លោកុប្បត្តិ 37:1-36
លោកុប្បត្តិ 37:1-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ាកុបបានរស់នៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុករបស់លោកបានស្នាក់អាស្រ័យនៅ។ នេះជាដំណើររឿងនៃក្រុមគ្រួសាររបស់លោកយ៉ាកុប។ កាលលោកយ៉ូសែបមានអាយុដប់ប្រាំពីរឆ្នាំ គាត់តែងតែឃ្វាលហ្វូងសត្វជាមួយបងៗរបស់គាត់។ ក្មេងជំទង់នេះនៅជាមួយកូនរបស់នាងប៊ីលហា និងនាងស៊ីលផា ជាប្រពន្ធរបស់ឪពុកគាត់ ហើយយ៉ូសែបតែងយករឿងអាក្រក់របស់ពួកគេមកប្រាប់ឪពុក។ លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបខ្លាំងជាងកូនឯទៀតៗ ព្រោះជាកូនដែលកើតមកនៅពេលលោកមានវ័យចាស់ ហើយលោកបានធ្វើអាវមួយមានពណ៌ច្រើនឲ្យគាត់ពាក់។ កាលបងៗឃើញថា ឪពុកស្រឡាញ់យ៉ូសែបជាងកូនទាំងអស់ គេក៏ព្រួតគ្នាស្អប់យ៉ូសែប ហើយមិនអាចនិយាយពាក្យល្អជាមួយគាត់បានឡើយ។ មានថ្ងៃមួយ យ៉ូសែបបានយល់សប្តិ ហើយក៏តំណាលសប្ដិនោះប្រាប់បងៗ តែគេរឹតតែស្អប់គាត់ខ្លាំងឡើង។ គាត់ប្រាប់ពួកគេថា៖ «សូមស្តាប់សប្តិខ្ញុំនេះសិន ដ្បិតយើងរាល់គ្នាកំពុងតែចងកណ្ដាប់នៅស្រែ នោះកណ្ដាប់របស់ខ្ញុំក៏ឈរឡើង ហើយមើល៍ កណ្ដាប់របស់បងៗបានមកព័ទ្ធជុំវិញ ហើយក្រាបគោរពកណ្ដាប់របស់ខ្ញុំ»។ បងៗពោលមកគាត់ថា៖ «តើឯងចង់សោយរាជ្យលើយើងមែនឬ? តើឯងចង់ធ្វើជាចៅហ្វាយលើយើងមែនឬ?» ដូច្នេះ គេក៏ស្អប់គាត់រឹតតែខ្លាំងឡើង ដោយព្រោះសប្តិ និងពាក្យសម្ដីរបស់គាត់។ គាត់យល់សប្តិទៀត ហើយក៏ប្រាប់បងៗរបស់គាត់ថា៖ «មើល៍ ខ្ញុំបានយល់សប្តិឃើញម្ដងទៀតហើយ គឺឃើញថ្ងៃ ខែ និងផ្កាយទាំងដប់មួយបានក្រាបគោរពខ្ញុំ»។ ប៉ុន្ដែ កាលគាត់បានតំណាលអំពីសប្ដិនោះប្រាប់ឪពុក និងបងៗ ឪពុកបន្ទោសគាត់ថា៖ «តើឯងយល់សប្តិឃើញអ្វីដូច្នេះ? តើត្រូវឲ្យឪពុក និងម្តាយរបស់ឯង ព្រមទាំងបងៗរបស់ឯងក្រាបដល់ដីគោរពឯងឬ?» បងៗក៏មានចិត្តច្រណែននឹងគាត់ តែឪពុករបស់គាត់បានទុករឿងនោះនៅក្នុងចិត្ត។ នៅគ្រានោះ បងៗរបស់យ៉ូសែបនាំគ្នាទៅឃ្វាលហ្វូងសត្វរបស់ឪពុក នៅស៊ីគែម ហើយលោកអ៊ីស្រាអែលមានប្រសាសន៍ទៅយ៉ូសែបថា៖ «បងៗរបស់ឯងបានទៅឃ្វាលសត្វនៅស៊ីគែមហើយ មកណេះ ពុកនឹងចាត់ឯងឲ្យទៅរកពួកគេ»។ គាត់ឆ្លើយទៅឪពុកថា៖ «បាទពុក»។ ឪពុកប្រាប់គាត់ថា៖ «ចូរឯងទៅមើលឥឡូវ តើបងៗរបស់ឯង ហើយហ្វូងសត្វសុខសប្បាយឬយ៉ាងណា រួចហើយមកប្រាប់ពុកវិញផង»។ ដូច្នេះ ឪពុកក៏ចាត់យ៉ូសែបពីជ្រលងភ្នំហេប្រុនឲ្យចេញទៅ ហើយគាត់ទៅដល់ស៊ីគែម។ កាលបុរសម្នាក់បានឃើញយ៉ូសែបកំពុងតែដើរទៅដើរមកនៅតាមវាល ក៏សួរថា៖ «តើឯងកំពុងរកអី?» គាត់ឆ្លើយថា៖ «ខ្ញុំរកបងៗរបស់ខ្ញុំ សូមមេត្តាប្រាប់ខ្ញុំឲ្យដឹងកន្លែងដែលពួកគេឃ្វាលសត្វផង»។ បុរសនោះប្រាប់ថា៖ «ពួកគេបានចេញពីនេះទៅហើយ ខ្ញុំឮគេនិយាយគ្នាថា "តោះយើងទៅដូថាន់"»។ ពេលនោះ យ៉ូសែបក៏ទៅតាមបងៗ ហើយឃើញពួកគេនៅឯដូថាន់។ កាលគេឃើញយ៉ូសែបពីចម្ងាយ គេរួមគំនិតគ្នាថានឹងសម្លាប់គាត់ចោល មុនពេលគាត់ទៅដល់។ គេនិយាយគ្នាទៅវិញទៅមកថា៖ «ន៎ុះន៏ អាមេសប្តិបានមកដល់ហើយ។ មកយើង នាំគ្នាសម្លាប់វាចោល ហើយយកទៅទម្លាក់ក្នុងអណ្តូងណាមួយ រួចនិយាយថា មានសត្វសាហាវបានហែកវាស៊ីទៅហើយ ហើយយើងនឹងមើល តើសប្តិរបស់វានឹងទៅជាយ៉ាងណា»។ ប៉ុន្តែ កាលរូបេនបានឮដូច្នេះ គាត់ខំជួយឲ្យបានរួចពីកណ្ដាប់ដៃពួកគេ។ គាត់និយាយថា៖ «យើងកុំយកជីវិតវាអី»។ រូបេនពោលទៅពួកគេទៀតថា៖ «កុំកម្ចាយឈាមអី គ្រាន់តែទម្លាក់វាទៅក្នុងអណ្តូងនៅទីរហោស្ថាននេះទៅបានហើយ កុំដាក់ដៃលើវាឡើយ»។ គាត់ធ្វើដូច្នេះ មកពីគាត់ចង់ជួយយ៉ូសែបឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគេ ហើយបញ្ជូនគាត់ឲ្យត្រឡប់ទៅឯឪពុកវិញ។ កាលយ៉ូសែបបានមកដល់បងៗហើយ គេក៏ដោះអាវគាត់ចេញ គឺអាវមានពណ៌ច្រើនដែលគាត់ពាក់មកនោះឯង រួចគេចាប់គាត់យកទៅទម្លាក់ក្នុងអណ្តូង ឯអណ្តូងនោះគ្មានទឹកទេ។ បន្ទាប់មក គេនាំគ្នាអង្គុយបរិភោគ ហើយគេក្រឡេកទៅឃើញពួកអ៊ីសម៉ាអែល ដែលកំពុងតែមកពីស្រុកកាឡាត មានគ្រឿងម្ហូប ជ័រពិដោរ និងជ័រល្វីងទេសផ្ទុកលើសត្វអូដ្ឋរៀងខ្លួន ដើម្បីនាំទៅស្រុកអេស៊ីព្ទ។ ពេលនោះ យូដានិយាយទៅបងប្អូនថា៖ «បើយើងសម្លាប់ប្អូនទៅ ហើយលាក់ឈាមវា តើចំណេញបានអី? មក៍ យើងលក់វាទៅឲ្យពួកអ៊ីសម៉ាអែលវិញ កុំឲ្យយើងដាក់ដៃលើវាឡើយ ដ្បិតវាជាប្អូនរបស់យើង