លោកុប្បត្តិ 44:1-34
លោកុប្បត្តិ 44:1-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ូសែបបង្គាប់ទៅអ្នកដែលមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរច្រកស្បៀងអាហារឲ្យពេញបាវរបស់អ្នកទាំងនោះ តាមដែលគេអាចយកទៅបាន រួចដាក់ប្រាក់ទៅក្នុងបាវវិញទៅ ហើយយកពែងប្រាក់របស់ខ្ញុំ ដាក់ចូលក្នុងបាវអ្នកដែលក្មេងជាងគេនោះ ព្រមទាំងប្រាក់ថ្លៃស្រូវផង»។ អ្នកនោះក៏ធ្វើតាមបង្គាប់លោកយ៉ូសែប។ លុះភ្លឺឡើង គេក៏ឲ្យអ្នកទាំងនោះចេញទៅ ព្រមទាំងលារបស់គេដែរ។ កាលគេបានចេញពីទីក្រុងទៅមិនឆ្ងាយប៉ុន្មាន លោកយ៉ូសែបប្រាប់អ្នកដែលមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរដេញតាមមនុស្សទាំងនោះទៅ ហើយពេលអ្នកទៅទាន់គេ ត្រូវនិយាយយ៉ាងនេះថា "ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការអាក្រក់ ស្នងនឹងការល្អដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាលួចពែងប្រាក់របស់ចៅហ្វាយខ្ញុំ? តើមិនមែនជាពែងដែលចៅហ្វាយខ្ញុំផឹក និងប្រើសម្រាប់ទស្សន៍ទាយទេឬ? អ្នករាល់គ្នាធ្វើដូច្នេះ គឺអាក្រក់ណាស់"»។ កាលអ្នកនោះទៅទាន់ពួកគេ ហើយបាននិយាយតាមពាក្យទាំងនោះ ពួកគេប្រកែកថា៖ «ហេតុអ្វីបានជាលោកម្ចាស់ខ្ញុំមានប្រសាសន៍ដូច្នេះ? យើងខ្ញុំប្របាទមិនដែលប្រព្រឹត្តអំពើដូច្នេះឡើយ! មើល៍! ប្រាក់ដែលយើងខ្ញុំបានឃើញនៅមាត់បាវរបស់យើងខ្ញុំ យើងខ្ញុំបានយកពីស្រុកកាណានមកជូនលោកវិញហើយ ដូច្នេះ ធ្វើដូចម្ដេចឲ្យយើងខ្ញុំលួចយកប្រាក់ ឬមាសពីផ្ទះចៅហ្វាយរបស់លោកទៅកើត? បើឃើញមាននៅនឹងរូបអ្នកណា ក្នុងចំណោមយើងខ្ញុំប្របាទនេះ សូមឲ្យអ្នកនោះស្លាប់ចុះ ហើយយើងខ្ញុំនឹងទៅធ្វើជាបាវបម្រើរបស់លោក!» តែអ្នកនោះពោលថា៖ «ដូច្នេះ សូមឲ្យបានដូចពាក្យរបស់អ្នករាល់គ្នាចុះ បើខ្ញុំរកឃើញនៅលើរូបអ្នកណា អ្នកនោះត្រូវធ្វើជាបាវបម្រើរបស់ខ្ញុំ តែអ្នកឯទៀតនឹងបានរួចខ្លួន»។ ពេលនោះ គេក៏ប្រញាប់ប្រញាល់ដាក់បាវស្រូវចុះមកដី ហើយស្រាយមាត់បាវគ្រប់គ្នា។ អ្នកនោះក៏ឆែកឆេរ ចាប់ពីបងច្បងរហូតដល់ប្អូនពៅ ឃើញមានពែងនោះនៅក្នុងបាវរបស់បេនយ៉ាមីន។ ឃើញដូច្នោះ គេក៏ហែកសម្លៀកបំពាក់ រួចម្នាក់ៗលើកបាវដាក់លើខ្នងលា ត្រឡប់ទៅទីក្រុងវិញទាំងអស់គ្នា។ យូដា និងបងប្អូនរបស់គាត់ នាំគ្នាចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប ឯលោកក៏នៅទីនោះនៅឡើយ។ ពួកគេទម្លាក់ខ្លួនក្រាបចុះឱនមុខដល់ដីនៅចំពោះលោក។ លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «តើអ្នករាល់គ្នាបានប្រព្រឹត្តអ្វីដូច្នេះ? តើអ្នករាល់គ្នាមិនដឹងថា មនុស្សដូចខ្ញុំនេះចេះទស្សន៍ទាយដឹងទេឬ?» យូដាឆ្លើយថា៖ «តើយើងខ្ញុំអាចឆ្លើយនឹងលោកម្ចាស់ដូចម្តេចបាន? តើយើងខ្ញុំនឹងថាដូចម្ដេច? តើយើងខ្ញុំអាចដោះសាខ្លួនយ៉ាងណាបាន? ព្រះទ្រង់បានទតឃើញកំហុសរបស់យើងខ្ញុំប្របាទហើយ មើល៍ យើងខ្ញុំជាបាវបម្រើរបស់លោកម្ចាស់ហើយ គឺទាំងយើងខ្ញុំ ទាំងអ្នកដែលឃើញមានពែងនៅដៃនោះផង»។ ប៉ុន្ដែ លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនធ្វើដូច្នោះទេ អ្នកណាដែលបានឃើញមានពែងនៅដៃ គឺអ្នកនោះឯងដែលត្រូវធ្វើជាបាវបម្រើរបស់ខ្ញុំ រីឯអ្នករាល់គ្នាវិញ ត្រូវត្រឡប់ទៅផ្ទះឪពុករបស់អ្នករាល់គ្នាដោយសុខសាន្តចុះ»។ ពេលនោះ យូដាចូលទៅជិតលោកយ៉ូសែប អង្វរថា៖ «ឱលោកម្ចាស់ខ្ញុំប្របាទអើយ សូមអនុញ្ញាតឲ្យខ្ញុំប្របាទជាបាវបម្រើរបស់លោក ជម្រាបជូនលោកម្ចាស់ស្តាប់មួយម៉ាត់សិន សូមកុំខឹងក្តៅនឹងខ្ញុំប្របាទឡើយ ដ្បិតលោកម្ចាស់ក៏ដូចជាផារ៉ោនហើយ។ លោកម្ចាស់បានសួរយើងខ្ញុំប្របាទថា "តើអ្នករាល់គ្នាមានឪពុក ឬមានប្អូនឬទេ?" នោះយើងខ្ញុំបានជម្រាបលោកម្ចាស់ថា "យើងខ្ញុំមានឪពុកចាស់ជរា ហើយមានប្អូនតូចម្នាក់ ដែលកើតមកក្នុងពេលឪពុកមានវ័យចាស់។ បងវាបានស្លាប់ទៅហើយ ឯកូនពោះមួយនឹងវា នៅសល់តែវាម្នាក់គត់ ហើយឪពុកស្រឡាញ់វាខ្លាំងណាស់" ពេលនោះ លោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំប្របាទថា "ចូរនាំវាចុះមកជួបខ្ញុំកុំខាន ដើម្បីឲ្យខ្ញុំបានឃើញវាផ្ទាល់នឹងភ្នែកផង"។ យើងខ្ញុំបានជម្រាបលោកម្ចាស់វិញថា "ក្មេងនោះមិនអាចឃ្លាតចេញពីឪពុកវាបានទេ ដ្បិតបើវាឃ្លាតចេញពីឪពុក នោះលោកមុខជាស្លាប់មិនខាន"។ ប៉ុន្ដែ លោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំប្របាទថា "បើប្អូនពៅរបស់អ្នករាល់គ្នាមិនចុះមកជាមួយទេ នោះអ្នករាល់គ្នាមិនអាចជួបមុខខ្ញុំទៀតបានឡើយ"។ កាលយើងខ្ញុំបានទៅជួបឪពុក ដែលជាអ្នកបម្រើរបស់លោកម្ចាស់ យើងខ្ញុំក៏បានជម្រាបលោក តាមពាក្យរបស់លោកម្ចាស់។ រួចមកឪពុកយើងខ្ញុំប្រាប់ថា "ចូរទៅទិញស្បៀងអាហារសម្រាប់ពួកយើងទៀតមក" យើងខ្ញុំបានប្រកែកថា "យើងខ្ញុំមិនអាចចុះទៅបានទេ ទាល់តែអាពៅបានទៅជាមួយ នោះទើបយើងខ្ញុំទៅបាន ដ្បិតយើងខ្ញុំមិនអាចជួបមុខលោកនោះបានទេ លុះត្រាតែមានប្អូនពៅទៅជាមួយ"។ ពេលនោះ ឪពុកយើងខ្ញុំដែលជាអ្នកបម្រើលោក មានប្រសាសន៍មកយើងខ្ញុំថា "ឯងរាល់គ្នាដឹងហើយថា ប្រពន្ធរបស់ពុកបង្កើតបានតែកូនប្រុសពីរនាក់ប៉ុណ្ណោះឲ្យពុក ម្នាក់បានឃ្លាតចេញពីពុកទៅបាត់ហើយ ពុកគិតថា ប្រាកដជាមានសត្វហែកវាស៊ីមែន តាំងពីពេលនោះមក ពុកមិនដែលឃើញវាទេ។ ឥឡូវនេះ បើឯងរាល់គ្នាយកកូននេះពីពុកទៅទៀត ហើយបើមានគ្រោះថ្នាក់អ្វីមួយដល់វា នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់ពុក ចុះទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងទុក្ខព្រួយមិនខាន"។ ដូច្នេះ បើកាលណាខ្ញុំប្របាទត្រឡប់ទៅជួបឪពុក ជាអ្នកបម្រើរបស់លោកម្ចាស់ ហើយក្មេងនេះដែលគាត់ស្រឡាញ់ដូចជាដួងជីវិត មិនបានឃើញទៅជាមួយយើងខ្ញុំទេ នោះគាត់នឹងស្លាប់មិនខានដោយមិនឃើញកូននេះ ហើយយើងខ្ញុំប្របាទឈ្មោះថា បាននាំឲ្យសក់ស្កូវរបស់ឪពុកយើងខ្ញុំជាអ្នកបម្រើរបស់លោកម្ចាស់ ចុះទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងទុក្ខព្រួយពិតមែន។ ដ្បិតខ្ញុំប្របាទបានធានាពីសុវត្ថិភាពរបស់កូននេះជូនឪពុកថា "ប្រសិនបើខ្ញុំមិនបាននាំវាមកជូនលោកឪពុកវិញទេ នោះខ្ញុំត្រូវមានទោសចំពោះលោកឪពុកជារៀងរហូត"។ ដូច្នេះ សូមឲ្យខ្ញុំប្របាទនៅបម្រើលោកម្ចាស់ជំនួសក្មេងនេះចុះ ដើម្បីឲ្យវាឡើងទៅវិញជាមួយពួកបងៗ។ ដ្បិតបើក្មេងនេះមិនបានទៅជាមួយទេ ធ្វើដូចម្តេចឲ្យខ្ញុំប្របាទឡើងទៅជួបឪពុកវិញបាន? ខ្ញុំប្របាទខ្លាចក្រែងឃើញសេចក្ដីអាក្រក់ដែលនឹងកើតដល់ឪពុកខ្ញុំប្របាទ»។
