លោកុប្បត្តិ 4:10-23
លោកុប្បត្តិ 4:10-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកបានប្រព្រឹត្តអ្វីដូច្នេះ? សូរសម្រែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដី ឡើងមកដល់យើង។ ឥឡូវនេះ អ្នកត្រូវបានដីដាក់បណ្ដាសាហើយ ដោយសារដីបានស្រូបយកឈាមប្អូនរបស់អ្នកពីដៃរបស់អ្នក។ ពេលណាអ្នកធ្វើស្រែចម្ការ ដីនឹងមិនបង្កើតផលឲ្យអ្នកពេញកម្លាំងទៀតទេ អ្នកត្រូវសាត់ព្រាត់ ហើយអណ្តែតទៅមកលើផែនដី»។ កាអ៊ីនទូលទៅព្រះយេហូវ៉ាថា៖ «ទោសរបស់ទូលបង្គំធ្ងន់ពេកណាស់ ទូលបង្គំទ្រាំទ្រមិនបានទេ។ មើល៍ ថ្ងៃនេះ ព្រះអង្គបានបណ្តេញទូលបង្គំចេញពីដីនេះហើយ ឯទូលបង្គំក៏ត្រូវឃ្លាតពីព្រះភក្ត្ររបស់ព្រះអង្គទៀត ទូលបង្គំនឹងត្រូវសាត់ព្រាត់ អណ្ដែតទៅមកលើផែនដី អ្នកណាដែលជួបទូលបង្គំ គេមុខជាសម្លាប់ទូលបង្គំជាមិនខាន»។ ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅគាត់ថា៖ «មិនដូច្នោះទេ! បើអ្នកណាសម្លាប់អ្នក គេនឹងសងសឹកអ្នកនោះមួយជាប្រាំពីរ»។ ព្រះយេហូវ៉ាក៏ដៅចំណាំកាអ៊ីន ដើម្បីកុំឲ្យអ្នកណាដែលបានជួបគាត់ បានសម្លាប់គាត់ឡើយ។ បន្ទាប់មក កាអ៊ីនក៏ចេញពីព្រះយេហូវ៉ា ទៅនៅស្រុកណូឌ ខាងកើតស្រុកអេដែន។ កាអ៊ីនបានស្គាល់ប្រពន្ធរបស់គាត់ ហើយនាងក៏មានទម្ងន់បង្កើតបានអេណុក។ កាអ៊ីនបានសង់ក្រុងមួយ រួចដាក់ឈ្មោះក្រុងនោះតាមឈ្មោះអេណុក កូនរបស់គាត់។ អេណុកបង្កើតបានអ៊ីរ៉ាឌ អ៊ីរ៉ាឌបង្កើតមហ៊ូយ៉ែល មហ៊ូយ៉ែលបង្កើតមទូសែល ហើយមទូសែលបង្កើតឡាមេក។ ឡាមេកមានប្រពន្ធពីរ មួយឈ្មោះនាងអ័ដា មួយទៀតឈ្មោះនាងស៊ីឡា។ នាងអ័ដាបង្កើតបានយ៉ាបាល ដែលជាបុព្វបុរសរបស់អស់អ្នកដែលរស់នៅក្នុងជំរំ ហើយមានហ្វូងសត្វ។ ប្អូនរបស់គាត់ឈ្មោះយូបាល គាត់ជាឪពុករបស់ពួកអ្នកលេងពិន និងប៉ី។ រីឯនាងស៊ីឡាបង្កើតបានទូបាល-កាអ៊ីន ជាមេបង្រៀនពួកជាងលង្ហិន និងជាងដែកគ្រប់ប្រភេទ។ ប្អូនស្រីរបស់ទូបាល-កាអ៊ីនឈ្មោះនាងណាអាម៉ា។ ឡាមេកនិយាយទៅប្រពន្ធទាំងពីរថា៖ «ម្នាលអ័ដា និងស៊ីឡាអើយ សូមស្តាប់ពាក្យខ្ញុំ ឱនាងជាប្រពន្ធរបស់ឡាមេកអើយ ចូរផ្ទៀងត្រចៀកស្តាប់សេចក្ដីដែលខ្ញុំនិយាយ ខ្ញុំបានសម្លាប់មនុស្សម្នាក់ ព្រោះគេបានធ្វើឲ្យខ្ញុំមានរបួស គឺកំលោះម្នាក់ ដែលបានវាយខ្ញុំឲ្យមានស្នាមជាំ។
