លោកុប្បត្តិ 4:7-14
លោកុប្បត្តិ 4:7-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើអ្នកប្រព្រឹត្តល្អ តើនឹងមិនបានរីករាយទេឬ? ហើយបើអ្នកប្រព្រឹត្តមិនល្អទេ បាបកំពុងតែក្រាបនៅមាត់ទ្វារស្រាប់ ហើយវាប្រាថ្នាចង់បានអ្នក តែអ្នកត្រូវតែមានអំណាចលើវាវិញ»។ កាអ៊ីនបានបបួលអេបិលជាប្អូនថា៖ «តោះយើង ចេញទៅឯចម្ការ» ហើយកាលគេនៅឯចម្ការ កាអ៊ីនក៏ស្ទុះទៅសម្លាប់អេបិលជាប្អូន ឲ្យស្លាប់ទៅ។ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរកាអ៊ីនថា៖ «តើអេបិលប្អូនរបស់អ្នកនៅឯណា?» គាត់ទូលថា៖ «ទូលបង្គំមិនដឹងទេ តើទូលបង្គំជាអ្នកឃ្វាលប្អូនឬ?» ពេលនោះ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកបានប្រព្រឹត្តអ្វីដូច្នេះ? សូរសម្រែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដី ឡើងមកដល់យើង។ ឥឡូវនេះ អ្នកត្រូវបានដីដាក់បណ្ដាសាហើយ ដោយសារដីបានស្រូបយកឈាមប្អូនរបស់អ្នកពីដៃរបស់អ្នក។ ពេលណាអ្នកធ្វើស្រែចម្ការ ដីនឹងមិនបង្កើតផលឲ្យអ្នកពេញកម្លាំងទៀតទេ អ្នកត្រូវសាត់ព្រាត់ ហើយអណ្តែតទៅមកលើផែនដី»។ កាអ៊ីនទូលទៅព្រះយេហូវ៉ាថា៖ «ទោសរបស់ទូលបង្គំធ្ងន់ពេកណាស់ ទូលបង្គំទ្រាំទ្រមិនបានទេ។ មើល៍ ថ្ងៃនេះ ព្រះអង្គបានបណ្តេញទូលបង្គំចេញពីដីនេះហើយ ឯទូលបង្គំក៏ត្រូវឃ្លាតពីព្រះភក្ត្ររបស់ព្រះអង្គទៀត ទូលបង្គំនឹងត្រូវសាត់ព្រាត់ អណ្ដែតទៅមកលើផែនដី អ្នកណាដែលជួបទូលបង្គំ គេមុខជាសម្លាប់ទូលបង្គំជាមិនខាន»។
លោកុប្បត្តិ 4:7-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើអ្នកប្រព្រឹត្តល្អ អ្នកនឹងបានរីករាយឡើងវិញជាមិនខាន ផ្ទុយទៅវិញ បើអ្នកមិនប្រព្រឹត្តល្អទេ បាបក្រាបនៅមាត់ទ្វាររបស់អ្នក ដើម្បីជំរុញអ្នកឲ្យធ្វើតាមវា តែអ្នកត្រូវបង្ក្រាបវាវិញ»។ លោកកាអ៊ីនបានបបួលលោកអេបិលជាប្អូនទៅចម្ការ លុះដល់ហើយ គាត់ក៏ស្ទុះទៅប្រហារប្អូនឲ្យស្លាប់បាត់បង់ជីវិត។ ព្រះអម្ចាស់សួរលោកកាអ៊ីនថា៖ «អេបិលប្អូនរបស់អ្នកនៅឯណា?»។ គាត់ទូលព្រះអង្គថា៖ «ទូលបង្គំមិនដឹងទេ! តើទូលបង្គំជាអ្នកឃ្វាលប្អូនរបស់ទូលបង្គំឬ?»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកកាអ៊ីនថា៖ «ម្ដេចក៏អ្នកប្រព្រឹត្តដូច្នេះ? សម្រែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដីឡើងមកដល់យើង។ ឥឡូវនេះ អ្នកត្រូវបណ្ដាសាហើយ អ្នកត្រូវឃ្លាតឆ្ងាយពីដីដែលបានស្រូបយកឈាមប្អូនរបស់អ្នក ជាឈាមដែលអ្នកបានបង្ហូរដោយផ្ទាល់ដៃ។ ពេលណាអ្នកភ្ជួររាស់ដី ដីនឹងលែងឲ្យភោគផលដល់អ្នកទៀតហើយ អ្នកនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី»។ លោកកាអ៊ីនទូលព្រះអម្ចាស់ថា៖ «ព្រះអង្គដាក់ទោសទូលបង្គំយ៉ាងនេះ ធ្ងន់ពេកណាស់ ទូលបង្គំទ្រាំមិនបានទេ។ ថ្ងៃនេះ ព្រះអង្គដេញទូលបង្គំចេញពីដីដែលមានជីជាតិល្អ ទូលបង្គំក៏ត្រូវចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គទៀត ហើយនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី បើមាននរណាម្នាក់ជួបទូលបង្គំ គេមុខជាសម្លាប់ទូលបង្គំមិនខាន»។
លោកុប្បត្តិ 4:7-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើឯងធ្វើល្អ តើមិនបានទឹកមុខរីករាយវិញទេឬអី បើឯងធ្វើមិនល្អ នោះមានដង្វាយលោះបាបដេកនៅមាត់ទ្វារស្រាប់ហើយ ចិត្តវានឹងបណ្តោយតាមឯង ហើយឯងមានអំណាចលើវាដែរ។ កាអ៊ីនក៏ដំណាលប្រាប់ដល់អេបិលជាប្អូន រួចមានកាល១ថ្ងៃកំពុងដែលគេនៅឯវាល នោះស្រាប់តែកាអ៊ីនក្រោកឡើងសំឡាប់អេបិលជាប្អូនទៅ ព្រះយេហូវ៉ាក៏មានបន្ទូលសួរកាអ៊ីនថា អេបិលប្អូនឯងនៅឯណា គាត់ទូលឆ្លើយថា ទូលបង្គំមិនដឹងទេ តើទូលបង្គំជាអ្នកថែរក្សាប្អូនឬអី នោះទ្រង់មានបន្ទូលសួរថា ឯងបានធ្វើអ្វីដូច្នេះ ពីព្រោះឮសូរសំរែកនៃឈាមរបស់ប្អូនឯងពីដីឡើងទៅដល់អញ ឥឡូវនេះ ឯងត្រូវដីដាក់បណ្តាសា ដោយបានទទួលឈាមនៃប្អូនពីដៃឯង កាលណាឯងធ្វើស្រែចំការ នោះដីនឹងមិនបង្កើតផលឲ្យឯងដ៏ពេញកំឡាំងទៀតទេ ឯងត្រូវសាត់ព្រាត់ ហើយអណ្តែតទៅមកលើផែនដីវិញ នោះកាអ៊ីនទូលទៅព្រះយេហូវ៉ាថា ទោសរបស់ទូលបង្គំធ្ងន់ពេកណាស់ នឹងទ្រាំទ្រមិនបានទេ មើល នៅថ្ងៃនេះ ទ្រង់បានបណ្តេញទូលបង្គំចេញពីស្រុកហើយ ដូច្នេះ ទូលបង្គំនឹងត្រូវនៅឃ្លាតពីទ្រង់ទៅ ហើយត្រូវសាត់ព្រាត់អណ្តែតទៅមកលើផែនដី រួចអស់អ្នកណាដែលឃើញទូលបង្គំ គេនឹងសំឡាប់ទូលបង្គំបង់