លោកុប្បត្តិ 44:1-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក លោកយ៉ូសែបបញ្ជាទៅអ្នកមើលខុសត្រូវលើផ្ទះថា៖ «ចូរច្រកស្រូវឲ្យពេញបាវអ្នកទាំងនេះ តាមតែគេអាចយកទៅបាន ហើយដាក់ប្រាក់របស់ម្នាក់ៗនៅមាត់បាវរបស់គេរៀងៗខ្លួនទៅ។ ចូរដាក់ពែងប្រាក់របស់ខ្ញុំទៅក្នុងបាវរបស់ម្នាក់ដែលក្មេងជាងគេ រួមទាំងប្រាក់ទិញស្រូវនោះផង»។ បុរសនោះក៏ធ្វើតាមពាក្យដែលលោកយ៉ូសែបបង្គាប់។ លុះភ្លឺឡើង គេអនុញ្ញាតឲ្យកូនៗរបស់លោកយ៉ាកុបដឹកលាចាកចេញទៅតាំងពីព្រលឹម។ ពេលពួកគេចេញដំណើរពីទីក្រុងទៅបានបន្តិច លោកយ៉ូសែបមានប្រសាសន៍ទៅកាន់អ្នកមើលខុសត្រូវលើផ្ទះរបស់លោកថា៖ «ចូរប្រញាប់ដេញតាមអ្នកទាំងនោះឲ្យទាន់ រួចសួរគេថា “ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ តបស្នងនឹងអំពើល្អបែបនេះ? ម្ចាស់របស់ខ្ញុំតែងតែប្រើពែងសម្រាប់ពិសាទឹក និងសម្រាប់ទស្សន៍ទាយផង ហេតុអ្វីបានជាអ្នករាល់គ្នាលួចយកមកដូច្នេះ?”»។ អ្នកមើលខុសត្រូវលើផ្ទះដេញតាមពួកគេទាន់ ហើយនិយាយទៅពួកគេ តាមពាក្យលោកយ៉ូសែបបង្គាប់។ ពួកគេតបមកវិញថា៖ «ហេតុដូចម្ដេចបានជាលោកម្ចាស់មានប្រសាសន៍ដូច្នេះ? យើងខ្ញុំពុំអាចប្រព្រឹត្តអំពើដ៏សែនអាក្រក់នេះកើតទេ។ ពេលយើងខ្ញុំឃើញប្រាក់នៅមាត់បាវស្រូវ យើងខ្ញុំបានយកប្រាក់នោះពីស្រុកកាណានមកជូនលោកវិញ ដូច្នេះ តើឲ្យយើងខ្ញុំលួចយកប្រាក់ ឬមាសពីផ្ទះម្ចាស់របស់លោកដូចម្ដេចកើត! ក្នុងចំណោមយើងខ្ញុំ បើលោកម្ចាស់រកឃើញថា អ្នកណាលួចយកពែង អ្នកនោះត្រូវទទួលទោសដល់ជីវិត ហើយសូមយកយើងខ្ញុំទៅធ្វើជាទាសករចុះ!»។ បុរសនោះតបថា៖ «អ៊ីចឹងក៏បាន ខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នករាល់គ្នា! បើខ្ញុំរកឃើញពែងក្នុងបាវអ្នកណា អ្នកនោះនឹងទៅជាទាសកររបស់ខ្ញុំ ប៉ុន្តែ អ្នកឯទៀតៗនឹងបានរួចខ្លួន»។ ពួកគេប្រញាប់ប្រញាល់ទម្លាក់បាវស្រូវរៀងៗខ្លួនចុះមកដី ហើយស្រាយមាត់បាវ។ អ្នកមើលខុសត្រូវលើផ្ទះលោកយ៉ូសែប ក៏ចាប់ផ្ដើមឆែកឆេរមើលបាវរបស់អ្នកដែលចាស់ជាងគេ រហូតដល់អ្នកដែលក្មេងជាងគេ ហើយរកពែងនោះឃើញនៅក្នុងបាវរបស់បេនយ៉ាមីន។ បងៗនាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន ហើយម្នាក់ៗលើកបាវដាក់លើខ្នងលា ត្រឡប់ទៅទីក្រុងវិញ។ លោកយូដា និងបងប្អូនរបស់គាត់ ទៅដល់ផ្ទះរបស់លោកយ៉ូសែប ឃើញលោកនៅទីនោះនៅឡើយ។ ពួកគេក្រាបថ្វាយបង្គំលោកដល់ដី។ លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ អ្នករាល់គ្នាមិនដឹងទេឬថា មនុស្សដូចខ្ញុំនេះចេះទស្សន៍ទាយដឹងទាំងអស់?»