លោកុប្បត្តិ 4:17-26

លោកុប្បត្តិ 4:17-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាអ៊ីន​បាន​ស្គាល់​ប្រពន្ធ​របស់​គាត់ ហើយ​នាង​ក៏​មាន​ទម្ងន់​បង្កើត​បាន​អេណុក។ កាអ៊ីន​បាន​សង់​ក្រុង​មួយ រួច​ដាក់​ឈ្មោះ​ក្រុង​នោះ​តាម​ឈ្មោះ​អេណុក កូន​របស់​គាត់។ អេណុក​បង្កើត​បាន​អ៊ីរ៉ាឌ អ៊ីរ៉ាឌ​បង្កើត​មហ៊ូ‌យ៉ែល មហ៊ូ‌យ៉ែល​បង្កើត​មទូសែល ហើយ​មទូសែល​បង្កើត​ឡាមេក។ ឡាមេក​មាន​ប្រពន្ធ​ពីរ មួយ​ឈ្មោះ​នាង​អ័ដា មួយ​ទៀត​ឈ្មោះ​នាង​ស៊ីឡា។ នាង​អ័ដា​បង្កើត​បាន​យ៉ាបាល ដែល​ជា​បុព្វ‌បុរស​របស់​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ជំរំ ហើយ​មាន​ហ្វូង​សត្វ។ ប្អូន​របស់​គាត់​ឈ្មោះ​យូបាល គាត់​ជាឪពុក​របស់​ពួក​អ្នក​លេង​ពិន និង​ប៉ី។ រី​ឯ​នាង​ស៊ីឡា​បង្កើត​បាន​ទូបាល-កាអ៊ីន ជា​មេ​បង្រៀន​ពួក​ជាង​លង្ហិន និង​ជាង​ដែកគ្រប់​ប្រភេទ។ ប្អូន​ស្រី​របស់​ទូបាល-កាអ៊ីន​ឈ្មោះ​នាង​ណាអា‌ម៉ា។ ឡាមេក​និយាយ​ទៅ​ប្រពន្ធ​ទាំង​ពីរ​ថា៖ «ម្នាល​អ័ដា និង​ស៊ី‌ឡា​អើយ សូម​ស្តាប់​ពាក្យ​ខ្ញុំ ឱ​នាង​ជា​ប្រពន្ធ​របស់​ឡាមេក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ ខ្ញុំ​បាន​សម្លាប់​មនុស្ស​ម្នាក់ ព្រោះ​គេ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​របួស គឺ​កំលោះ​ម្នាក់ ដែល​បាន​វាយ​ខ្ញុំ​ឲ្យ​មាន​ស្នាម​ជាំ។ ប្រសិន‌បើ​ត្រូវ​សង​សឹក​ជួស​កាអ៊ីន​មួយ​ជា​ប្រាំពីរ នោះ​ត្រូវ​សង​សឹក​ជួស​ឡាមែក មួយ​ជា​ចិត​សិប​ប្រាំពីរ​ដង​វិញ»។ អ័ដាម​បាន​ស្គាល់​ប្រពន្ធ​របស់​គាត់​ម្តង​ទៀត ហើយ​នាង​បង្កើត​បាន​កូន​ប្រុស​មួយ ដាក់​ឈ្មោះ​ថា សេត ដ្បិត​នាង​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ប្រទាន​ពូជ មួយ​ទៀត​មក​ខ្ញុំ​ជំនួស​អេបិល ដែល​កាអ៊ីន​បាន​សម្លាប់​ទៅ​នោះ»។ សេត​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ​ដែរ ហើយ​គាត់​បាន​ដាក់​ឈ្មោះ​ថា អេណុស។ នៅ​គ្រា​នោះ មនុស្ស​បាន​ចាប់​ផ្តើម​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។