លោកុប្បត្តិ 4:10-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកលោកកាអ៊ីនថា៖ «ម្ដេចក៏អ្នកប្រព្រឹត្តដូច្នេះ? សម្រែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដីឡើងមកដល់យើង។ ឥឡូវនេះ អ្នកត្រូវបណ្ដាសាហើយ អ្នកត្រូវឃ្លាតឆ្ងាយពីដីដែលបានស្រូបយកឈាមប្អូនរបស់អ្នក ជាឈាមដែលអ្នកបានបង្ហូរដោយផ្ទាល់ដៃ។ ពេលណាអ្នកភ្ជួររាស់ដី ដីនឹងលែងឲ្យភោគផលដល់អ្នកទៀតហើយ អ្នកនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី»។ លោកកាអ៊ីនទូលព្រះអម្ចាស់ថា៖ «ព្រះអង្គដាក់ទោសទូលបង្គំយ៉ាងនេះ ធ្ងន់ពេកណាស់ ទូលបង្គំទ្រាំមិនបានទេ។ ថ្ងៃនេះ ព្រះអង្គដេញទូលបង្គំចេញពីដីដែលមានជីជាតិល្អ ទូលបង្គំក៏ត្រូវចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គទៀត ហើយនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី បើមាននរណាម្នាក់ជួបទូលបង្គំ គេមុខជាសម្លាប់ទូលបង្គំមិនខាន»។ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «បើអ្នកណាសម្លាប់កាអ៊ីន គេនឹងសងសឹកអ្នកនោះវិញមួយជាប្រាំពីរ»។ បន្ទាប់មក ព្រះអម្ចាស់ដៅសញ្ញាសម្គាល់មួយនៅលើលោកកាអ៊ីន។ ដូច្នេះ ពេលមាននរណាជួបគាត់ គេនឹងមិនប្រហារជីវិតគាត់ឡើយ។ បន្ទាប់មកទៀត លោកកាអ៊ីនបានចាកចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ ទៅរស់នៅឯស្រុកណូដ ដែលស្ថិតនៅខាងកើតស្រុកអេដែន។ លោកកាអ៊ីនបានរួមរស់ជាមួយភរិយារបស់គាត់ នាងក៏មានផ្ទៃពោះ ហើយបង្កើតបានកូនមួយ ឈ្មោះហេណុក។ បន្ទាប់មក គាត់កសាងក្រុងមួយ ហើយដាក់ឈ្មោះថាក្រុងហេណុក តាមឈ្មោះកូនរបស់គាត់។ លោកហេណុកមានកូនឈ្មោះអ៊ីរ៉ាដ បន្ទាប់មក លោកអ៊ីរ៉ាដបង្កើតមហ៊ូយ៉ែល លោកមហ៊ូយ៉ែលបង្កើតមទូសែល លោកមទូសែលបង្កើតឡាម៉េក។ លោកឡាម៉េកបានយកភរិយាពីរ ម្នាក់ឈ្មោះនាងអដា ម្នាក់ទៀតឈ្មោះនាងស៊ីឡា។ នាងអដាបង្កើតកូនមួយឈ្មោះយ៉ាបាល ជាបុព្វបុរសរបស់ជនជាតិដែលបោះជំរំរស់នៅ ហើយចិញ្ចឹមហ្វូងសត្វ។ ប្អូនរបស់លោកយ៉ាបាលឈ្មោះលោកយូបាល ជាបុព្វបុរសរបស់ពួកអ្នកលេងពិណ និងចាប៉ី។ រីឯនាងស៊ីឡាវិញ នាងបង្កើតបានកូនឈ្មោះទូបាល-កាអ៊ីន ជាបុព្វបុរសរបស់ពួកជាងលង្ហិន និងជាងដែក។ ប្អូនស្រីរបស់លោកទូបាល-កាអ៊ីន ឈ្មោះនាងណាអាម៉ា។ លោកឡាម៉េកនិយាយទៅកាន់ភរិយាទាំងពីរថា៖ «អដា និងស៊ីឡាអើយ ចូរស្ដាប់សម្ដីខ្ញុំ! ភរិយារបស់ឡាម៉េកអើយ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំនិយាយ! ខ្ញុំបានសម្លាប់មនុស្សម្នាក់ ព្រោះតែគេធ្វើឲ្យខ្ញុំមានមុខរបួសមួយ ហើយខ្ញុំបានសម្លាប់ក្មេងម្នាក់ ព្រោះតែស្នាមជាំមួយ។
