លោកុប្បត្តិ 37:9-11
លោកុប្បត្តិ 37:9-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គាត់យល់សប្តិទៀត ហើយក៏ប្រាប់បងៗរបស់គាត់ថា៖ «មើល៍ ខ្ញុំបានយល់សប្តិឃើញម្ដងទៀតហើយ គឺឃើញថ្ងៃ ខែ និងផ្កាយទាំងដប់មួយបានក្រាបគោរពខ្ញុំ»។ ប៉ុន្ដែ កាលគាត់បានតំណាលអំពីសប្ដិនោះប្រាប់ឪពុក និងបងៗ ឪពុកបន្ទោសគាត់ថា៖ «តើឯងយល់សប្តិឃើញអ្វីដូច្នេះ? តើត្រូវឲ្យឪពុក និងម្តាយរបស់ឯង ព្រមទាំងបងៗរបស់ឯងក្រាបដល់ដីគោរពឯងឬ?» បងៗក៏មានចិត្តច្រណែននឹងគាត់ តែឪពុករបស់គាត់បានទុករឿងនោះនៅក្នុងចិត្ត។
លោកុប្បត្តិ 37:9-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយមក យ៉ូសែបយល់សប្តិម្ដងទៀត ហើយគាត់បានយកទៅនិយាយប្រាប់បងៗថា៖ «ខ្ញុំបានយល់សប្តិម្ដងទៀតដូចតទៅ គឺព្រះអាទិត្យ ព្រះចន្ទ និងផ្កាយដប់មួយ មកក្រាបថ្វាយបង្គំខ្ញុំ»។ គាត់បានតំណាលអំពីសុបិនប្រាប់ឪពុក ដូចបានប្រាប់បងៗ។ ឪពុកបន្ទោសគាត់ថា៖ «សប្តិរបស់កូនម្ដេចក៏អស្ចារ្យម៉្លេះ! តើម្ដាយបងៗ និងឪពុកផ្ទាល់ ត្រូវនាំគ្នាមកក្រាបថ្វាយបង្គំកូនឬ?»។ បងៗមានចិត្តច្រណែននឹងយ៉ូសែបណាស់ ប៉ុន្តែ ឪពុករបស់គាត់បានចងចាំសុបិននេះទុកក្នុងចិត្ត។
លោកុប្បត្តិ 37:9-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គាត់យល់សប្តិឃើញទៀត ហើយក៏ប្រាប់ដល់ពួកបងគាត់ថា ខ្ញុំបានយល់សប្តិឃើញដូច្នេះទៀត គឺថ្ងៃ ខែ នឹងផ្កាយទាំង១១បានក្រាបគោរពដល់ខ្ញុំ គាត់ក៏និយាយប្រាប់ដល់ទាំងឪពុក ហើយនឹងពួកបងៗដែរ តែឪពុកបន្ទោសថា ឯងបានយល់សប្តិឃើញអ្វីដូច្នេះ តើត្រូវឲ្យអញ នឹងម្តាយឯង ហើយបងប្អូនទាំងអស់ក្រាបនៅដីគោរពដល់ឯងឬ ហើយពួកបងៗក៏ច្រណែននឹងគាត់ តែឪពុកបានកំណត់រឿងនោះទុក។