លោកុប្បត្តិ 39:1-23
លោកុប្បត្តិ 39:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯយ៉ូសែប គេបាននាំគាត់ទៅដល់ស្រុកអេស៊ីព្ទ ហើយមានមន្ត្រីសាសន៍អេស៊ីព្ទម្នាក់ ឈ្មោះប៉ូទីផារ ជាមេកងរក្សាស្តេចរបស់ផារ៉ោន បានទិញគាត់ពីពួកអ៊ីសម៉ាអែល ដែលនាំចុះមកស្រុកនោះ។ ព្រះយេហូវ៉ាគង់នៅជាមួយលោកយ៉ូសែប ហើយលោកចេះតែចម្រើនឡើង គឺលោកនៅក្នុងផ្ទះរបស់ចៅហ្វាយខ្លួន ដែលជាសាសន៍អេស៊ីព្ទ។ ចៅហ្វាយរបស់លោកឃើញថា ព្រះយេហូវ៉ាគង់នៅជាមួយលោក ហើយថា ព្រះយេហូវ៉ាធ្វើឲ្យគ្រប់ការទាំងអស់បានចម្រើនឡើង ដោយសារដៃរបស់លោក។ ដូច្នេះ លោកប៉ូទីផារពេញចិត្តនឹងលោកយ៉ូសែបណាស់ ដែលខំប្រឹងបម្រើគាត់ ហើយគាត់តែងតាំងលោកយ៉ូសែបឲ្យមើលខុសត្រូវលើផ្ទះសំបែង ក៏ប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់គាត់ឲ្យលោកគ្រប់គ្រង។ ចាប់ពីពេលលោកប៉ូទីផារតែងតាំងលោកឲ្យមើលខុសត្រូវលើផ្ទះសំបែង និងទ្រព្យសម្បត្តិទាំងអស់របស់គាត់មក ព្រះយេហូវ៉ាប្រទានពរដល់ផ្ទះរបស់សាសន៍អេស៊ីព្ទនោះ ដោយព្រោះលោកយ៉ូសែប ហើយព្រះយេហូវ៉ាក៏ប្រទានពរអ្វីៗទាំងអស់ដែលជារបស់គាត់ ទាំងផ្ទះសំបែង ទាំងស្រែចម្ការ។ គាត់ទុកអ្វីៗទាំងអស់ឲ្យលោកយ៉ូសែបគ្រប់គ្រង ហើយគាត់មិនខ្វល់ខ្វាយអ្វីឡើយ លើកលែងតែអាហារដែលគាត់បរិភោគប៉ុណ្ណោះ។ រីឯលោកយ៉ូសែបមានរូបរាងសង្ហាណាស់។ ក្រោយមក ប្រពន្ធរបស់ចៅហ្វាយលោកចេះតែដៀងភ្នែកមើលលោកយ៉ូសែប ហើយនិយាយថា៖ «មកដេកជាមួយខ្ញុំ!»។ ប៉ុន្ដែ លោកបានបដិសេធ ហើយពោលទៅប្រពន្ធចៅហ្វាយខ្លួនថា៖ «មើល៍! ចៅហ្វាយខ្ញុំឥតដឹងថាមានអ្វីៗនៅនឹងខ្ញុំ នៅក្នុងផ្ទះនេះផង លោកបានប្រគល់អ្វីៗទាំងអស់របស់លោកមកក្នុងដៃរបស់ខ្ញុំ។ គ្មានអ្នកណាធំជាងខ្ញុំទេក្នុងផ្ទះនេះ ហើយលោកក៏មិនបានហួងហែងរបស់ណានឹងខ្ញុំដែរ លើកលែងតែលោកស្រីប៉ុណ្ណោះ ព្រោះលោកស្រីជាប្រពន្ធរបស់លោក។ ដូច្នេះ តើឲ្យខ្ញុំប្រព្រឹត្តអំពើដ៏អាក្រក់យ៉ាងធំនេះ ដោយប្រព្រឹត្តអំពើបាបទាស់នឹងព្រះម្ដេចបាន?» រីឯនាងចេះតែនិយាយទៅលោកយ៉ូសែបរាល់ថ្ងៃ តែលោកមិនព្រមស្ដាប់តាម ហើយទៅដេកជាមួយនាង ឬទៅជិតនាងឡើយ។ ថ្ងៃមួយ កាលលោកចូលទៅធ្វើការក្នុងផ្ទះ ហើយគ្មានអ្នកណាមួយនៅក្នុងផ្ទះសោះ នាងក៏ចាប់អាវរបស់លោក ទាំងនិយាយថា៖ «មកដេកជាមួយខ្ញុំ!»