លោកុប្បត្តិ 37:8-10
លោកុប្បត្តិ 37:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងៗពោលមកគាត់ថា៖ «តើឯងចង់សោយរាជ្យលើយើងមែនឬ? តើឯងចង់ធ្វើជាចៅហ្វាយលើយើងមែនឬ?» ដូច្នេះ គេក៏ស្អប់គាត់រឹតតែខ្លាំងឡើង ដោយព្រោះសប្តិ និងពាក្យសម្ដីរបស់គាត់។ គាត់យល់សប្តិទៀត ហើយក៏ប្រាប់បងៗរបស់គាត់ថា៖ «មើល៍ ខ្ញុំបានយល់សប្តិឃើញម្ដងទៀតហើយ គឺឃើញថ្ងៃ ខែ និងផ្កាយទាំងដប់មួយបានក្រាបគោរពខ្ញុំ»។ ប៉ុន្ដែ កាលគាត់បានតំណាលអំពីសប្ដិនោះប្រាប់ឪពុក និងបងៗ ឪពុកបន្ទោសគាត់ថា៖ «តើឯងយល់សប្តិឃើញអ្វីដូច្នេះ? តើត្រូវឲ្យឪពុក និងម្តាយរបស់ឯង ព្រមទាំងបងៗរបស់ឯងក្រាបដល់ដីគោរពឯងឬ?»
លោកុប្បត្តិ 37:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងៗពោលមកគាត់វិញថា៖ «តើឯងមានគំនិតចង់សោយរាជ្យលើយើងឬ? ឬមួយក៏ឯងមានគំនិតចង់ធ្វើជាម្ចាស់គ្រប់គ្រងលើយើង?»។ ពួកគេរឹតតែនាំគ្នាស្អប់គាត់ជាងមុនទៅទៀត ព្រោះតែសុបិនដែលគាត់យកមកតំណាលប្រាប់ពួកគេ។ ក្រោយមក យ៉ូសែបយល់សប្តិម្ដងទៀត ហើយគាត់បានយកទៅនិយាយប្រាប់បងៗថា៖ «ខ្ញុំបានយល់សប្តិម្ដងទៀតដូចតទៅ គឺព្រះអាទិត្យ ព្រះចន្ទ និងផ្កាយដប់មួយ មកក្រាបថ្វាយបង្គំខ្ញុំ»។ គាត់បានតំណាលអំពីសុបិនប្រាប់ឪពុក ដូចបានប្រាប់បងៗ។ ឪពុកបន្ទោសគាត់ថា៖ «សប្តិរបស់កូនម្ដេចក៏អស្ចារ្យម៉្លេះ! តើម្ដាយបងៗ និងឪពុកផ្ទាល់ ត្រូវនាំគ្នាមកក្រាបថ្វាយបង្គំកូនឬ?»។
លោកុប្បត្តិ 37:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកបងៗឆ្លើយឡើងថា បើដូច្នេះ ឯងនឹងគ្រប់គ្រងលើយើងឬ ឯងនឹងធ្វើជាចៅហ្វាយលើយើងមែនឬ ហើយគេក៏ស្អប់គាត់រឹតតែខ្លាំងឡើង ដោយព្រោះសប្តិ នឹងពាក្យសំដីរបស់គាត់។ គាត់យល់សប្តិឃើញទៀត ហើយក៏ប្រាប់ដល់ពួកបងគាត់ថា ខ្ញុំបានយល់សប្តិឃើញដូច្នេះទៀត គឺថ្ងៃ ខែ នឹងផ្កាយទាំង១១បានក្រាបគោរពដល់ខ្ញុំ គាត់ក៏និយាយប្រាប់ដល់ទាំងឪពុក ហើយនឹងពួកបងៗដែរ តែឪពុកបន្ទោសថា ឯងបានយល់សប្តិឃើញអ្វីដូច្នេះ តើត្រូវឲ្យអញ នឹងម្តាយឯង ហើយបងប្អូនទាំងអស់ក្រាបនៅដីគោរពដល់ឯងឬ