លោកុប្បត្តិ 38:13-30
លោកុប្បត្តិ 38:13-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលនាងតាម៉ារបានឮគេប្រាប់ថា៖ «ឪពុកក្មេករបស់នាងកំពុងឡើងទៅធីមណា ដើម្បីកាត់រោមចៀមរបស់គាត់» នាងក៏ដោះសម្លៀកបំពាក់ស្ត្រីមេម៉ាយចេញ រួចយកស្បៃមកពាក់បាំងមុខ ហើយទៅអង្គុយនៅត្រង់ផ្លូវចូលទៅភូមិអេណែម តាមផ្លូវទៅធីមណា ដ្បិតនាងឃើញថា សេឡាបានធំហើយ តែមិនទាន់ឲ្យនាងទៅធ្វើជាប្រពន្ធនៅឡើយ។ កាលលោកយូដាឃើញនាង គាត់គិតថានាងជាស្ត្រីពេស្យា ដ្បិតនាងបានបាំងមុខ។ គាត់ក៏ងាកទៅឯនាងតាមផ្លូវ ហើយពោលថា៖ «មក៍ សូមឲ្យខ្ញុំចូលទៅឯនាង» ដ្បិតគាត់មិនបានដឹងថា នាងជាកូនប្រសារបស់គាត់ទេ។ នាងសួរថា៖ «តើលោកឲ្យអ្វីខ្ញុំ ដែលលោកចូលមកឯខ្ញុំនេះ?» គាត់ឆ្លើយថា៖ «ខ្ញុំនឹងផ្ញើកូនពពែមួយពីហ្វូងមកឲ្យនាង»។ តែនាងសួរថា៖ «លោកមានអ្វីនឹងបញ្ចាំចិត្តខ្ញុំឬទេ ទម្រាំតែលោកបានផ្ញើពពែនោះមកដល់?» គាត់តបថា៖ «តើចង់ឲ្យខ្ញុំបញ្ចាំអ្វីដល់នាង?» នាងឆ្លើយថា៖ «សូមប្រគល់ត្រា ខ្សែ និងដំបងដែលលោកកាន់នៅដៃនោះមក»។ គាត់ក៏ប្រគល់របស់ទាំងនោះឲ្យនាង រួចចូលទៅឯនាង ហើយនាងក៏មានទម្ងន់ដោយសារគាត់។ នាងក្រោកឡើង ហើយចេញទៅ ដោះស្បៃចេញ រួចយកសម្លៀកបំពាក់ស្ត្រីមេម៉ាយរបស់នាងមកស្លៀកពាក់វិញ។ លោកយូដាបានផ្ញើកូនពពែទៅតាមសម្លាញ់របស់គាត់ដែលនៅអាឌូឡាម ឲ្យលោះរបស់បញ្ចាំពីស្ត្រីនោះមកវិញ តែគាត់រកនាងមិនឃើញសោះ។ គាត់សួរពួកអ្នកដែលនៅកន្លែងនោះថា៖ «តើស្ត្រីពេស្យាដែលអង្គុយនៅមាត់ផ្លូវ ជិតអេណែមនោះ នៅឯណា?» គេឆ្លើយថា៖ «គ្មានស្ដ្រីពេស្យាណានៅទីនេះទេ»។ គាត់ក៏វិលទៅរកលោកយូដាវិញ ប្រាប់ថា៖ «ខ្ញុំរកមិនឃើញទេ ហើយពួកអ្នកដែលនៅកន្លែងនោះប្រាប់ថា "គ្មានស្ត្រីពេស្យាណានៅទីនេះទេ"»។ លោកយូដាពោលថា៖ «ឲ្យនាងទុករបស់ទាំងនោះទៅចុះ កុំឲ្យយើងខ្មាសគេ។ ឯងឃើញស្រាប់ហើយ ខ្ញុំបានផ្ញើកូនពពែទៅដែរ តែឯងរកនាងមិនឃើញ»។ ប្រហែលជាបីខែក្រោយមក មានគេមកប្រាប់លោកយូដាថា៖ «នាងតាម៉ារ ជាកូនប្រសារបស់លោក បានធ្វើជាស្ត្រីពេស្យា ហើយថែមទាំងមានផ្ទៃពោះដោយសារអំពើពេស្យានោះទៀតផង»។ លោកយូដាពោលថា៖ «ចូរនាំវាចេញមក ហើយដុតវាចោលទៅ!» ពេលគេនាំនាងចេញមក នាងឲ្យគេទៅជម្រាបឪពុកក្មេកថា៖ «ខ្ញុំមានទម្ងន់នឹងម្ចាស់របស់ទាំងនេះ» ហើយនាងប្រាប់ថា៖ «សូមមើលត្រា ខ្សែ និងដំបងនេះចុះ តើជារបស់អ្នកណា?» លោកយូដាក៏ទទួលស្គាល់របស់ទាំងនោះ រួចពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានឲ្យនាងទៅសេឡា ជាកូនខ្ញុំទេ»។ គាត់មិនបានដេកជាមួយនាងទៀតឡើយ។ កាលគ្រប់ខែដែលនាងត្រូវសម្រាលកូន នោះមើល៍ មានកូនភ្លោះនៅក្នុងផ្ទៃនាង។ កាលនាងឈឺពោះសម្រាលកូន កូនមួយបញ្ចេញដៃមក ឆ្មបក៏យកអំបោះក្រហមចងដៃវា ដោយពោលថា៖ «មួយនេះបានកើតមុន»។ ប៉ុន្ដែ កាលកូននោះបានដកដៃចូលទៅវិញ នោះមើល៍ បងវាក៏កើតចេញមក ហើយឆ្មបពោលថា៖ «ម្ដេចក៏ឯងប្រជែងខ្លួនចេញមកដូច្នេះ!» ហេតុនេះហើយបានជាគេដាក់ឈ្មោះកូននោះថា "ពេរេស" ។ បន្ទាប់មក ប្អូនរបស់វាដែលមានអំបោះក្រហមនៅដៃក៏កើតចេញមក ហើយគេដាក់ឈ្មោះកូននោះថា "សេរ៉ាស" ។
លោកុប្បត្តិ 38:13-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានគេមកប្រាប់នាងតាម៉ារថា៖ «ឪពុកក្មេករបស់នាងឡើងទៅកាត់រោមចៀមនៅធីមណា»។ ឮដូច្នេះ នាងតាម៉ារយកសម្លៀកបំពាក់ស្ត្រីមេម៉ាយចេញ ហើយយកស្បៃមកពាក់បាំងមុខ មិនឲ្យនរណាស្គាល់ រួចទៅអង្គុយនៅមាត់ផ្លូវចូលភូមិអេណែម ដែលស្ថិតនៅតាមផ្លូវទៅធីមណា។ នាងធ្វើដូច្នេះមកពីនាងឃើញថា សេឡាធំពេញវ័យហើយ តែលោកយូដាពុំបានយកនាងទៅឲ្យធ្វើជាភរិយាឡើយ។ កាលលោកយូដាឃើញនាង គាត់ស្មានថាជាស្ត្រីពេស្យា ដ្បិតនាងមានស្បៃបាំងមុខ។ គាត់ចូលទៅជិតនាង ពោលថា៖ «មក៍ រួមរ័កជាមួយខ្ញុំ!»។ គាត់ពុំបានដឹងថាជាកូនប្រសារបស់គាត់ទេ។ នាងតបថា៖ «បើខ្ញុំទៅជាមួយលោក តើលោកឲ្យអ្វីខ្ញុំ?»។ គាត់ឆ្លើយថា៖ «ខ្ញុំនឹងផ្ញើកូនពពែមួយមកឲ្យនាង»។ នាងតបទៅវិញថា៖ «ចាស ខ្ញុំយល់ព្រម តែលោកត្រូវបញ្ចាំអ្វីមួយទុកឲ្យខ្ញុំ ទម្រាំខ្ញុំបានទទួលកូនពពែនោះ»។ គាត់ពោលទៅវិញថា៖ «តើចង់ឲ្យខ្ញុំបញ្ចាំអ្វីទុក?»។ នាងឆ្លើយថា៖ «សុំប្រគល់ត្រារបស់លោក និងខ្សែវា ព្រមទាំងដំបងដែលលោកកាន់នោះមកឲ្យខ្ញុំ»។ លោកយូដាប្រគល់របស់ទាំងនោះឲ្យនាង រួចគាត់ក៏រួមរ័កជាមួយនាង។ បន្ទាប់មក នាងមានផ្ទៃពោះជាមួយគាត់។ នាងក្រោកឡើង ចាកចេញពីទីនោះ នាងយកស្បៃចេញ ហើយយកសម្លៀកបំពាក់ស្ត្រីមេម៉ាយមកស្លៀកពាក់វិញ។ លោកយូដាបានផ្ញើកូនពពែទៅឲ្យនាង តាមរយៈមិត្តរបស់គាត់ ជាអ្នកស្រុកអាឌូឡាំ ដើម្បីលោះយករបស់របរដែលគាត់បានបញ្ចាំទុកជាមួយនាងមកវិញ តែមិត្តរបស់លោកយូដារកនាងពុំឃើញសោះ។ គាត់សួរអ្នកស្រុកនៅកន្លែងនោះថា៖ «ស្ត្រីពេស្យាដែលនៅមាត់ផ្លូវចូលភូមិអេណែមនោះ នៅឯណា?»