លោកុប្បត្តិ 44:1-18

លោកុប្បត្តិ 44:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​យ៉ូសែប​បង្គាប់​ទៅ​អ្នក​ដែលមើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​ច្រក​ស្បៀង​អាហារ​ឲ្យ​ពេញ​បាវ​របស់​អ្នក​ទាំង​នោះ តាម​ដែល​គេ​អាច​យក​ទៅ​បាន រួច​ដាក់​ប្រាក់​ទៅ​ក្នុង​បាវ​វិញ​ទៅ ហើយ​យក​ពែង​ប្រាក់​របស់​ខ្ញុំ ដាក់​ចូល​ក្នុង​បាវ​អ្នក​ដែល​ក្មេង​ជាង​គេ​នោះ ព្រម​ទាំង​ប្រាក់​ថ្លៃ​ស្រូវ​ផង»។ អ្នក​នោះ​ក៏​ធ្វើ​តាម​បង្គាប់​លោក​យ៉ូសែប។ លុះ​ភ្លឺ​ឡើង គេ​ក៏​ឲ្យ​អ្នក​ទាំង​នោះ​ចេញ​ទៅ ព្រម​ទាំង​លា​របស់​គេ​ដែរ។ កាល​គេ​បាន​ចេញ​ពី​ទី​ក្រុង​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន លោក​យ៉ូសែប​ប្រាប់​អ្នក​ដែល​មើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​ដេញ​តាម​មនុស្ស​ទាំង​នោះ​ទៅ ហើយ​ពេល​អ្នក​ទៅ​ទាន់​គេ ត្រូវ​និយាយ​យ៉ាង​នេះ​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការ​អាក្រក់ ស្នង​នឹង​ការ​ល្អ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​លួច​ពែង​ប្រាក់​របស់​ចៅ​ហ្វាយ​ខ្ញុំ? តើ​មិន​មែន​ជា​ពែង​ដែល​ចៅ‌ហ្វាយ​ខ្ញុំ​ផឹក និង​ប្រើ​សម្រាប់​ទស្សន៍​ទាយ​ទេ​ឬ? អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ គឺ​អាក្រក់​ណាស់"»។ កាល​អ្នក​នោះ​ទៅ​ទាន់​ពួក​គេ ហើយ​បាន​និយាយ​តាម​ពាក្យ​ទាំង​នោះ ពួក​គេ​ប្រកែក​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​ខ្ញុំ​មាន​ប្រសាសន៍​ដូច្នេះ? យើង​ខ្ញុំ​ប្របាទ​មិន​ដែល​ប្រព្រឹត្ត​អំពើ​ដូច្នេះ​ឡើយ! មើល៍! ប្រាក់​ដែល​យើង​ខ្ញុំ​បាន​ឃើញ​នៅ​មាត់​បាវ​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​បាន​យក​ពី​ស្រុក​កាណាន​មក​ជូន​លោក​វិញ​ហើយ ដូច្នេះ ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ខ្ញុំ​លួច​យក​ប្រាក់ ឬ​មាស​ពី​ផ្ទះ​ចៅ‌ហ្វាយ​របស់​លោក​ទៅ​កើត? បើ​ឃើញ​មាន​នៅ​នឹង​រូប​អ្នក​ណា ក្នុង​ចំណោម​យើង​ខ្ញុំ​ប្របាទ​នេះ សូម​ឲ្យ​អ្នក​នោះ​ស្លាប់​ចុះ ហើយ​យើង​ខ្ញុំ​នឹង​ទៅ​ធ្វើ​ជា​បាវ​បម្រើ​របស់​លោក!» តែ​អ្នក​នោះ​ពោល​ថា៖ «ដូច្នេះ សូម​ឲ្យ​បាន​ដូច​ពាក្យ​របស់​អ្នក​រាល់​គ្នា​ចុះ បើ​ខ្ញុំ​រក​ឃើញ​នៅ​លើ​រូប​អ្នក​ណា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​បម្រើ​របស់​ខ្ញុំ តែ​អ្នក​ឯ​ទៀត​នឹង​បាន​រួច​ខ្លួន»។ ពេល​នោះ គេ​ក៏​ប្រញាប់‌ប្រញាល់​ដាក់​បាវ​ស្រូវ​ចុះ​មក​ដី ហើយ​ស្រាយ​មាត់​បាវ​គ្រប់​គ្នា។ អ្នក​នោះ​ក៏​ឆែក‌ឆេរ ចាប់​ពី​បង​ច្បង​រហូត​ដល់​ប្អូន​ពៅ ឃើញ​មាន​ពែង​នោះ​នៅ​ក្នុង​បាវ​របស់​បេនយ៉ាមីន។ ឃើញ​ដូច្នោះ គេ​ក៏​ហែក​សម្លៀក‌បំពាក់ រួចម្នាក់ៗ​លើក​បាវ​ដាក់​លើ​ខ្នង​លា ត្រឡប់​ទៅ​ទី​ក្រុង​វិញ​ទាំង​អស់​គ្នា។ យូដា និង​បង‌ប្អូន​របស់​គាត់ នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​យ៉ូសែប ឯ​លោក​ក៏​នៅ​ទី​នោះ​នៅ​ឡើយ។ ពួក​គេ​ទម្លាក់​ខ្លួន​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី​នៅ​ចំពោះ​លោក។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អ្វី​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា មនុស្ស​ដូច​ខ្ញុំ​នេះ​ចេះ​ទស្សន៍‌ទាយ​ដឹង​ទេ​ឬ?» យូដា​ឆ្លើយ​ថា៖ «តើ​យើង​ខ្ញុំ​អាច​ឆ្លើយ​នឹង​លោក​ម្ចាស់​ដូច​ម្តេច​បាន? តើ​យើង​ខ្ញុំ​នឹង​ថា​ដូច​ម្ដេច? តើ​យើង​ខ្ញុំ​អាច​ដោះ​សា​ខ្លួន​យ៉ាង​ណា​បាន? ព្រះ‌ទ្រង់​បាន​ទត​ឃើញ​កំហុស​របស់​យើង​ខ្ញុំ​ប្របាទ​ហើយ មើល៍ យើង​ខ្ញុំ​ជា​បាវ​បម្រើ​របស់​លោក​ម្ចាស់​ហើយ គឺ​ទាំង​យើង​ខ្ញុំ ទាំង​អ្នក​ដែល​ឃើញ​មាន​ពែង​នៅ​ដៃ​នោះ​ផង»។ ប៉ុន្ដែ លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​ធ្វើ​ដូច្នោះ​ទេ អ្នក​ណា​ដែល​បាន​ឃើញ​មាន​ពែង​នៅ​ដៃ គឺ​អ្នក​នោះ​ឯង​ដែល​ត្រូវ​ធ្វើ​ជាបាវ​បម្រើ​របស់​ខ្ញុំ រីឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​ឪពុករប​ស់​អ្នក​រាល់​គ្នា​ដោយ​សុខ‌សាន្ត​ចុះ»។ ពេល​នោះ យូដា​ចូល​ទៅ​ជិត​លោក​យ៉ូសែប អង្វរ​ថា៖ «ឱ​លោក​ម្ចាស់​ខ្ញុំប្របាទ​អើយ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ជា​បាវ​បម្រើ​របស់​លោក ជម្រាប​ជូន​លោក​ម្ចាស់​ស្តាប់​មួយ​ម៉ាត់​សិន សូម​កុំ​ខឹង​ក្តៅ​នឹង​ខ្ញុំ​ប្របាទ​ឡើយ ដ្បិត​លោក​ម្ចាស់​ក៏​ដូច​ជា​ផារ៉ោន​ហើយ។

លោកុប្បត្តិ 44:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក លោក​យ៉ូសែប​បញ្ជា​ទៅ​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​ថា៖ «ចូរ​ច្រក​ស្រូវ​ឲ្យ​ពេញ​បាវ​អ្នក​ទាំង​នេះ តាម​តែ​គេ​អាច​យក​ទៅ​បាន ហើយ​ដាក់​ប្រាក់​របស់​ម្នាក់ៗ​នៅ​មាត់​បាវ​របស់​គេ​រៀងៗ​ខ្លួន​ទៅ។ ចូរ​ដាក់​ពែង​ប្រាក់​របស់​ខ្ញុំ​ទៅ​ក្នុង​បាវ​របស់​ម្នាក់​ដែល​ក្មេង​ជាង​គេ រួម​ទាំង​ប្រាក់​ទិញ​ស្រូវ​នោះ​ផង»។ បុរស​នោះ​ក៏​ធ្វើ​តាម​ពាក្យ​ដែល​លោក​យ៉ូសែប​បង្គាប់។ លុះ​ភ្លឺ​ឡើង គេ​អនុញ្ញាត​ឲ្យ​កូនៗ​របស់​លោក​យ៉ាកុប​ដឹក​លា​ចាក​ចេញ​ទៅ​តាំង​ពី​ព្រលឹម។ ពេល​ពួក​គេ​ចេញ​ដំណើរ​ពី​ទីក្រុង​ទៅ​បាន​បន្តិច លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​ប្រញាប់​ដេញ​តាម​អ្នក​ទាំង​នោះ​ឲ្យ​ទាន់ រួច​សួរ​គេ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ តប​ស្នង​នឹង​អំពើ​ល្អ​បែប​នេះ? ម្ចាស់​របស់​ខ្ញុំ​តែងតែ​ប្រើ​ពែង​សម្រាប់​ពិសា​ទឹក និង​សម្រាប់​ទស្សន៍‌ទាយ​ផង ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​លួច​យក​មក​ដូច្នេះ?”»។ អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​ដេញ​តាម​ពួក​គេ​ទាន់ ហើយ​និយាយ​ទៅ​ពួក​គេ តាម​ពាក្យ​លោក​យ៉ូសែប​បង្គាប់។ ពួក​គេ​តប​មក​វិញ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ម្ចាស់​មាន​ប្រសាសន៍​ដូច្នេះ? យើង​ខ្ញុំ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​ដ៏​សែន​អាក្រក់​នេះ​កើត​ទេ។ ពេល​យើង​ខ្ញុំ​ឃើញ​ប្រាក់​នៅ​មាត់​បាវ​ស្រូវ យើង​ខ្ញុំ​បាន​យក​ប្រាក់​នោះ​ពី​ស្រុក​កាណាន​មក​ជូន​លោក​វិញ ដូច្នេះ តើ​ឲ្យ​យើង​ខ្ញុំ​លួច​យក​ប្រាក់ ឬ​មាស​ពី​ផ្ទះ​ម្ចាស់​របស់​លោក​ដូច​ម្ដេច​កើត! ក្នុង​ចំណោម​យើង​ខ្ញុំ បើ​លោក​ម្ចាស់​រក​ឃើញ​ថា អ្នក​ណា​លួច​យក​ពែង អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ជីវិត ហើយ​សូម​យក​យើង​ខ្ញុំ​ទៅ​ធ្វើ​ជា​ទាសករ​ចុះ!»។ បុរស​នោះ​តប​ថា៖ «អ៊ីចឹង​ក៏​បាន ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា! បើ​ខ្ញុំ​រក​ឃើញ​ពែង​ក្នុង​បាវ​អ្នក​ណា អ្នក​នោះ​នឹង​ទៅ​ជា​ទាសករ​របស់​ខ្ញុំ ប៉ុន្តែ អ្នក​ឯ​ទៀតៗ​នឹង​បាន​រួច​ខ្លួន»។ ពួក​គេ​ប្រញាប់‌ប្រញាល់​ទម្លាក់​បាវ​ស្រូវ​រៀងៗ​ខ្លួន​ចុះ​មក​ដី ហើយ​ស្រាយ​មាត់​បាវ។ អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​លោក​យ៉ូសែប ក៏​ចាប់​ផ្ដើម​ឆែក‌ឆេរ​មើល​បាវ​របស់​អ្នក​ដែល​ចាស់​ជាង​គេ រហូត​ដល់​អ្នក​ដែល​ក្មេង​ជាង​គេ ហើយ​រក​ពែង​នោះ​ឃើញ​នៅ​ក្នុង​បាវ​របស់​បេន‌យ៉ាមីន។ បងៗ​នាំ​គ្នា​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ម្នាក់ៗ​លើក​បាវ​ដាក់​លើ​ខ្នង​លា ត្រឡប់​ទៅ​ទីក្រុង​វិញ។ លោក​យូដា និង​បងប្អូន​របស់​គាត់ ទៅ​ដល់​ផ្ទះ​របស់​លោក​យ៉ូសែប ឃើញ​លោក​នៅ​ទី​នោះ​នៅ​ឡើយ។ ពួក​គេ​ក្រាប​ថ្វាយ‌បង្គំ​លោក​ដល់​ដី។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដូច្នេះ អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា មនុស្ស​ដូច​ខ្ញុំ​នេះ​ចេះ​ទស្សន៍‌ទាយ​ដឹង​ទាំង​អស់?»