លោកុប្បត្តិ 4:1-12
លោកុប្បត្តិ 4:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ័ដាមបានស្គាល់អេវ៉ាជាប្រពន្ធ ហើយនាងមានទម្ងន់បង្កើតបានកាអ៊ីន នាងពោលថា៖ «ខ្ញុំបានបង្កើតកូន ប្រុសម្នាក់ ដោយសារព្រះយេហូវ៉ាប្រោសប្រទាន»។ គាត់ក៏បង្កើតបានអេបិលជាប្អូនទៀត ហើយអេបិលជាគង្វាលហ្វូងសត្វ តែកាអ៊ីនជាអ្នកធ្វើស្រែចម្ការ។ លុះដល់រដូវប្រមូលផល កាអ៊ីនបានយកភោគផលដែលកើតពីដីមកថ្វាយជាតង្វាយដល់ព្រះយេហូវ៉ា ហើយអេបិលក៏យកកូនដំបូងមួយពីហ្វូងសត្វមកថ្វាយ ព្រមទាំងខ្លាញ់របស់វាដែរ។ ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងអេបិល ព្រមទាំងតង្វាយរបស់គាត់ តែមិនសព្វព្រះហឫទ័យនឹងកាអ៊ីន ព្រមទាំងតង្វាយរបស់គាត់ទេ។ ដូច្នេះ កាអ៊ីនក្តៅក្រហាយជាខ្លាំង ហើយឡើងទឹកមុខក្រញូវ។ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរកាអ៊ីនថា៖ «ហេតុអ្វីបានជាអ្នកខឹង? ហេតុអ្វីបានជាអ្នកធ្វើទឹកមុខក្រញូវដូច្នេះ? ប្រសិនបើអ្នកប្រព្រឹត្តល្អ តើនឹងមិនបានរីករាយទេឬ? ហើយបើអ្នកប្រព្រឹត្តមិនល្អទេ បាបកំពុងតែក្រាបនៅមាត់ទ្វារស្រាប់ ហើយវាប្រាថ្នាចង់បានអ្នក តែអ្នកត្រូវតែមានអំណាចលើវាវិញ»។ កាអ៊ីនបានបបួលអេបិលជាប្អូនថា៖ «តោះយើង ចេញទៅឯចម្ការ» ហើយកាលគេនៅឯចម្ការ កាអ៊ីនក៏ស្ទុះទៅសម្លាប់អេបិលជាប្អូន ឲ្យស្លាប់ទៅ។ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរកាអ៊ីនថា៖ «តើអេបិលប្អូនរបស់អ្នកនៅឯណា?» គាត់ទូលថា៖ «ទូលបង្គំមិនដឹងទេ តើទូលបង្គំជាអ្នកឃ្វាលប្អូនឬ?» ពេលនោះ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកបានប្រព្រឹត្តអ្វីដូច្នេះ? សូរសម្រែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដី ឡើងមកដល់យើង។ ឥឡូវនេះ អ្នកត្រូវបានដីដាក់បណ្ដាសាហើយ ដោយសារដីបានស្រូបយកឈាមប្អូនរបស់អ្នកពីដៃរបស់អ្នក។ ពេលណាអ្នកធ្វើស្រែចម្ការ ដីនឹងមិនបង្កើតផលឲ្យអ្នកពេញកម្លាំងទៀតទេ អ្នកត្រូវសាត់ព្រាត់ ហើយអណ្តែតទៅមកលើផែនដី»។
លោកុប្បត្តិ 4:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអដាំរួមរស់ជាមួយនាងអេវ៉ាជាភរិយា នាងមានផ្ទៃពោះសម្រាលបានកូនមួយ ឈ្មោះកាអ៊ីន នាងពោលថា៖ «ខ្ញុំបានបង្កើតមនុស្សម្នាក់ ព្រោះព្រះអម្ចាស់ប្រទានឲ្យ»។ នាងសម្រាលបានកូនមួយទៀត គឺអេបិល ជាកូនប្អូន។ ក្រោយមក លោកអេបិលបានប្រកបរបរជាគង្វាលចៀម រីឯលោកកាអ៊ីនជាអ្នកធ្វើស្រែចម្ការ។ លុះដល់ពេលប្រមូលផលហើយ លោកកាអ៊ីនក៏យកភោគផលពីស្រែចម្ការរបស់គាត់មកថ្វាយព្រះអម្ចាស់។ លោកអេបិលក៏បាននាំយកកូនសត្វ ដែលកើតមុនគេបង្អស់ក្នុងហ្វូងសត្វរបស់គាត់ ព្រមទាំងខ្លាញ់របស់វាមកថ្វាយដែរ។ ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងលោកអេបិល ព្រមទាំងតង្វាយរបស់គាត់ តែព្រះអង្គមិនគាប់ព្រះហឫទ័យនឹងលោកកាអ៊ីន ព្រមទាំងតង្វាយរបស់គាត់ទេ។ លោកកាអ៊ីនក្ដៅក្រហាយយ៉ាងខ្លាំង