។ លោកយូដាតបថា៖ «យើងខ្ញុំប្របាទគ្មានអ្វីឆ្លើយនឹងលោកម្ចាស់ទេ យើងខ្ញុំក៏រកពាក្យមកដោះសាពុំបានដែរ ព្រះជាម្ចាស់បានបង្ហាញកំហុសរបស់យើងខ្ញុំស្រាប់ហើយ ដូច្នេះ យើងខ្ញុំព្រមទាំងអ្នកដែលបានលួចពែង សុខចិត្តធ្វើជាទាសកររបស់លោកម្ចាស់»។ លោកយ៉ូសែបប្រកែកថា៖ «ទេ ខ្ញុំធ្វើដូច្នោះមិនកើតទេ គឺមានតែម្ចាស់បាវដែលគេរកឃើញពែងប៉ុណ្ណោះ នឹងទៅជាទាសកររបស់ខ្ញុំ។ រីឯអ្នករាល់គ្នា ចូរវិលត្រឡប់ទៅរកឪពុករបស់អ្នករាល់គ្នាវិញដោយសុខសាន្តចុះ»។ ពេលនោះ លោកយូដាខិតចូលទៅជិតលោកយ៉ូសែបអង្វរថា៖ «លោកម្ចាស់អើយ សូមមេត្តាប្រោសប្រណី សូមអនុញ្ញាតឲ្យខ្ញុំប្របាទជម្រាបជូនលោកម្ចាស់ស្ដាប់មួយម៉ាត់សិន សូមកុំខឹងនឹងខ្ញុំប្របាទឡើយ ដ្បិតលោកម្ចាស់មានអំណាចស្មើនឹងព្រះចៅផារ៉ោនដែរ។ លោកម្ចាស់បានសួរយើងខ្ញុំថា “អ្នករាល់គ្នាមានឪពុក មានប្អូនឬទេ” យើងខ្ញុំបានជម្រាបលោកម្ចាស់វិញថា “យើងខ្ញុំមានឪពុកចាស់ជរា ហើយយើងខ្ញុំក៏មានប្អូនពៅម្នាក់ ដែលកើតមកក្នុងពេលឪពុកចាស់ហើយនោះដែរ បងរបស់វាបានស្លាប់បាត់ទៅហើយ ដូច្នេះ ក្នុងចំណោមកូនដែលកើតមកពីម្ដាយវា នៅសល់តែវាម្នាក់គត់។ ឪពុកស្រឡាញ់ប្អូនពៅនេះខ្លាំងណាស់”។ លោកម្ចាស់បានប្រាប់យើងខ្ញុំថា “ចូរនាំវាមកឲ្យយើងឃើញផ្ទាល់នឹងភ្នែកផង!”។ យើងខ្ញុំបានជម្រាបលោកម្ចាស់ថា “ប្អូនប្រុសរបស់យើងខ្ញុំពុំអាចឃ្លាតចេញពីឪពុកបានឡើយ បើវាឃ្លាតចេញនោះ ឪពុកយើងខ្ញុំមុខជាទទួលមរណភាពមិនខាន”។ លោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំទៀតថា “បើប្អូនពៅរបស់អ្នករាល់គ្នាមិនមកទេនោះ អ្នករាល់គ្នាមិនអាចជួបមុខខ្ញុំបានទៀតឡើយ”។ ពេលយើងខ្ញុំវិលទៅជួបឪពុកវិញ យើងខ្ញុំបានយកប្រសាសន៍របស់លោកម្ចាស់ទៅរៀបរាប់ជម្រាបគាត់។ ឪពុកមានប្រសាសន៍មកយើងខ្ញុំថា “ចូរនាំគ្នាវិលទៅរកទិញស្បៀងអាហារសម្រាប់ក្រុមគ្រួសារយើងមក”។ យើងខ្ញុំតបវិញថា “កូនៗមិនអាចទៅបានទេ ទាល់តែអាពៅទៅជាមួយ ទើបកូនៗទៅបាន ដ្បិតកូនៗអាចជួបមុខលោកនោះបាន លុះត្រាណាតែមានប្អូនទៅជាមួយ”។ ឪពុករបស់យើងខ្ញុំមានប្រសាសន៍មកយើងខ្ញុំថា “កូនៗដឹងហើយថា ប្រពន្ធរបស់ពុកមានកូនប្រុសតែពីរនាក់ទេ។ ម្នាក់បានចាកចេញពីពុកទៅហើយ ប្រហែលមានសត្វព្រៃមកហែកវាស៊ី