លោកុប្បត្តិ 4:1-26

លោកុប្បត្តិ 4:1-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ័ដាម​បាន​ស្គាល់​អេវ៉ា​ជា​ប្រពន្ធ ហើយ​នាង​មាន​ទម្ងន់​បង្កើត​បាន​កាអ៊ីន នាង​ពោល​ថា៖ «ខ្ញុំ​បាន​បង្កើត​កូន ប្រុស​ម្នាក់ ដោយ​សារ​ព្រះ‌យេហូវ៉ា​ប្រោស​ប្រទាន»។ គាត់​ក៏​បង្កើត​បាន​អេបិល​ជា​ប្អូន​ទៀត ហើយ​អេបិល​ជា​គង្វាល​ហ្វូង​សត្វ តែ​កាអ៊ីន​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ។ លុះ​ដល់​រដូវ​ប្រមូល​ផល កាអ៊ីន​បាន​យក​ភោគ‌ផល​ដែល​កើត​ពី​ដី​មក​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​អេបិល​ក៏​យក​កូន​ដំបូង​មួយ​ពី​ហ្វូង​សត្វ​មក​ថ្វាយ ព្រម​ទាំង​ខ្លាញ់​របស់​វា​ដែរ។ ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​អេបិល ព្រម​ទាំង​តង្វាយ​របស់​គាត់ តែ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​កាអ៊ីន ព្រម​ទាំង​តង្វាយ​របស់​គាត់​ទេ។ ដូច្នេះ កាអ៊ីន​ក្តៅ​ក្រហាយ​ជា​ខ្លាំង ហើយ​ឡើង​ទឹក​មុខ​ក្រញូវ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​កាអ៊ីន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ខឹង? ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ទឹក​មុខ​ក្រញូវ​ដូច្នេះ? ប្រសិន‌បើ​អ្នក​ប្រព្រឹត្ត​ល្អ តើនឹង​មិន​បាន​រីក‌រាយ​ទេ​ឬ? ហើយ​បើ​អ្នក​ប្រព្រឹត្ត​មិន​ល្អ​ទេ បាប​កំពុង​តែ​ក្រាប​នៅ​មាត់​ទ្វារ​ស្រាប់ ហើយ​វា​ប្រាថ្នា​ចង់​បាន​អ្នក តែ​អ្នក​ត្រូវ​តែ​មាន​អំណាច​លើ​វា​វិញ»។ កាអ៊ីន​បាន​បបួល​អេបិល​ជា​ប្អូន​ថា៖ «តោះ​យើង ចេញ​ទៅ​ឯ​ចម្ការ» ហើយ​កាល​គេ​នៅ​ឯ​ចម្ការ កាអ៊ីន​ក៏​ស្ទុះ​ទៅ​សម្លាប់​អេបិល​ជា​ប្អូន ឲ្យ​ស្លាប់​ទៅ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​កាអ៊ីន​ថា៖ «តើ​អេបិល​ប្អូន​របស់​អ្នក​នៅ​ឯ​ណា?» គាត់​ទូល​ថា៖ «ទូល‌បង្គំ​មិន​ដឹង​ទេ តើ​ទូល‌បង្គំ​ជា​អ្នក​ឃ្វាល​ប្អូន​ឬ?» ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​បាន​ប្រព្រឹត្ត​អ្វី​ដូច្នេះ? សូរ​សម្រែក​ឈាម​ប្អូន​របស់​អ្នក​បាន​លាន់​ឮ​ពី​ដី ឡើង​មក​ដល់​យើង។ ឥឡូវ​នេះ អ្នក​ត្រូវ​បាន​ដី​ដាក់​បណ្ដា‌សា​ហើយ ដោយ​សារ​ដី​បាន​ស្រូប​យក​ឈាម​ប្អូន​របស់​អ្នក​ពី​ដៃ​របស់​អ្នក។ ពេល​ណា​អ្នក​ធ្វើ​ស្រែ​ចម្ការ ដី​នឹង​មិន​បង្កើត​ផល​ឲ្យ​អ្នក​ពេញ​កម្លាំង​ទៀត​ទេ អ្នក​ត្រូវ​សាត់‌ព្រាត់ ហើយ​អណ្តែត​ទៅ​មក​លើ​ផែន‌ដី»។ កាអ៊ីន​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា៖ «ទោស​របស់​ទូល‌បង្គំ​ធ្ងន់​ពេក​ណាស់ ទូល‌បង្គំ​ទ្រាំ‌ទ្រ​មិន​បាន​ទេ។ មើល៍ ថ្ងៃ​នេះ ព្រះ‌អង្គ​បាន​បណ្តេញ​ទូល‌បង្គំ​ចេញ​ពីដី​នេះ​ហើយ ឯ​ទូល‌បង្គំ​ក៏​ត្រូវ​ឃ្លាត​ពី​ព្រះ​ភក្ត្រ​របស់​ព្រះ‌អង្គ​ទៀត ទូល‌បង្គំ​នឹង​ត្រូវ​សាត់‌ព្រាត់ អណ្ដែត​ទៅ​មក​លើ​ផែន‌ដី អ្នក​ណា​ដែល​ជួប​ទូល‌បង្គំ គេ​មុខជា​សម្លាប់​ទូល‌បង្គំ​ជា​មិន​ខាន»។ ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មិន​ដូច្នោះ​ទេ! បើ​អ្នក​ណា​សម្លាប់​អ្នក គេនឹង​សង​សឹក​អ្នក​នោះ​មួយ​ជា​ប្រាំពីរ»។ ព្រះ‌យេហូវ៉ា​ក៏​ដៅ​ចំណាំ​កាអ៊ីន ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​បាន​ជួប​គាត់ បាន​សម្លាប់​គាត់​ឡើយ។ បន្ទាប់​មក កាអ៊ីន​ក៏​ចេញ​ពី​ព្រះ‌យេហូវ៉ា ទៅ​នៅ​ស្រុក​ណូឌ ខាង​កើត​ស្រុក​អេដែន។ កាអ៊ីន​បាន​ស្គាល់​ប្រពន្ធ​របស់​គាត់ ហើយ​នាង​ក៏​មាន​ទម្ងន់​បង្កើត​បាន​អេណុក។ កាអ៊ីន​បាន​សង់​ក្រុង​មួយ រួច​ដាក់​ឈ្មោះ​ក្រុង​នោះ​តាម​ឈ្មោះ​អេណុក កូន​របស់​គាត់។ អេណុក​បង្កើត​បាន​អ៊ីរ៉ាឌ អ៊ីរ៉ាឌ​បង្កើត​មហ៊ូ‌យ៉ែល មហ៊ូ‌យ៉ែល​បង្កើត​មទូសែល ហើយ​មទូសែល​បង្កើត​ឡាមេក។ ឡាមេក​មាន​ប្រពន្ធ​ពីរ មួយ​ឈ្មោះ​នាង​អ័ដា មួយ​ទៀត​ឈ្មោះ​នាង​ស៊ីឡា។ នាង​អ័ដា​បង្កើត​បាន​យ៉ាបាល ដែល​ជា​បុព្វ‌បុរស​របស់​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ជំរំ ហើយ​មាន​ហ្វូង​សត្វ។ ប្អូន​របស់​គាត់​ឈ្មោះ​យូបាល គាត់​ជាឪពុក​របស់​ពួក​អ្នក​លេង​ពិន និង​ប៉ី។ រី​ឯ​នាង​ស៊ីឡា​បង្កើត​បាន​ទូបាល-កាអ៊ីន ជា​មេ​បង្រៀន​ពួក​ជាង​លង្ហិន និង​ជាង​ដែកគ្រប់​ប្រភេទ។ ប្អូន​ស្រី​របស់​ទូបាល-កាអ៊ីន​ឈ្មោះ​នាង​ណាអា‌ម៉ា។ ឡាមេក​និយាយ​ទៅ​ប្រពន្ធ​ទាំង​ពីរ​ថា៖ «ម្នាល​អ័ដា និង​ស៊ី‌ឡា​អើយ សូម​ស្តាប់​ពាក្យ​ខ្ញុំ ឱ​នាង​ជា​ប្រពន្ធ​របស់​ឡាមេក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ ខ្ញុំ​បាន​សម្លាប់​មនុស្ស​ម្នាក់ ព្រោះ​គេ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​របួស