លោកុប្បត្តិ 37:18-30
លោកុប្បត្តិ 37:18-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលគេឃើញយ៉ូសែបពីចម្ងាយ គេរួមគំនិតគ្នាថានឹងសម្លាប់គាត់ចោល មុនពេលគាត់ទៅដល់។ គេនិយាយគ្នាទៅវិញទៅមកថា៖ «ន៎ុះន៏ អាមេសប្តិបានមកដល់ហើយ។ មកយើង នាំគ្នាសម្លាប់វាចោល ហើយយកទៅទម្លាក់ក្នុងអណ្តូងណាមួយ រួចនិយាយថា មានសត្វសាហាវបានហែកវាស៊ីទៅហើយ ហើយយើងនឹងមើល តើសប្តិរបស់វានឹងទៅជាយ៉ាងណា»។ ប៉ុន្តែ កាលរូបេនបានឮដូច្នេះ គាត់ខំជួយឲ្យបានរួចពីកណ្ដាប់ដៃពួកគេ។ គាត់និយាយថា៖ «យើងកុំយកជីវិតវាអី»។ រូបេនពោលទៅពួកគេទៀតថា៖ «កុំកម្ចាយឈាមអី គ្រាន់តែទម្លាក់វាទៅក្នុងអណ្តូងនៅទីរហោស្ថាននេះទៅបានហើយ កុំដាក់ដៃលើវាឡើយ»។ គាត់ធ្វើដូច្នេះ មកពីគាត់ចង់ជួយយ៉ូសែបឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគេ ហើយបញ្ជូនគាត់ឲ្យត្រឡប់ទៅឯឪពុកវិញ។ កាលយ៉ូសែបបានមកដល់បងៗហើយ គេក៏ដោះអាវគាត់ចេញ គឺអាវមានពណ៌ច្រើនដែលគាត់ពាក់មកនោះឯង រួចគេចាប់គាត់យកទៅទម្លាក់ក្នុងអណ្តូង ឯអណ្តូងនោះគ្មានទឹកទេ។ បន្ទាប់មក គេនាំគ្នាអង្គុយបរិភោគ ហើយគេក្រឡេកទៅឃើញពួកអ៊ីសម៉ាអែល ដែលកំពុងតែមកពីស្រុកកាឡាត មានគ្រឿងម្ហូប ជ័រពិដោរ និងជ័រល្វីងទេសផ្ទុកលើសត្វអូដ្ឋរៀងខ្លួន ដើម្បីនាំទៅស្រុកអេស៊ីព្ទ។ ពេលនោះ យូដានិយាយទៅបងប្អូនថា៖ «បើយើងសម្លាប់ប្អូនទៅ ហើយលាក់ឈាមវា តើចំណេញបានអី? មក៍ យើងលក់វាទៅឲ្យពួកអ៊ីសម៉ាអែលវិញ កុំឲ្យយើងដាក់ដៃលើវាឡើយ ដ្បិតវាជាប្អូនរបស់យើង ជាសាច់ឈាមរបស់យើងដែរ»។ បងប្អូនរបស់គាត់ក៏យល់ព្រមតាម។ ពេលនោះ ពួកសាសន៍ម៉ាឌានជាអ្នកជំនួញក៏មកដល់ រួចបងៗរបស់យ៉ូសែបនាំគ្នាស្រង់គាត់ឡើងពីអណ្តូង ហើយលក់ឲ្យទៅពួកអ៊ីសម៉ាអែល មានតម្លៃជាប្រាក់សុទ្ធម្ភៃដួង។ ពួកនោះក៏យកយ៉ូសែបទៅស្រុកអេស៊ីព្ទ។ កាលរូបេនត្រឡប់មកដល់អណ្តូងវិញ តែមិនឃើញយ៉ូសែបនៅក្នុងអណ្តូង គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយវិលទៅរកបងប្អូនប្រាប់ថា៖ «ក្មេងនោះបាត់ទៅហើយ តើឲ្យខ្ញុំទៅឯណា?»
