​របស់​ពួក​ឰយុកោ​អញ ជា​ពរ​ធំ​ដល់​ព្រំ​ចុង​បង្អស់​របស់​ភ្នំ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​ក៏​នៅ​លើ​ក្បាល​យ៉ូសែប គឺ​នៅ​លើ​កំពូល​ក្បាល​នៃ​អ្នក​ដែល​បាន​ញែក​ចេញ​ពី​ពួក​បង​ប្អូន​វា។