គឺ​កំលោះ​ម្នាក់ ដែល​បាន​វាយ​ខ្ញុំ​ឲ្យ​មាន​ស្នាម​ជាំ។ ប្រសិន‌បើ​ត្រូវ​សង​សឹក​ជួស​កាអ៊ីន​មួយ​ជា​ប្រាំពីរ នោះ​ត្រូវ​សង​សឹក​ជួស​ឡាមែក មួយ​ជា​ចិត​សិប​ប្រាំពីរ​ដង​វិញ»។ អ័ដាម​បាន​ស្គាល់​ប្រពន្ធ​របស់​គាត់​ម្តង​ទៀត ហើយ​នាង​បង្កើត​បាន​កូន​ប្រុស​មួយ ដាក់​ឈ្មោះ​ថា សេត ដ្បិត​នាង​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ប្រទាន​ពូជ មួយ​ទៀត​មក​ខ្ញុំ​ជំនួស​អេបិល ដែល​កាអ៊ីន​បាន​សម្លាប់​ទៅ​នោះ»។ សេត​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ​ដែរ ហើយ​គាត់​បាន​ដាក់​ឈ្មោះ​ថា អេណុស។ នៅ​គ្រា​នោះ មនុស្ស​បាន​ចាប់​ផ្តើម​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។

លោកុប្បត្តិ 4:1-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អដាំ​រួម​រស់​ជា​មួយ​នាង​អេវ៉ា​ជា​ភរិយា នាង​មាន​ផ្ទៃ​ពោះ​សម្រាល​បាន​កូន​មួយ ឈ្មោះ​កាអ៊ីន នាង​ពោល​ថា៖ «ខ្ញុំ​បាន​បង្កើត​មនុស្ស​ម្នាក់ ព្រោះ​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ»។ នាង​សម្រាល​បាន​កូន​មួយ​ទៀត គឺ​អេបិល ជា​កូន​ប្អូន។ ក្រោយ​មក លោក​អេបិល​បាន​ប្រកប​របរ​ជា​គង្វាល​ចៀម រីឯ​លោក​កាអ៊ីន​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ។ លុះ​ដល់​ពេល​ប្រមូល​ផល​ហើយ លោក​កាអ៊ីន​ក៏​យក​ភោគ‌ផល​ពី​ស្រែ​ចម្ការ​របស់​គាត់​មក​ថ្វាយ​ព្រះ‌អម្ចាស់។ លោក​អេបិល​ក៏​បាន​នាំ​យក​កូន​សត្វ ដែល​កើត​មុន​គេ​បង្អស់​ក្នុង​ហ្វូង​សត្វ​របស់​គាត់ ព្រម​ទាំង​ខ្លាញ់​របស់​វា​មក​ថ្វាយ​ដែរ។ ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​អេបិល ព្រម​ទាំង​តង្វាយ​របស់​គាត់ តែ​ព្រះអង្គ​មិន​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​កាអ៊ីន ព្រម​ទាំង​តង្វាយ​របស់​គាត់​ទេ។ លោក​កាអ៊ីន​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​ក្រពុល‌មុខ​ទៀត​ផង។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​កាអ៊ីន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ក្ដៅ​ក្រហាយ? ហេតុ​អ្វី​បាន​ជា​អ្នក​ក្រពុល‌មុខ​ដូច្នេះ? ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​ល្អ អ្នក​នឹង​បាន​រីក‌រាយ​ឡើង​វិញ​ជា​មិន​ខាន ផ្ទុយ​ទៅ​វិញ បើ​អ្នក​មិន​ប្រព្រឹត្ត​ល្អ​ទេ បាប​ក្រាប​នៅ​មាត់​ទ្វារ​របស់​អ្នក ដើម្បី​ជំរុញ​អ្នក​ឲ្យ​ធ្វើ​តាម​វា តែ​អ្នក​ត្រូវ​បង្ក្រាប​វា​វិញ»។ លោក​កាអ៊ីន​បាន​បបួល​លោក​អេបិល​ជា​ប្អូន​ទៅ​ចម្ការ លុះ​ដល់​ហើយ គាត់​ក៏​ស្ទុះ​ទៅ​ប្រហារ​ប្អូន​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត។ ព្រះ‌អម្ចាស់​សួរ​លោក​កាអ៊ីន​ថា៖ «អេបិល​ប្អូន​របស់​អ្នក​នៅ​ឯ​ណា?»។ គាត់​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​មិន​ដឹង​ទេ! តើ​ទូលបង្គំ​ជា​អ្នក​ឃ្វាល​ប្អូន​របស់​ទូលបង្គំ​ឬ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​កាអ៊ីន​ថា៖ «ម្ដេច​ក៏​អ្នក​ប្រព្រឹត្ត​ដូច្នេះ? សម្រែក​ឈាម​ប្អូន​របស់​អ្នក​បាន​លាន់​ឮ​ពី​ដី​ឡើង​មក​ដល់​យើង។ ឥឡូវ​នេះ អ្នក​ត្រូវ​បណ្ដាសា​ហើយ អ្នក​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ដី​ដែល​បាន​ស្រូប​យក​ឈាម​ប្អូន​របស់​អ្នក ជា​ឈាម​ដែល​អ្នក​បាន​បង្ហូរ​ដោយ​ផ្ទាល់​ដៃ។ ពេល​ណា​អ្នក​ភ្ជួរ​រាស់​ដី ដី​នឹង​លែង​ឲ្យ​ភោគ‌ផល​ដល់​អ្នក​ទៀត​ហើយ អ្នក​នឹង​ទៅ​ជា​មនុស្ស​អនាថា សាត់‌ព្រាត់​នៅ​លើ​ផែនដី»។ លោក​កាអ៊ីន​ទូល​ព្រះ‌អម្ចាស់​ថា៖ «ព្រះអង្គ​ដាក់​ទោស​ទូលបង្គំ​យ៉ាង​នេះ ធ្ងន់​ពេក​ណាស់ ទូលបង្គំ​ទ្រាំ​មិន​បាន​ទេ។ ថ្ងៃ​នេះ ព្រះអង្គ​ដេញ​ទូលបង្គំ​ចេញ​ពី​ដី​ដែល​មាន​ជី‌ជាតិ​ល្អ ទូលបង្គំ​ក៏​ត្រូវ​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ទៀត ហើយ​នឹង​ទៅ​ជា​មនុស្ស​អនាថា សាត់‌ព្រាត់​នៅ​លើ​ផែនដី បើ​មាន​នរណា​ម្នាក់​ជួប​ទូលបង្គំ គេ​មុខ​ជា​សម្លាប់​ទូលបង្គំ​មិន​ខាន»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «បើ​អ្នក​ណា​សម្លាប់​កាអ៊ីន គេ​នឹង​សង‌សឹក​អ្នក​នោះ​វិញ​មួយ​ជា​ប្រាំ‌ពីរ»។ បន្ទាប់​មក ព្រះ‌អម្ចាស់​ដៅ​សញ្ញា​សម្គាល់​មួយ​នៅ​លើ​លោក​កាអ៊ីន។ ដូច្នេះ ពេល​មាន​នរណា​ជួប​គាត់ គេ​នឹង​មិន​ប្រហារ​ជីវិត​គាត់​ឡើយ។ បន្ទាប់​មក​ទៀត លោក​កាអ៊ីន​បាន​ចាក​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្ររបស់ព្រះ‌អម្ចាស់ ទៅ​រស់​នៅ​ឯ​ស្រុក​ណូដ ដែល​ស្ថិត​នៅ​ខាង​កើត​ស្រុក​អេដែន។ លោក​កាអ៊ីន​បាន​រួម​រស់​ជា​មួយ​ភរិយា​របស់​គាត់ នាង​ក៏​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​មួយ ឈ្មោះ​ហេណុក។ បន្ទាប់​មក គាត់​កសាង​ក្រុង​មួយ ហើយ​ដាក់​ឈ្មោះ​ថា​ក្រុង​ហេណុក តាម​ឈ្មោះ​កូន​របស់​គាត់។ លោក​ហេណុក​មាន​កូន​ឈ្មោះ​អ៊ីរ៉ាដ បន្ទាប់​មក លោក​អ៊ីរ៉ាដ​បង្កើត​មហ៊ូ‌យ៉ែល លោក​មហ៊ូ‌យ៉ែល​បង្កើត​មទូ‌សែល លោក​មទូ‌សែល​បង្កើត​ឡាម៉េក។ លោក​ឡាម៉េក​បាន​យក​ភរិយា​ពីរ ម្នាក់​ឈ្មោះ​នាង​អដា ម្នាក់​ទៀត​ឈ្មោះ​នាង​ស៊ីឡា។ នាង​អដា​បង្កើត​កូន​មួយ​ឈ្មោះ​យ៉ាបាល ជា​បុព្វបុរស​របស់​ជន‌ជាតិ​ដែល​បោះ​ជំរំ​រស់​នៅ ហើយ​ចិញ្ចឹម​ហ្វូង​សត្វ។ ប្អូន​របស់​លោក​យ៉ាបាល​ឈ្មោះ​លោក​យូបាល ជា​បុព្វបុរស​របស់​ពួក​អ្នក​លេង​ពិណ និង​ចាប៉ី។ រីឯ​នាង​ស៊ីឡា​វិញ នាង​បង្កើត​បាន​កូន​ឈ្មោះ​ទូបាល-‌កាអ៊ីន ជា​បុព្វបុរស​របស់​ពួក​ជាង​លង្ហិន និង​ជាង​ដែក។ ប្អូន​ស្រី​របស់​លោក​ទូបាល-‌កាអ៊ីន ឈ្មោះ​នាង​ណាអាម៉ា។ លោក​ឡាម៉េក​និយាយ​ទៅ​កាន់​ភរិយា​ទាំង​ពីរ​ថា៖ «អដា និង​ស៊ីឡា​អើយ ចូរ​ស្ដាប់​សម្ដី​ខ្ញុំ! ភរិយា​របស់​ឡាម៉េក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ! ខ្ញុំ​បាន​សម្លាប់​មនុស្ស​ម្នាក់ ព្រោះ​តែ​គេ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មុខ​របួស​មួយ ហើយ​ខ្ញុំ​បាន​សម្លាប់​ក្មេង​ម្នាក់ ព្រោះ​តែ​ស្នាម​ជាំ​មួយ។ បើ​គេ​វាយ​សម្លាប់​លោក​កាអ៊ីន ត្រូវ​សម្លាប់​ប្រាំ‌ពីរ​នាក់​សង‌សឹក​វិញ ប៉ុន្តែ បើ​គេ​វាយ​សម្លាប់​ឡាម៉េក ត្រូវ​សម្លាប់​រហូត​ដល់​ទៅ​ចិត‌សិប​ប្រាំ‌ពីរ​នាក់ ដើម្បី​សង‌សឹក»។ លោក​អដាំ​រួម​រស់​ជា​មួយ​ភរិយា​ម្ដង​ទៀត នាង​បង្កើត​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​ថា សេថ ដ្បិត​នាង​ពោល​ថា «ដ្បិត​ព្រះ‌ជាម្ចាស់​ប្រទាន​កូន​មួយ​ទៀត​មក​ឲ្យ​ខ្ញុំ ដើម្បី​បន្ត​ពូជ​ជំនួស​អេបិល ដែល​កាអ៊ីន​បាន​សម្លាប់»។ លោក​សេថ​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា អេណុស។ ចាប់​តាំង​ពី​ពេល​នោះ​មក គេ​នាំ​គ្នា​គោរព​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ដោយ​ហៅ​ព្រះអង្គ​ថា «ព្រះ‌អម្ចាស់»។