លោកុប្បត្តិ 37:18-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលគេបានឃើញយ៉ូសែបពីចម្ងាយ គឺមុនពេលគាត់ទៅដល់ ពួកគេបានឃុបឃិតគ្នាថានឹងសម្លាប់គាត់ចោល។ គេនិយាយគ្នាទៅវិញទៅមកថា«មើល៍! លោកគ្រូយល់សប្តិមកដល់ហើយ! យើងនាំគ្នាឆ្លៀតសម្លាប់វា យកទៅបោះចោលក្នុងអណ្ដូងណាមួយ រួចពោលថាមានសត្វសាហាវហែកវាស៊ី។ ធ្វើដូច្នេះ យើងមុខជាដឹងថាសុបិនរបស់វានឹងបានទៅជាយ៉ាងណា»។ ពេលលោករូបេនឮដូច្នោះ គាត់ចង់ជួយយ៉ូសែបឲ្យរួចពីកណ្ដាប់ដៃពួកគេ។ គាត់ពោលថា៖ «កុំប្រហារជីវិតវាធ្វើអ្វី»។ លោករូបេនពោលថែមទៀតថា៖ «កុំបង្ហូរឈាមវាធ្វើអ្វី គឺគ្រាន់តែបោះវាទៅក្នុងអណ្ដូងនៅវាលរហោស្ថាននេះបានហើយ មិនបាច់សម្លាប់វាទេ»។ គាត់ពោលដូច្នេះ មកពីចង់រំដោះយ៉ូសែបឲ្យរួចពីកណ្ដាប់ដៃបងៗ ហើយនាំយកទៅជូនឪពុកវិញ។ ពេលយ៉ូសែបដើរទៅដល់បងៗ គេនាំគ្នាដោះអាវបំពង់ដ៏ល្អប្រណីត ដែលគាត់ពាក់នោះចេញ។ គេចាប់គាត់បោះទៅក្នុងអណ្ដូង។ អណ្ដូងនោះរីង គ្មានទឹកទេ។ បន្ទាប់មក គេអង្គុយបរិភោគអាហារ។ ពេលនោះ គេក្រឡេកទៅ ឃើញជនជាតិអ៊ីស្មាអែលមួយក្រុមជិះអូដ្ឋមកពីស្រុកកាឡាដ។ អ្នកទាំងនោះដឹកគ្រឿងក្រអូប ជ័រពិដោរ និងជ័រល្វីងទេស យកទៅស្រុកអេស៊ីប។ លោកយូដាពោលទៅកាន់បងប្អូនគាត់ថា៖ «បើយើងសម្លាប់ប្អូនយើងចោល តើបានចំណេញអ្វី នាំតែពិបាកលាក់ឃាតកម្មនេះថែមទៀត។ មក៍ យើងលក់វាឲ្យពួកអ៊ីស្មាអែលវិញ កុំសម្លាប់វាអី ព្រោះវាជាប្អូនរបស់យើង ជាសាច់ឈាមយើងដែរ»។ គេក៏ស្ដាប់តាមពាក្យគាត់។ បន្ទាប់មក មានឈ្មួញជាតិម៉ាឌានមកដល់ ពួកគេក៏យកយ៉ូសែបចេញពីអណ្ដូង រួចលក់ទៅឲ្យជនជាតិអ៊ីស្មាអែល តម្លៃជាប្រាក់សុទ្ធម្ភៃស្លឹង។ ជនជាតិអ៊ីស្មាអែលនាំយ៉ូសែបទៅស្រុកអេស៊ីប។ កាលលោករូបេនត្រឡប់មកដល់អណ្ដូងវិញ គាត់មិនឃើញយ៉ូសែបនៅក្នុងនោះទៀតទេ គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន រួចទៅជួបប្អូនៗប្រាប់ថា៖ «បាត់ក្មេងនោះហើយ! តើបងត្រូវធ្វើយ៉ាងណា?»។