។ ប៉ុន្ដែ លោកយ៉ូសែបរលាស់អាវចោលក្នុងដៃនាង ហើយរត់ចេញមកក្រៅ។ កាលនាងឃើញថា លោកចោលអាវក្នុងដៃនាង ហើយរត់ចេញមកក្រៅដូច្នេះ នាងក៏ស្រែកហៅមនុស្សដែលនៅក្នុងផ្ទះមកប្រាប់ថា៖ «មើលចុះ ប្ដីខ្ញុំបាននាំសាសន៍ហេព្រើរម្នាក់នេះមកឲ្យមើលងាយយើង! វាចូលមកបម្រុងនឹងដេកជាមួយខ្ញុំ តែខ្ញុំបានស្រែកយ៉ាងខ្លាំង ហើយកាលវាឮសំឡេងដែលខ្ញុំស្រែកឡើង វាក៏ទុកអាវចោលនៅក្បែរខ្ញុំ ហើយរត់ចេញទៅក្រៅបាត់»។ នាងបានទុកអាវរបស់លោកយ៉ូសែបនៅក្បែរខ្លួន ចាំទម្រាំចៅហ្វាយរបស់លោកវិលត្រឡប់មកផ្ទះវិញ នាងជម្រាបប្ដីតាមពាក្យដដែលនោះថា៖ «អាបាវសាសន៍ហេព្រើរដែលបងបាននាំមកនោះ វាចូលមកចង់មើលងាយខ្ញុំ តែដោយខ្ញុំស្រែកហៅគេយ៉ាងខ្លាំង វាក៏ទុកអាវចោលនៅក្បែរខ្ញុំ ហើយរត់ចេញទៅក្រៅបាត់»។ កាលចៅហ្វាយរបស់លោក បានឮពាក្យដែលប្រពន្ធប្រាប់ថា បាវរបស់លោកបានប្រព្រឹត្តនឹងនាងដូច្នេះ លោកក្តៅក្រហាយជាខ្លាំង។ ចៅហ្វាយរបស់លោកយ៉ូសែបក៏យកលោកទៅដាក់គុក នៅកន្លែងដែលសម្រាប់ឃុំឃាំងពួកអ្នកទោសរបស់ស្តេច ហើយលោកក៏ជាប់នៅក្នុងគុកនោះ។ ព្រះយេហូវ៉ាគង់ជាមួយលោកយ៉ូសែប ហើយព្រះអង្គសម្ដែងព្រះហឫទ័យសប្បុរសចំពោះលោក ព្រមទាំងធ្វើឲ្យមេគុកមានចិត្តសន្ដោសដល់លោក។ មេគុកប្រគល់ពួកអ្នកទោសដែលនៅក្នុងគុក ឲ្យលោកយ៉ូសែបមើលខុសត្រូវទាំងអស់ ហើយកិច្ចការអ្វីដែលត្រូវធ្វើនៅក្នុងគុក គឺលោកជាអ្នកចាត់ចែងការនោះ។ មេគុកលែងខ្វល់ខ្វាយនឹងអ្វីដែលគាត់បានប្រគល់ឲ្យលោកយ៉ូសែបធ្វើនោះហើយ ព្រោះព្រះយេហូវ៉ាគង់ជាមួយលោក ហើយកិច្ចការអ្វីដែលលោកធ្វើ ព្រះយេហូវ៉ាធ្វើឲ្យចម្រើនឡើងទាំងអស់។
លោកុប្បត្តិ 39:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនជាតិអ៊ីស្មាអែលបាននាំយ៉ូសែបចុះទៅស្រុកអេស៊ីប ហើយលក់លោកឲ្យជនជាតិអេស៊ីបម្នាក់ ឈ្មោះប៉ូទីផារ ជាមន្ត្រីរបស់ព្រះចៅផារ៉ោន និងជាមេបញ្ជាការកងរក្សាស្ដេច។ ព្រះអម្ចាស់គង់នៅជាមួយលោកយ៉ូសែប ការអ្វីដែលលោកធ្វើសុទ្ធតែបានលទ្ធផលល្អទាំងអស់។ លោករស់នៅក្នុងផ្ទះម្ចាស់របស់លោកដែលជាជនជាតិអេស៊ីបនោះ។ ម្ចាស់របស់លោកឃើញថា ព្រះអម្ចាស់គង់នៅជាមួយលោក ហើយការអ្វីដែលលោកធ្វើ ព្រះអង្គប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។ លោកប៉ូទីផារពេញចិត្តនឹងលោកយ៉ូសែបណាស់ គាត់ក៏ឲ្យលោកធ្វើជាអ្នកបម្រើជំនិតរបស់គាត់ ហើយតែងតាំងលោកឲ្យមើលខុសត្រូវលើផ្ទះសំបែង និងគ្រប់គ្រងលើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់គាត់។ ចាប់ពីពេលលោកប៉ូទីផារតែងតាំងលោកយ៉ូសែបឲ្យមើលខុសត្រូវលើផ្ទះសំបែង និងលើទ្រព្យសម្បត្តិរបស់គាត់មក ព្រះអម្ចាស់ប្រទានពរដល់ជនជាតិអេស៊ីបនេះ ព្រោះតែលោកយ៉ូសែប ហើយព្រះអង្គក៏ប្រទានពរដល់អ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់គាត់ គឺទាំងផ្ទះសំបែង ទាំងស្រែចម្ការ។ គាត់ប្រគល់ឲ្យលោកយ៉ូសែបគ្រប់គ្រងលើអ្វីៗទាំងអស់ដែលគាត់មាន ហើយក្រៅតែពីបរិភោគ គាត់មិនខ្វល់ខ្វាយនឹងកិច្ចការអ្វីទៀតឡើយ។ លោកយ៉ូសែបមានរូបរាងសង្ហាណាស់។ ក្រោយមក ភរិយាម្ចាស់របស់លោកយ៉ូសែបចាប់ចិត្តស្រឡាញ់លោក ហើយបបួលលោកថា៖ «សុំមករួមដំណេកជាមួយខ្ញុំ!»។ លោកយ៉ូសែបបានបដិសេធ លោកពោលទៅភរិយាម្ចាស់របស់លោកថា៖ «លោកម្ចាស់របស់ខ្ញុំបានប្រគល់ឲ្យខ្ញុំគ្រប់គ្រងលើអ្វីៗទាំងអស់ដែលលោកមាន គឺលោកមិនខ្វល់ខ្វាយនឹងកិច្ចការក្នុងផ្ទះសំបែងរបស់លោកឡើយ។ ក្នុងផ្ទះនេះ គ្មាននរណាធំជាងខ្ញុំទេ លោកអនុញ្ញាតឲ្យខ្ញុំប៉ះពាល់អ្វីៗនៅក្នុងផ្ទះទាំងអស់ វៀរលែងតែលោកស្រីម្នាក់ប៉ុណ្ណោះ ព្រោះលោកស្រីជាភរិយារបស់លោក។ ដូច្នេះ ខ្ញុំពុំអាចប្រព្រឹត្តអំពើដ៏អាក្រក់បំផុតនេះឡើយ ហើយខ្ញុំក៏ពុំអាចប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះជាម្ចាស់បានដែរ»។ ស្ត្រីនោះលួងលោមលោកយ៉ូសែប ជារៀងរាល់ថ្ងៃ ឲ្យរួមរ័កជាមួយនាង តែលោកពុំព្រមធ្វើតាមពាក្យនាងឡើយ។ ថ្ងៃមួយ លោកយ៉ូសែបបានចូលទៅបំពេញកិច្ចការរបស់លោកនៅក្នុងផ្ទះ ពេលនោះ គ្មានអ្នកបម្រើណានៅក្នុងផ្ទះទេ ភរិយារបស់លោកប៉ូទីផារក៏ទាញអាវលោកយ៉ូសែបជាប់ ទាំងពោលថា៖ «សុំមករួមដំណេកជាមួយខ្ញុំ!»។ លោកក៏ទុកអាវលោកចោលក្នុងដៃនាង ហើយរត់ចេញមកខាងក្រៅ។ ពេលនាងឃើញលោកទុកអាវលោកក្នុងដៃនាង និងឃើញលោករត់ចេញមកក្រៅដូច្នេះ នាងក៏ស្រែកហៅពួកអ្នកបម្រើមកប្រាប់ថា៖ «មើលចុះ ប្ដីខ្ញុំបានយកជនជាតិហេប្រឺនេះមកឲ្យមាក់ងាយយើង។ វាចូលមកបម្រុងនឹងរំលោភលើខ្ញុំ ប៉ុន្តែ ខ្ញុំបានស្រែកយ៉ាងខ្លាំង។ ពេលវាឮខ្ញុំស្រែកហៅគេយ៉ាងខ្លាំងដូច្នេះ វាក៏ទុកអាវចោលនៅនឹងខ្ញុំ ហើយរត់ចេញទៅខាងក្រៅ»។ នាងបានទុកអាវរបស់លោកយ៉ូសែបនៅជាមួយនាង រហូតទាល់តែប្ដីវិលត្រឡប់មកផ្ទះវិញ។ នាងបាននិយាយពាក្យដដែលទៅកាន់ប្ដីថា៖ «ទាសករជាតិហេប្រឺដែលបងបានយកមកនោះ វាមករករំលោភខ្ញុំ តែដោយខ្ញុំស្រែកហៅគេយ៉ាងខ្លាំង