លោកុប្បត្តិ 37:23-28
លោកុប្បត្តិ 37:23-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលយ៉ូសែបបានមកដល់បងៗហើយ គេក៏ដោះអាវគាត់ចេញ គឺអាវមានពណ៌ច្រើនដែលគាត់ពាក់មកនោះឯង រួចគេចាប់គាត់យកទៅទម្លាក់ក្នុងអណ្តូង ឯអណ្តូងនោះគ្មានទឹកទេ។ បន្ទាប់មក គេនាំគ្នាអង្គុយបរិភោគ ហើយគេក្រឡេកទៅឃើញពួកអ៊ីសម៉ាអែល ដែលកំពុងតែមកពីស្រុកកាឡាត មានគ្រឿងម្ហូប ជ័រពិដោរ និងជ័រល្វីងទេសផ្ទុកលើសត្វអូដ្ឋរៀងខ្លួន ដើម្បីនាំទៅស្រុកអេស៊ីព្ទ។ ពេលនោះ យូដានិយាយទៅបងប្អូនថា៖ «បើយើងសម្លាប់ប្អូនទៅ ហើយលាក់ឈាមវា តើចំណេញបានអី? មក៍ យើងលក់វាទៅឲ្យពួកអ៊ីសម៉ាអែលវិញ កុំឲ្យយើងដាក់ដៃលើវាឡើយ ដ្បិតវាជាប្អូនរបស់យើង ជាសាច់ឈាមរបស់យើងដែរ»។ បងប្អូនរបស់គាត់ក៏យល់ព្រមតាម។ ពេលនោះ ពួកសាសន៍ម៉ាឌានជាអ្នកជំនួញក៏មកដល់ រួចបងៗរបស់យ៉ូសែបនាំគ្នាស្រង់គាត់ឡើងពីអណ្តូង ហើយលក់ឲ្យទៅពួកអ៊ីសម៉ាអែល មានតម្លៃជាប្រាក់សុទ្ធម្ភៃដួង។ ពួកនោះក៏យកយ៉ូសែបទៅស្រុកអេស៊ីព្ទ។
លោកុប្បត្តិ 37:23-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលយ៉ូសែបដើរទៅដល់បងៗ គេនាំគ្នាដោះអាវបំពង់ដ៏ល្អប្រណីត ដែលគាត់ពាក់នោះចេញ។ គេចាប់គាត់បោះទៅក្នុងអណ្ដូង។ អណ្ដូងនោះរីង គ្មានទឹកទេ។ បន្ទាប់មក គេអង្គុយបរិភោគអាហារ។ ពេលនោះ គេក្រឡេកទៅ ឃើញជនជាតិអ៊ីស្មាអែលមួយក្រុមជិះអូដ្ឋមកពីស្រុកកាឡាដ។ អ្នកទាំងនោះដឹកគ្រឿងក្រអូប ជ័រពិដោរ និងជ័រល្វីងទេស យកទៅស្រុកអេស៊ីប។ លោកយូដាពោលទៅកាន់បងប្អូនគាត់ថា៖ «បើយើងសម្លាប់ប្អូនយើងចោល តើបានចំណេញអ្វី នាំតែពិបាកលាក់ឃាតកម្មនេះថែមទៀត។ មក៍ យើងលក់វាឲ្យពួកអ៊ីស្មាអែលវិញ កុំសម្លាប់វាអី ព្រោះវាជាប្អូនរបស់យើង ជាសាច់ឈាមយើងដែរ»។ គេក៏ស្ដាប់តាមពាក្យគាត់។ បន្ទាប់មក មានឈ្មួញជាតិម៉ាឌានមកដល់ ពួកគេក៏យកយ៉ូសែបចេញពីអណ្ដូង រួចលក់ទៅឲ្យជនជាតិអ៊ីស្មាអែល តម្លៃជាប្រាក់សុទ្ធម្ភៃស្លឹង។ ជនជាតិអ៊ីស្មាអែលនាំយ៉ូសែបទៅស្រុកអេស៊ីប។
លោកុប្បត្តិ 37:23-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលយ៉ូសែបបានមកដល់ពួកបងហើយ នោះគេក៏បកអាវគាត់ចេញ គឺជាអាវមានពណ៌ច្រើនដែលគាត់ពាក់មកនោះឯង គេក៏យកគាត់ទៅទំលាក់នៅក្នុងអណ្តូងទៅ ឯអណ្តូងនោះគ្មានទឹកទេ រួចគេនាំគ្នាអង្គុយបរិភោគបាយ គេក៏ងើបភ្នែកឡើងឃើញពួកអ៊ីសម៉ាអែល ដែលកំពុងតែមកពីស្រុកកាឡាត មានគ្រឿងម្ហូប ជ័រពិដោរ នឹងជ័រល្វីងទេសផ្ទុកលើសត្វអូដ្ឋរៀងខ្លួន ដើម្បីនាំទៅឯស្រុកអេស៊ីព្ទ នោះយូដានិយាយទៅបងប្អូនថា បើយើងសំឡាប់ប្អូនទៅ ហើយលាក់ឈាមវា តើមានកំរៃអី្វ ដូច្នេះចូរយើងលក់វាទៅឲ្យពួកអ៊ីសម៉ាអែលវិញ កុំឲ្យយើងពាល់វាឡើយ ដ្បិតវាជាបងប្អូន ជាសាច់ឈាមនឹងយើងដែរ នោះបងប្អូនក៏យល់ព្រមតាម ពេលនោះ ពួកសាសន៍ម៉ាឌានជាអ្នកជំនួញនោះក៏មកដល់ រួចពួកបងរបស់យ៉ូសែបនាំគ្នាស្រង់គាត់ឡើងពីអណ្តូងមក ហើយលក់ឲ្យទៅពួកអ៊ីសម៉ាអែលដំឡៃជាប្រាក់២០ដួង ពួកនោះក៏នាំយកគាត់ទៅឯស្រុកអេស៊ីព្ទទៅ។