លោកុប្បត្តិ 4:17-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​កាអ៊ីន​បាន​រួម​រស់​ជា​មួយ​ភរិយា​របស់​គាត់ នាង​ក៏​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​មួយ ឈ្មោះ​ហេណុក។ បន្ទាប់​មក គាត់​កសាង​ក្រុង​មួយ ហើយ​ដាក់​ឈ្មោះ​ថា​ក្រុង​ហេណុក តាម​ឈ្មោះ​កូន​របស់​គាត់។ លោក​ហេណុក​មាន​កូន​ឈ្មោះ​អ៊ីរ៉ាដ បន្ទាប់​មក លោក​អ៊ីរ៉ាដ​បង្កើត​មហ៊ូ‌យ៉ែល លោក​មហ៊ូ‌យ៉ែល​បង្កើត​មទូ‌សែល លោក​មទូ‌សែល​បង្កើត​ឡាម៉េក។ លោក​ឡាម៉េក​បាន​យក​ភរិយា​ពីរ ម្នាក់​ឈ្មោះ​នាង​អដា ម្នាក់​ទៀត​ឈ្មោះ​នាង​ស៊ីឡា។ នាង​អដា​បង្កើត​កូន​មួយ​ឈ្មោះ​យ៉ាបាល ជា​បុព្វបុរស​របស់​ជន‌ជាតិ​ដែល​បោះ​ជំរំ​រស់​នៅ ហើយ​ចិញ្ចឹម​ហ្វូង​សត្វ។ ប្អូន​របស់​លោក​យ៉ាបាល​ឈ្មោះ​លោក​យូបាល ជា​បុព្វបុរស​របស់​ពួក​អ្នក​លេង​ពិណ និង​ចាប៉ី។ រីឯ​នាង​ស៊ីឡា​វិញ នាង​បង្កើត​បាន​កូន​ឈ្មោះ​ទូបាល-‌កាអ៊ីន ជា​បុព្វបុរស​របស់​ពួក​ជាង​លង្ហិន និង​ជាង​ដែក។ ប្អូន​ស្រី​របស់​លោក​ទូបាល-‌កាអ៊ីន ឈ្មោះ​នាង​ណាអាម៉ា។ លោក​ឡាម៉េក​និយាយ​ទៅ​កាន់​ភរិយា​ទាំង​ពីរ​ថា៖ «អដា និង​ស៊ីឡា​អើយ ចូរ​ស្ដាប់​សម្ដី​ខ្ញុំ! ភរិយា​របស់​ឡាម៉េក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ! ខ្ញុំ​បាន​សម្លាប់​មនុស្ស​ម្នាក់ ព្រោះ​តែ​គេ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មុខ​របួស​មួយ ហើយ​ខ្ញុំ​បាន​សម្លាប់​ក្មេង​ម្នាក់ ព្រោះ​តែ​ស្នាម​ជាំ​មួយ។ បើ​គេ​វាយ​សម្លាប់​លោក​កាអ៊ីន ត្រូវ​សម្លាប់​ប្រាំ‌ពីរ​នាក់​សង‌សឹក​វិញ ប៉ុន្តែ បើ​គេ​វាយ​សម្លាប់​ឡាម៉េក ត្រូវ​សម្លាប់​រហូត​ដល់​ទៅ​ចិត‌សិប​ប្រាំ‌ពីរ​នាក់ ដើម្បី​សង‌សឹក»។ លោក​អដាំ​រួម​រស់​ជា​មួយ​ភរិយា​ម្ដង​ទៀត នាង​បង្កើត​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​ថា សេថ ដ្បិត​នាង​ពោល​ថា «ដ្បិត​ព្រះ‌ជាម្ចាស់​ប្រទាន​កូន​មួយ​ទៀត​មក​ឲ្យ​ខ្ញុំ ដើម្បី​បន្ត​ពូជ​ជំនួស​អេបិល ដែល​កាអ៊ីន​បាន​សម្លាប់»។ លោក​សេថ​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា អេណុស។ ចាប់​តាំង​ពី​ពេល​នោះ​មក គេ​នាំ​គ្នា​គោរព​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ដោយ​ហៅ​ព្រះអង្គ​ថា «ព្រះ‌អម្ចាស់»។