វាក៏ទុកអាវចោលនៅនឹងខ្ញុំ ហើយរត់ចេញទៅខាងក្រៅ»។ ក្រោយពីបានឮភរិយាពោលថា “ទាសកររបស់បងប្រព្រឹត្តបែបនេះមកលើខ្ញុំ!” ម្ចាស់របស់លោកយ៉ូសែបក្ដៅក្រហាយយ៉ាងខ្លាំង។ គាត់ឲ្យគេចាប់លោកយកទៅដាក់ក្នុងពន្ធនាគារ ដែលគេឃុំឃាំងអ្នកទោសរបស់ស្ដេច។ ពេលលោកយ៉ូសែបជាប់ឃុំឃាំងនៅទីនោះ ព្រះអម្ចាស់គង់ជាមួយលោក ហើយសម្តែងព្រះហឫទ័យសប្បុរសចំពោះលោក គឺធ្វើឲ្យនាយកពន្ធនាគារមានចិត្តសន្តោសដល់លោក។ នាយកពន្ធនាគារប្រគល់ឲ្យលោកយ៉ូសែបមើលខុសត្រូវលើអ្នកទោសទាំងអស់ ហើយលោកមានភារកិច្ចចាត់ចែងកិច្ចការទាំងប៉ុន្មាននៅក្នុងពន្ធនាគារ។ នាយកពន្ធនាគារលែងខ្វល់ខ្វាយនឹងកិច្ចការអ្វី ដែលគាត់ដាក់ឲ្យលោកយ៉ូសែបធ្វើនោះហើយ ដ្បិតព្រះអម្ចាស់គង់ជាមួយលោកយ៉ូសែប កិច្ចការអ្វីដែលលោកធ្វើ ព្រះអម្ចាស់ប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។
លោកុប្បត្តិ 39:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯយ៉ូសែប គេក៏នាំគាត់ទៅឯស្រុកអេស៊ីព្ទ ហើយមានមេទ័ពសាសន៍អេស៊ីព្ទម្នាក់ឈ្មោះ ប៉ូទីផារ ជាមេក្រុមរក្សាអង្គរបស់ផារ៉ោន លោកទិញគាត់ពីដៃនៃពួកអ៊ីសម៉ាអែលដែលនាំចុះមកស្រុកនោះ ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប ហើយគាត់ចេះតែចំរើនឡើងគាត់នៅក្នុងផ្ទះរបស់ចៅហ្វាយខ្លួន ជាសាសន៍អេស៊ីព្ទនោះ ចៅហ្វាយក៏ឃើញថា ព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគាត់ ហើយថា ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យគ្រប់ការទាំងអស់បានកើតឡើងដោយសារដៃគាត់ យ៉ូសែបបានជាទីពេញចិត្តដល់លោកណាស់ ហើយក៏ខំប្រឹងបំរើលោក លោកតាំងគាត់ឲ្យត្រួតត្រាលើផ្ទះលោក ក៏ប្រគល់របស់ទាំងអស់ទៅក្នុងកណ្តាប់ដៃគាត់ ហើយចាប់តាំងពីលោកតាំងគាត់ឡើង ឲ្យត្រួតត្រាលើផ្ទះ នឹងទ្រព្យសម្បត្តិទាំងអស់មក នោះព្រះយេហូវ៉ាទ្រង់ប្រទានពរដល់ផ្ទះនៃសាសន៍អេស៊ីព្ទនោះដោយព្រោះយ៉ូសែប ហើយព្រះយេហូវ៉ាក៏ផ្តល់ព្រះពរ មកលើគ្រប់ទាំងរបស់លោក ដែលនៅក្នុងផ្ទះ នឹងនៅស្រែចំការដែរ លោកទុករបស់លោកទាំងអស់នៅក្នុងកណ្តាប់ដៃយ៉ូសែប ហើយមិនបានដឹងជាមានរបស់ណាមួយទេ លើកតែភោជនាហារដែលលោកពិសាប៉ុណ្ណោះ រីឯយ៉ូសែបគាត់មានរូបឆោមដ៏ពិសី ហើយស្រៀវស្រស់ល្អ។ កាលក្រោយការទាំងនោះមក នោះប្រពន្ធរបស់ចៅហ្វាយគាត់ ចេះតែដេញភ្នែកជាប់តាមមើលយ៉ូសែបហើយនិយាយថា