។ លោក​យូដា​តប​ថា៖ «យើង​ខ្ញុំ​ប្របាទ​គ្មាន​អ្វី​ឆ្លើយ​នឹង​លោក​ម្ចាស់​ទេ យើង​ខ្ញុំ​ក៏​រក​ពាក្យ​មក​ដោះ‌សា​ពុំ​បាន​ដែរ ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​កំហុស​របស់​យើង​ខ្ញុំ​ស្រាប់​ហើយ ដូច្នេះ យើង​ខ្ញុំ​ព្រម​ទាំង​អ្នក​ដែល​បាន​លួច​ពែង សុខ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​លោក​ម្ចាស់»។ លោក​យ៉ូសែប​ប្រកែក​ថា៖ «ទេ ខ្ញុំ​ធ្វើ​ដូច្នោះ​មិន​កើត​ទេ គឺ​មាន​តែ​ម្ចាស់​បាវ​ដែល​គេ​រក​ឃើញ​ពែង​ប៉ុណ្ណោះ នឹង​ទៅ​ជា​ទាសករ​របស់​ខ្ញុំ។ រីឯ​អ្នក​រាល់​គ្នា ចូរ​វិល​ត្រឡប់​ទៅ​រក​ឪពុក​របស់​អ្នក​រាល់​គ្នា​វិញ​ដោយ​សុខ‌សាន្ត​ចុះ»។ ពេល​នោះ លោក​យូដា​ខិត​ចូល​ទៅ​ជិត​លោក​យ៉ូសែប​អង្វរ​ថា៖ «លោក​ម្ចាស់​អើយ សូម​មេត្តា​ប្រោស‌ប្រណី សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ជម្រាប​ជូន​លោក​ម្ចាស់​ស្ដាប់​មួយ​ម៉ាត់​សិន សូម​កុំ​ខឹង​នឹង​ខ្ញុំ​ប្របាទ​ឡើយ ដ្បិត​លោក​ម្ចាស់​មាន​អំណាច​ស្មើ​នឹង​ព្រះចៅ​ផារ៉ោន​ដែរ។

លោកុប្បត្តិ 44:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យ៉ូសែប​បង្គាប់​ទៅ​អ្នក​ដែល​ត្រួត​លើ​ផ្ទះ​ខ្លួន​ថា ចូរ​ច្រក​ស្បៀង​អាហារ​ឲ្យ​ពេញ​បាវ​របស់​អ្នក​ទាំង​នោះ​ទៅ តាម​ដែល​គេ​ដឹក‌នាំ​ទៅ​បាន រួច​យក​ប្រាក់​គេ​ដាក់​ទៅ​ក្នុង​មាត់​បាវ​វិញ ហើយ​យក​ពែង​ប្រាក់​របស់​អញ ដាក់​ចុះ​ក្នុង​មាត់​បាវ​នៃ​អ្នក​ដែល​ក្មេង​ជាង​គេ​នោះ ព្រម​ទាំង​ប្រាក់​ជា​ដំឡៃ​ស្រូវ​ផង អ្នក​នោះ​ក៏​ធ្វើ​តាម​បង្គាប់​យ៉ូសែប លុះ​ភ្លឺ​ឡើង​ហើយ នោះ​ក៏​បញ្ជូន​ឲ្យ​អ្នក​ទាំង​នោះ​ទៅ នឹង​លា​របស់​គេ​ដែរ តែ​កាល​គេ​បាន​ចេញ​ពី​ទី​ក្រុង​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន នោះ​យ៉ូសែប​ប្រាប់​ទៅ​អ្នក​ដែល​ត្រួត​លើ​ផ្ទះ​ខ្លួន​ថា ចូរ​រៀបចំ​ដេញ​តាម​មនុស្ស​ទាំង​នោះ​ទៅ កាល​ណា​ឯង​បាន​ទាន់​គេ នោះ​ត្រូវ​និយាយ​យ៉ាង​នេះ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ដូច្នេះ តើ​ពែង​នោះ​មិន​មែន​ជា​ពែង​ដែល​ចៅហ្វាយ​អញ​ផឹក ហើយ​ដែល​លោក​ប្រើ​សំរាប់​នឹង​ទាយ​ទេ​ឬ​អី ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ​ដូច្នេះ នោះ​អាក្រក់​ណាស់។ អ្នក​នោះ​ក៏​ទៅ​បាន​ទាន់​គេ ហើយ​និយាយ​នឹង​គេ​តាម​ពាក្យ​ទាំង​នោះ គេ​ប្រកែក​ឡើង​ថា ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​ខ្ញុំ​មាន​ប្រសាសន៍​ដូច្នេះ យើង​ខ្ញុំ​ប្របាទ​មិន​ដែល​ធ្វើ​ដូច្នោះ​ឡើយ មើល