លោកុប្បត្តិ 37:2-4
លោកុប្បត្តិ 37:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាដំណើររឿងនៃក្រុមគ្រួសាររបស់លោកយ៉ាកុប។ កាលលោកយ៉ូសែបមានអាយុដប់ប្រាំពីរឆ្នាំ គាត់តែងតែឃ្វាលហ្វូងសត្វជាមួយបងៗរបស់គាត់។ ក្មេងជំទង់នេះនៅជាមួយកូនរបស់នាងប៊ីលហា និងនាងស៊ីលផា ជាប្រពន្ធរបស់ឪពុកគាត់ ហើយយ៉ូសែបតែងយករឿងអាក្រក់របស់ពួកគេមកប្រាប់ឪពុក។ លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបខ្លាំងជាងកូនឯទៀតៗ ព្រោះជាកូនដែលកើតមកនៅពេលលោកមានវ័យចាស់ ហើយលោកបានធ្វើអាវមួយមានពណ៌ច្រើនឲ្យគាត់ពាក់។ កាលបងៗឃើញថា ឪពុកស្រឡាញ់យ៉ូសែបជាងកូនទាំងអស់ គេក៏ព្រួតគ្នាស្អប់យ៉ូសែប ហើយមិនអាចនិយាយពាក្យល្អជាមួយគាត់បានឡើយ។
លោកុប្បត្តិ 37:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាដំណើររឿងក្រុមគ្រួសាររបស់លោកយ៉ាកុប។ កាលលោកយ៉ូសែបនៅពីក្មេង អាយុដប់ប្រាំពីរឆ្នាំ គាត់នៅឃ្វាលចៀមជាមួយបងៗ ដែលត្រូវជាកូនរបស់នាងប៊ីលហា និងនាងស៊ីលផា ប្រពន្ធចុងរបស់ឪពុកគាត់។ យ៉ូសែបបានរាយការណ៍ពីការអាក្រក់ដែលបងៗធ្វើ។ លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបខ្លាំងជាងកូនឯទៀតៗ ព្រោះកូននេះបានកើតនៅពេលលោកមានវ័យចំណាស់ទៅហើយ។ លោកបានកាត់អាវបំពង់ដ៏ល្អប្រណីតមួយ ឲ្យយ៉ូសែបពាក់។ ដោយឃើញឪពុកស្រឡាញ់យ៉ូសែបខ្លាំងជាងពួកគេ ដូច្នេះ បងៗក៏នាំគ្នាស្អប់យ៉ូសែប រហូតដល់មិនអាចនិយាយជាមួយគាត់ ដោយពាក្យសម្ដីទន់ភ្លន់បានឡើយ។
លោកុប្បត្តិ 37:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាពង្សាវតារនៃពួកកូនចៅរបស់យ៉ាកុប រីឯយ៉ូសែប កាលមានអាយុ១៧ឆ្នាំ នោះគាត់តែងតែឃ្វាលហ្វូងសត្វជាមួយនឹងពួកបងប្អូន ក្មេងជំទង់នោះក៏នៅជាមួយនឹងពួកកូនប៊ីលហា នឹងកូនស៊ីលផា ជាប្រពន្ធរបស់ឪពុកខ្លួន ហើយគាត់នាំរឿងពីការអាក្រក់របស់គេមកប្រាប់ដល់ឪពុក ឯអ៊ីស្រាអែល គាត់ស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ ពីព្រោះជាកូនដែលកើតមកក្នុងកាលដែលគាត់ចាស់ហើយ គាត់ធ្វើអាវ១ដ៏មានពណ៌ច្រើនឲ្យពាក់ បងទាំងប៉ុន្មានក៏ឃើញថា ឪពុកស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ បានជាគេព្រួតគ្នាស្អប់ដល់គាត់ ហើយនិយាយអ្វីនឹងគាត់ដោយស្រួលពុំបានទេ។