លោកុប្បត្តិ 4:1-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ័ដាមក៏​ស្គាល់​អេវ៉ា​ជា​ប្រពន្ធ ហើយ​នាង​មាន​ទំងន់​បង្កើត​បាន​កាអ៊ីន រួច​នាង​និយាយ​ថា អញ​បាន​កូន​ប្រុស​១ ដោយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ប្រទាន នាង​ក៏​បង្កើត​បាន អេបិល​ជា​ប្អូន​ទៀត ឯ​អេបិល​ជា​អ្នក​គង្វាល​ហ្វូង​សត្វ តែ​កាអ៊ីន​ជា​អ្នក​ធ្វើ​ស្រែ​ចំការ​វិញ កន្លង​ក្រោយ​មក កាអ៊ីន​បាន​យក​ផល​ដែល​កើត​ពី​ដី មក​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​អេបិល​ក៏​ធ្វើ​ដូច​គ្នា គឺ​គាត់​យក​កូន​ជា​ដំបូង​១​ពី​ហ្វូង​សត្វ​មក​ថ្វាយ ព្រម​ទាំង​ខ្លាញ់វា​ផង រួច​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចំពោះ​អេបិល នឹង​ដង្វាយ​របស់​គាត់ តែ​មិន​សព្វ​ព្រះ‌ហឫទ័យ​ចំពោះ​ដង្វាយ​របស់​កាអ៊ីន​ទេ នោះ​កាអ៊ីន​ក៏​ក្តៅ​ក្រហាយ ហើយ​ឡើង​ទឹក​មុខ​ក្រញូវ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​កាអ៊ីន​ថា ឯង​ខឹង​ធ្វើ​អី ហេតុ​អ្វី​បាន​ជា​ឯង​ធ្វើ​ទឹក​មុខ​ក្រញូវ​ដូច្នេះ បើ​ឯង​ធ្វើ​ល្អ តើ​មិន​បាន​ទឹក​មុខ​រីក‌រាយ​វិញ​ទេ​ឬ​អី បើ​ឯង​ធ្វើ​មិន​ល្អ នោះ​មាន​ដង្វាយ​លោះ​បាប​ដេក​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ ចិត្ត​វា​នឹង​បណ្តោយ​តាម​ឯង ហើយ​ឯង​មាន​អំណាច​លើ​វា​ដែរ។ កាអ៊ីន​ក៏​ដំណាល​ប្រាប់​ដល់​អេបិល​ជា​ប្អូន រួច​មាន​កាល​១​ថ្ងៃ​កំពុង​ដែល​គេ​នៅ​ឯ​វាល នោះ​ស្រាប់​តែ​កាអ៊ីន​ក្រោក​ឡើង​សំឡាប់​អេបិល​ជា​ប្អូន​ទៅ ព្រះ‌យេហូវ៉ា​ក៏​មាន​បន្ទូល​សួរ​កាអ៊ីន​ថា អេបិល​ប្អូន​ឯង​នៅ​ឯ​ណា គាត់​ទូល​ឆ្លើយ​ថា ទូលបង្គំ​មិន​ដឹង​ទេ តើ​ទូលបង្គំ​ជា​អ្នក​ថែ​រក្សា​ប្អូន​ឬ​អី នោះ​ទ្រង់​មាន​បន្ទូល​សួរ​ថា ឯង​បាន​ធ្វើ​អ្វី​ដូច្នេះ ពី​ព្រោះ​ឮ​សូរ​សំរែក​នៃ​ឈាម​របស់​ប្អូន​ឯង​ពី​ដី​ឡើង​ទៅ​ដល់​អញ ឥឡូវ​នេះ ឯង​ត្រូវ​ដី​ដាក់​បណ្តាសា ដោយ​បាន​ទទួល​ឈាម​នៃ​ប្អូន​ពី​ដៃ​ឯង កាល​ណា​ឯង​ធ្វើ​ស្រែ​ចំការ នោះ​ដី​នឹង​មិន​បង្កើត​ផល​ឲ្យ​ឯង​ដ៏​ពេញ​កំឡាំង​ទៀត​ទេ ឯង​ត្រូវ​សាត់‌ព្រាត់ ហើយ​អណ្តែត​ទៅ​មក​លើ​ផែនដី​វិញ នោះ​កាអ៊ីន​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ទោស​របស់​ទូលបង្គំ​ធ្ងន់​ពេក​ណាស់ នឹង​ទ្រាំ‌ទ្រ​មិន​បាន​ទេ មើល នៅ​ថ្ងៃ​នេះ ទ្រង់​បាន​បណ្តេញ​ទូលបង្គំ​ចេញ​ពី​ស្រុក​ហើយ ដូច្នេះ ទូលបង្គំ​នឹង​ត្រូវ​នៅ​ឃ្លាត​ពី​ទ្រង់​ទៅ ហើយ​ត្រូវ​សាត់‌ព្រាត់​អណ្តែត​ទៅ​មក​លើ​ផែនដី រួច​អស់​អ្នក​ណា​ដែល​ឃើញ​ទូលបង្គំ គេ​នឹង​សំឡាប់​ទូលបង្គំ​បង់ តែ​ព្រះ‌យេហូវ៉ា‌ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ដូច្នេះ​បើ​អ្នក​ណា​ដែល​សំឡាប់​ឯង នោះ​នឹង​ត្រូវ​ទោស​១​ជា​៧​សួន​រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ដៅ​ចំណាំ​កាអ៊ីន ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ឃើញ​គាត់​បាន​សំឡាប់​បង់​ឡើយ។ នោះ​កាអ៊ីន​ក៏​ចេញ​ពី​ចំពោះព្រះ‌យេហូវ៉ា ទៅ​នៅ​ឯ​ស្រុក​ណូឌ ខាង​កើត​អេដែន​ទៅ ហើយ​កាអ៊ីន​បាន​ស្គាល់​ប្រពន្ធ​គាត់ នោះ​នាង​មាន​ផ្ទៃ​ពោះ​បង្កើត​បាន​អេណុក គាត់​ក៏​សង់​ទី​ក្រុង​១ ហើយ​ដាក់​ឈ្មោះ​ទី​ក្រុង​នោះ​តាម​ឈ្មោះ​អេណុក​កូន​ខ្លួន អេណុក​បង្កើត​បាន​អ៊ីរ៉ាឌៗ​បង្កើត​មហ៊ូ‌យ៉ែលៗ​បង្កើត​មទូសែល ហើយ​មទូសែល​បង្កើត​ឡាមេក ឯ​ឡាមេក​គាត់​យក​ប្រពន្ធ​២​មួយ​ឈ្មោះ​អ័ដា មួយ​ទៀត​ឈ្មោះ​ស៊ីឡា នាង​អ័ដា​បង្កើត​បាន​យ៉ាបាល ដែល​ជា​ឪពុក​នៃ​អស់​ពួក​អ្នក​នៅ​ក្នុង​ត្រសាល ហើយ​មាន​ហ្វូង​សត្វ ប្អូន​គាត់​ឈ្មោះ​យូបាល ជា​ឪពុក​នៃ​ពួក​អ្នក​លេង​ស៊ុង​នឹង​ខ្លុយ ឯ​នាង​ស៊ីឡា​ក៏​បង្កើត​បាន​ទូបាល-កាអ៊ីន ជា​មេ​បង្រៀន​ពួក​ជាង​លង្ហិន នឹង​ជាង​ដែក ប្អូន​ស្រី​ទូបាល-កាអ៊ីន គឺ​នាង​ន៉ាអាម៉ា។ ឯ​ឡាមេក គាត់​និយាយ​ទៅ​ប្រពន្ធ​ទាំង​ពីរ​ថា ម្នាល​អ័ដា​នឹង​ស៊ីឡា​អើយ ចូរ​ស្តាប់​ពាក្យ​អញ​ចុះ ឱ​ប្រពន្ធ​ឡាមេក​រាល់​គ្នា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​អញ​ចុះ ដ្បិត​អញ​បាន​សំឡាប់​មនុស្ស​ម្នាក់ ពី​ព្រោះ​វា​បាន​ធ្វើ​ឲ្យ​អញ​មាន​របួស គឺ​ជា​មនុស្ស​កំឡោះ​ម្នាក់ ដោយ​ហេតុ​វា​បាន​វាយ​អញ​ឲ្យ​ជាំ បើ‌សិន​ជា​ត្រូវ​សង‌សឹក​ជួស​កាអ៊ីន​១​ជា​៧​ដង នោះ​ក៏​ត្រូវ​សង‌សឹក​ជួស​ឡាមេក​១​ជា​៧៧​ដង​វិញ។ រួច​មក អ័ដាម​បាន​ស្គាល់​ប្រពន្ធ​ម្តង​ទៀត ហើយ​នាង​បង្កើត​បាន​កូន​ប្រុស​១ ឲ្យ​ឈ្មោះ​ថា សេត ព្រោះ​នាង​ថា ព្រះ‌ទ្រង់​បាន​ប្រទាន​ពូជ​១​ទៀត​មក​អញ​ជំនួស​អេបិល ដែល​កាអ៊ីន​បាន​សំឡាប់​ទៅ​នោះ ឯ​សេត គាត់​ក៏​បង្កើត​បាន​កូន​ប្រុស​១​ដែរ ដាក់​ឈ្មោះ​ថា អេណុស ហើយ​នៅ​ជាន់​នោះ គេ​ចាប់​តាំង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។