លោកុប្បត្តិ 37:18-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះគេឃើញគាត់ពីចំងាយ នោះគេមត់សំរេចគ្នាថានឹងសំឡាប់គាត់ចោល ក្នុងកាលមុនដែលគាត់ទៅដល់ គេនិយាយគ្នាទៅវិញទៅមកថា នុ៎ះន៏ អាមេសប្តិបានមកដល់ហើយ ចូរយើងសំឡាប់វាឥឡូវ ទំលាក់ចុះក្នុងអណ្តូងណាមួយទៅ រួចសឹមនិយាយថា មានសត្វសាហាវណាបានហែកវាស៊ីទៅហើយ យើងនឹងមើល តើនឹងមានអ្វីកើតពីសប្តិនោះមក ឯរូបេនក៏ឮ ហើយគាត់ខំជួយឲ្យបានរួចពីកណ្តាប់ដៃគេ គាត់និយាយថា កុំឲ្យយើងយកជីវិតវាឡើយ រួចរូបេននិយាយទៅគេថា កុំឲ្យកំចាយឈាមអី ឲ្យគ្រាន់តែទំលាក់វាទៅក្នុងអណ្តូងនៅទីរហោស្ថាននេះចុះ កុំឲ្យដាក់ដៃធ្វើវាឡើយ ដោយគំនិតគាត់ប៉ងនឹងជួយ ឲ្យយ៉ូសែបរួចពីកណ្តាប់ដៃរបស់គេ ដើម្បីនឹងបញ្ជូនឲ្យត្រឡប់ទៅឯឪពុកវិញ កាលយ៉ូសែបបានមកដល់ពួកបងហើយ នោះគេក៏បកអាវគាត់ចេញ គឺជាអាវមានពណ៌ច្រើនដែលគាត់ពាក់មកនោះឯង គេក៏យកគាត់ទៅទំលាក់នៅក្នុងអណ្តូងទៅ ឯអណ្តូងនោះគ្មានទឹកទេ រួចគេនាំគ្នាអង្គុយបរិភោគបាយ គេក៏ងើបភ្នែកឡើងឃើញពួកអ៊ីសម៉ាអែល ដែលកំពុងតែមកពីស្រុកកាឡាត មានគ្រឿងម្ហូប ជ័រពិដោរ នឹងជ័រល្វីងទេសផ្ទុកលើសត្វអូដ្ឋរៀងខ្លួន ដើម្បីនាំទៅឯស្រុកអេស៊ីព្ទ នោះយូដានិយាយទៅបងប្អូនថា បើយើងសំឡាប់ប្អូនទៅ ហើយលាក់ឈាមវា តើមានកំរៃអី្វ ដូច្នេះចូរយើងលក់វាទៅឲ្យពួកអ៊ីសម៉ាអែលវិញ កុំឲ្យយើងពាល់វាឡើយ ដ្បិតវាជាបងប្អូន ជាសាច់ឈាមនឹងយើងដែរ នោះបងប្អូនក៏យល់ព្រមតាម ពេលនោះ ពួកសាសន៍ម៉ាឌានជាអ្នកជំនួញនោះក៏មកដល់ រួចពួកបងរបស់យ៉ូសែបនាំគ្នាស្រង់គាត់ឡើងពីអណ្តូងមក ហើយលក់ឲ្យទៅពួកអ៊ីសម៉ាអែលដំឡៃជាប្រាក់២០ដួង ពួកនោះក៏នាំយកគាត់ទៅឯស្រុកអេស៊ីព្ទទៅ។ រួចមក រូបេនគាត់ត្រឡប់ទៅឯអណ្តូងវិញ តែមើល គ្មានយ៉ូសែបនៅក្នុងអណ្តូងទៀតទេ នោះគាត់ហែកសំលៀកបំពាក់របស់ខ្លួន ក៏វិលទៅឯបងប្អូនប្រាប់ថា ក្មេងនោះបាត់ទៅហើយ ចុះឯខ្ញុំ តើនឹងទៅឯណា