លោកុប្បត្តិ 37:3-8
លោកុប្បត្តិ 37:3-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបខ្លាំងជាងកូនឯទៀតៗ ព្រោះជាកូនដែលកើតមកនៅពេលលោកមានវ័យចាស់ ហើយលោកបានធ្វើអាវមួយមានពណ៌ច្រើនឲ្យគាត់ពាក់។ កាលបងៗឃើញថា ឪពុកស្រឡាញ់យ៉ូសែបជាងកូនទាំងអស់ គេក៏ព្រួតគ្នាស្អប់យ៉ូសែប ហើយមិនអាចនិយាយពាក្យល្អជាមួយគាត់បានឡើយ។ មានថ្ងៃមួយ យ៉ូសែបបានយល់សប្តិ ហើយក៏តំណាលសប្ដិនោះប្រាប់បងៗ តែគេរឹតតែស្អប់គាត់ខ្លាំងឡើង។ គាត់ប្រាប់ពួកគេថា៖ «សូមស្តាប់សប្តិខ្ញុំនេះសិន ដ្បិតយើងរាល់គ្នាកំពុងតែចងកណ្ដាប់នៅស្រែ នោះកណ្ដាប់របស់ខ្ញុំក៏ឈរឡើង ហើយមើល៍ កណ្ដាប់របស់បងៗបានមកព័ទ្ធជុំវិញ ហើយក្រាបគោរពកណ្ដាប់របស់ខ្ញុំ»។ បងៗពោលមកគាត់ថា៖ «តើឯងចង់សោយរាជ្យលើយើងមែនឬ? តើឯងចង់ធ្វើជាចៅហ្វាយលើយើងមែនឬ?» ដូច្នេះ គេក៏ស្អប់គាត់រឹតតែខ្លាំងឡើង ដោយព្រោះសប្តិ និងពាក្យសម្ដីរបស់គាត់។
លោកុប្បត្តិ 37:3-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបខ្លាំងជាងកូនឯទៀតៗ ព្រោះកូននេះបានកើតនៅពេលលោកមានវ័យចំណាស់ទៅហើយ។ លោកបានកាត់អាវបំពង់ដ៏ល្អប្រណីតមួយ ឲ្យយ៉ូសែបពាក់។ ដោយឃើញឪពុកស្រឡាញ់យ៉ូសែបខ្លាំងជាងពួកគេ ដូច្នេះ បងៗក៏នាំគ្នាស្អប់យ៉ូសែប រហូតដល់មិនអាចនិយាយជាមួយគាត់ ដោយពាក្យសម្ដីទន់ភ្លន់បានឡើយ។ យ៉ូសែបបានយល់សប្តិ ហើយយកមកតំណាលប្រាប់បងៗ ជាហេតុធ្វើឲ្យគេរឹតតែស្អប់គាត់ថែមទៀត។ គាត់ប្រាប់ពួកគេថា៖ «សូមបងៗស្ដាប់សុបិនរបស់ខ្ញុំ គឺខ្ញុំបានយល់សប្តិឃើញយើងទាំងអស់គ្នាកំពុងតែចងកណ្ដាប់ស្រូវ នៅវាលស្រែ ពេលនោះ ស្រាប់តែកណ្ដាប់របស់ខ្ញុំងើបឈរឡើងយ៉ាងត្រង់ រីឯកណ្ដាប់របស់បងៗបានមកព័ទ្ធជុំវិញកណ្ដាប់ខ្ញុំ ហើយនាំគ្នាក្រាបថ្វាយបង្គំទៀតផង»។ បងៗពោលមកគាត់វិញថា៖ «តើឯងមានគំនិតចង់សោយរាជ្យលើយើងឬ? ឬមួយក៏ឯងមានគំនិតចង់ធ្វើជាម្ចាស់គ្រប់គ្រងលើយើង?»។ ពួកគេរឹតតែនាំគ្នាស្អប់គាត់ជាងមុនទៅទៀត ព្រោះតែសុបិនដែលគាត់យកមកតំណាលប្រាប់ពួកគេ។
លោកុប្បត្តិ 37:3-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអ៊ីស្រាអែល គាត់ស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ ពីព្រោះជាកូនដែលកើតមកក្នុងកាលដែលគាត់ចាស់ហើយ គាត់ធ្វើអាវ១ដ៏មានពណ៌ច្រើនឲ្យពាក់ បងទាំងប៉ុន្មានក៏ឃើញថា ឪពុកស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ បានជាគេព្រួតគ្នាស្អប់ដល់គាត់ ហើយនិយាយអ្វីនឹងគាត់ដោយស្រួលពុំបានទេ។ មានថ្ងៃ១ យ៉ូសែបបានយល់សប្តិ ក៏និយាយសប្តិនោះប្រាប់ដល់ពួកបងៗទាំងប៉ុន្មាន តែនោះគេរឹតតែស្អប់គាត់ជាខ្លាំងទៅទៀត គាត់ប្រាប់ថា សូមស្តាប់សប្តិខ្ញុំនេះសិន ដ្បិតយើងរាល់គ្នាកំពុងតែចងកណ្តាប់នៅស្រែ នោះកណ្តាប់របស់ខ្ញុំក៏ឈរឡើង ហើយមើល កណ្តាប់របស់អ្នករាល់គ្នាបានមកព័ទ្ធជុំវិញ ហើយក្រាបគោរពចំពោះកណ្តាប់របស់ខ្ញុំ ពួកបងៗឆ្លើយឡើងថា បើដូច្នេះ ឯងនឹងគ្រប់គ្រងលើយើងឬ ឯងនឹងធ្វើជាចៅហ្វាយលើយើងមែនឬ ហើយគេក៏ស្អប់គាត់រឹតតែខ្លាំងឡើង ដោយព្រោះសប្តិ នឹងពាក្យសំដីរបស់គាត់។