បានជាពុកលែងឃើញវារហូតមកទល់សព្វថ្ងៃ។ ឥឡូវនេះ កូនៗចង់យកអាពៅទៅទៀត! ប្រសិនបើវាជួបនឹងគ្រោះថ្នាក់អ្វីមួយនោះ កូនៗមុខជាធ្វើឲ្យពុកដែលចាស់ណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងវេទនាមិនខាន”។ ដូច្នេះ បើខ្ញុំប្របាទវិលទៅជួបឪពុកវិញ ដោយមិននាំប្អូនប្រុសដែលគាត់ជំពាក់ចិត្តយ៉ាងខ្លាំងនេះ ទៅជាមួយទេ ឪពុកយើងខ្ញុំប្រាកដជាស្លាប់មិនខាន នៅពេលមិនឃើញវា។ យើងខ្ញុំមុខតែធ្វើឲ្យឪពុកយើងខ្ញុំលាចាកលោកនេះទៅ ទាំងកើតទុក្ខយ៉ាងខ្លាំង។ ខ្ញុំប្របាទផ្ទាល់បានធានារ៉ាប់រងជូនឪពុកខ្ញុំប្របាទថា “បើកូនមិននាំប្អូនត្រឡប់មកជួបលោកឪពុកវិញទេនោះ កូននឹងមានទោសចំពោះលោកឪពុកអស់មួយជីវិត!”។ ដូច្នេះ សូមលោកម្ចាស់មេត្តាអនុញ្ញាតឲ្យខ្ញុំប្របាទធ្វើជាទាសកររបស់លោកម្ចាស់នៅទីនេះ ជំនួសប្អូន។ សូមលោកម្ចាស់អនុញ្ញាតឲ្យវាវិលទៅវិញជាមួយបងៗ ដោយអនុគ្រោះផង។ ប្រសិនបើប្អូនពៅមិនទៅជាមួយ ខ្ញុំប្របាទមិនអាចទៅជួបមុខឪពុកវិញបានទេ ដ្បិតខ្ញុំប្របាទមិនចង់ឃើញឪពុកខ្ញុំប្របាទមានទុក្ខវេទនាឡើយ»។
លោកុប្បត្តិ 44:1-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ូសែបបង្គាប់ទៅអ្នកដែលត្រួតលើផ្ទះខ្លួនថា ចូរច្រកស្បៀងអាហារឲ្យពេញបាវរបស់អ្នកទាំងនោះទៅ តាមដែលគេដឹកនាំទៅបាន រួចយកប្រាក់គេដាក់ទៅក្នុងមាត់បាវវិញ ហើយយកពែងប្រាក់របស់អញ ដាក់ចុះក្នុងមាត់បាវនៃអ្នកដែលក្មេងជាងគេនោះ ព្រមទាំងប្រាក់ជាដំឡៃស្រូវផង អ្នកនោះក៏ធ្វើតាមបង្គាប់យ៉ូសែប លុះភ្លឺឡើងហើយ នោះក៏បញ្ជូនឲ្យអ្នកទាំងនោះទៅ នឹងលារបស់គេដែរ តែកាលគេបានចេញពីទីក្រុងទៅមិនឆ្ងាយប៉ុន្មាន នោះយ៉ូសែបប្រាប់ទៅអ្នកដែលត្រួតលើផ្ទះខ្លួនថា ចូររៀបចំដេញតាមមនុស្សទាំងនោះទៅ កាលណាឯងបានទាន់គេ នោះត្រូវនិយាយយ៉ាងនេះថា ហេតុអ្វីបានជាឯងរាល់គ្នាធ្វើការអាក្រក់ស្នងនឹងការល្អដូច្នេះ តើពែងនោះមិនមែនជាពែងដែលចៅហ្វាយអញផឹក ហើយដែលលោកប្រើសំរាប់នឹងទាយទេឬអី ដែលឯងរាល់គ្នាបានធ្វើដូច្នេះ នោះអាក្រក់ណាស់។ អ្នកនោះក៏ទៅបានទាន់គេ ហើយនិយាយនឹងគេតាមពាក្យទាំងនោះ គេប្រកែកឡើងថា ហេតុអ្វីបានជាលោកម្ចាស់ខ្ញុំមានប្រសាសន៍ដូច្នេះ យើងខ្ញុំប្របាទមិនដែលធ្វើដូច្នោះឡើយ មើល