លោកុប្បត្តិ 36:1-8

លោកុប្បត្តិ 36:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​តំណ​វង្ស​របស់​លោក​អេសាវ (គឺ​អេដុម)។ លោក​អេសាវ​បាន​យក​ប្រពន្ធ​ពី​ពួក​កូន​ស្រី​ស្រុក​កាណាន គឺ​នាង​អ័ដា ជា​កូន​ស្រី​របស់​អេឡូន សាសន៍​ហេត នាង​អ័ហូលី‌បាម៉ា កូន​ស្រី​របស់​អ័ណា អ័ណា​ជា​កូន​ប្រុស របស់​ស៊ីបៀន សាសន៍​ហេវី និង​នាង​បាសម៉ាត ជា​កូនស្រី​របស់​អ៊ីស‌ម៉ា‌អែល គឺ​ប្អូន​ស្រី​របស់​នេបា‌យ៉ូ​ត។ នាង​អ័ដា​បង្កើត​អេលី‌ផាស​ឲ្យ​លោក​អេសាវ នាង​បាសម៉ាត​បង្កើត​រេហួល នាង​អ័ហូលី‌បាម៉ា​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ​ជា​កូន​របស់​លោក​អេសាវ ដែល​កើត​នៅ​ស្រុក​កាណាន។ បន្ទាប់​មក លោក​អេសាវ​នាំ​ប្រពន្ធ កូន​ប្រុស​កូន​ស្រី​របស់​គាត់ ព្រម​ទាំង​អស់​អ្នក​នៅ​ផ្ទះ​ទាំង​អស់ ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គាត់​រក​បាន​កាល​នៅ​ស្រុក​កាណាន ចេញ​ទៅ​នៅ​ស្រុក​មួយ​ឃ្លាត​ពី​លោក​យ៉ាកុប​ជា​ប្អូន ដ្បិត​ទ្រព្យ​សម្បត្តិ​របស់​ពួក‌គេ​មាន​ច្រើន​ពេក មិន​អាច​រស់​នៅ​ជា‌មួយ​គ្នា​បាន។ ស្រុក​ដែល​គេ​ស្នាក់​អាស្រ័យ​នៅ មិន​ល្មម​នឹង​ចិញ្ចឹម​គេ​បាន​ទេ ព្រោះ​តែ​ហ្វូង​សត្វ​របស់​គេ។ ដូច្នេះ លោក​អេសាវ​តាំង​ទី​លំនៅ​នៅ​ស្រុក​ភ្នំ​សៀរ (អេសាវ គឺ​អេដុម)។

លោកុប្បត្តិ 36:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អេសាវ ពោល​គឺ​លោក​អេដុម។ លោក​អេសាវ​បាន​យក​ស្រីៗ​សាសន៍​កាណាន​មក​ធ្វើ​ជា​ភរិយា គឺ​មាន​នាង​អដា ជា​កូន​របស់​លោក​អេឡូន ជន‌ជាតិ​ហេត នាង​អហូលី‌បាម៉ា ជា​កូន​របស់​លោក​អណា ហើយ​ត្រូវ​ជា​ចៅ​របស់​លោក​ស៊ីបៀន ជន‌ជាតិ​ហេវី និង​នាង​បាស‌ម៉ាត ជា​កូន​របស់​លោក​អ៊ីស្មា‌អែល គឺ​ប្អូន​ស្រី​របស់​លោក​ណេបា‌យ៉ុត។ នាង​អដា​បង្កើត​បាន​អេលី‌ផាស​ជូន​លោក​អេសាវ នាង​បាស‌ម៉ាត​បង្កើត​រេហួល ហើយ​នាង​អហូលី‌បាម៉ា​បង្កើត​បាន​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ​ជា​កូន​របស់​លោក​អេសាវ ដែល​កើត​នៅ​ស្រុក​កាណាន។ លោក​អេសាវ​បាន​នាំ​ប្រពន្ធ​កូន ព្រម​ទាំង​អ្នក​បម្រើ ហ្វូង​សត្វ ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​លោក​រក​បាន​នៅ​ស្រុក​កាណាន ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​មួយ​ទៀត ឆ្ងាយ​ពី​លោក​យ៉ាកុប​ជា​ប្អូន​របស់​លោក ដ្បិត​លោក​ទាំង​ពីរ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ពេក ពុំ​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​ឡើយ។ រីឯ​ស្រុក​ដែល​លោក​ទាំង​ពីរ​រស់​នៅ​នោះ ក៏​ពុំ​មាន​លទ្ធ‌ភាព​ល្មម សម្រាប់​ឲ្យ​ហ្វូង​សត្វ​របស់​លោក​ទាំង​ពីរ​នៅ​ជា​មួយ​គ្នា​បាន​ដែរ។ លោក​អេសាវ​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។ លោក​អេសាវ​ក៏​មាន​ឈ្មោះ​ថា​អេដុម​ដែរ។

លោកុប្បត្តិ 36:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​បញ្ជី​ដំណ​វង្ស​ពី​អេសាវ គឺ​ជា​អេដំម អេសាវ​គាត់​យក​ប្រពន្ធ​ក្នុង​ពួក​កូន​ស្រី​ស្រុក​កាណាន គឺ​អ័ដា ជា​កូន​អេឡូន សាសន៍​ហេត ហើយ​អ័ហូ‌លី‌បាម៉ា ជា​កូន​អ័ន៉ា​ដែល​ជា​កូន​ស៊ីបៀន​សាសន៍​ហេវី នឹង​បាសម៉ាត​ជា​កូន​អ៊ីស‌ម៉ាអែល ហើយ​ជា​ប្អូន​នេបា‌យ៉ូត ឯ​អ័ដា នាង​បង្កើត​អេលី‌ផាស​ឲ្យ​អេសាវ ហើយ​បាសម៉ាត​នាង​បង្កើត​រេហួល នាង​អ័ហូ‌លី‌បាម៉ា​ក៏​បង្កើត​យេអ៊ូស យ៉ាឡាម នឹង​កូរេ នោះ​ជា​កូន​របស់​អេសាវ​ដែល​បាន​កើត​ឡើង​ដល់​គាត់​នៅ​ស្រុក​កាណាន រួច​អេសាវ​គាត់​នាំ​ប្រពន្ធ នឹង​កូន​ប្រុស​កូន​ស្រី​របស់​គាត់ ព្រម​ទាំង​ពួក​អ្នក​នៅ​ផ្ទះ​គាត់​ទាំង​អស់ នឹង​ហ្វូង​សត្វ ហើយ​នឹង​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​កាល​នៅ​ស្រុក​កាណាន ចេញ​ទៅ​នៅ​ស្រុក​មួយ​ឃ្លាត​ពី​យ៉ាកុប​ជា​ប្អូន ពី​ព្រោះ​ទ្រព្យ​សម្បត្តិ​របស់​គេ​មាន​យ៉ាង​សន្ធឹក នឹង​នៅ​ជា​មួយ​គ្នា​ពុំ​បាន ស្រុក​ដែល​គេ​សំណាក់​នៅ​នោះ​មិន​ល្មម​នឹង​ចិញ្ចឹម​ដល់​គេ​បាន​ទេ ដោយ​ព្រោះ​ហ្វូង​សត្វ​ទាំង​នោះ ដូច្នេះ អេសាវ​គាត់​តាំង​ទី​លំនៅ​នៅ​ត្រង់​ភ្នំ​សៀរ ឯ​អេសាវ នោះ​គឺ​ជា​អេដំម។