ជាសាច់ឈាមរបស់យើងដែរ»។ បងប្អូនរបស់គាត់ក៏យល់ព្រមតាម។ ពេលនោះ ពួកសាសន៍ម៉ាឌានជាអ្នកជំនួញក៏មកដល់ រួចបងៗរបស់យ៉ូសែបនាំគ្នាស្រង់គាត់ឡើងពីអណ្តូង ហើយលក់ឲ្យទៅពួកអ៊ីសម៉ាអែល មានតម្លៃជាប្រាក់សុទ្ធម្ភៃដួង។ ពួកនោះក៏យកយ៉ូសែបទៅស្រុកអេស៊ីព្ទ។ កាលរូបេនត្រឡប់មកដល់អណ្តូងវិញ តែមិនឃើញយ៉ូសែបនៅក្នុងអណ្តូង គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយវិលទៅរកបងប្អូនប្រាប់ថា៖ «ក្មេងនោះបាត់ទៅហើយ តើឲ្យខ្ញុំទៅឯណា?» ពេលនោះ គេក៏សម្លាប់ពពែមួយ រួចយកអាវយ៉ូសែបទៅជ្រលក់ក្នុងឈាម បន្ទាប់មក គេផ្ញើអាវច្រើនពណ៌នោះទៅឪពុក ហើយជម្រាបថា៖ «យើងខ្ញុំបានឃើញអាវនេះ សូមពិនិត្យមើល តើជាអាវរបស់កូនលោកឪពុកមែន ឬមិនមែន»។ លោកយ៉ាកុបស្គាល់អាវនោះ ហើយពោលថា៖ «នេះពិតជាអាវរបស់កូនខ្ញុំមែន មានសត្វសាហាវបានហែកវាស៊ីហើយ! យ៉ូសែបច្បាស់ជាសត្វហែកខ្ទេចខ្ទីអស់ហើយ»។ លោកយ៉ាកុបក៏ហែកសម្លៀកបំពាក់របស់ខ្លួន រួចស្លៀកសំពត់ធ្មៃ ហើយកាន់ទុក្ខកូនជាយូរថ្ងៃ។ កូនប្រុសកូនស្រីរបស់លោកទាំងប៉ុន្មានក៏នាំគ្នាជួយសម្រាលទុក្ខលោក តែលោកមិនព្រមឲ្យអ្នកណាមកសម្រាលទុក្ខឡើយ។ លោកមានប្រសាសន៍ថា៖ «ពុកនឹងចុះទៅជួបកូននៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងកាន់ទុក្ខ!» ហើយលោកក៏យំសោកនឹងកូន។ នៅពេលជាមួយគ្នានោះ ពួកម៉ាឌានបាននាំយ៉ូសែបទៅដល់ស្រុកអេស៊ីព្ទ លក់ឲ្យប៉ូទីផារ ជាមន្ត្រីរបស់ផារ៉ោន គឺជាមេបញ្ជាការកងរក្សាស្តេច។
លោកុប្បត្តិ 37:1-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ាកុបបានតាំងទីលំនៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុករបស់លោកបានចូលស្នាក់នៅ។ នេះជាដំណើររឿងក្រុមគ្រួសាររបស់លោកយ៉ាកុប។ កាលលោកយ៉ូសែបនៅពីក្មេង អាយុដប់ប្រាំពីរឆ្នាំ គាត់នៅឃ្វាលចៀមជាមួយបងៗ ដែលត្រូវជាកូនរបស់នាងប៊ីលហា និងនាងស៊ីលផា ប្រពន្ធចុងរបស់ឪពុកគាត់។ យ៉ូសែបបានរាយការណ៍ពីការអាក្រក់ដែលបងៗធ្វើ។ លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបខ្លាំងជាងកូនឯទៀតៗ ព្រោះកូននេះបានកើតនៅពេលលោកមានវ័យចំណាស់ទៅហើយ។ លោកបានកាត់អាវបំពង់ដ៏ល្អប្រណីតមួយ ឲ្យយ៉ូសែបពាក់។ ដោយឃើញឪពុកស្រឡាញ់យ៉ូសែបខ្លាំងជាងពួកគេ ដូច្នេះ បងៗក៏នាំគ្នាស្អប់យ៉ូសែប រហូតដល់មិនអាចនិយាយជាមួយគាត់ ដោយពាក្យសម្ដីទន់ភ្លន់បានឡើយ។ យ៉ូសែបបានយល់សប្តិ ហើយយកមកតំណាលប្រាប់បងៗ ជាហេតុធ្វើឲ្យគេរឹតតែស្អប់គាត់ថែមទៀត។ គាត់ប្រាប់ពួកគេថា៖ «សូមបងៗស្ដាប់សុបិនរបស់ខ្ញុំ គឺខ្ញុំបានយល់សប្តិឃើញយើងទាំងអស់គ្នាកំពុងតែចងកណ្ដាប់ស្រូវ នៅវាលស្រែ ពេលនោះ ស្រាប់តែកណ្ដាប់របស់ខ្ញុំងើបឈរឡើងយ៉ាងត្រង់ រីឯកណ្ដាប់របស់បងៗបានមកព័ទ្ធជុំវិញកណ្ដាប់ខ្ញុំ ហើយនាំគ្នាក្រាបថ្វាយបង្គំទៀតផង»។ បងៗពោលមកគាត់វិញថា៖ «តើឯងមានគំនិតចង់សោយរាជ្យលើយើងឬ? ឬមួយក៏ឯងមានគំនិតចង់ធ្វើជាម្ចាស់គ្រប់គ្រងលើយើង?»។ ពួកគេរឹតតែនាំគ្នាស្អប់គាត់ជាងមុនទៅទៀត ព្រោះតែសុបិនដែលគាត់យកមកតំណាលប្រាប់ពួកគេ។ ក្រោយមក យ៉ូសែបយល់សប្តិម្ដងទៀត ហើយគាត់បានយកទៅនិយាយប្រាប់បងៗថា៖ «ខ្ញុំបានយល់សប្តិម្ដងទៀតដូចតទៅ គឺព្រះអាទិត្យ ព្រះចន្ទ និងផ្កាយដប់មួយ មកក្រាបថ្វាយបង្គំខ្ញុំ»។ គាត់បានតំណាលអំពីសុបិនប្រាប់ឪពុក ដូចបានប្រាប់បងៗ។ ឪពុកបន្ទោសគាត់ថា៖ «សប្តិរបស់កូនម្ដេចក៏អស្ចារ្យម៉្លេះ! តើម្ដាយបងៗ និងឪពុកផ្ទាល់ ត្រូវនាំគ្នាមកក្រាបថ្វាយបង្គំកូនឬ?»។ បងៗមានចិត្តច្រណែននឹងយ៉ូសែបណាស់ ប៉ុន្តែ ឪពុករបស់គាត់បានចងចាំសុបិននេះទុកក្នុងចិត្ត។ នៅគ្រានោះ បងៗរបស់យ៉ូសែបបាននាំគ្នាចេញទៅឃ្វាលហ្វូងចៀមរបស់ឪពុក នៅស៊ីគែម។ លោកអ៊ីស្រាអែលមានប្រសាសន៍ទៅយ៉ូសែបថា៖ «បងៗរបស់កូនឃ្វាលចៀមនៅស៊ីគែម ពុកចង់ឲ្យកូនទៅសួរសុខទុក្ខពួកគេ»។ យ៉ូសែបតបថា៖ «បាទ កូនយល់ព្រមទៅ!»។ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ចូរកូនទៅមើលមើល៍ បងៗរបស់កូនសុខសប្បាយឬទេ ហើយហ្វូងចៀមបានសុខដែរឬយ៉ាងណា។ កាលបានដំណឹងហើយ ចូរកូនវិលមកប្រាប់ពុកវិញផង»។ លោកយ៉ាកុបក៏ចាត់យ៉ូសែប ពីជ្រលងភ្នំហេប្រូនឲ្យទៅស៊ីគែម។ បុរសម្នាក់បានប្រទះឃើញយ៉ូសែបកំពុងតែដើរទៅដើរមកនៅតាមវាលដូច្នេះ ក៏សួរថា៖ «តើក្មួយមករកអ្វី?»