ហើយក្រពុលមុខទៀតផង។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកកាអ៊ីនថា៖ «ហេតុអ្វីបានជាអ្នកក្ដៅក្រហាយ? ហេតុអ្វីបានជាអ្នកក្រពុលមុខដូច្នេះ? ប្រសិនបើអ្នកប្រព្រឹត្តល្អ អ្នកនឹងបានរីករាយឡើងវិញជាមិនខាន ផ្ទុយទៅវិញ បើអ្នកមិនប្រព្រឹត្តល្អទេ បាបក្រាបនៅមាត់ទ្វាររបស់អ្នក ដើម្បីជំរុញអ្នកឲ្យធ្វើតាមវា តែអ្នកត្រូវបង្ក្រាបវាវិញ»។ លោកកាអ៊ីនបានបបួលលោកអេបិលជាប្អូនទៅចម្ការ លុះដល់ហើយ គាត់ក៏ស្ទុះទៅប្រហារប្អូនឲ្យស្លាប់បាត់បង់ជីវិត។ ព្រះអម្ចាស់សួរលោកកាអ៊ីនថា៖ «អេបិលប្អូនរបស់អ្នកនៅឯណា?»។ គាត់ទូលព្រះអង្គថា៖ «ទូលបង្គំមិនដឹងទេ! តើទូលបង្គំជាអ្នកឃ្វាលប្អូនរបស់ទូលបង្គំឬ?»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកកាអ៊ីនថា៖ «ម្ដេចក៏អ្នកប្រព្រឹត្តដូច្នេះ? សម្រែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដីឡើងមកដល់យើង។ ឥឡូវនេះ អ្នកត្រូវបណ្ដាសាហើយ អ្នកត្រូវឃ្លាតឆ្ងាយពីដីដែលបានស្រូបយកឈាមប្អូនរបស់អ្នក ជាឈាមដែលអ្នកបានបង្ហូរដោយផ្ទាល់ដៃ។ ពេលណាអ្នកភ្ជួររាស់ដី ដីនឹងលែងឲ្យភោគផលដល់អ្នកទៀតហើយ អ្នកនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី»។
លោកុប្បត្តិ 4:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ័ដាមក៏ស្គាល់អេវ៉ាជាប្រពន្ធ ហើយនាងមានទំងន់បង្កើតបានកាអ៊ីន រួចនាងនិយាយថា អញបានកូនប្រុស១ ដោយព្រះយេហូវ៉ាទ្រង់ប្រោសប្រទាន នាងក៏បង្កើតបាន អេបិលជាប្អូនទៀត ឯអេបិលជាអ្នកគង្វាលហ្វូងសត្វ តែកាអ៊ីនជាអ្នកធ្វើស្រែចំការវិញ កន្លងក្រោយមក កាអ៊ីនបានយកផលដែលកើតពីដី មកថ្វាយជាដង្វាយដល់ព្រះយេហូវ៉ា ហើយអេបិលក៏ធ្វើដូចគ្នា គឺគាត់យកកូនជាដំបូង១ពីហ្វូងសត្វមកថ្វាយ ព្រមទាំងខ្លាញ់វាផង រួចព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យចំពោះអេបិល នឹងដង្វាយរបស់គាត់ តែមិនសព្វព្រះហឫទ័យចំពោះដង្វាយរបស់កាអ៊ីនទេ នោះកាអ៊ីនក៏ក្តៅក្រហាយ ហើយឡើងទឹកមុខក្រញូវ ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរកាអ៊ីនថា ឯងខឹងធ្វើអី ហេតុអ្វីបានជាឯងធ្វើទឹកមុខក្រញូវដូច្នេះ បើឯងធ្វើល្អ តើមិនបានទឹកមុខរីករាយវិញទេឬអី បើឯងធ្វើមិនល្អ នោះមានដង្វាយលោះបាបដេកនៅមាត់ទ្វារស្រាប់ហើយ ចិត្តវានឹងបណ្តោយតាមឯង ហើយឯងមានអំណាចលើវាដែរ។ កាអ៊ីនក៏ដំណាលប្រាប់ដល់អេបិលជាប្អូន រួចមានកាល១ថ្ងៃកំពុងដែលគេនៅឯវាល នោះស្រាប់តែកាអ៊ីនក្រោកឡើងសំឡាប់អេបិលជាប្អូនទៅ ព្រះយេហូវ៉ាក៏មានបន្ទូលសួរកាអ៊ីនថា អេបិលប្អូនឯងនៅឯណា គាត់ទូលឆ្លើយថា ទូលបង្គំមិនដឹងទេ តើទូលបង្គំជាអ្នកថែរក្សាប្អូនឬអី នោះទ្រង់មានបន្ទូលសួរថា ឯងបានធ្វើអ្វីដូច្នេះ ពីព្រោះឮសូរសំរែកនៃឈាមរបស់ប្អូនឯងពីដីឡើងទៅដល់អញ ឥឡូវនេះ ឯងត្រូវដីដាក់បណ្តាសា ដោយបានទទួលឈាមនៃប្អូនពីដៃឯង កាលណាឯងធ្វើស្រែចំការ នោះដីនឹងមិនបង្កើតផលឲ្យឯងដ៏ពេញកំឡាំងទៀតទេ ឯងត្រូវសាត់ព្រាត់ ហើយអណ្តែតទៅមកលើផែនដីវិញ