លោកុប្បត្តិ 4:17-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​កាអ៊ីន​បាន​ស្គាល់​ប្រពន្ធ​គាត់ នោះ​នាង​មាន​ផ្ទៃ​ពោះ​បង្កើត​បាន​អេណុក គាត់​ក៏​សង់​ទី​ក្រុង​១ ហើយ​ដាក់​ឈ្មោះ​ទី​ក្រុង​នោះ​តាម​ឈ្មោះ​អេណុក​កូន​ខ្លួន អេណុក​បង្កើត​បាន​អ៊ីរ៉ាឌៗ​បង្កើត​មហ៊ូ‌យ៉ែលៗ​បង្កើត​មទូសែល ហើយ​មទូសែល​បង្កើត​ឡាមេក ឯ​ឡាមេក​គាត់​យក​ប្រពន្ធ​២​មួយ​ឈ្មោះ​អ័ដា មួយ​ទៀត​ឈ្មោះ​ស៊ីឡា នាង​អ័ដា​បង្កើត​បាន​យ៉ាបាល ដែល​ជា​ឪពុក​នៃ​អស់​ពួក​អ្នក​នៅ​ក្នុង​ត្រសាល ហើយ​មាន​ហ្វូង​សត្វ ប្អូន​គាត់​ឈ្មោះ​យូបាល ជា​ឪពុក​នៃ​ពួក​អ្នក​លេង​ស៊ុង​នឹង​ខ្លុយ ឯ​នាង​ស៊ីឡា​ក៏​បង្កើត​បាន​ទូបាល-កាអ៊ីន ជា​មេ​បង្រៀន​ពួក​ជាង​លង្ហិន នឹង​ជាង​ដែក ប្អូន​ស្រី​ទូបាល-កាអ៊ីន គឺ​នាង​ន៉ាអាម៉ា។ ឯ​ឡាមេក គាត់​និយាយ​ទៅ​ប្រពន្ធ​ទាំង​ពីរ​ថា ម្នាល​អ័ដា​នឹង​ស៊ីឡា​អើយ ចូរ​ស្តាប់​ពាក្យ​អញ​ចុះ ឱ​ប្រពន្ធ​ឡាមេក​រាល់​គ្នា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​អញ​ចុះ ដ្បិត​អញ​បាន​សំឡាប់​មនុស្ស​ម្នាក់ ពី​ព្រោះ​វា​បាន​ធ្វើ​ឲ្យ​អញ​មាន​របួស គឺ​ជា​មនុស្ស​កំឡោះ​ម្នាក់ ដោយ​ហេតុ​វា​បាន​វាយ​អញ​ឲ្យ​ជាំ បើ‌សិន​ជា​ត្រូវ​សង‌សឹក​ជួស​កាអ៊ីន​១​ជា​៧​ដង នោះ​ក៏​ត្រូវ​សង‌សឹក​ជួស​ឡាមេក​១​ជា​៧៧​ដង​វិញ។ រួច​មក អ័ដាម​បាន​ស្គាល់​ប្រពន្ធ​ម្តង​ទៀត ហើយ​នាង​បង្កើត​បាន​កូន​ប្រុស​១ ឲ្យ​ឈ្មោះ​ថា សេត ព្រោះ​នាង​ថា ព្រះ‌ទ្រង់​បាន​ប្រទាន​ពូជ​១​ទៀត​មក​អញ​ជំនួស​អេបិល ដែល​កាអ៊ីន​បាន​សំឡាប់​ទៅ​នោះ ឯ​សេត គាត់​ក៏​បង្កើត​បាន​កូន​ប្រុស​១​ដែរ ដាក់​ឈ្មោះ​ថា អេណុស ហើយ​នៅ​ជាន់​នោះ គេ​ចាប់​តាំង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។