ដូច​ជា​ប្រាក់​ដែល​យើង​ខ្ញុំ​បាន​ឃើញ​នៅ​មាត់​បាវ​របស់​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​បាន​យក​ពី​ស្រុក​កាណាន​មក​ជូន​លោក​វិញ​ហើយ​ដែរ ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​បាន​លួច​យក​ប្រាក់ ឬ​មាស​ពី​ផ្ទះ​ចៅហ្វាយ​របស់​លោក​មក​បាន បើ​ឃើញ​មាន​នៅ​នឹង​រូប​អ្នក​ណា​ក្នុង​ពួក​យើង​ខ្ញុំ​ប្របាទ​នេះ សូម​ឲ្យ​អ្នក​នោះ​ទទួល​ស្លាប់​ចុះ ហើយ​យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​ជា​បាវ​របស់​លោក​ត​ទៅ តែ​អ្នក​នោះ​និយាយ​ថា ដូច្នេះ​សូម​ឲ្យ​បាន​ដូច​ជា​ពាក្យ​អ្នក​ចុះ បើ​ខ្ញុំ​រក​ឃើញ​នៅ​លើ​រូប​អ្នក​ណា ឲ្យ​អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ខ្ញុំ​ចុះ តែ​អ្នក​ឯ​ទៀត​នឹង​បាន​រួច​ទោស​វិញ នោះ​គេ​ក៏​ប្រញាប់‌ប្រញាល់​នឹង​ដាក់​បាវ​ស្រូវ​ចុះ​មក​ដី ហើយ​ស្រាយ​ចេញ​គ្រប់​គ្នា រួច​អ្នក​នោះ​ជ្រាវ​រាវ​រក​ចាប់​តាំង​ពី​បង​ច្បង​ទៅ​ដល់​ប្អូន​ពៅ ឃើញ​មាន​ពែង​នោះ​នៅ​ក្នុង​បាវ​របស់​បេន‌យ៉ាមីន នោះ​គេ​ក៏​ហែក​សំលៀក‌បំពាក់ រួច​ផ្ទុក​លា​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ​ទាំង​អស់​គ្នា។ យូដា នឹង​បង​ប្អូន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​យ៉ូសែប​ដែល​នៅ​ផ្ទះ​នៅ​ឡើយ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី​នៅ​ចំពោះ​គាត់ នោះ​យ៉ូសែប​និយាយ​គំរាម​ទៅ​គេ​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​អ្វី​ដូច្នេះ តើ​មិន​ដឹង​ថា មនុស្ស​យ៉ាង​អញ​ចេះ​ចាប់​យាម​ទេ​ឬ​អី យូដា​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​នឹង​ឆ្លើយ​តប​នឹង​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ដូច​ម្តេច​បាន តើ​នឹង​និយាយ​អ្វី ឬ​ដោះ‌សា​ខ្លួន​យើង​ខ្ញុំ​ជា​យ៉ាង​ណា​បាន ព្រះ‌ទ្រង់​បាន​ឃើញ​សេចក្ដី​ទុច្ចរិត​របស់​យើង​ខ្ញុំ​ប្របាទ​ហើយ មើល យើង​ខ្ញុំ​ត្រូវ​ធ្វើ​ជា​បាវ​បំរើ​របស់​លោក​ម្ចាស់ គឺ​ទាំង​ខ្លួន​យើង​ខ្ញុំ នឹង​អ្នក​១​ដែល​ឃើញ​មាន​ពែង​នៅ​ដៃ​នោះ​ផង តែ​គាត់​ឆ្លើយ​ថា អញ​មិន​ធ្វើ​ដូច្នោះ​ទេ អ្នក​ណា​ដែល​បាន​ឃើញ​មាន​ពែង​នៅ​ដៃ​វា គឺ​អ្នក​នោះ​ឯង​ដែល​ត្រូវ​ធ្វើ​ជា​បាវ​របស់​អញ ឯ​ឯង​រាល់​គ្នា​វិញ ត្រូវ​ឡើង​ត្រឡប់​ទៅ​ឯ​ឪពុក​ឯង​ដោយ​សុខ‌សាន្ត​ចុះ។ យូដា​គាត់​ក៏​ចូល​ទៅ​ជិត​អង្វរ​យ៉ូសែប​ថា ឱ​លោក​ម្ចាស់​ខ្ញុំ​ប្របាទ​អើយ សូម​បើក​ឲ្យ​ខ្ញុំ​ប្របាទ​ជា​បាវ​លោក​ជំរាប​ជូន​លោក​ស្តាប់​១​ម៉ាត់​សិន សូម​កុំ​ខឹង​ក្តៅ​នឹង​ខ្ញុំ​ប្របាទ​ជា​អ្នក​បំរើ​លោក​ឡើយ ពី​ព្រោះ​លោក​ក៏​ដូច​ជា​ផារ៉ោន​ហើយ