។ គាត់ឆ្លើយថា៖ «ខ្ញុំមករកបងៗរបស់ខ្ញុំ សូមពូមេត្តាប្រាប់ខ្ញុំផងថា ពួកគាត់ឃ្វាលចៀមនៅកន្លែងណា»។ បុរសនោះតបថា៖ «ពួកគេបានចាកចេញពីទីនេះហើយ ព្រោះពូឮគេនិយាយគ្នាថា “តោ៎ះ! យើងទៅដូថាន”»។ យ៉ូសែបក៏តាមរកបងៗ ហើយបានជួបពួកគេនៅដូថាន។ កាលគេបានឃើញយ៉ូសែបពីចម្ងាយ គឺមុនពេលគាត់ទៅដល់ ពួកគេបានឃុបឃិតគ្នាថានឹងសម្លាប់គាត់ចោល។ គេនិយាយគ្នាទៅវិញទៅមកថា«មើល៍! លោកគ្រូយល់សប្តិមកដល់ហើយ! យើងនាំគ្នាឆ្លៀតសម្លាប់វា យកទៅបោះចោលក្នុងអណ្ដូងណាមួយ រួចពោលថាមានសត្វសាហាវហែកវាស៊ី។ ធ្វើដូច្នេះ យើងមុខជាដឹងថាសុបិនរបស់វានឹងបានទៅជាយ៉ាងណា»។ ពេលលោករូបេនឮដូច្នោះ គាត់ចង់ជួយយ៉ូសែបឲ្យរួចពីកណ្ដាប់ដៃពួកគេ។ គាត់ពោលថា៖ «កុំប្រហារជីវិតវាធ្វើអ្វី»។ លោករូបេនពោលថែមទៀតថា៖ «កុំបង្ហូរឈាមវាធ្វើអ្វី គឺគ្រាន់តែបោះវាទៅក្នុងអណ្ដូងនៅវាលរហោស្ថាននេះបានហើយ មិនបាច់សម្លាប់វាទេ»។ គាត់ពោលដូច្នេះ មកពីចង់រំដោះយ៉ូសែបឲ្យរួចពីកណ្ដាប់ដៃបងៗ ហើយនាំយកទៅជូនឪពុកវិញ។ ពេលយ៉ូសែបដើរទៅដល់បងៗ គេនាំគ្នាដោះអាវបំពង់ដ៏ល្អប្រណីត ដែលគាត់ពាក់នោះចេញ។ គេចាប់គាត់បោះទៅក្នុងអណ្ដូង។ អណ្ដូងនោះរីង គ្មានទឹកទេ។ បន្ទាប់មក គេអង្គុយបរិភោគអាហារ។ ពេលនោះ គេក្រឡេកទៅ ឃើញជនជាតិអ៊ីស្មាអែលមួយក្រុមជិះអូដ្ឋមកពីស្រុកកាឡាដ។ អ្នកទាំងនោះដឹកគ្រឿងក្រអូប ជ័រពិដោរ និងជ័រល្វីងទេស យកទៅស្រុកអេស៊ីប។ លោកយូដាពោលទៅកាន់បងប្អូនគាត់ថា៖ «បើយើងសម្លាប់ប្អូនយើងចោល តើបានចំណេញអ្វី នាំតែពិបាកលាក់ឃាតកម្មនេះថែមទៀត។ មក៍ យើងលក់វាឲ្យពួកអ៊ីស្មាអែលវិញ កុំសម្លាប់វាអី ព្រោះវាជាប្អូនរបស់យើង ជាសាច់ឈាមយើងដែរ»។ គេក៏ស្ដាប់តាមពាក្យគាត់។ បន្ទាប់មក មានឈ្មួញជាតិម៉ាឌានមកដល់ ពួកគេក៏យកយ៉ូសែបចេញពីអណ្ដូង រួចលក់ទៅឲ្យជនជាតិអ៊ីស្មាអែល តម្លៃជាប្រាក់សុទ្ធម្ភៃស្លឹង។ ជនជាតិអ៊ីស្មាអែលនាំយ៉ូសែបទៅស្រុកអេស៊ីប។ កាលលោករូបេនត្រឡប់មកដល់អណ្ដូងវិញ គាត់មិនឃើញយ៉ូសែបនៅក្នុងនោះទៀតទេ គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន រួចទៅជួបប្អូនៗប្រាប់ថា៖ «បាត់ក្មេងនោះហើយ! តើបងត្រូវធ្វើយ៉ាងណា?»