លោកុប្បត្តិ 4:10-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះទ្រង់មានបន្ទូលសួរថា ឯងបានធ្វើអ្វីដូច្នេះ ពីព្រោះឮសូរសំរែកនៃឈាមរបស់ប្អូនឯងពីដីឡើងទៅដល់អញ ឥឡូវនេះ ឯងត្រូវដីដាក់បណ្តាសា ដោយបានទទួលឈាមនៃប្អូនពីដៃឯង កាលណាឯងធ្វើស្រែចំការ នោះដីនឹងមិនបង្កើតផលឲ្យឯងដ៏ពេញកំឡាំងទៀតទេ ឯងត្រូវសាត់ព្រាត់ ហើយអណ្តែតទៅមកលើផែនដីវិញ នោះកាអ៊ីនទូលទៅព្រះយេហូវ៉ាថា ទោសរបស់ទូលបង្គំធ្ងន់ពេកណាស់ នឹងទ្រាំទ្រមិនបានទេ មើល នៅថ្ងៃនេះ ទ្រង់បានបណ្តេញទូលបង្គំចេញពីស្រុកហើយ ដូច្នេះ ទូលបង្គំនឹងត្រូវនៅឃ្លាតពីទ្រង់ទៅ ហើយត្រូវសាត់ព្រាត់អណ្តែតទៅមកលើផែនដី រួចអស់អ្នកណាដែលឃើញទូលបង្គំ គេនឹងសំឡាប់ទូលបង្គំបង់ តែព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅគាត់ថា ដូច្នេះបើអ្នកណាដែលសំឡាប់ឯង នោះនឹងត្រូវទោស១ជា៧សួនរួចព្រះយេហូវ៉ាទ្រង់ក៏ដៅចំណាំកាអ៊ីន ដើម្បីកុំឲ្យអ្នកណាដែលឃើញគាត់បានសំឡាប់បង់ឡើយ។ នោះកាអ៊ីនក៏ចេញពីចំពោះព្រះយេហូវ៉ា ទៅនៅឯស្រុកណូឌ ខាងកើតអេដែនទៅ ហើយកាអ៊ីនបានស្គាល់ប្រពន្ធគាត់ នោះនាងមានផ្ទៃពោះបង្កើតបានអេណុក គាត់ក៏សង់ទីក្រុង១ ហើយដាក់ឈ្មោះទីក្រុងនោះតាមឈ្មោះអេណុកកូនខ្លួន អេណុកបង្កើតបានអ៊ីរ៉ាឌៗបង្កើតមហ៊ូយ៉ែលៗបង្កើតមទូសែល ហើយមទូសែលបង្កើតឡាមេក ឯឡាមេកគាត់យកប្រពន្ធ២មួយឈ្មោះអ័ដា មួយទៀតឈ្មោះស៊ីឡា នាងអ័ដាបង្កើតបានយ៉ាបាល ដែលជាឪពុកនៃអស់ពួកអ្នកនៅក្នុងត្រសាល ហើយមានហ្វូងសត្វ ប្អូនគាត់ឈ្មោះយូបាល ជាឪពុកនៃពួកអ្នកលេងស៊ុងនឹងខ្លុយ ឯនាងស៊ីឡាក៏បង្កើតបានទូបាល-កាអ៊ីន ជាមេបង្រៀនពួកជាងលង្ហិន នឹងជាងដែក ប្អូនស្រីទូបាល-កាអ៊ីន គឺនាងន៉ាអាម៉ា។ ឯឡាមេក គាត់និយាយទៅប្រពន្ធទាំងពីរថា ម្នាលអ័ដានឹងស៊ីឡាអើយ ចូរស្តាប់ពាក្យអញចុះ ឱប្រពន្ធឡាមេករាល់គ្នាអើយ ចូរផ្ទៀងត្រចៀកស្តាប់ពាក្យអញចុះ ដ្បិតអញបានសំឡាប់មនុស្សម្នាក់ ពីព្រោះវាបានធ្វើឲ្យអញមានរបួស គឺជាមនុស្សកំឡោះម្នាក់ ដោយហេតុវាបានវាយអញឲ្យជាំ