ចូរមកដេកនឹងអញ តែគាត់មិនព្រមសោះ ក៏និយាយទៅប្រពន្ធចៅហ្វាយខ្លួនថា មើល ចៅហ្វាយខ្ញុំ លោកឥតដឹងជាមានអ្វីៗនៅនឹងខ្ញុំក្នុងផ្ទះផង លោកបានប្រគល់គ្រប់របស់ទាំងអស់មកក្នុងកណ្តាប់ដៃខ្ញុំ គ្មានអ្នកណាធំជាងខ្ញុំក្នុងផ្ទះនេះទេ ហើយលោកក៏មិនបានហួងទុករបស់ណាមួយនឹងខ្ញុំដែរ លើកតែលោកស្រីប៉ុណ្ណោះ ពីព្រោះលោកស្រីជាប្រពន្ធរបស់លោក ដូច្នេះ ធ្វើដូចម្តេចឲ្យខ្ញុំប្រព្រឹត្តការ ដែលអាក្រក់យ៉ាងធំនេះទៅបាន ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង ឯនាងចេះតែនិយាយនឹងយ៉ូសែបជារាល់ថ្ងៃ តែគាត់មិនព្រមស្តាប់តាម នឹងទៅដេកជាមួយនឹងនាង ឬនឹងទៅជិតនាងសោះ មានកាល១ថ្ងៃនោះ គាត់ចូលទៅធ្វើការក្នុងផ្ទះ ហើយគ្មានអ្នកណាមួយនៅក្នុងផ្ទះសោះ នោះនាងក៏ចាប់អាវគាត់ ទាំងនិយាយថា មកដេកនឹងអញសិន តែគាត់រលាស់អាវចោលនៅដៃនាង រត់ចេញទៅក្រៅទៅ កាលនាងឃើញថា គាត់ចោលអាវនៅដៃហើយរត់ចេញទៅដូច្នោះ នោះនាងក៏ហៅពួកអ្នកផ្ទះមកប្រាប់ថា ឃើញឬទេ លោកបាននាំសាសន៍ហេព្រើរនេះមកឲ្យមើលងាយយើង វាបានចូលមកចង់ដេកនឹងអញ តែអញបានស្រែកជាខ្លាំង កាលវាឮអញឡើងសំឡេងស្រែក នោះវាទុកអាវចោលនៅខាងអញនេះរត់ចេញទៅក្រៅបាត់ នាងក៏ដាក់អាវយ៉ូសែបទុកនៅក្បែរខ្លួន ចាំទំរាំតែចៅហ្វាយគាត់វិលមកផ្ទះវិញ រួចនាងជំរាបលោកតាមពាក្យដដែលនោះថា អាបាវសាសន៍ហេព្រើរដែលលោកបាននាំមកឯយើងរាល់គ្នា វាចូលមកចង់មើលងាយខ្ញុំ តែកាលខ្ញុំស្រែកឡើង នោះវារត់ទៅក្រៅ ទុកអាវចោលនៅក្បែរខ្ញុំនេះ កាលចៅហ្វាយគាត់បានឮពាក្យដែលប្រពន្ធប្រាប់ថា បាវលោកបានប្រព្រឹត្តនឹងនាងដូច្នោះ នោះលោកមានចិត្តឆួលក្តៅឡើង ហើយក៏យកគាត់ទៅដាក់គុក នៅកន្លែងដែលសំរាប់ឃុំពួកអ្នកទោសរបស់ស្តេច គាត់ក៏ជាប់នៅក្នុងគុកនោះ។ តែព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយ៉ូសែប ហើយក៏ផ្តល់សេចក្ដីសប្បុរសដល់គាត់ ព្រមទាំងធ្វើឲ្យមេភូឃុំអាណិតមេត្តាដល់គាត់ផង មេភូឃុំនោះក៏ប្រគល់ពួកអ្នកទោសដែលនៅក្នុងគុក ទៅក្នុងអំណាចរបស់យ៉ូសែបទាំងអស់ ការអ្វីៗដែលគេធ្វើនៅក្នុងគុក នោះគឺជាគាត់ដែលបង្កើតការនោះ មេភូឃុំលែងត្រួតត្រាមើលអ្វីទាំងអស់ដែលនៅក្រោមអំណាចគាត់ ពីព្រោះព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងគាត់ ហើយការអ្វីដែលគាត់ធ្វើ នោះទ្រង់ធ្វើឲ្យចំរើនឡើងគ្រប់ជំពូក។