លោកុប្បត្តិ 42:6-10

លោកុប្បត្តិ 42:6-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ លោក​យ៉ូសែប​ជា​ទេសា‌ភិបាល​លើ​ស្រុក​នោះ គឺ​លោក​ជា​អ្នក​ដែល​លក់​ស្រូវ​ឲ្យ​ប្រជា‌ជន​ទាំង​អស់​នៅ​ផែន​ដី។ បងៗ​របស់​លោក​យ៉ូសែប​នាំ​គ្នា​ចូល​មក ហើយ​ក្រាប​ចុះ​មុខ​ដល់​ដី​នៅ​ចំពោះ​លោក។ កាល​លោក​យ៉ូសែប​ឃើញ​បងៗ លោក​ក៏​ស្គាល់​ពួក‌គេ តែ​លោក​ធ្វើ​ដូច​ជា​អ្នក​ដទៃ ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក‌គេ​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ពួក​ឯង​មក​ពី​ណា?» គេ​ឆ្លើយ​ថា៖ «មក​ពី​ស្រុក​កាណាន ដើម្បី​ទិញ​ស្បៀង​អាហារ»។ លោក​យ៉ូសែប​ស្គាល់​បងៗ តែ​ពួក‌គេ​មិន​បាន​ស្គាល់​លោក​ទេ។ ពេល​នោះ លោក​យ៉ូសែប​នឹក​ឃើញ​សប្ដិ​ដែល​លោក​បាន​យល់​សប្តិ​អំពី​បងៗ​របស់​លោក។ លោក​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «ពួកឯង​សុទ្ធ​តែ​ជា​អ្នក​ស៊ើប‌ការណ៍ ពួក​ឯង​មក​ដើម្បី​រក​មើល​កន្លែង​ដែល​នៅ​ទទេ​ក្នុង​ស្រុក​នេះ​ហើយ»។ ពួក‌គេ​តប​វិញ​ថា៖ «ទេ លោក​ម្ចាស់​ខ្ញុំ​អើយ យើង​ខ្ញុំ​ប្របាទ​មក​ទិញ​ស្បៀង​អាហារ​ទេ​តើ

លោកុប្បត្តិ 42:6-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ លោក​យ៉ូសែប​មាន​អំណាច​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប ហើយ​លោក​ចាត់​ចែង​លក់​ស្រូវ​ឲ្យ​អ្នក​ស្រុក​នោះ​ទាំង​មូល។ បងៗ​របស់​លោក​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​លោក ឱន​មុខ​ចុះ​ដល់​ដី។ កាល​លោក​យ៉ូសែប​ឃើញ​បងៗ លោក​ស្គាល់​ភ្លាម តែ​លោក​មិន​បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​វិញ​ទេ។ លោក​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ពួក​ឯង​មក​ពី​ណា?»។ គេ​តប​ថា៖ «យើង​ខ្ញុំ​ប្របាទ​មក​ពី​ស្រុក​កាណាន រក​ទិញ​ស្បៀង​អាហារ»។ លោក​យ៉ូសែប​ស្គាល់​បងៗ តែ​ពួក​គេ​មិន​បាន​ស្គាល់​លោក​ទេ។ ពេល​នោះ លោក​យ៉ូសែប​នឹក​ឃើញ​សុបិន​របស់​លោក​ស្ដី​អំពី​បងៗ​ថ្វាយ‌បង្គំ​លោក។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ពួក​ឯង​សុទ្ធ​តែ​ជា​អ្នក​ស៊ើប‌ការណ៍ ពួក​ឯង​មក​ទី​នេះ ប្រាថ្នា​រក​មើល​កន្លែង​ដែល​គ្មាន​ទី​តាំង​មាំ​ទាំ​តែ​ប៉ុណ្ណោះ»។ ពួក​គេ​តប​វិញ​ថា៖ «ប្របាទ​ទេ លោក​ម្ចាស់! យើង​ខ្ញុំ​មក​នេះ ដើម្បី​សុំ​ទិញ​ស្បៀង​ទេ​តើ។

លោកុប្បត្តិ 42:6-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​យ៉ូសែប គាត់​ជា​ចៅហ្វាយ​លើ​ស្រុក​នោះ គឺ​គាត់​ហើយ ដែល​ជា​អ្នក​លក់​ស្រូវ​ឲ្យ​ដល់​បណ្តា​មនុស្ស​នៅ​ផែនដី ពួក​បង​គាត់​ក៏​ចូល​ទៅ​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ចំពោះ​គាត់ កាល​យ៉ូសែប​ឃើញ​ពួក​បង នោះ​ក៏​ស្គាល់​គេ តែ​គាត់​ធ្វើ​ដូច​ជា​អ្នក​ដទៃ​នឹង​គេ​វិញ ហើយ​និយាយ​ដោយ​តឹង‌រ៉ឹង​ថា មក​ពី​ណា គេ​ឆ្លើយ​ថា យើង​ខ្ញុំ​មក​ពី​ស្រុក​កាណាន​ដើម្បី​នឹង​ទិញ​ស្បៀង​អាហារ យ៉ូសែប​ស្គាល់​ពួក​បង​ជាក់ តែ​គេ​មិន​ស្គាល់​គាត់​ទេ គាត់​ក៏​នឹក​ឃើញ​ពី​សប្តិ​ដែល​បាន​យល់​សប្តិ​ពី​ដំណើរ​គេ រួច​និយាយ​ទៅ​គេ​ថា ឯង​រាល់​គ្នា​ជា​ពួក​លប​សង្កេត​ស្រុក​ទេ ឯង​បាន​មក​ដើម្បី​នឹង​មើល​ស្រុក​នេះ ដែល​នៅ​ទទេ​ជា​យ៉ាង​ណា​ហើយ តែ​គេ​ឆ្លើយ​ថា ទេ លោក​ម្ចាស់​ខ្ញុំ​អើយ យើង​ខ្ញុំ​ប្របាទ​បាន​គ្រាន់​តែ​មក​ទិញ​ស្បៀង​អាហារ​ប៉ុណ្ណោះ​ទេ