។ គេក៏នាំគ្នាយកអាវបំពង់ដ៏ល្អប្រណីតរបស់យ៉ូសែបមក ហើយសម្លាប់ចៀមឈ្មោលមួយ រួចជ្រលក់អាវក្នុងឈាមវា។ បន្ទាប់មក គេផ្ញើអាវបំពង់ដ៏ល្អប្រណីតនោះទៅឪពុក ទាំងផ្ដាំថា៖ «ពួកកូនបានរកឃើញអាវនេះ សូមលោកឪពុកពិនិត្យមើល តើអាវនេះពិតជាអាវរបស់កូនលោកឪពុកមែន ឬមិនមែន?»។ លោកយ៉ាកុបស្គាល់អាវនោះ ក៏ពោលថា៖ «នេះពិតជាអាវរបស់កូនខ្ញុំមែន! មានសត្វសាហាវហែកវាស៊ីហើយ! យ៉ូសែបត្រូវសត្វហែកស៊ីអស់ហើយ!»។ លោកយ៉ាកុបបានហែកសម្លៀកបំពាក់របស់លោក និងយកបាវមកស្លៀក រួចលោកកាន់ទុក្ខកូនជាយូរថ្ងៃ។ កូនចៅរបស់លោកទាំងប្រុសទាំងស្រីនាំគ្នាមករំលែកទុក្ខលោក តែលោកមិនព្រមឲ្យនរណារំលែកទុក្ខលោកឡើយ។ លោកមានប្រសាសន៍ថា៖ «ពុកមុខតែលាចាកលោកនេះ ទៅជួបមុខកូនប្រុសរបស់ពុក ទាំងកាន់ទុក្ខ!» ហើយលោកក៏យំអាឡោះអាល័យកូន។ រីឯយ៉ូសែបវិញ ជនជាតិម៉ាឌានបានយកគាត់ទៅលក់នៅស្រុកអេស៊ីប គឺលក់ឲ្យមន្ត្រីរបស់ព្រះចៅផារ៉ោន ឈ្មោះប៉ូទីផារ ដែលជាមេបញ្ជាការកងរក្សាស្ដេច។
លោកុប្បត្តិ 37:1-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯយ៉ាកុបគាត់អាស្រ័យនៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុកបានស្នាក់នៅ ទុកដូចជាសាសន៍ដទៃ នេះជាពង្សាវតារនៃពួកកូនចៅរបស់យ៉ាកុប រីឯយ៉ូសែប កាលមានអាយុ១៧ឆ្នាំ នោះគាត់តែងតែឃ្វាលហ្វូងសត្វជាមួយនឹងពួកបងប្អូន ក្មេងជំទង់នោះក៏នៅជាមួយនឹងពួកកូនប៊ីលហា នឹងកូនស៊ីលផា ជាប្រពន្ធរបស់ឪពុកខ្លួន ហើយគាត់នាំរឿងពីការអាក្រក់របស់គេមកប្រាប់ដល់ឪពុក ឯអ៊ីស្រាអែល គាត់ស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ ពីព្រោះជាកូនដែលកើតមកក្នុងកាលដែលគាត់ចាស់ហើយ គាត់ធ្វើអាវ១ដ៏មានពណ៌ច្រើនឲ្យពាក់ បងទាំងប៉ុន្មានក៏ឃើញថា ឪពុកស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ បានជាគេព្រួតគ្នាស្អប់ដល់គាត់ ហើយនិយាយអ្វីនឹងគាត់ដោយស្រួលពុំបានទេ។ មានថ្ងៃ១ យ៉ូសែបបានយល់សប្តិ ក៏និយាយសប្តិនោះប្រាប់ដល់ពួកបងៗទាំងប៉ុន្មាន