លោកុប្បត្តិ 4:17-24
លោកុប្បត្តិ 4:17-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាអ៊ីនបានស្គាល់ប្រពន្ធរបស់គាត់ ហើយនាងក៏មានទម្ងន់បង្កើតបានអេណុក។ កាអ៊ីនបានសង់ក្រុងមួយ រួចដាក់ឈ្មោះក្រុងនោះតាមឈ្មោះអេណុក កូនរបស់គាត់។ អេណុកបង្កើតបានអ៊ីរ៉ាឌ អ៊ីរ៉ាឌបង្កើតមហ៊ូយ៉ែល មហ៊ូយ៉ែលបង្កើតមទូសែល ហើយមទូសែលបង្កើតឡាមេក។ ឡាមេកមានប្រពន្ធពីរ មួយឈ្មោះនាងអ័ដា មួយទៀតឈ្មោះនាងស៊ីឡា។ នាងអ័ដាបង្កើតបានយ៉ាបាល ដែលជាបុព្វបុរសរបស់អស់អ្នកដែលរស់នៅក្នុងជំរំ ហើយមានហ្វូងសត្វ។ ប្អូនរបស់គាត់ឈ្មោះយូបាល គាត់ជាឪពុករបស់ពួកអ្នកលេងពិន និងប៉ី។ រីឯនាងស៊ីឡាបង្កើតបានទូបាល-កាអ៊ីន ជាមេបង្រៀនពួកជាងលង្ហិន និងជាងដែកគ្រប់ប្រភេទ។ ប្អូនស្រីរបស់ទូបាល-កាអ៊ីនឈ្មោះនាងណាអាម៉ា។ ឡាមេកនិយាយទៅប្រពន្ធទាំងពីរថា៖ «ម្នាលអ័ដា និងស៊ីឡាអើយ សូមស្តាប់ពាក្យខ្ញុំ ឱនាងជាប្រពន្ធរបស់ឡាមេកអើយ ចូរផ្ទៀងត្រចៀកស្តាប់សេចក្ដីដែលខ្ញុំនិយាយ ខ្ញុំបានសម្លាប់មនុស្សម្នាក់ ព្រោះគេបានធ្វើឲ្យខ្ញុំមានរបួស គឺកំលោះម្នាក់ ដែលបានវាយខ្ញុំឲ្យមានស្នាមជាំ។ ប្រសិនបើត្រូវសងសឹកជួសកាអ៊ីនមួយជាប្រាំពីរ នោះត្រូវសងសឹកជួសឡាមែក មួយជាចិតសិបប្រាំពីរដងវិញ»។
លោកុប្បត្តិ 4:17-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកកាអ៊ីនបានរួមរស់ជាមួយភរិយារបស់គាត់ នាងក៏មានផ្ទៃពោះ ហើយបង្កើតបានកូនមួយ ឈ្មោះហេណុក។ បន្ទាប់មក គាត់កសាងក្រុងមួយ ហើយដាក់ឈ្មោះថាក្រុងហេណុក តាមឈ្មោះកូនរបស់គាត់។ លោកហេណុកមានកូនឈ្មោះអ៊ីរ៉ាដ បន្ទាប់មក លោកអ៊ីរ៉ាដបង្កើតមហ៊ូយ៉ែល លោកមហ៊ូយ៉ែលបង្កើតមទូសែល លោកមទូសែលបង្កើតឡាម៉េក។ លោកឡាម៉េកបានយកភរិយាពីរ ម្នាក់ឈ្មោះនាងអដា ម្នាក់ទៀតឈ្មោះនាងស៊ីឡា។ នាងអដាបង្កើតកូនមួយឈ្មោះយ៉ាបាល ជាបុព្វបុរសរបស់ជនជាតិដែលបោះជំរំរស់នៅ ហើយចិញ្ចឹមហ្វូងសត្វ។ ប្អូនរបស់លោកយ៉ាបាលឈ្មោះលោកយូបាល ជាបុព្វបុរសរបស់ពួកអ្នកលេងពិណ និងចាប៉ី។ រីឯនាងស៊ីឡាវិញ នាងបង្កើតបានកូនឈ្មោះទូបាល-កាអ៊ីន ជាបុព្វបុរសរបស់ពួកជាងលង្ហិន និងជាងដែក។ ប្អូនស្រីរបស់លោកទូបាល-កាអ៊ីន ឈ្មោះនាងណាអាម៉ា។ លោកឡាម៉េកនិយាយទៅកាន់ភរិយាទាំងពីរថា៖ «អដា និងស៊ីឡាអើយ ចូរស្ដាប់សម្ដីខ្ញុំ! ភរិយារបស់ឡាម៉េកអើយ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំនិយាយ! ខ្ញុំបានសម្លាប់មនុស្សម្នាក់ ព្រោះតែគេធ្វើឲ្យខ្ញុំមានមុខរបួសមួយ ហើយខ្ញុំបានសម្លាប់ក្មេងម្នាក់ ព្រោះតែស្នាមជាំមួយ។ បើគេវាយសម្លាប់លោកកាអ៊ីន ត្រូវសម្លាប់ប្រាំពីរនាក់សងសឹកវិញ ប៉ុន្តែ បើគេវាយសម្លាប់ឡាម៉េក ត្រូវសម្លាប់រហូតដល់ទៅចិតសិបប្រាំពីរនាក់ ដើម្បីសងសឹក»។
លោកុប្បត្តិ 4:17-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយកាអ៊ីនបានស្គាល់ប្រពន្ធគាត់ នោះនាងមានផ្ទៃពោះបង្កើតបានអេណុក គាត់ក៏សង់ទីក្រុង១ ហើយដាក់ឈ្មោះទីក្រុងនោះតាមឈ្មោះអេណុកកូនខ្លួន អេណុកបង្កើតបានអ៊ីរ៉ាឌៗបង្កើតមហ៊ូយ៉ែលៗបង្កើតមទូសែល ហើយមទូសែលបង្កើតឡាមេក ឯឡាមេកគាត់យកប្រពន្ធ២មួយឈ្មោះអ័ដា មួយទៀតឈ្មោះស៊ីឡា នាងអ័ដាបង្កើតបានយ៉ាបាល ដែលជាឪពុកនៃអស់ពួកអ្នកនៅក្នុងត្រសាល ហើយមានហ្វូងសត្វ ប្អូនគាត់ឈ្មោះយូបាល ជាឪពុកនៃពួកអ្នកលេងស៊ុងនឹងខ្លុយ ឯនាងស៊ីឡាក៏បង្កើតបានទូបាល-កាអ៊ីន ជាមេបង្រៀនពួកជាងលង្ហិន នឹងជាងដែក ប្អូនស្រីទូបាល-កាអ៊ីន គឺនាងន៉ាអាម៉ា។ ឯឡាមេក គាត់និយាយទៅប្រពន្ធទាំងពីរថា ម្នាលអ័ដានឹងស៊ីឡាអើយ ចូរស្តាប់ពាក្យអញចុះ ឱប្រពន្ធឡាមេករាល់គ្នាអើយ ចូរផ្ទៀងត្រចៀកស្តាប់ពាក្យអញចុះ ដ្បិតអញបានសំឡាប់មនុស្សម្នាក់ ពីព្រោះវាបានធ្វើឲ្យអញមានរបួស គឺជាមនុស្សកំឡោះម្នាក់ ដោយហេតុវាបានវាយអញឲ្យជាំ បើសិនជាត្រូវសងសឹកជួសកាអ៊ីន១ជា៧ដង នោះក៏ត្រូវសងសឹកជួសឡាមេក១ជា៧៧ដងវិញ។