ដូចជាប្រាក់ដែលយើងខ្ញុំបានឃើញនៅមាត់បាវរបស់យើងខ្ញុំ នោះយើងខ្ញុំបានយកពីស្រុកកាណានមកជូនលោកវិញហើយដែរ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងខ្ញុំបានលួចយកប្រាក់ ឬមាសពីផ្ទះចៅហ្វាយរបស់លោកមកបាន បើឃើញមាននៅនឹងរូបអ្នកណាក្នុងពួកយើងខ្ញុំប្របាទនេះ សូមឲ្យអ្នកនោះទទួលស្លាប់ចុះ ហើយយើងខ្ញុំរាល់គ្នានឹងធ្វើជាបាវរបស់លោកតទៅ តែអ្នកនោះនិយាយថា ដូច្នេះសូមឲ្យបានដូចជាពាក្យអ្នកចុះ បើខ្ញុំរកឃើញនៅលើរូបអ្នកណា ឲ្យអ្នកនោះត្រូវធ្វើជាបាវខ្ញុំចុះ តែអ្នកឯទៀតនឹងបានរួចទោសវិញ នោះគេក៏ប្រញាប់ប្រញាល់នឹងដាក់បាវស្រូវចុះមកដី ហើយស្រាយចេញគ្រប់គ្នា រួចអ្នកនោះជ្រាវរាវរកចាប់តាំងពីបងច្បងទៅដល់ប្អូនពៅ ឃើញមានពែងនោះនៅក្នុងបាវរបស់បេនយ៉ាមីន នោះគេក៏ហែកសំលៀកបំពាក់ រួចផ្ទុកលាត្រឡប់ទៅឯទីក្រុងវិញទាំងអស់គ្នា។ យូដា នឹងបងប្អូននាំគ្នាចូលទៅក្នុងផ្ទះយ៉ូសែបដែលនៅផ្ទះនៅឡើយ ក៏ទំលាក់ខ្លួនក្រាបចុះផ្កាប់មុខដល់ដីនៅចំពោះគាត់ នោះយ៉ូសែបនិយាយគំរាមទៅគេថា ឯងរាល់គ្នាបានធ្វើអ្វីដូច្នេះ តើមិនដឹងថា មនុស្សយ៉ាងអញចេះចាប់យាមទេឬអី យូដាឆ្លើយឡើងថា យើងខ្ញុំនឹងឆ្លើយតបនឹងលោកម្ចាស់នៃយើងខ្ញុំដូចម្តេចបាន តើនឹងនិយាយអ្វី ឬដោះសាខ្លួនយើងខ្ញុំជាយ៉ាងណាបាន ព្រះទ្រង់បានឃើញសេចក្ដីទុច្ចរិតរបស់យើងខ្ញុំប្របាទហើយ មើល យើងខ្ញុំត្រូវធ្វើជាបាវបំរើរបស់លោកម្ចាស់ គឺទាំងខ្លួនយើងខ្ញុំ នឹងអ្នក១ដែលឃើញមានពែងនៅដៃនោះផង តែគាត់ឆ្លើយថា អញមិនធ្វើដូច្នោះទេ អ្នកណាដែលបានឃើញមានពែងនៅដៃវា គឺអ្នកនោះឯងដែលត្រូវធ្វើជាបាវរបស់អញ ឯឯងរាល់គ្នាវិញ ត្រូវឡើងត្រឡប់ទៅឯឪពុកឯងដោយសុខសាន្តចុះ។ យូដាគាត់ក៏ចូលទៅជិតអង្វរយ៉ូសែបថា ឱលោកម្ចាស់ខ្ញុំប្របាទអើយ សូមបើកឲ្យខ្ញុំប្របាទជាបាវលោកជំរាបជូនលោកស្តាប់១ម៉ាត់សិន សូមកុំខឹងក្តៅនឹងខ្ញុំប្របាទជាអ្នកបំរើលោកឡើយ ពីព្រោះលោកក៏ដូចជាផារ៉ោនហើយ លោកម្ចាស់បានសួរយើងខ្ញុំប្របាទថា តើមានឪពុកមានបងប្អូនឬទេ នោះយើងខ្ញុំបានឆ្លើយជំរាបលោកម្ចាស់ថា យើងខ្ញុំមានឪពុកចាស់ ហើយនឹងប្អូនតូច១ដែលកើតមកក្នុងកាលដែលគាត់ចាស់ដែរ បងវាបានស្លាប់ទៅ ហើយក្នុងកូនពោះមួយនឹងវា នោះនៅសល់តែវាម្នាក់ឯងទេ ហើយឪពុកស្រឡាញ់វាណាស់ តែលោកមានប្រសាសន៍មកយើងខ្ញុំប្របាទថា ចូរនាំវាចុះមកឯលោកកុំខាន ឲ្យលោកបានឃើញផង យើងខ្ញុំក៏បានជំរាបលោកម្ចាស់វិញថា កូននោះនឹងឃ្លាតចេញពីឪពុកមកមិនបានទេ ដ្បិតបើវាឃ្លាតចេញពីគាត់ នោះគាត់នឹងស្លាប់ហើយ តែលោកបានមានប្រសាសន៍មកយើងខ្ញុំប្របាទថា បើប្អូនពៅមិនចុះមកជាមួយទេ នោះយើងខ្ញុំមិនបានឃើញមុខលោកទៀត ដូច្នេះ កាលយើងខ្ញុំបានឡើងទៅដល់ឪពុកដែលជាអ្នកបំរើលោក នោះយើងខ្ញុំក៏ជំរាបគាត់តាមពាក្យរបស់លោកម្ចាស់ រួចមកឪពុកយើងខ្ញុំប្រាប់ថា ចូរទៅទិញស្បៀងអាហារសំរាប់យើងទៀត តែយើងខ្ញុំបានប្រកែកថា យើងខ្ញុំទៅពុំបានទេ បើប្អូនពៅបានទៅជាមួយ នោះទើបយើងខ្ញុំនឹងទៅបាន ដ្បិតយើងខ្ញុំនឹងឃើញមុខលោកនោះមិនបានទេ លើកតែប្អូនពៅបានទៅជាមួយផង ឪពុកយើងខ្ញុំដែលជាអ្នកបំរើលោកគាត់មានប្រសាសន៍មកយើងខ្ញុំថា ឯងរាល់គ្នាដឹងថា ប្រពន្ធអញបានបង្កើតកូនប្រុស២ឲ្យអញ មួយបានឃ្លាតចាកពីអញទៅបាត់ហើយ អញក៏គិតថា ប្រាកដជាមានសត្វហែកវាស៊ីមែន អញមិនដែលឃើញវាទៀតដរាបដល់សព្វថ្ងៃនេះ ឥឡូវបើឯងរាល់គ្នាយកកូននេះពីអញទៅទៀត ហើយជួនជាកើតមានគ្រោះថ្នាក់យ៉ាងណា នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់អញចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយសេចក្ដីទុក្ខព្រួយហើយ ដូច្នេះបើកាលណាខ្ញុំប្របាទត្រឡប់ទៅឯឪពុករបស់ខ្ញុំប្របាទជាអ្នកបំរើលោក ហើយក្មេងនេះដែលគាត់ស្រឡាញ់ដូចជាដួងជីវិត មិនបានឃើញទៅជាមួយនឹងយើងខ្ញុំទេ នោះគាត់នឹងស្លាប់ជាពិតដោយមិនឃើញកូននេះ យ៉ាងនោះយើងខ្ញុំប្របាទឈ្មោះថា នឹងនាំឲ្យសក់ស្កូវរបស់ឪពុកយើងខ្ញុំជាអ្នកបំរើលោក ចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយសេចក្ដីទុក្ខព្រួយពិតមែន ពីព្រោះខ្ញុំប្របាទបាននិយាយធានាពីដំណើរកូននេះនឹងឪពុកថា បើកាលណាមិនបាននាំវាមកជូនលោកឪពុកវិញទេ នោះត្រូវឲ្យខ្ញុំប្របាទមានទោសចំពោះលោកឪពុកជាដរាប ដូច្នេះសូមឲ្យខ្ញុំប្របាទនៅបំរើលោកម្ចាស់ជំនួសកូនកំឡោះនេះចុះ ដើម្បីឲ្យឡើងទៅវិញជាមួយនឹងពួកបងៗ ដ្បិតបើក្មេងនេះមិនបានទៅជាមួយហើយ នោះធ្វើដូចម្តេចឡើយឲ្យខ្ញុំប្របាទឡើងទៅឯឪពុករបស់ខ្ញុំប្របាទបាន ខ្លាចក្រែងខ្ញុំឃើញសេចក្ដីអាក្រក់ដែលនឹងកើតដល់ឪពុកខ្ញុំប្របាទ។