។ គេតបមកវិញថា៖ «នៅទីនេះ មិនដែលមានស្ត្រីពេស្យាទេ!»។ គាត់ក៏វិលទៅរកលោកយូដាវិញ ប្រាប់ថា៖ «ខ្ញុំរកស្រីនោះពុំឃើញទេ ហើយអ្នកស្រុកនោះបានប្រាប់ខ្ញុំថា “នៅទីនេះមិនដែលមានស្ត្រីពេស្យាទេ”»។ លោកយូដាពោលថា៖ «ឲ្យនាងទុករបស់ទាំងនោះទៅ! យើងមិនបាច់សួរដេញដោល នាំតែអ្នកស្រុកមើលងាយទេ។ ខ្ញុំបានផ្ញើកូនពពែទៅឲ្យនាងតាមសន្យា តែបើសម្លាញ់ឯងរកនាងមិនឃើញ ក៏ហីទៅចុះ!»។ បីខែកន្លងមកទៀត មានគេនាំដំណឹងមកប្រាប់លោកយូដាថា៖ «នាងតាម៉ារ ជាកូនប្រសារបស់លោក បានខូចខ្លួនហើយ ឥឡូវនេះ ថែមទាំងមានផ្ទៃពោះទៀតផង»។ លោកយូដាពោលថា៖ «អូសវាចេញទៅក្រៅ ដុតទាំងរស់ទៅ!»។ ពេលគេកំពុងតែនាំនាងចេញទៅក្រៅ នាងតាម៉ារឲ្យគេទៅជម្រាបលោកយូដាថា៖ «ខ្ញុំមានផ្ទៃពោះជាមួយម្ចាស់វត្ថុទាំងនេះ សូមពុកមើលមើល៍ តើត្រានេះ និងខ្សែវា ព្រមទាំងដំបងនេះជារបស់នរណា?»។ លោកយូដាស្គាល់វត្ថុទាំងនោះ ក៏ពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានយកនាងមកឲ្យធ្វើជាភរិយារបស់សេឡា ជាកូនខ្ញុំទេ»។ តាំងពីពេលនោះមក លោកយូដាពុំបានរួមរ័កជាមួយនាងទៀតឡើយ។ លុះជិតដល់ពេលសម្រាលកូន គេដឹងថានាងមានកូនភ្លោះក្នុងផ្ទៃនាង។ ពេលសម្រាលកូនមានកូនមួយចេញដៃមកមុន ឆ្មបក៏យកអំបោះក្រហមចងដៃទារកនោះ ទាំងពោលថា៖ «កូនមួយនេះកើតមុន»។ ប៉ុន្តែ ទារកនោះបានដកដៃចូលទៅវិញ ហើយបងរបស់វាក៏កើតចេញមក។ ពេលនោះ ឆ្មបពោលថា៖ «ឯងបានបើកប្រឡោះដណ្ដើមចេញមុន!» គាត់ដាក់ឈ្មោះកូននោះថា “ពេរេស”។ បន្ទាប់មកទៀត កូនប្អូនកើតចេញមក ទាំងមានអំបោះក្រហមនៅជាប់នឹងដៃផង។ គេដាក់ឈ្មោះកូននោះថា “សេរ៉ាស”។
លោកុប្បត្តិ 38:13-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានគេទៅប្រាប់ដល់តាម៉ារថា មើល ឪពុកក្មេកនាងរៀបឡើងទៅឯធីមណា ដើម្បីកាត់រោមចៀមរបស់គាត់ហើយ ដូច្នេះនាងដោះសំលៀកបំពាក់កាន់ទុក្ខចេញ រួចក៏យកស្បៃមកគ្រលុំខ្លួនបាំងមុខ ទៅអង្គុយនៅត្រង់ផ្លូវចូលទៅភូមិអេណែមតាមផ្លូវទៅឯធីមណា ដ្បិតនាងឃើញថាសេឡាបានធំហើយ តែមិនទាន់ឲ្យនាងទៅធ្វើជាប្រពន្ធនៅឡើយ កាលយូដាឃើញនាង នោះគាត់ស្មានថា ជាស្រីសំផឹង ដ្បិតនាងបានបាំងមុខ នោះគាត់ក៏បែរទៅឯនាងតាមផ្លូវនិយាយថា ចូរយើងទៅ សូមឲ្យខ្ញុំចូលទៅឯនាងឥឡូវ ពីព្រោះគាត់មិនដឹងថា នាងជាកូនប្រសាទេ តែនាងសួរថា តើអ្នកនឹងឲ្យអ្វីដល់ខ្ញុំខ្លះ ដែលអ្នកចូលមកឯខ្ញុំនេះ គាត់ឆ្លើយថា ខ្ញុំនឹងផ្ញើកូនពពែ១ពីហ្វូងមកឲ្យ តែនាងសួរថា អ្នកមានអ្វីនឹងបញ្ចាំចិត្តខ្ញុំឬទេ ទំរាំតែបានផ្ញើពពែនោះមកដល់ គាត់តបថា តើចង់ឲ្យខ្ញុំឲ្យអ្វីបញ្ចាំចិត្តនាង រួចនាងឆ្លើយថា សូមឲ្យត្រា នឹងខ្សែ ហើយដំបងដែលអ្នកកាន់នៅដៃនោះមក គាត់ក៏ឲ្យដល់នាង រួចចូលទៅឯនាង ហើយនាងក៏មានទំងន់ដោយសារគាត់ នោះនាងក្រោកឡើងចេញទៅដោះស្បៃពីខ្លួនចេញ រួចពាក់អាវកាន់ទុក្ខរបស់ខ្លួនវិញ យូដាគាត់ផ្ញើកូនពពែទៅជាមួយនឹងសំឡាញ់គាត់ ដែលនៅអាឌូឡាម ឲ្យលោះរបស់បញ្ចាំពីស្ត្រីនោះមកវិញ តែគាត់រកនាងមិនឃើញសោះ រួចគាត់សួរពួកអ្នកដែលនៅកន្លែងនោះថា ស្រីសំផឹងដែលអង្គុយនៅមាត់ផ្លូវជិតអេណែម នោះ តើនៅឯណា គេឆ្លើយថា គ្មានស្រីសំផឹងណានៅទីនេះទេ រួចគាត់វិលទៅឯយូដាប្រាប់ថា ខ្ញុំរកមិនឃើញទេ ហើយពួកអ្នកដែលនៅកន្លែងនោះក៏ប្រាប់ថា គ្មានស្រីសំផឹងណានៅទីនោះដែរ យូដានិយាយថា ចូរឲ្យវាយកទៅចុះ ក្រែងយើងត្រូវមានសេចក្ដីខ្មាស មើល ខ្ញុំបានផ្ញើកូនពពែទៅដែរ តែអ្នករកវាមិនឃើញសោះ។ ដល់ប្រហែលជា៣ខែក្រោយមក នោះមានគេទៅជំរាបដល់យូដាថា តាម៉ារ ជាកូនប្រសាអ្នកបានធ្វើសំផឹង មើល វាមានទំងន់ដោយការធ្វើសំផឹងហើយ នោះយូដាប្រាប់ថា ចូរនាំវាចេញមកដុតចោលទៅ តែកាលគេនាំនាងចេញមក នោះនាងក៏ផ្ញើទៅឪពុកក្មេកជំរាបថា ខ្ញុំមានទំងន់នឹងម្ចាស់របស់ទាំងនេះ នាងក៏ថា សូមមើលត្រា នឹងខ្សែ ហើយដំបងនេះចុះ តើជារបស់ផងអ្នកណា យូដាក៏ទទួលស្គាល់ រួចគាត់និយាយថា វាសុចរិតជាងអញ ដ្បិតអញមិនបានឲ្យដល់សេឡាជាកូនអញទេ នោះគាត់ក៏លែងស្គាល់នាងទៀត។ កាលគ្រប់ខែដែលនាងត្រូវសំរាលមក នោះមើលមានកូនភ្លោះនៅក្នុងផ្ទៃនាង ហើយកាលនាងឈឺនឹងសំរាល នោះកូន១បញ្ចេញដៃមក ឆ្មបក៏យកអំបោះក្រហមចងដៃវា ដោយពាក្យថា មួយនេះបានកើតមុន តែកាលកូននោះទាញដៃទៅវិញ នោះមើល បងវាក៏សំរាលចេញមក ហើយឆ្មបនិយាយថា ធ្វើដូចម្តេចឲ្យឯងប្រជែងចេញមកដូច្នេះ នោះគេដាក់ឈ្មោះថា ពេរេស បន្ទាប់នោះ ប្អូនវាដែលមានអំបោះក្រហមនៅដៃក៏សំរាលមក ហើយគេដាក់ឈ្មោះថា សេរ៉ាស។