លោកុប្បត្តិ 39:13-23
លោកុប្បត្តិ 39:13-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលនាងឃើញថា លោកចោលអាវក្នុងដៃនាង ហើយរត់ចេញមកក្រៅដូច្នេះ នាងក៏ស្រែកហៅមនុស្សដែលនៅក្នុងផ្ទះមកប្រាប់ថា៖ «មើលចុះ ប្ដីខ្ញុំបាននាំសាសន៍ហេព្រើរម្នាក់នេះមកឲ្យមើលងាយយើង! វាចូលមកបម្រុងនឹងដេកជាមួយខ្ញុំ តែខ្ញុំបានស្រែកយ៉ាងខ្លាំង ហើយកាលវាឮសំឡេងដែលខ្ញុំស្រែកឡើង វាក៏ទុកអាវចោលនៅក្បែរខ្ញុំ ហើយរត់ចេញទៅក្រៅបាត់»។ នាងបានទុកអាវរបស់លោកយ៉ូសែបនៅក្បែរខ្លួន ចាំទម្រាំចៅហ្វាយរបស់លោកវិលត្រឡប់មកផ្ទះវិញ នាងជម្រាបប្ដីតាមពាក្យដដែលនោះថា៖ «អាបាវសាសន៍ហេព្រើរដែលបងបាននាំមកនោះ វាចូលមកចង់មើលងាយខ្ញុំ តែដោយខ្ញុំស្រែកហៅគេយ៉ាងខ្លាំង វាក៏ទុកអាវចោលនៅក្បែរខ្ញុំ ហើយរត់ចេញទៅក្រៅបាត់»។ កាលចៅហ្វាយរបស់លោក បានឮពាក្យដែលប្រពន្ធប្រាប់ថា បាវរបស់លោកបានប្រព្រឹត្តនឹងនាងដូច្នេះ លោកក្តៅក្រហាយជាខ្លាំង។ ចៅហ្វាយរបស់លោកយ៉ូសែបក៏យកលោកទៅដាក់គុក នៅកន្លែងដែលសម្រាប់ឃុំឃាំងពួកអ្នកទោសរបស់ស្តេច ហើយលោកក៏ជាប់នៅក្នុងគុកនោះ។ ព្រះយេហូវ៉ាគង់ជាមួយលោកយ៉ូសែប ហើយព្រះអង្គសម្ដែងព្រះហឫទ័យសប្បុរសចំពោះលោក ព្រមទាំងធ្វើឲ្យមេគុកមានចិត្តសន្ដោសដល់លោក។ មេគុកប្រគល់ពួកអ្នកទោសដែលនៅក្នុងគុក ឲ្យលោកយ៉ូសែបមើលខុសត្រូវទាំងអស់ ហើយកិច្ចការអ្វីដែលត្រូវធ្វើនៅក្នុងគុក គឺលោកជាអ្នកចាត់ចែងការនោះ។ មេគុកលែងខ្វល់ខ្វាយនឹងអ្វីដែលគាត់បានប្រគល់ឲ្យលោកយ៉ូសែបធ្វើនោះហើយ ព្រោះព្រះយេហូវ៉ាគង់ជាមួយលោក ហើយកិច្ចការអ្វីដែលលោកធ្វើ ព្រះយេហូវ៉ាធ្វើឲ្យចម្រើនឡើងទាំងអស់។
លោកុប្បត្តិ 39:13-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនាងឃើញលោកទុកអាវលោកក្នុងដៃនាង និងឃើញលោករត់ចេញមកក្រៅដូច្នេះ នាងក៏ស្រែកហៅពួកអ្នកបម្រើមកប្រាប់ថា៖ «មើលចុះ ប្ដីខ្ញុំបានយកជនជាតិហេប្រឺនេះមកឲ្យមាក់ងាយយើង។ វាចូលមកបម្រុងនឹងរំលោភលើខ្ញុំ ប៉ុន្តែ ខ្ញុំបានស្រែកយ៉ាងខ្លាំង។ ពេលវាឮខ្ញុំស្រែកហៅគេយ៉ាងខ្លាំងដូច្នេះ វាក៏ទុកអាវចោលនៅនឹងខ្ញុំ ហើយរត់ចេញទៅខាងក្រៅ»។ នាងបានទុកអាវរបស់លោកយ៉ូសែបនៅជាមួយនាង រហូតទាល់តែប្ដីវិលត្រឡប់មកផ្ទះវិញ។ នាងបាននិយាយពាក្យដដែលទៅកាន់ប្ដីថា៖ «ទាសករជាតិហេប្រឺដែលបងបានយកមកនោះ វាមករករំលោភខ្ញុំ តែដោយខ្ញុំស្រែកហៅគេយ៉ាងខ្លាំង វាក៏ទុកអាវចោលនៅនឹងខ្ញុំ ហើយរត់ចេញទៅខាងក្រៅ»។ ក្រោយពីបានឮភរិយាពោលថា “ទាសកររបស់បងប្រព្រឹត្តបែបនេះមកលើខ្ញុំ!” ម្ចាស់របស់លោកយ៉ូសែបក្ដៅក្រហាយយ៉ាងខ្លាំង។ គាត់ឲ្យគេចាប់លោកយកទៅដាក់ក្នុងពន្ធនាគារ ដែលគេឃុំឃាំងអ្នកទោសរបស់ស្ដេច។ ពេលលោកយ៉ូសែបជាប់ឃុំឃាំងនៅទីនោះ ព្រះអម្ចាស់គង់ជាមួយលោក ហើយសម្តែងព្រះហឫទ័យសប្បុរសចំពោះលោក គឺធ្វើឲ្យនាយកពន្ធនាគារមានចិត្តសន្តោសដល់លោក។ នាយកពន្ធនាគារប្រគល់ឲ្យលោកយ៉ូសែបមើលខុសត្រូវលើអ្នកទោសទាំងអស់ ហើយលោកមានភារកិច្ចចាត់ចែងកិច្ចការទាំងប៉ុន្មាននៅក្នុងពន្ធនាគារ។ នាយកពន្ធនាគារលែងខ្វល់ខ្វាយនឹងកិច្ចការអ្វី ដែលគាត់ដាក់ឲ្យលោកយ៉ូសែបធ្វើនោះហើយ ដ្បិតព្រះអម្ចាស់គង់ជាមួយលោកយ៉ូសែប កិច្ចការអ្វីដែលលោកធ្វើ ព្រះអម្ចាស់ប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។
លោកុប្បត្តិ 39:13-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលនាងឃើញថា គាត់ចោលអាវនៅដៃហើយរត់ចេញទៅដូច្នោះ នោះនាងក៏ហៅពួកអ្នកផ្ទះមកប្រាប់ថា ឃើញឬទេ លោកបាននាំសាសន៍ហេព្រើរនេះមកឲ្យមើលងាយយើង វាបានចូលមកចង់ដេកនឹងអញ តែអញបានស្រែកជាខ្លាំង កាលវាឮអញឡើងសំឡេងស្រែក នោះវាទុកអាវចោលនៅខាងអញនេះរត់ចេញទៅក្រៅបាត់ នាងក៏ដាក់អាវយ៉ូសែបទុកនៅក្បែរខ្លួន ចាំទំរាំតែចៅហ្វាយគាត់វិលមកផ្ទះវិញ រួចនាងជំរាបលោកតាមពាក្យដដែលនោះថា អាបាវសាសន៍ហេព្រើរដែលលោកបាននាំមកឯយើងរាល់គ្នា វាចូលមកចង់មើលងាយខ្ញុំ តែកាលខ្ញុំស្រែកឡើង នោះវារត់ទៅក្រៅ ទុកអាវចោលនៅក្បែរខ្ញុំនេះ កាលចៅហ្វាយគាត់បានឮពាក្យដែលប្រពន្ធប្រាប់ថា បាវលោកបានប្រព្រឹត្តនឹងនាងដូច្នោះ នោះលោកមានចិត្តឆួលក្តៅឡើង ហើយក៏យកគាត់ទៅដាក់គុក នៅកន្លែងដែលសំរាប់ឃុំពួកអ្នកទោសរបស់ស្តេច គាត់ក៏ជាប់នៅក្នុងគុកនោះ។ តែព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយ៉ូសែប ហើយក៏ផ្តល់សេចក្ដីសប្បុរសដល់គាត់ ព្រមទាំងធ្វើឲ្យមេភូឃុំអាណិតមេត្តាដល់គាត់ផង មេភូឃុំនោះក៏ប្រគល់ពួកអ្នកទោសដែលនៅក្នុងគុក ទៅក្នុងអំណាចរបស់យ៉ូសែបទាំងអស់ ការអ្វីៗដែលគេធ្វើនៅក្នុងគុក នោះគឺជាគាត់ដែលបង្កើតការនោះ មេភូឃុំលែងត្រួតត្រាមើលអ្វីទាំងអស់ដែលនៅក្រោមអំណាចគាត់ ពីព្រោះព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងគាត់ ហើយការអ្វីដែលគាត់ធ្វើ នោះទ្រង់ធ្វើឲ្យចំរើនឡើងគ្រប់ជំពូក។