តែនោះគេរឹតតែស្អប់គាត់ជាខ្លាំងទៅទៀត គាត់ប្រាប់ថា សូមស្តាប់សប្តិខ្ញុំនេះសិន ដ្បិតយើងរាល់គ្នាកំពុងតែចងកណ្តាប់នៅស្រែ នោះកណ្តាប់របស់ខ្ញុំក៏ឈរឡើង ហើយមើល កណ្តាប់របស់អ្នករាល់គ្នាបានមកព័ទ្ធជុំវិញ ហើយក្រាបគោរពចំពោះកណ្តាប់របស់ខ្ញុំ ពួកបងៗឆ្លើយឡើងថា បើដូច្នេះ ឯងនឹងគ្រប់គ្រងលើយើងឬ ឯងនឹងធ្វើជាចៅហ្វាយលើយើងមែនឬ ហើយគេក៏ស្អប់គាត់រឹតតែខ្លាំងឡើង ដោយព្រោះសប្តិ នឹងពាក្យសំដីរបស់គាត់។ គាត់យល់សប្តិឃើញទៀត ហើយក៏ប្រាប់ដល់ពួកបងគាត់ថា ខ្ញុំបានយល់សប្តិឃើញដូច្នេះទៀត គឺថ្ងៃ ខែ នឹងផ្កាយទាំង១១បានក្រាបគោរពដល់ខ្ញុំ គាត់ក៏និយាយប្រាប់ដល់ទាំងឪពុក ហើយនឹងពួកបងៗដែរ តែឪពុកបន្ទោសថា ឯងបានយល់សប្តិឃើញអ្វីដូច្នេះ តើត្រូវឲ្យអញ នឹងម្តាយឯង ហើយបងប្អូនទាំងអស់ក្រាបនៅដីគោរពដល់ឯងឬ ហើយពួកបងៗក៏ច្រណែននឹងគាត់ តែឪពុកបានកំណត់រឿងនោះទុក។ ពួកបងគាត់នាំគ្នាទៅឃ្វាលហ្វូងសត្វរបស់ឪពុកនៅឯស៊ីគែម ហើយអ៊ីស្រាអែលនិយាយទៅយ៉ូសែបថា ពួកបងឯងបានទៅឃ្វាលសត្វឯស៊ីគែមហើយ ចូរឯងមកណេះ អញនឹងប្រើទៅឯគេ នោះគាត់ឆ្លើយទៅឪពុកថា បាទ រួចឪពុកប្រាប់ថា ចូរឯងទៅមើលឥឡូវ តើបងៗរបស់ឯង នឹងហ្វូងសត្វសុខសប្បាយទេឬ រួចសឹមមកប្រាប់ដល់អញវិញ ដូច្នេះឪពុកក៏ចាត់ឲ្យគាត់ចេញពីវាលច្រកហេប្រុនទៅ ហើយគាត់ទៅដល់ស៊ីគែម នោះមានមនុស្សម្នាក់ឃើញគាត់ដើរវីមវាមនៅវាល ក៏សួរថា ឯងរកអី គាត់ឆ្លើយថា ខ្ញុំរកបងប្អូនខ្ញុំ សូមប្រាប់ឲ្យខ្ញុំដឹងកន្លែងដែលគេឃ្វាលសត្វផង អ្នកនោះប្រាប់ថា គេបានចេញពីនេះទៅហើយ អញឮគេថា ចូរយើងទៅឯដូថាន់វិញ នោះយ៉ូសែបក៏ទៅតាម ឃើញនៅឯដូថាន់។ លុះគេឃើញគាត់ពីចំងាយ នោះគេមត់សំរេចគ្នាថានឹងសំឡាប់គាត់ចោល ក្នុងកាលមុនដែលគាត់ទៅដល់ គេនិយាយគ្នាទៅវិញទៅមកថា នុ៎ះន៏ អាមេសប្តិបានមកដល់ហើយ ចូរយើងសំឡាប់វាឥឡូវ ទំលាក់ចុះក្នុងអណ្តូងណាមួយទៅ រួចសឹមនិយាយថា មានសត្វសាហាវណាបានហែកវាស៊ីទៅហើយ យើងនឹងមើល តើនឹងមានអ្វីកើតពីសប្តិនោះមក ឯរូបេនក៏ឮ ហើយគាត់ខំជួយឲ្យបានរួចពីកណ្តាប់ដៃគេ គាត់និយាយថា កុំឲ្យយើងយកជីវិតវាឡើយ រួចរូបេននិយាយទៅគេថា កុំឲ្យកំចាយឈាមអី ឲ្យគ្រាន់តែទំលាក់វាទៅក្នុងអណ្តូងនៅទីរហោស្ថាននេះចុះ កុំឲ្យដាក់ដៃធ្វើវាឡើយ ដោយគំនិតគាត់ប៉ងនឹងជួយ ឲ្យយ៉ូសែបរួចពីកណ្តាប់ដៃរបស់គេ ដើម្បីនឹងបញ្ជូនឲ្យត្រឡប់ទៅឯឪពុកវិញ កាលយ៉ូសែបបានមកដល់ពួកបងហើយ នោះគេក៏បកអាវគាត់ចេញ គឺជាអាវមានពណ៌ច្រើនដែលគាត់ពាក់មកនោះឯង គេក៏យកគាត់ទៅទំលាក់នៅក្នុងអណ្តូងទៅ ឯអណ្តូងនោះគ្មានទឹកទេ រួចគេនាំគ្នាអង្គុយបរិភោគបាយ គេក៏ងើបភ្នែកឡើងឃើញពួកអ៊ីសម៉ាអែល ដែលកំពុងតែមកពីស្រុកកាឡាត មានគ្រឿងម្ហូប ជ័រពិដោរ នឹងជ័រល្វីងទេសផ្ទុកលើសត្វអូដ្ឋរៀងខ្លួន ដើម្បីនាំទៅឯស្រុកអេស៊ីព្ទ នោះយូដានិយាយទៅបងប្អូនថា បើយើងសំឡាប់ប្អូនទៅ ហើយលាក់ឈាមវា តើមានកំរៃអី្វ ដូច្នេះចូរយើងលក់វាទៅឲ្យពួកអ៊ីសម៉ាអែលវិញ កុំឲ្យយើងពាល់វាឡើយ ដ្បិតវាជាបងប្អូន ជាសាច់ឈាមនឹងយើងដែរ នោះបងប្អូនក៏យល់ព្រមតាម ពេលនោះ ពួកសាសន៍ម៉ាឌានជាអ្នកជំនួញនោះក៏មកដល់ រួចពួកបងរបស់យ៉ូសែបនាំគ្នាស្រង់គាត់ឡើងពីអណ្តូងមក ហើយលក់ឲ្យទៅពួកអ៊ីសម៉ាអែលដំឡៃជាប្រាក់២០ដួង ពួកនោះក៏នាំយកគាត់ទៅឯស្រុកអេស៊ីព្ទទៅ។ រួចមក រូបេនគាត់ត្រឡប់ទៅឯអណ្តូងវិញ តែមើល គ្មានយ៉ូសែបនៅក្នុងអណ្តូងទៀតទេ នោះគាត់ហែកសំលៀកបំពាក់របស់ខ្លួន ក៏វិលទៅឯបងប្អូនប្រាប់ថា ក្មេងនោះបាត់ទៅហើយ ចុះឯខ្ញុំ តើនឹងទៅឯណា នោះគេក៏សំឡាប់ពពែ១ រួចយកអាវយ៉ូសែបទៅប្រឡាក់នឹងឈាម បញ្ជូនអាវច្រើនពណ៌នោះទៅជំរាបដល់ឪពុកថា យើងខ្ញុំបានឃើញអាវនេះ សូមពិនិត្យមើល តើជាអាវរបស់កូនលោកឪពុកឬមិនមែន គាត់ក៏ចំណាំស្គាល់អាវនោះ ហើយនិយាយថា គឺជាអាវរបស់កូនអញពិត មុខជាសត្វសាហាវបានហែកវាស៊ីហើយ យ៉ូសែបបានត្រូវហែកខ្ទេចខ្ទីជាប្រាកដ នោះយ៉ាកុបក៏ហែកសំលៀកបំពាក់ខ្លួន រួចស្លៀកសំពត់ធ្មៃ ហើយកាន់ទុក្ខកូនជាយូរថ្ងៃ ពួកកូនប្រុសកូនស្រីទាំងអស់ក៏ខំជួយរំដោះទុក្ខគាត់ តែគាត់មិនព្រមទេ ដោយថា អញនឹងចុះទៅឯកូនអញនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងកាន់ទុក្ខផង ហើយគាត់ក៏យំសោកនឹងកូន ឯពួកម៉ាឌានគេនាំយ៉ូសែបទៅដល់ស្រុកអេស៊ីព្ទ លក់ឲ្យប៉ូទីផារជាមេទ័ពរបស់ផារ៉ោន គឺជាមេក្រុមរក្សាអង្គ។